ភ្នំពេញៈ ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​អ្នកវិភាគ​ដែល​គាំទ្រ​ឲ្យ​មាន​ជំនួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ជាមួយ​អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី នៅលើ​ទឹកដី​លោក​សេរី​នោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ថា​នឹង​មិនមាន​ជំនួប​ណា​មួយ​​ជាមួយ​គូប្រកួត​នយោបាយ ដែល​លោក​ចាត់ទុក​ជា​ទណ្ឌិត​នោះ​ឡើយ ដោយ​ហៅ​ការលើក​ឡើង​របស់​អ្នកវិភាគ​ខាង​លើ​ថា ជា​ការ​វិភាគ​ «​ឆ្កួត​»​។

តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ Fresh News កាលពី​ម្សិលមិញ​លោក​ ហ៊ុន សែន បាន​ប្រកាស​ថា នឹង​មិន​មានការ​ចរចា​ណាមួយ​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​លោក​ចាត់ទុក​ថា​ជា​ទណ្ឌិត​នោះឡើយ ខណៈ​ដែល​លោក​នឹង​ចាកចេញ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​ទៅ​ប្រជុំ​នៅ​ប៉ែក​អឺរ៉ុប​នោះ​។

ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​ ហ៊ុន សែន បែប​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់ពី​អ្នកវិភាគ​នយោបាយ​លោក មាស នី ផ្តល់​កិច្ចសម្ភាសន៍​ដល់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ២ ខែ​កញ្ញា ដោយ​អ្នកវិភាគ​រូប​នេះ​បង្ហាញ​ឆន្ទៈ​ចង់​ឃើញ​លោក​ ហ៊ុន សែន ជួប​ចរចា​ជាមួយ​លោក​ សម រង្ស៊ី នៅលើ​ទឹកដី​លោក​ខាង​លិច ដោយ​មាន​ការសម្របសម្រួល​ពី​អន្តរជាតិ​ស្រប​ពេល​ដែល​មេដឹកនាំ​នយោបាយ​កំពូល​ទាំង ២ នឹង​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​នា​ចុង​ខែ​កញ្ញា​នេះ ឬ​អំឡុង​ខែ​តុលា​។

ឃើញ​ស្ថានភាព​ល្អ​បែប​នេះ​លោក​ មាស នី សម្តែង​នូវ​ក្តី​រីករាយ និង​សាទរ ប្រសិន​បើ​មាន​ជំនួប​រវាង​មេដឹកនាំ​ទាំង​ ២ ដើម្បី​រក​ដំណោះស្រាយ​បញ្ហានយោបាយ​ចម្រូងចម្រាស​ដែល​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​អតីត​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ផាត់​ចេញ​មិន​ឲ្យ​ចូលរួម​ប្រកួត​នោះ​។

លោក​ ហ៊ុន សែន បាន​ប្រកាស​ដាច់​ណាត់​ថា​៖ «​គ្មាន​ការចរចា​ណា​មួយ​រវាង​ខ្ញុំ ជាមួយ​នឹង​ទណ្ឌិត​ សម រង្ស៊ី នោះ​ឡើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស​ទាំង​អាមេរិក និង​នៅ​អឺរ៉ុប​។ ខ្ញុំ​សូម​ប្រាប់​ថា​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ដូច​ការវិភាគ​ឆ្កួត​លេលា ដូច​ មាស នី នោះ​ឡើយ​មាន​តែ​អ្នកនយោបាយ​អនុវត្ត​ទោស​តាម​ច្បាប់​កម្ពុជា​តែ​ប៉ុណ្ណោះ​»​។

ជាមួយ​នឹង​ប្រតិកម្ម​ខ្លាំងៗ​នេះ​លោក​ ហ៊ុន សែន ក៏​បាន​ផ្តាំ​ទៅ​លោក មាស នី ឲ្យ​ឈប់​ធ្វើការ​វិភាគ​តទៅ​ទៀត បើ​មិន​យល់​ពី​បញ្ហា​នយោបាយ​នោះ​ទេ​។ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​ មាស នី បើ​ឆ្កួត ឆ្កួត​តែ​ឯង​ទៅ កុំ​មក​នាំ​គេ​ឆ្កួត​ជាមួយ​។ បើ មាស នី ឯង​ល្ងង់​មិន​យល់​ផ្នែក​បញ្ហា​នយោបាយ​ទេ កុំ​មក​ធ្វើជា​អ្នក​វិភាគ​បន្ត​ទៅ​ទៀត​»​។

ទោះបី​ជា​មាន​ប្រតិកម្ម​ខ្លាំងៗ​លាយឡំ​នឹង​ការប្រើ​ពាក្យសម្តី​មិន​សូវ​ពីរោះ​ក្តី ក៏ប៉ុន្តែ​លោក​ មាស នី ចាត់ទុក​ប្រតិកម្ម​របស់​លោក​ ហ៊ុន សែន ថា​ជា​រឿង​ធម្មតា ហើយ​លោក​ក៏​មិន​ឆ្លើយតប​វែងឆ្ងាយ​ទៅ​វិញ​ដែរ ដោយ​លោក​ប្រៀប​ទៅនឹង​ឪពុក​ស្តីបន្ទោស​ឲ្យ​កូន​នៅពេល​ដែល​ឪពុក​ខឹង​នឹង​កូន​នោះ​ដោយសារ​តែ​មាន​ទស្សនៈ​ផ្សេង​ពី​គ្នា​។

លោក មាស នី ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ជួនកាល​ការវិភាគ​ហ្នឹង វា​តែងតែ​មាន​ភាព​ចន្លោះប្រហោង​ខ្លះ​។ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​គិត​ថា​អាហ្នឹង​វា​ជា​រឿង​អី​ដែល​ធំធេង​ទេ​។ សម្រាប់​ខ្ញុំ​មិនមែន​ជា​អ្នក​ដែល​ត្រូវ​តែ​ចេះ​អី​ក្នុង​រឿង​ [​នយោបាយ​] ​ហ្នឹង​ទេ​ខ្ញុំ​គ្រាន់​តែ​បន្ត​ធ្វើ​អី ដែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​នឹង​ព្យាយាម​មិន​ធ្វើ​អី​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ឬ​ប៉ះពាល់​ដល់​កិតិ្តយស​បុគ្គល​ណា​មួយ​ទេ​»​។

ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ​លោក​ សម រង្ស៊ី ដែល​ជា​គូប្រជែង​នយោបាយ​នឹង​លោក​ ហ៊ុន សែន ហើយ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ កំពុង​មាន​បេសកកម្ម​នៅ​ទឹកដី​សហរដ្ឋអាមេរិក ដើម្បី​រក​កិច្ចអន្តរាគមន៍​ពី​អន្តរជាតិ ក្នុង​ការជួយ​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​ត្រូវ​បាន​រំលាយ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ និង​ដៃគូ​នយោបាយ​របស់​លោក​គឺ​លោក​ កឹម សុខា កំពុង​ជាប់​ពន្ធនាគារ​ដោយ​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដែល​ត្រូវ​គេ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ​នោះ​។

ក្នុង​ឱកាស​នៅ​លើ​ទឹកដី​អាមេរិក​កាលពី​ចុង​ខែ​សីហា​លោក សម រង្ស៊ី បាន​ទៅ​គោរព​សព​លោក John McCain នៅ​ទីក្រុង Phoenix រដ្ឋ Arizona និង​បាន​រៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ទៅ​ដួង​វិញ្ញាណក្ខន្ធ​លោក John McCain ផងដែរ ហើយ​លោក​ក៏​បាន​សរសេរ​ជា​បន្តបន្ទាប់​កោត​សរសើរ​ចំពោះ​វីរភាព​របស់​លោក John McCain​។

ទោះបី​លោក​ សម រង្ស៊ី ចាត់ទុក​ព្រឹទ្ធសមាជិក​សហរដ្ឋអាមេរិក​លោក ចន ម៉ាក់ខេន ដែល​បាន​ទទួល​មរណភាព​កាលពី​ខែ​មុន​ថា​ជា​ «​វីរបុរស​ការពារ​សេរីភាព​» ក៏ដោយ ក៏​មន្ត្រី​បក្ស​កាន់អំណាច​បាន​ចំអក​ឲ្យ​លោក​ សម រង្ស៊ី​ ​ថា​ជា​អាយ៉ង​ដាច់​ថ្លៃ​របស់​អាមេរិក ឯ​លោក​ ម៉ាកខេន ជា​ឧក្រិដ្ឋជន​សម្លាប់​ប្រជាជន​វៀតណាម​នៅក្នុង​សម័យ​សង្គ្រាម​។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​លោក​ រង្ស៊ី សរសេរ​ថា​៖ «​សម្រាប់​ខ្ញុំ លោក John McCain គឺជា​គំរូ​នៃ​មនុស្ស​ប្រកប​ដោយ​កិត្តិយស​ដែល​មាន​គោលការណ៍​ច្បាស់លាស់ ហ៊ាន​និយាយ​ការពិត ហើយ​ហ៊ាន​តស៊ូ​ដើម្បី​ការពារ​បុព្វហេតុ​ត្រឹមត្រូវ និង​យុត្តិធម៌​។ ខ្ញុំ​ដឹងគុណ​លោក John McCain មួយជីវិត​របស់​ខ្ញុំ ពីព្រោះ​លោក​បាន​គាំទ្រ​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​គ្រា​ដ៏លំបាក​បំផុត​»​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន កាលពី​ថ្ងៃ​អាទិត្យ ក្រៅពី​ហៅ​លោក សម រង្ស៊ី ថា​ជា​អាយ៉ង​ដាច់ថ្លៃ​របស់​ចក្រពត្តិ លោក​ក៏​ថា​លោក​ ម៉ាក់ខេន ជា​មេខ្លោង​អង្គការ IRI ដែល​បណ្តុះបណ្តាល​ក្រុម​ឧទ្ទាម​ខ្មែរ​ឲ្យ​ធ្វើ​សកម្មភាព​បដិវត្តន៍​ពណ៌​ប៉ុនប៉ង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថែម​ទៀត​ផង​។

លោក​ថ្លែង​ថា​៖ «​ការសម្តែង​នូវ​ការសោកស្តាយ​អាឡោះអាល័យ​របស់​ទណ្ឌិត​ សម រង្សី និង​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រៅច្បាប់​មួយ​ក្រុម​ចំពោះ​មរណភាព​របស់​លោក​ ចន ម៉ាក់ខេន បញ្ជាក់​ច្បាស់​ថា​ពួក​ខ្មែរ​ឧទ្ទាម​ក្រៅ​ច្បាប់​បានដាក់​ខ្លួន​ដាក់​កាយ​ដោយ​ឥត​លក្ខខណ្ឌ​ធ្វើ​ជា​អាយ៉ង​ដាច់​ថ្លៃ​របស់​ចក្រពត្តិនិយម​ពិភពលោក ដោយ​កោតសរសើរ​លោក​ ម៉ាក់ខេន ​ថា ជា​វីរបុរស​របស់​ខ្លួន​ និង​ជា​អ្នក​ប្រជាធិបតេយ្យ​ដ៏ឆ្នើម​ម្នាក់​ផង​»​។

លោក​បន្ត​ថា​អ្នក​ណា​ក៏​បាន​ដឹង​ដែរ​ថា លោក​ ចន ម៉ាក់ខេន ជា​អតីត​ទាហាន​ទ័ពអាកាស​ និង​ម៉ារីន សហរដ្ឋអាមេរិក សម័យ​សង្គ្រាម​ឈ្លានពាន​វៀតណាម នា​ទសវត្សរ៍​ទី​ ៦០ ​ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ បេ​ ៥២ ទាំងយប់​ទាំង​ថ្ងៃ​លើ​ប្រជាជន​វៀតណាម ហើយ​យន្តហោះ​លោក​ ម៉ាក់ខេន ត្រូវ​បាញ់​ធ្លាក់ និង​ត្រូវ​ចាប់​ខ្លួន​ជា​ឈ្លើយសឹក​ដាក់​គុក​នៅ​វៀតណាម​ជាច្រើន​ឆ្នាំ​ក្នុង​ឋានៈ​ជា​ឧក្រិដ្ឋជន​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​វៀតណាម​អស់​ជាច្រើន​។

អ្នកវិភាគ​នយោបាយ​លោក​ ហង្ស វិទូ យល់​ឃើញ​ថា​ការវិភាគ ឬ​បញ្ចេញ​ទស្សនៈ​របស់​អ្នក​នយោបាយ​ទាំង​បក្ស​កាន់អំណាច និង​អតីត​បក្សប្រឆាំង​សុទ្ធ​តែមាន​ហេតុផល​របស់​ពួកគេ​រៀង​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​ជារួម ខ្ញុំ​សូម​មិន​វែកញែក ខាង​ណា​ខុស ឬ​ត្រូវ​ទេ ប៉ុន្តែ​បើ​យើង​មើល​ជារួម​លោក​ ចន ម៉ាក់ខេន គាត់​គឺជា​បុគ្គល​សំខាន់​ម្នាក់​ដែល​ធ្វើ​ការងារ​ដើម្បី​ផលប្រយោជន៍​សហរដ្ឋអាមេរិក ជាពិសេស​គាត់​ក៏​បាន​ព្យាយាម​ក្នុង​ការ​ចែករំលែក ក៏​ដូចជា​ការជំរុញ​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ដែរ​»​។

ទោះ​យ៉ាង​ណា​លោក​ ហង្ស វិទូ បន្ថែម​ថា​មិន​គួរ​មានការ​ប្រមាថ​ណាមួយ ទៅលើ​បុគ្គល​ដែល​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ទេ បើ​ទោះ​ត្រឹម​គ្រួសារ​មនុស្ស​សាមញ្ញ ឬ​គ្រួសារ​អ្នក​នយោបាយ​ក្ដី​៕