កណ្តាលៈ ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញបានអះអាងថាកម្ពុជាមិនអាចចៀសផុតពីសង្គ្រាមទេ បើអតីតមេបក្សប្រឆាំងមិនត្រូវផ្តន្ទាទោស ហើយអតីតគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយទេនោះ ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់គណបក្សដែលត្រូវបានរំលាយបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏កម្ពុជាមិនមានសង្គ្រាមកើតឡើងស្របពេលដែលមានគោលនយោបាយឯកភាពជាតិ និងរួបរួមជាតិនោះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករប្រមាណ ២៧ ៥០០ នាក់មកពីរោងចក្រចំនួន ២៥ នៅក្នុងខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី ៥ ខែកក្កដា លោក ហ៊ុន សែន ថ្លែងដោយមិនបញ្ចេញឈ្មោះ តែសំដៅអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសនៅក្រៅប្រទេសថា លោកសម រង្ស៊ី ប្រើគោលនយោបាយសងសឹកដែលមិនអាចបង្រួបបង្រួមជាតិបាន គឺមានមួយ អត់មួយ ដែលនយោបាយបែបនេះលោកថា មិនអាចទទួលយកបានឡើយ។ លោក ហ៊ុន សែន ក៏បានសួរថា កម្ពុជាចង់ផ្លាស់ប្តូរអ្វីទៀត ខណៈកំពុងដឹកនាំដោយរូបលោកនោះ ហើយថែមទាំងអះអាងថា កម្ពុជាចៀសមិនផុតពីសង្គ្រាមស៊ីវិលទេ បើអតីតបក្សសង្គ្រោះជាតិបន្តមានវត្តមាន។
លោក ហ៊ុន សែន ចោទសួរថា៖ «ដូច្នេះតើយើងចង់បានអ្វីទៀតយើងចង់ដូរអ្វីទៀត មិនប្រាកដថាអាអ្នកថ្មីនោះ វាមានលទ្ធភាពលើសអ្នកចាស់នោះទេ»។
លោកបន្តថា៖ «ធនធានមនុស្សរបស់គេនៅទីណា? ហើយវាកាន់តែគ្រោះថ្នាក់ទៅទៀតនៅពេលអ្នកដែលគំរាមបង្កើតនូវស្ថានភាព (វឹកវរ) កម្ពុជាចៀសមិនផុតពីសង្គ្រាមទេ ប្រសិនបើអា (មេ) បក្សចង្រៃមួយនោះវាមិនត្រូវបានផ្តន្ទាទោស រំលាយបក្សវានោះ។ ព្រោះអ្វី? អាងអីឡើង អាងតែសងសឹកៗ។ នយោបាយចេញមក “មានអញ អត់ឯង មានឯងអត់អញ” តើអ្នកណាគេសុខចិត្ត គេមិនសុខចិត្តទេ...កុំឆ្ងល់ពេក វាគ្មានអ្នកណាឲ្យអ្នកឯងធ្វើតែពាសអ៊ីចឹងទេ»។
លោកបន្ថែមថា៖ «តើអ្នកឯងធ្វើបង្រួបបង្រួមជាតិបែបណា ខ្ញុំមិនយល់ព្រមទេ...ដោយឃើញស្ថានភាពយ៉ាងដូច្នេះហើយបានពូប្រកាសថានឹងបន្តតំណែងក្នុងមុខងារជានាយករដ្ឋមន្ត្រីរយៈពេល ១០ ឆ្នាំយ៉ាងតិច។ ពូចង់វ៉ៃអាពួកអាចោរចង្រៃបំផ្លាញជាតិ បំផ្លាញឯកភាពជាតិ ឯកភាពទឹកដី កាត់ដី ៤ ខេត្តទៅឲ្យបរទេសថែមទៀត ពូនឹងតបតជាមួយអាហ្នឹងដល់ទីបញ្ចប់...»។
ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិច្រានចោលការចោទប្រកាន់របស់លោក ហ៊ុន សែន និងអះអាងថាអតីតគណបក្សមិនមានការសងសឹកទេគឺប្រកាន់នយោបាយអហិង្សាមិនយកខ្មែរជាសត្រូវ។
លោកថ្លែងថា៖ «ខ្ញុំមិនយល់ដូច្នេះទេ ព្រោះគណបក្សយើងឃើញមានគោលការណ៍ច្បាស់លាស់ក្នុងការបង្រួបបង្រួមក្នុងការឯកភាពជាតិ។ យើងមិនដែលមានគំនិតមានគោលនយោបាយប្រើហិង្សាទេគឺអត់ទាល់តែសោះ។ យើងបានប្រកាសជាញឹកញាប់ពីការមិនសងសឹកមិនគុំកួន មិនយកខ្មែរណាធ្វើជាសត្រូវ យើងបានប្រកាសជាសាធារណៈគ្រប់ពេលទាំងអស់»។
លោក ច័ន្ទរ័ត្ន បន្តថា៖ «ពួកយើងបានធ្វើដំណើរក្នុងគន្លងប្រជាធិបតេយ្យជាង ២០ ឆ្នាំហើយ។ យើងមានបទពិសោធមួយចំនួនហើយ ដូច្នេះទោះបីក្នុងសភាពបែបណាក៏ដោយ ក៏មិនអាចវិលទៅរកសង្គ្រាមវិញដែរ។ អ្វីដែលសំខាន់គឺយើងគួរតែរៀបចំមាគ៌ានយោបាយសម្រាប់ជាតិទាំងមូលមួយ ដែលយើងឯកភាពគ្នាដើម្បីសន្តិភាព ដើម្បីស្ថិរភាពសម្រាប់ប្រទេស ដូចប្រទេសគេដែលមានបទពិសោធក្នុងពិភពលោកមួយចំនួន»។
ទាក់ទងនឹងការធ្វើអត្ថាធិប្បាយរបស់លោក ហ៊ុន សែន លោក Paul Chambers សាស្ត្រាចារ្យ និងជាទីប្រឹក្សាពិសេសសម្រាប់កិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan បានថ្លែងតាមរយៈសារអេឡិចត្រូនិកមកកាន់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពីម្សិលមិញថា៖ «សម្រាប់ទស្សនៈខ្ញុំការលើកឡើងរបស់លោក ហ៊ុន សែន វាគ្រាន់តែជាវោហារស័ព្ទនយោបាយប៉ុណ្ណោះក្នុងការប៉ុនប៉ងដើម្បីបំភ័យដល់កម្មករកាត់ដេរឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ខណៈពេលលាបពណ៌លោក កឹម សុខា និង គណបក្សសង្គ្រោះជាតិថាជាអ្នករំខាន និងជាសត្រូវរបស់រដ្ឋ»។
អតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា កំពុងត្រូវបានឃុំខ្លួនជិតមួយឆ្នាំហើយនៅពន្ធនាគារត្រពាំងផ្លុងក្បែរព្រំដែនកម្ពុជា-វៀតណាមក្រោយពីលោកត្រូវបានតុលាការចោទពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលករណីត្រូវបានគេចាត់ទុកជារឿងនយោបាយ៕