ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​អះអាង​ថា ល្បែង​ប្រជាធិបតេយ្យ​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ត្រូវ​បាន​រាំងខ្ទប់​ដោយ​បុគ្គល​បក្ស​ ឬ​ក្រុម​ណា​មួយ​នោះ​ទេ នៅ​អំឡុង​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចាប់ផ្ដើម​ចុះ​បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ​ដែល​នឹង​ចូលរួម​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅឯ​វិទ្យាស្ថានជាតិ​អប់រំ​កាលពី​ម្សិលមិញ លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ល្បែង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​រាំងខ្ទប់​ដោយ​បុគ្គល​ណា​មួយ ឬ​បក្ស ឬ​ក្រុម​ណា​មួយ​ទេ ព្រោះ​ប្រព័ន្ធ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​តែ​បន្ត​មិន​ដឹង​ថា​មាន​ប៉ុន្មាន​គណបក្ស​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គិតថា​វា​ច្រើន​បង្គួរ សម្រាប់​ការបោះឆ្នោត​។ ឯ​នៅ​ប្រទេស​ខ្លះ វា​អត់​មាន​ការ​បោះឆ្នោត​ផង មាន​ប្រទេស​ខ្លះ​មាន​បក្ស​តែ​មួយ​បោះ​ប្រជែង​គ្នា​ឯង ក៏​ចាត់​ទុក​ថា​ជា​ដំណើរការ​ប្រជាធិបតេយ្យ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ផ្ញើ​សារ​នយោបាយ​ជា​សាធារណៈ​ផង​ដែរ រាល់​ការរិះគន់​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន​បង្កើត​មួយ​ចំនួន​ថា ជា​អាយ៉ង​របស់​ ហ៊ុន សែន​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ឥឡូវ​មិន​ដឹង​ថា​វា​ឡប់​អី​វា​ឲ្យ​តែ​អ្នក​ណា​បង្កើត​បក្សនយោបាយ គឺ​សុទ្ធតែ​អាយ៉ង​របស់​ ហ៊ុន សែន ទាំងអស់ វា​ទៅ​ជា​ឆ្កួត​ឡប់​អ៊ីចេះ​។ តែ​កាលណា​គេ​ធ្វើ​បក្ស​នយោបាយ​បាន​សេចក្ដី​ថា​ភាព​ខុសគ្នា ទោះ​តិច​ទោះ​ច្រើន​គឺ​មាន​ការខុស​គ្នា​ហើយ បើ​ដូចគ្នា​គេ​មិន​បង្កើត​បក្ស​ទេ គេ​មក​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ទៅ​ហើយ​»​។

លោក ហ៊ុន សែន ក៏​បាន​អះអាង​ផង​ដែរ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាលពី​ចុង​ឆ្នាំ​ ២០១៧ ហើយ​បាន​ហាមឃាត់​អ្នក​នយោបាយ​នៃ​គណបក្ស​នេះ​មិន​ឲ្យ​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​នោះ​គឺ​មិន​អាច​ចូលរួម​ការបោះឆ្នោត​នៅ​ក្នុង​ខែ​កក្កដា​នេះ​បាន​ទេ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​អ៊ីចឹង​ទេ ខ្មោច​ដែល​វា​ងាប់​ហើយ ដែល​គេ​យក​ទៅ​កប់ ដុត មិន​ដឹង​ឆ្អឹង​នៅ​ឯណា វា​មិន​រស់​ឡើង​វិញ​ទេ វា​មាន​តែ​បក្ស​នយោបាយ​ពិតប្រាកដ​ប៉ុណ្ណោះ​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ពិតប្រាកដ​នោះ​។ អ៊ីចឹង​សខ្មៅ វា​ឃើញ​ហើយ​។ អ្នក​ដែល​មិន​ជឿ​អ្នក​ដែល​ជឿ ងប់​រហូត​ដល់​មាន​អ្នក​ខ្លះ​គេ​ថា បើ​លោក ហ៊ុន សែន មិន​ព្រម​ធ្វើ មិន​ព្រម​ពន្យារ​ទេ ច្បាស់​ជា​គេ​ចាប់​លោក ហ៊ុន សែន​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​សួរ​អាណា​ក្បាល​ប៉ានដែក​មក​ចាប់​ ហ៊ុន សែន នោះ ខ្ញុំ​សួរ​ត្រឡប់​ទៅ​។ គេ​ថា គេ​ចាប់​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​អធិបតេយ្យ​ត្រូវ​គេ​ចូល​មក​ចាប់ខ្លួន​នៅ​ទីនេះ​។ លមើល អញ្ជើញ​មក​ក្រែងលោ វា​ពិបាក​រក​ខ្មោច​ទៅ​ទៀត​។ មកពី​កន្លែង​ណា​»​។

សារ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​នេះ​។ ទន្ទឹម​គ្នា​នោះ​ដែរ​គណបក្ស ៤ ទៀត​បាន​ដាក់​តម្កល់​ថវិកា​ដើម្បី​បំពេញ​លក្ខខណ្ឌ​សុំ​ចុះ​ឈ្មោះ​ផង​ដែរ​។

លោក អ៊ុក គឹមហាន អនុប្រធាន​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល CPP​។ រូបថត Fresh News

គ.ជ.ប បាន​ចាប់ផ្ដើម​ចុះ​បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ចាប់ពី​ថ្ងៃ​ទី​ ៣០ ខែ​មេសា​រហូត​ដល់​ថ្ងៃទី​ ១៤ ខែ​ឧសភា​ដែល​ជា​ថ្ងៃ​ឱសានវាទ​នៃ​ការបិទ​បញ្ជី​បេក្ខជន​។

លោក អ៊ុក គឹមហាន អនុប្រធាន​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គណបក្ស​កាន់​រាជរដ្ឋាភិបាល​បាន​ដាក់​បេក្ខជន​ចំនួន ​២៧១ ​រូប​ដែល​ក្នុង​នោះ មាន​ ១២៥ ​រូប​ជា​បេក្ខជន​ពេញសិទ្ធិ និង​មាន​បេក្ខនារី​ ៤៧ ​រូប ហើយ​លោក ហ៊ុន សែន នៅ​តែ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល​ និង​នៅ​តែ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដូច​អាណត្តិ​មុនៗ​ដដែល​។

លោក អ៊ុក គឹមហាន ថ្លែង​ថា​៖ «​គោលការណ៍​របស់ គ.ជ.ប បាន​ឲ្យ​ដាក់​ពី​ថ្ងៃ ៣០ (​មេសា​) ដល់​ថ្ងៃ​ ១៤ (​ឧសភា​) អ៊ីចឹង​គណបក្ស​បាន​ត្រៀម​រួច​អស់​ហើយ​បញ្ជី​បេក្ខជន​ហ្នឹង ហើយ​យើង​យក​មក​ដាក់ ហើយ​បើ​មាន​ការ​ខុសឆ្គង​អី​យើង​មាន​ពេលវេលា​ក្នុង​ការ​កែសម្រួល​។ ហើយ​គណបក្ស​ប្រជាជន​ក៏​មិន​ចង់​ដាក់​ក្រោយ​គេ​ដែរ​»​។

ក្នុង​ពេល​តែ​មួយ​ជាមួយ និង​បក្ស​កាន់​អំណាច​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏​បាន​ដាក់​បេក្ខជន​ចំនួន​ ២៣៤ ​រូប​សម្រាប់​ ១៧ ​ខេត្ត​ក្រុង សម្រាប់​ខេត្ត​ដែល​មាន​អាសនៈ​ចាប់ពី​ ៣ ​ឡើង​ទៅ​។

លោក ស្រស់ ថ្លែង​ថា​៖ «​យើង​អត់​ដាក់​ទេ ខេត្ត​ដែល​មាន​ ១ ​អាសនៈ យើង​ដាក់​ខេត្ត​មាន​ ៣ ​អាសនៈ​ឡើង​។ ​អ៊ីចឹង​យើង​អត់​ដាក់​ ៨ ​ខេត្ត​។ ក្នុង​ចំនួន​នេះ​យើង​មាន​ស្ត្រី​ ៦៨ ​រូប​។ យើង​ដាក់​មុន​គេ​ដោយសារ​យើង​ជា​គណបក្ស​ថ្មី ហើយ​គណបក្ស​យើង​រវល់​ការងារ​ច្រើន​»​។

គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​ជាតិនិយម​បាន​បញ្ជាក់​ជំហរ​របស់​ពួកគេ​នឹង​មិន​ចូលរួម​ការបោះឆ្នោត​ខាង​មុខ​នោះ​ទេ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​គណបក្ស​នយោបាយ​មួយ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់ និង​ចុះឈ្មោះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​ដែរ​គឺ​គណបក្ស រស្មីខេមរា ដែល​ដឹកនាំ​ដោយ​លោក ស៊ិន សុភាព​។ នេះ​បើ​តាម​ឯកសារ​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​។

ទន្ទឹម​នឹង​នេះ​ក្រសួង​មហាផ្ទៃ​ក៏​បាន​រំឭក​ដល់​គណបក្ស​នយោបាយ​ដែល​បាន​សុំ​ចុះ​បញ្ជី តែ​មិន​ទាន់​ទទួល​បាន​ភាព​ស្រប​ច្បាប់ ដោយសារ​មិន​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​តម្រូវ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នោះ គឺ​គណបក្ស ឆន្ទៈខ្មែរ​របស់​លោក គង់ មុនីកា កូនប្រុស​លោក គង់ គាំ និង​គណបក្ស​ខ្មែរ​ក្រោក របស់​តារា​ហ្វេសប៊ុក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែល​គេ​ស្គាល់​តាមរយៈ​ហ្វេសប៊ុក​ឈ្មោះ William Guang​។

លោក វឌ្ឍនាសាប៊ុង ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​ក៏ដោយ ប្រជាពលរដ្ឋ​ក៏ដោយ​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​រឿង​នយោបាយ​កំណត់​វាសនា​ជាតិ​។ រឿង​នយោបាយ​បើ​មាន​បញ្ហា ប្រជាពលរដ្ឋ​ទាំងអស់​ច្បាស់​ជា​មិន​អាច​នៅ​បាន​សុខ​ទេ​។ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​គ្រប់​គ្នា ក្រោក​ឡើង ងើប​ឡើង​ឲ្យ​ដឹង​ថា ប្រទេស​យើង​ត្រូវការ​អ្នក​មាន​ចំណេះដឹង និង​ហាន​រិះគន់​ស្ថាបនា​សង្គម ចូលរួម​ស្ថាបនា ហើយ​ក្រោក​ឡើង​កុំ​គិត​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ពេក​។ យើង​ប្រឆាំង​នឹង​ទុច្ចរិតភាព​របស់​បរទេស​ដែល​ចង់​ឈ្លានពាន​ទឹកដី​របស់​យើង​»​។

លោក​បន្ត​ថា​៖ «​យើង​ចង់​ឲ្យ​ពលរដ្ឋ​មាន​ជម្រើស​ក្នុង​ការ​ផ្លាស់ប្តូរ​»​។

ទោះ​យ៉ាង​ណា​ក៏ដោយ លោក ឌឹម សុវណ្ណារុំ សមាជិក និង​អ្នកនាំពាក្យ គ.ជ.ប បាន​ប្រាប់​ឲ្យ​ដឹង​ថា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ គណបក្ស​ពន្លឺ​ថ្មី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​តម្កល់​ថវិកា​ ១៥ លាន​រៀល​នៅ​រតនាគារ​ជាតិ​ដែល​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​ឡាយ​ដែល​ត្រូវ​បំពេញ​។ លោក​ក៏​បញ្ជាក់​ដែរ​ថា​គណបក្ស​កសិករ​របស់​លោក មាស បូពៅ ក៏​បាន​ទៅ​សុំ​ទម្រង់​បែបបទ​សុំ​ចុះ​ឈ្មោះ​ផង​ដែរ​។

ចំពោះ​ថវិកា​ ១៥ ​លាន​រៀល​ដែល​ត្រូវ​បាន​តម្កល់​ដោយ​គណបក្ស​នយោបាយ​នីមួយៗ​គណបក្ស​ទាំងនោះ​អាច​ដក​យក​ថវិការ​បស់​ពួកគេ​វិញ​បាន បើ​សិន​គណបក្ស​នយោបាយ​នីមួយៗ​នោះ​ទទួល​បាន​សំឡេង​ ៣ ​ភាគរយ​នៃ​សន្លឹកឆ្នោត​បាន​ការទូទាំង​ប្រទេស ឬ​ស្មើ​មួយ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​៕

រាយការណ៍​បន្ថែម​ដោយ បែន សុខហ៊ាន