ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ពី​ម្សិលមិញ ​លើក​ឡើង ថា​សំណង់​អគារ​គ្មាន​ច្បាប់ ​​បណ្ដាល​មក​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​មិន​ព្រម​អនុម័ត​ឱ្យ​បាន​ឆាប់រហ័ស ​ព្រោះ​ចង់​បន្ទុច​បង្អាក់​ទារលុយ​ពី​ម្ចាស់​គម្រោង ​ដោយ​លោក​ជំរុញ​ឲ្យ​ចាត់​វិធាន​ការ​មន្ត្រី​ទាំងនេះ ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឃាត់ខ្លួន​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ពោធិ៍​សាត់​ ៣ នាក់​ ពាក់ព័ន្ធ​នឹងការជំរិត​ទារប្រាក់​ពី​ម្ចាស់​គម្រោង​ ១០ ម៉ឺន​ដុល្លារ។

ការ​ថ្លែង​នេះ​ នៅពេល​លោក​អញ្ជើញ​ជាអធិប​តីក្នុង​កម្មវិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​​កីឡដ្ឋាន​ជាតិ «មរតក​តេ​ជោ»​ កាលពី​ថ្ងៃទី ២៩​ កក្កដា​ ខណៈ​កំពុង​ដំឡើង​ថាស​កៅអី​បេ​តុង​ចុងក្រោយ ​ដែលជា​និមិត្តរូប​នៃ​ការលេចចេញ​ជា​រូបរាង​កីឡ​ដ្ឋាន​ធំ​នេះ។ ​លោក​ក៏​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​​កម្មករ​ កម្មការិនី​ ថ្នាក់​ដឹកនាំ ​មន្ត្រី​កីឡា ​និង​កីឡាករ ​កីឡាការិនី​ជាច្រើនរូប​ផ្សេង​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែងថា ​ការឃាត់ខ្លួន​ប្រធាន​ អនុប្រធាន ​និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ចំនួន​ ៣ រូប​នេះ ​គឺជា​បទពិសោធ​បង្ហាញ​ឲ្យ​ឃើញថា ​ការសាងសង់​សំណង់​អគារ​គ្មាន​ច្បាប់​បណ្ដាល​មកពី​មន្ត្រី​មួយ​ចំនួន​មិន​ព្រម​ចេញ​ច្បាប់​អនុញ្ញាត​សាងសង់​ឲ្យ​ពួកគេ ​ដើម្បី​បន្ទុច​បង្អាក់​ទារ​ប្រាក់​ពី​ម្ចាស់​គម្រោង។

លោក​បញ្ជាក់ថា​៖ «បើ​គេ​បាន​សុំច្បាប់​យើង ​ហើយ​យើង​មិន​​បាន​ឆ្លើយ​ជាមួយ​គេ ហើយ​គេបែរជា​ទៅ​សាងសង់អាហ្នឹង​ គឺ​មាន​ចំណែក​ខុសពី​យើងដែល​យើង​មិនបាន​ឆ្លើយតប​ទៅ​គេ។ ដូច​ករណី​នៅ​ពោធិ៍សាត់ ​ជា​ករណី​ផ្ដល់​មេរៀន​ពិសោធ​ន៍។ កន្លែង​ខ្លះ​គេ​សុំច្បាប់ ​វា​ទៅ​ទារលុយ​ពី​គេ​ វា​មិន​ព្រមធ្វើ​ទេ ​វា​កិក​កុក ដល់​អ៊ីចឹង ​គ្នា​ទៅផ្ទះ​វិញ ​ទៅ​ធ្វើ​ទាំង​អត់​ច្បាប់ ​ព្រោះ​គ្នា​ចាំ​យើង​យូ​រពេក។ ខ្លះ​វា​មាន​ករណី​ហ្នឹង ​ដែល​បង្កើត​ឲ្យ​មានរឿង​អត់​ច្បាប់ ​បើ​យើង​ពិនិត្យ​គេ​ឲ្យ​លឿន ហើយ​ផ្ដល់​ឲ្យ​គេ​លឿន​ដែរ​ទៅ ត្រូវ​កែសម្រួល​ប្លង់​យ៉ាង​ម៉េចប្លង់​គេ​ខុស​បច្ចេកទេស​ម៉េច​ កែ​លឿនៗ​ឡើង​ទៅ»។

លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ពី​ម្សិលមិញ នៅតែ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជា​ក់​ជុំវិញ​ការឃាត់ខ្លួន​មន្ត្រី​ទាំង​ ៣ នាក់​នេះ​នៅឡើយទេ​ ហើយ​ក៏​មិនទាន់​ទទួល​ដំណឹង​ពី​ការបញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​ពេលណា​ដែរ។

ប៉ុន្ដែ​លោក​ ហ៊ុន សែន បាន​ពន្យល់​ថា​៖ «អា​រឿង​ចាប់​មន្ត្រី៣​នាក់​មកពី​ពោធិ៍សាត់ ​រឿង​វា​ដូច្នេះ ​គេ​ត្រូវ​កសាង​រោងចក្រ​ ហើយ​ខ្ញុំ​បាន​ទៅ​ប្រកាស​បើក​រោងចក្រ​នៅ​កន្លែង​ហ្នឹង។ ដល់​ពេល​គេ​សុំ​សាង​សង់ ​វា​ទារលុយ​គេ។ ដំបូង​វា​ត្រឹម​ ៥ ម៉ឺន​ (ដុល្លារ)​ ទេ ​ដល់​ក្រោយមក​ ខ្ញុំ​ធ្វើការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ឱម យ៉ិនទៀង ​ស្រាវជ្រាវ​រឿង​ហ្នឹង។ គេ​ឲ្យ​មន្ត្រី​ក្លែងបន្លំ​ចូលទៅ​ ធ្វើជា​ម្ចាស់​ក្រុម​ហ៊ុន។ អា​នោះ ​វា​ឡើង​ថ្លៃ​ ១​ ទ្វេ​ជា ​២ ​ពី ៥ ម៉ឺន​ដល់ ​១០ ម៉ឺន ​ទារ​កក់ ​៥ ពាន់។ ខាង ​ACU គេ​ក៏​កក់ ​៥ ពាន់។ ស្អែក​ឡើង​ត្រូវយក​ ៤ ម៉ឺន ​៥ ពាន់​ទៀត​ យកទៅ​កក់ឲ្យ​បាន​គ្រប់ ​៥០ ​ភាគ​រយ។ អ៊ីចឹង​ថ្ងៃទី ១ ​កក់ ​៥ ពាន់​ ថ្ងៃទី ២៤ ម៉ឺន​ ៥ ពាន់។ កក់​រួចហើយ​ យកមក ​(ចាប់ខ្លួន)​ តែ​ម្តង»។

លោក ​សារុន ចាន់​ធី​ ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ ​ពី​ម្សិល​មិញ​បាន​ថ្លែងថា​ ការឃាត់ខ្លួន​ ឬ​វិធាន​ការ​ផ្សេងៗ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​អ្នកអនុវត្ត​ផ្ទាល់។ កម្លាំង​លោក​មិន​បាន​ចូលរួម​ទេ ​ប៉ុន្ដែ​លោកបាន​បញ្ជាក់ថា​៖ «ខាង​ ACU គាត់​ធ្វើខ្លួន​គាត់​ផ្ទាល់​ ហើយ​ពេល​ឃាត់ខ្លួន​ហ្នឹង ​គឺ​គេ​សាកសួរ​រួចហើយ ​ក៏​បញ្ជូនទៅ​ភ្នំពេញ ​ដើម្បី​បន្ត​នីតិ​វិធី ខ្ញុំ​អត់​ដឹង​នីតិវិធី​គាត់​យ៉ាង​ណា​ទេ»។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA)​ ថ្លែងថា​ ការស្រាវជ្រាវ​អំពី​បញ្ហា​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គួរតែ​ទៅ​ស៊ើបអង្កេត​នៅតាម​តំបន់​ដែល​មាន​ការរីកចម្រើន​ផ្នែក​សំណង់​ដូចជា ​ខេត្ត​ព្រះសីហនុ​ បាវិត ​ប៉ោយប៉ែត​ ត្បូងឃ្មុំ ​និង​កន្លែង​សំខាន់ៗ​ជាច្រើន​ទៀត។

លោក​បញ្ជាក់ថា៖ «យើង​លើក​ទឹកចិត្ត​ឲ្យ​អ្នករកស៊ី​ផ្សេងទៀត ​ក៏​ដូចជា​ពលរដ្ឋ​សាមញ្ញ​រាយការណ៍ ឬ​ប្ដឹង​មក​អង្គភាព​ប្រ​ឆាំ​ង​អំពើ​ពុករលួយ។ បើ​គ្មាន​បណ្ដឹង​ទេ ស្ថាប័ន​ហ្នឹង ​ពិបាក​នឹង​អនុវត្ត​ការងារ​របស់​ខ្លួន ​ហើយ​ក្រៅពី​ប្ដឹង​ហ្នឹង​ យើង​ក៏​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​តំបន់​គោលដៅ​ដែល​កំពុង​អភិ​វឌ្ឍន៍​ខ្លាំង។ ព្រោះ​អ្នក​រកស៊ី​នៅ​តំបន់​ផ្សេងៗ​ហ្នឹងប្រហែលជា​កំពុង​ជួប​បញ្ហា​ដូច​ករណី​នេះ​ដែរ»។

បើ​តាម Fresh News ​ចេញ​ផ្សាយ​​ថ្ងៃទី ២៨ កក្កដា ​ថា​ ប្រធាន ​អនុប្រធាន ​និង​មន្ត្រី​មន្ទីរ​សុរិយោដី ​ខេត្ត​ពោ​ធិ៍​សាត់​ដែល​ត្រូវ​ចាប់​ខ្លួន ៣ នាក់​នោះ ​រួមមាន​ ទី១​ ឈ្មោះ ​​លៀម ប៊ុន​រឿន​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ​ទី២ ឈ្មោះ​ ជាង វុទ្ធី​ អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ ​និង​ទី៣ ​ឈ្មោះ ​តែ ប៊ុន​ថេង​ មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។

សារព័ត៌មាន​នេះ​បន្តថា ​ពួកគេ​ទាំង ៣ នាក់​ ត្រូវបាន​ឃាត់ខ្លួន​ដោយ​សង្ស័យ​ពាក់ព័ន្ធ​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួ​យ​ទារលុយ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ដោយ​ខុស​ច្បាប់​ចំនួន ១០ ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការចេញ​ច្បាប់​សាង​សង់។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ភោជនីយដ្ឋាន ​មហាលាភ​ ក្រុង​ពោធិ៍សាត់ ​នៅ​ថ្ងៃទី ២៧ ​កក្កដា​ ​ខណៈ​ពួកគេ ​និង​​ម្ចាស់​ដី​បាន​ណាត់​ជួបគ្នា ដើ​ម្បី​ប្រគល់​លុយ៕