កំពង់ស្ពឺៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ជាង​ ៥ ​លាន​នាក់​ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រមាណ​ជាង​ ៨ ​លាន​នាក់​គឺ​គ្រប់គ្រាន់​សម្រាប់​ភាគរយ​ទៅ​បោះឆ្នោត ខណៈ​លោក​ សម រង្ស៊ី អះអាង​ថា​របប​ផ្ដាច់ការ​របស់​លោក​ ហ៊ុន សែន នឹង​ជិត​មក​ដល់​ទីបញ្ចប់​ដោយ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​មាន​អត្រា​អ្នក​ទៅ​បោះឆ្នោត​តិច​ជាង​ ៥០ ​ភាគរយ​។

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​សរសេរ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​លោក​កាលពី​ថ្ងៃទី​ ២២ ខែ​ឧសភា ថា យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​អំពាវនាវ​ ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ពហិការ​នៃ​ការបោះឆ្នោត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ (Venezuela ទ្វីប​អាមេរិក​ខាង​ត្បូង​) ​ពី​ថ្ងៃ​អាទិត្យ ២០ ឧសភា ២០១៨ កន្លង​ទៅ​នេះ​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​សរុប​ជាង​ ១៩ ៩០០ ​នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ១៧ ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ព្រឹក​ម្សិលមិញ​លោក​ ហ៊ុន សែន ថ្លែង​ថា​យុទ្ធសាស្ត្រ​បាតដៃ​ស្អាត​របស់​អតីត​គណបក្ស​ប្រឆាំង​នឹង​មិន​ទទួល​បាន​ជោគជ័យ​ដូច​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នោះ​ទេ ដោយ​អះអាង​ថា​ស្ថានភាព​អ្នក​បោះឆ្នោត​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ខុស​គ្នា​ស្រឡះ​ពី​ប្រទេស​កម្ពុជា​។

លោក​ ហ៊ុន សែន ​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចង់​ឆ្លងឆ្លើយ​ជាមួយ​អ្នកណា​ទេ ក៏ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ឲ្យ​ច្បាស់ ចាំ​មើល បើក​ភ្នែក​ឲ្យ​ធំៗ រង់ចាំ​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨​។ អ្នក​ចាំ​មើល​ទៅ​រឿង​នៅ​វ៉េណេស៊ុយអេឡា​គឺជា​រឿង​ផ្សេង រឿង​នៅ​កម្ពុជា​គឺ​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​។ គ្រាន់តែ​សមាជិក​គណបក្ស​ប្រជាជន​ទៅ​បោះឆ្នោត​វា​គ្រប់គ្រាន់ និង​ច្រើន​លើសលប់​ជា​ភាគរយ​ទៅ​ហើយ​។ អ្នក​ត្រូវ​ចាំ​រឿង​នេះ​ឲ្យ​ច្បាស់ យុទ្ធសាស្ត្រ​បាតដៃ​ស្អាត​របស់​អ្នក ពិតជា​មាន​កំហុស ហើយ​បើ​និយាយ​ពី​បច្ចេកទេស​នៃ​អ្នក​បោះឆ្នោត ខ្ញុំ​គួរ​តែ​រុញ​ទូក​បណ្ដោយ​ទឹក​ឲ្យ​អ្នក​តែ​ម្ដង​ទៅ​»​។

លោក​ថ្លែង​ថា​នៅ​កម្ពុជា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ជាង​​ ៥ ​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​ប្រមាណ ៨ លាន​នាក់​ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ជា​ចំនួន​ច្រើន​លើសលប់ ហើយ​ក៏​មិន​ចង់​ឲ្យ​ពលរដ្ឋ​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​ដែរ ព្រោះ​ចង់​ឲ្យ​ពួកគេ​ចេះ​ប្រើ​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ឲ្យ​អ្នក​ភ្លឺ​ភ្នែក​ថា គ្រាន់​តែ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​មាន​ជាង​ ៥ ​លាន​នាក់​ក្នុង​ចំណោម​អ្នកបោះឆ្នោត​ជាង​ ៨ ​លាន​នាក់​ដូច្នេះ​អ្នក​មិន​អាច​ទៅ​រួច​ទេ​»​។

លោក ហ៊ុន សែន អះអាង​ថា​គណបក្ស​ប្រឆាំង​បាន​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ដែល​កំពុង​កាន់កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ម្ដង​រួច​ហើយ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ តាមរយៈ​កម្លាំង​មហាជន​ចូលរួម​ធ្វើ​បាតុកម្ម ប៉ុន្តែ​មាន​ពលរដ្ឋ​ភាគតិច​ប៉ុណ្ណោះ​បាន​ចូលរួម​។

លោក​បន្ត​ថា​៖ «​កន្លង​ទៅ​អ្នក​បាន​ធ្វើ​រួច​ស្រេច​ទៅ​ហើយ ២០១៣ មនុស្ស​ ១៥ លាន​នាក់ អ្នកឯង​រក​បាន​ប៉ុន្មាន​ម៉ឺន​នាក់​មក​ធ្វើ​បាតុកម្ម​នេះ​អ្នក​បាន​ធ្វើ​រួច​ហើយ ប៉ុនប៉ង​ផ្ដួលរំលំ​រួច​ហើយ អ្នក​ធ្វើ​មិន​បាន​ក្នុង​ពេល​ដែល​អ្នក​បាន​ដឹកនាំ ហើយ​បរទេស​គាំទ្រ​ទៀត​ផង អ្នក​ធ្វើ​មិន​កើត​។ ពេល​នេះ​ដង​ខ្លួន​របស់​អ្នក ឆ្អឹង​ខ្នង​របស់​អ្នក​ត្រូវ​វ៉ៃ​បំបាក់ កប់​ទៅ​ជា​ខ្មោច​ហើយ​អ្នក​ទៅ​នៅ​ក្រៅ​ប្រទេស​អ្នក​មិន​អាច​ធ្វើ​រឿង​នេះ​បាន​ទេ​អ្នក​ត្រូវ​ចាំ​។ មេបញ្ជាការ​ទ័ព​គេ​នៅ​ក្បែរ​ទ័ព ទើប​គេ​អាច​បញ្ជា​កងទ័ព​ទៅ​រួច អ្នក​ទៅ​តាម​អាហ្វេសប៊ុក​ទៅ​មិន​រួច​ទេ​»​។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ប្រៀបធៀប​កម្ពុជា​ទៅ​នឹង​ប្រទេស​វ៉េណេស៊ុយអេឡា​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អំណាច​ផ្តាច់ការ​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)​។ លោក​ នីកូឡាស ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ជាថ្មី​ក្រោយ​ការបោះឆ្នោត​ថ្មីៗ​នេះ ប៉ុន្តែ​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ច្រានចោល​ដោយ​បស្ចិម​ប្រទេស​ភាគច្រើន ពិសេស​អាមេរិក​។ ជា​ការ​កត់សម្គាល់​អត្រា​អ្នក​ទៅ​បោះឆ្នោត​នៅ​ប្រទេស​នេះ​មាន​ប្រមាណ​តែ​ជាង ៤៦% ដែល​ជា​អត្រា​មួយ​ដ៏ទាប​មិន​ធ្លាប់​មាន​ទេ នៅក្នុង​ប្រវត្តិ​នៃ​ការបោះឆ្នោត​កន្លង​មក​នៅ​​ប្រទេស​នេះ​។

លោក​ សម រង្ស៊ី ថ្លែង​ថា​៖ «​តាំងពី​យូរ​ឆ្នាំ​មក​ហើយ ប្រទេស​វ៉េណេស៊ុយអេឡា ត្រូវ​បាន​គ្រប់គ្រង​ដោយ​របប​ផ្តាច់ការ​ដូច​ប្រទេស​កម្ពុជា​អ៊ីចឹង​ដែរ​។ របប​ផ្តាច់ការ​នោះ​តែងតែ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ដើម្បី​បន្ត​កាន់​អំណាច​ដោយ​បំភ្លៃ​ឆន្ទៈ​ប្រជារាស្ត្រ​។ តែ​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ធ្វើ​តាម​សេចក្តី​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​គឺ​មិន​ទៅ​បោះឆ្នោត ហើយ​ក៏​បាន​ធ្វើឲ្យ​ការបោះឆ្នោត​ក្លែងក្លាយ​នោះ​ទទួល​បរាជ័យ ដោយសារ​តែ​អ្នក​មិន​ទៅ​បោះឆ្នោត​ (៥៣ ភាគរយ​) ច្រើន​ជាង​អ្នក​ទៅ​បោះឆ្នោត​ (៤៧ ភាគរយ​)»​។

លោក​អះអាង​ថា​៖ «​សហគមន៍​អន្តរជាតិ​បាន​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ក្លែងក្លាយ​នេះ ហើយ​បាន​ថ្កោលទោស​ព្រម​ទាំង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​របប​ផ្តាច់ការ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​។ ចំពោះ​ប្រទេស​កម្ពុជា​ក្រោយ​ថ្ងៃ​ ២៩ កក្កដា ២០១៨ ក៏​អ៊ីចឹង​ដែរ​គឺ​របប​ផ្តាច់ការ​មក​ដល់​​ទីបញ្ចប់​របស់​វា​ហើយ​»​។

លោក សម គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា និកហ្វិក ថ្លែង​ថា​នៅ​កម្ពុជា​គ្មាន​ច្បាប់​ណា​​កំណត់​អត្រា​អ្នក​ទៅ​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​ភាពស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​ចោទ​ជា​សំណួរ​បើ​អត្រា​អ្នក​​ទៅ​បោះឆ្នោត​មាន​ចំនួន​តិច​នោះ​។

លោក​ថ្លែង​ថា​៖ «​ថ្វីដ្បិត​តែ​គ្មាន​ចែង​ក្នុង​ច្បាប់​មែន​តែ​លក្ខណៈ​ជាក់ស្ដែង​គេ​សម្លឹង​មើល​ពី​ឆន្ទៈ​អ្នក​បោះឆ្នោត តើ​អត្រា​អ្នក​ទៅ​បោះឆ្នោត​ក្រោម​ ៥០ ​ភាគរយ​វា​ឆ្លុះបញ្ចាំង​ពី​អ្នក​បោះឆ្នោត​យ៉ាង​ដូចម្ដេច​?»​។

លោក​បន្ត​ថា​៖ «​ការបោះឆ្នោត​នីមួយៗ​របៀប​ប្រជាធិបតេយ្យ​គេ​ត្រូវការ​ភាព​ពេញលេញ​ការចូលរួម​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទាំង​គណបក្ស​នយោបាយ​ទាំង​អ្នក​បោះឆ្នោត សង្គម​ស៊ីវិល សារព័ត៌មាន​។ តាម​ទស្សនៈ​ខ្ញុំ​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ​ដូចជា​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី គេ​នឹង​ពិនិត្យ​លើក​ត្ដា​ទាំង​នេះ​»​។ «​យើង​ប្រឈម​បញ្ហា​កាលណា​គេ​មិន​ទទួល​ស្គាល់​មាន​ន័យ​ថា​គេ​មិន​បើក​ចំហ​គេ​មិន​មក​វិនិយោគ ជំនួយ​នានា​ក៏​គេ​មិន​អាច​ឲ្យ​យើង​ទៀត​ដែរ បើ​គេ​មិន​​ទទួល​ស្គាល់​យើង​នោះ​»​។

ទោះ​យ៉ាង​ណា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​បិទ​បញ្ចប់​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​ ២០១៧ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​ ២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យមើល​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ចំពោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ដើម្បី​ចាត់​វិធានការ​ឲ្យ​សមស្រប​ពីព្រោះ​មិន​អាច​ទៅ​ប្តឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​ដោយសារ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​រួច​ហើយ​។

លោក ស ខេង ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​មួយ​ដែល​ច្បាប់ និង​តុលាការ​បាន​រំលាយ​ហើយ អ៊ីចឹង​ហើយ​យើង​នឹង​ពិនិត្យ​មើល​ទិដ្ឋភាព​យ៉ាង​ណា​ដើម្បី​ឲ្យ​សមស្រប​ពីព្រោះ​មិន​អាច​ថា​ទៅ​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​ម៉េច​ពីព្រោះ​គណបក្ស​ហ្នឹង​រំលាយ​ហើយ​»​។ «​ជំនាញ​មិន​ទាន់​ឲ្យ​ខ្ញុំ​ទេ ប៉ុន្តែ​អា​នេះ​វា​មិន​មាន​អ្វី​ថ្មី​ទេ គ្រាន់​តែ​ថា​យើង​មើល​នៅក្នុង​ច្បាប់​បោះឆ្នោត វា​មាន​និយាយ​អំពី​រឿង​នេះ​។ គេ​មាន​និយាយ​អំពី​ទោសទណ្ឌ​អ្នក​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​»​។

យោង​តាម​ច្បាប់​បោះឆ្នោត​ត្រង់​មាត្រា ១៤២ បាន​ចែង​ថា ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​ ៥ ​លាន​រៀល ទៅ​ ២០ ​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា​ដែល​ធ្វើ​គ្រប់​មធ្យោបាយ​ទុច្ចរិត រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឬ ​រារាំង​មិន​ឲ្យ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅ​បញ្ជី​បោះឆ្នោត​។ បង្ក​ការអុកឡុក​ ឬ​រារាំង​សកម្មភាព​ជា​ប្រក្រតី​ក្នុង​កន្លែង​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​។ ​ឲ្យ​អ្នក​គាំទ្រ ឬ​អ្នក​បោះឆ្នោត​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​អំពើ​គំរាមកំហែង​អំពើ​ហិង្សា​ទៅលើ​បេក្ខជន​ ឬ​ទៅ​លើ​គណបក្ស​នយោបាយ​​ដទៃ​។ រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​។

គ.ជ.ប បាន​ព្រមាន​ចាត់​វិធានការ​​ចំពោះ​អង្គការ​​ល្បី​ឈ្មោះ ២ ដែល​មាន​ជំនាញ​ឃ្លាំ​មើល​ការបោះឆ្នោត​ក្នុង​​ករណី​អង្គការ​ទាំង​នេះ​ចេញ​របាយការណ៍​ណា​មួយ ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត ខណៈ​ដែល​ពួកគេ​មិន​បាន​ចូលរួម​សង្កេតការណ៍​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នោះ​ក្រោយ​មាន​ការ​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ដែល​អង្គការ​ទាំង ២ បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ដែល​មាន​អង្គការ​ជាច្រើន​ចូលរួម​ជា​សមាជិក ហើយ​បាន​វាយតម្លៃ​ពី​ចំណុច​អវិជ្ជមាន​ខ្លះៗ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​អំពាវនាវ​ពី​ក្រៅ​ប្រទេស​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដូចជា​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក​ យ៉ែម បុញ្ញឫទ្ធិ នៅពេល​ណា​ពួកគេ​ហ៊ាន​ត្រឡប់​ចូល​ប្រទេស​វិញ​៕