ភ្នំពេញៈ ក្រោយពី​ឆ្លើយតប​នឹង​ការរិះគន់​ទៅ​លើ​ការតែងតាំង​កូនៗ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កន្លងទៅ​ថ្មីៗ​នេះ​ជាថ្មី​ម្តងទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ម្សិលមិញ​ថ្លែង​ថា ការតែងតាំង​កូនៗ​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី​ផ្ទៃក្នុង និង​លក្ខន្តិកៈ​នៃ​ស្ថាប័ន​នេះ ហើយ​ថា​អ្នក​ដែល​បំផ្លាញ​រូបលោក អ្នក​នោះ​តែង​វិនាស​ជានិច្ច​។

ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ដូច្នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​តំណាង​ទូទាំង​ប្រទេស​លើក​ទី​ ៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស.ស.យ.ក​) ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ ដែល​មាន​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រមាណ​ជាង​ ១៣០០ ​នាក់​ដើម្បី​សរុប​ការងារ​ឆ្នាំ​ ២០១២-២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៨-២០២០ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​និយាយ​ឲ្យ​ចំ​កុំ​ឲ្យ​វា​លំបាក​ព្រោះ​ថា ខ្ញុំ​ក៏​បាន​ឃើញ​អត្ថាធិប្បាយ​មួយ​ចំនួន​ទៅ​លើ​វិទ្យុ​ខ្លះ និង​សារព័ត៌មាន​ខ្លះ​អំពី​អព្យាក្រឹតភាព​ ឬ​អំពី​ការតែងតាំង​នេះ​តែងតាំង​នោះ​។ អស់​លោក​ក្រុមប្រឆាំង​សូម​កុំ​សង្ឃឹម​ថា​បាន​មក​ចូលរួម​អង្គុយ​ជាមួយ ស.ស.យ.ក ឲ្យ​សោះ​។ ស.ស.យ.ក ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ហើយ​បើក​ឱកាស​ឲ្យ​គ្រប់​សមាសភាព​នៃ​យុវជន​ដែល​ចង់​ចូលរួម ប៉ុន្តែ​ពួក​អ្នកឯង​មិន​ចង់​ចូលរួម​គឺជា​រឿង​របស់​អ្នកឯង​»​។

លោក​ ហ៊ុន សែន បាន​ផ្ដាំផ្ញើ​ទៅ​ក្រុម​ប្រឆាំង កុំ​សង្ឃឹម​ថា​បាន​ចូលរួម​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឲ្យ​សោះ​ទោះបី​ជា​ស្ថាប័ន​នេះ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏ដោយ ហើយ​ថា​ការតែងតាំង​សមាជិក​ថ្មី​ ១៥ ​រូប​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​គឺ​ធ្វើ​តាម​នីតិវិធី និង​លក្ខន្តិកៈ​របស់ ស.ស.យ.ក​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ចោទ​ជា​សំណួរ​ថា​៖ «​បើ​ទោះបី​អ្នកឯង​បង្កើត​នូវ​អង្គការ​ចាត់តាំង​មួយ​ដែល​គាំទ្រ​អ្នកឯង ក៏​អ្នកឯង​មិន​ផ្តល់​ឱកាស​ឲ្យ​អង្គការ​យុវជន​របស់​គណបក្ស​កាន់​អំណាច​ចូលរួម​នោះ​ទេ នេះ​គឺជា​រឿង​ពិត​។ សូម​ផ្តាំ​ទៅ​ពួក​អ្នកឯង​វិញ​ថា យល់​ឲ្យ​ច្បាស់​ និង​ដឹង​ឲ្យ​ច្បាស់​កុំ​និយាយថា ស.ស.យ.ក សុទ្ធ​តែ​ប្រមូលផ្តុំ​កូន​ថ្នាក់ដឹកនាំ បើ​យើង​មិន​ជ្រើសរើស​អ្នក​ទាំង​នេះ​តើ​យើង​ទៅ​ជ្រើសរើស​ពី​អ្នកណា​មក​។ យើង​ត្រូវ​ជ្រើសរើស​ទៅ​តាម​របៀប​របស់​យើង​»​។

ការបោះឆ្នោត​បញ្ចូល​សមាជិក​ ១៥ ​រូប​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​នោះ​រួមមាន​លោកស្រី​ ចម និមល លោក ​ជាម ច័ន្ទសោភ័ណ្ឌ លោកស្រី​ មិថុនា ភូថង លោក​ ទៀ សីហា លោកស្រី បានស្រីមុំ លោក​ ម៉ុម សារឿន លោក​ វ៉ា ថន លោក ​សុខ ពុទ្ធិវុធ លោក​ សុខ សប្បាយណា លោក​ សំហេង បុរស លោក​ ហេង សុខគង់ លោក​ ហេង សួរ លោក​ ហ៊ុយ វណ្ណៈ និង​លោក​ អ៊ុន ចាន់ដា​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ហ៊ុន សែន ថ្លែង​ថា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មិនមែន​ជា​អង្គការ​ឯកោ​នោះ​ទេ គឺ​បាន​ចូល​ជ្រាប​ទៅ​គ្រប់​កន្លែង​ទាំងអស់ សូម្បី​តែ​អភិបាលខេត្ត​ខ្លះ​ព្រម​ទាំង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខា​ខ្លះ​ក៏​ជា​សមាជិក​ដែរ​។

លោក​ថ្លែង​ថា​៖ «​អ្នកណា​បំផ្លាញ​ ហ៊ុន សែន តែង​វិនាស​ជានិច្ច​។ អ្នក​ត្រូវ​ជឿ​ខ្លះៗ​ទៅ​បារមី​មិន​ដល់​អ្នក​ធ្វើអ្វី​ក៏​អត់​កើត​ដែរ មាន​តែ​វិនាស​ខ្លួនឯង​តែប៉ុណ្ណោះ​។ អ្នក​ជឿ​ខ្លះ​ទៅ​នូវ​អបិយ​ជំនឿ​អាគម​ផ្សំ​អាយុ​»​។

កញ្ញា​ លី ស្រីស្រស់ អ្នកវិភាគ​នយោបាយ និង​សង្គម​មើល​ឃើញ​ថា​ទោះបី​ការតែងតាំង​ធ្វើ​តាម​បែបបទ និង​តាម​នីតិវិធី​ផ្ទៃក្នុង​ និង​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក៏ដោយ​ក៏​គេ​ឃើញ​ថា​មាន​សុទ្ធតែ​កូនៗ​មន្ត្រី​ជាន់ខ្ពស់​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​នេះ​ដែល​មិន​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ផ្សេងៗ​ដែល​មាន​ស្នាដៃ និង​បទពិសោធ ដោយសារ​តែ​ខ្លួន​គ្មាន​សែស្រឡាយ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ទាំង​នោះ និង​វា​បង្ហាញ​ពី​បក្ខពួក​និយម​។

កញ្ញា​ថា​៖ «​យើង​មើល​ពី​ទិដ្ឋភាព​ខាងក្រៅ​ទៅ​វា​ហាក់​ដូច​បក្ខពួកនិយម​ដោយសារ​តែ​រចនាសម្ព័ន្ធ​គឺ​ដឹកនាំ​ និង​ស្ថិត​នៅ​ក្រោម​ការដឹកនាំ​របស់​កូនៗ​មេដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​»៕