ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា រោងចក្រ​មួយចំនួន​នៅ​កម្ពុជា​នឹង​ត្រូវ​បិទទ្វារ និង​ព្យួរការងារ​កម្មករ​មួយចំនួន​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដោយសារ​តែ​ខ្វះ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ខណៈដែល​វីរុស​កូរ៉ូណា​កំពុង​បន្ត​ឆ្លង​រាលដាល​នៅក្នុង​ប្រទេសមួយ​នេះ​។ លោក​ ហ៊ុន សែន មិន​ចង់ឱ្យ​មាន​ការចាត់ទុក​ការបិទ​រោងចក្រ និង​ព្យួរ​ការងារ​កម្មករ​នាពេល​ខាងមុខ​ថា បណ្ដាល​មកពី​ឥទ្ធិពល​នៃ EBA របស់​សហភាព​អឺរ៉ុប​នោះឡើយ​។

ការសម្រេច​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​អ្វី​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​ (EBA)» ​ពី​កម្ពុជា​របស់​សហភាព​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​នេះ​។ ប៉ុន្តែ​លោក ហ៊ុន សែន និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ពន្យល់ថា ការសម្រេច​របស់​សហភាព​អឺរ៉ុប​លើ​រឿង EBA នឹង​ចូល​ជា​ធរមាន​រយៈពេល​ ៦ ​ខែ​ទៀត ខណៈ​ការបិទ​រោងចក្រ និង​ការព្យួរ​ការងារ​កម្មករ​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ការដ្ឋាន​ស្តារ និង​កសាង​កំណាត់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវ​លេខ​ ២២ ​កាលពី​ម្សិលមិញ​ថា​៖ «​នៅពេល​ខាងមុខ​នេះ ប្រសិន​បើ​មានការ​បិទ​រោងចក្រ​ណាមួយ មិនមែន​មកពី​អា​បញ្ហា​អា EBA នោះទេ ចាំ​មើល​ទៅ​បើទោះបី​ជា​មាន​ ឬ​គ្មាន EBA ។ វត្ថុធាតុដើម​មួយចំនួន​ដែល​កំពុង​យក​មក​ដេរ​នៅ​ស្រុក​ខ្មែរ រួច​ហើយ​បន្ត​នាំ​ចេញ​ទៅ តែ​យើង​អត់​មាន​សាច់​ក្រណាត់ តើ​យើង​មានអី​ដេរ ដូច្នោះ​កម្មករ​ប្រាកដ​ជា​ជួប​ប្រទះ​បញ្ហា​ខ្វះ​ការងារ​ធ្វើ​»​។

លោក​បន្តថា​៖ «​រឿង EBA បើទោះបី​ជា​គេ​ដក​ទាំងស្រុង ឬ​ដក​ផ្នែក​ខ្លះ​ក៏​គង់​ទៅដល់​ខែ​ ៨ ​ឯណោះ​បាន​វា​ចាប់ផ្ដើម អ៊ីចឹង​វា​អត់​មាន​អី​ទេ​ហើយ​សុំ​កុំឱ្យ​ឆ្កួតៗ និយាយ​រួម អាពុល​ក្ដួច​ភ័យខ្លាច​ឮ​តែ EBA តែ​អត់​ដឹង EBA ជា​អី ហើយ​នាំគ្នា​ភ័យខ្លាច​។ គេ​ចង់​ដក ឬ​មិន​ចង់​ដក​ទុក​ឱ្យគេ​សម្រេច​ទៅ​»​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ប្រាប់​ពលរដ្ឋ​កម្ពុជា ប្រសិនបើ​ប៉ុន្មាន​អាទិត្យ​ខាងមុខ​នេះ​រោងចក្រ​ដែល​នាំ​វត្ថុធាតុដើម​ពី​ចិន​មក​កម្ពុជា​នាំមក​មិន​រួច មិនមែន​ដោយសារ​កត្តា​កម្ពុជា​បិទ​ទេ ដោយសារ​កត្តា​ពី​ប្រទេស​ចិន​ផ្គត់ផ្គង់​មក​យើង​មិន​ទាន់ពេល​។ សុំ​កុំ​ចោទ​ថា រឿង​ហ្នឹង​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​គណៈកម្មការ​អឺរ៉ុប ព្រោះ​បើ​មាន​ដក​ប្រសិទ្ធភាព​របស់​វា គឺ​ទៅ​ដល់​ខែ ៨ បាន​វា​ចាប់ផ្ដើម​។ ខ្ញុំ​អត់​មាន​សេចក្ដី​ថ្លែងការណ៍​ណាមួយ​សុំ​ឱ្យ​គេ​ដក​ ឬ​សុំ​ឱ្យគេ​ទុក​អី​ទេ សិទ្ធិ​នៅ​លើ​ដៃ​របស់គេ ធ្វើ​អី​ធ្វើទៅ សុំ​អញ្ជើញ​»​។

លោក​បន្ថែម​ថា ចិន​គឺជា​ប្រទេស​ដែល​នាំចេញ​វត្ថុ​ធាតុដើម​ច្រើនណាស់​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​មួយ​ចំនួន ហើយ​មិនមែន​តែ​កម្ពុជា​ទេ ដែល​មាន​សង្វាក់​ផលិតកម្ម​ត្រូវ​រង​ផលប៉ះពាល់ ដោយសារ​ខ្វះ​វត្ថុធាតុដើម​ទាំងនោះ​។ លោក​ក៏​បាន​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​នៅតែ​អាច​ឈរ​នៅ​រឹងមាំ​ដូចដើម ថ្វីដ្បិត​ប្រទេស​នេះ​មាន​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​កាន់តែ​ខ្លាំង​យ៉ាងណា​ក្ដី​។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​ ចិន​គឺជា​អ្នកទ្រទ្រង់​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ស្ថានការណ៍​មាន​វិបត្តិ​ដូចជា​កាលពី​ឆ្នាំ​ ១៩៩៧ នៅពេល​អាស៊ី​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ តែ​សេដ្ឋកិច្ច​ចិន​បាន​ឈរ​នៅ​យ៉ាងរឹងមាំ ដើម្បី​ស្រោចស្រង់​អាស៊ី​នៅពេល​នោះ​ហើយ​ការជួប​វិបត្តិ​សកល​ឆ្នាំ ២០០៨ ​ដល់​ឆ្នាំ​ ២០១០ ​ដែល​បង្កឡើង​ដោយ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ក៏​សេដ្ឋកិច្ច​ចិន​រួមទាំង​ឥណ្ឌា នៅតែ​អាច​ឈរ​នៅ​យ៉ាងរឹងមាំ ដោយ​បាន​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅ​អាស៊ី​ល្អប្រសើរ និង​ថែមទាំង​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​នៅ​ប្រទេស​អឺរ៉ុប​មួយចំនួន​ដូចជា​ការជួយ​ដោះស្រាយ​វិបត្តិ​បំណុល​នៅ​ប្រទេស​ក្រិក​ជាដើម​។

លោក​ថា​៖ «​សូម្បីតែ​ក្រុមហ៊ុន​កូរ៉េ​ដែល​ផលិត​រថយន្ត​នៅ​ក្រុង​វូហាន​ត្រូវ​ទទួល​ខាតបង់​ធ្ងន់ធ្ងរ ដោយសារ​ការផលិត​រថយន្ត​នៅ​វូហាន​ត្រូវ​បិទ ក្រៅពី​នោះ​បំណែក​បន្លាស់​រថយន្ត​មួយចំនួន​ដែល​ត្រូវ​យកទៅ​ផ្គុំ​នៅ​កូរ៉េខាងត្បូង​ក៏​ត្រូវ​បាន​អាក់ខាន​មិនបាន​បញ្ជូន​ទៅ ដូច្នោះ​ធ្វើឲ្យ​សង្វាក់​ផលិតកម្ម​នៅក្នុង​ប្រទេស​ កូរ៉េខាងត្បូង​ ធ្លាក់ចុះ​ដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ទៀត​ថា​៖ «​ឥឡូវ​ផល​ប៉ះពាល់​សូម្បីតែ​ក្រុមហ៊ុន​ខ្លះ​បានប្រកាស​ហើយ ក្រុមហ៊ុន Nike និង Adidas បានប្រកាស​អំពី​ចំនួន​ដែល​ខ្លួន​ត្រូវ​ទិញ​ហើយ ព្រោះ​ត្រូវ​ផលិត​នៅ​ប្រទេស​ចិន ហើយ​មួយ​ចំនួន​ត្រូវបញ្ជូន​វត្ថុ​ធាតុដើម​មក​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ផ្សេងទៀត ប៉ុន្តែ​វា​ (​ចិន​) ​នាំ​វត្ថុធាតុដើម​អត់​បាន​មក​ឱ្យ​យើង​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ក៏​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា វត្ថុធាតុដើម​ជាង ៦០ ​ភាគរយ​សម្រាប់​បម្រើឱ្យ​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​គឺ​ត្រូវ​នាំចូល​ពី​ចិន ប៉ុន្តែ​ដោយ​ប្រទេស​នេះ​ជួប​វិបត្តិ​ផ្ទុះឡើង​វីរុស​កូរ៉ូណា​ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​វត្ថុ​ធាតុដើម​ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ជាច្រើន​ត្រូវ​បិទ​ដំណើរការ​បណ្ដោះអាសន្ន​។ GMAC បញ្ជាក់ថា ការផ្អាក​ដំណើរការ​រោងចក្រ​ទាំងនោះ​គឺ​មិន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា EBA នោះទេ​។

សេចក្ដីប្រកាស​នេះ​សរសេរ​ថា​៖ «​សម្រាប់​រោងចក្រ​មួយចំនួន​វត្ថុធាតុដើម​នៅក្នុង​ស្ដុក​សម្រាប់​ផលិតកម្ម​អាច​នឹង​អស់​នៅត្រឹម​សប្ដាហ៍​ក្រោយ ឬ​សប្ដាហ៍​បន្ទាប់ ហើយ​ការបិទ​រោងចក្រ​បណ្ដោះអាសន្ន​នៅ​ប្រទេស​ចិន​អាច​នឹង​ធ្វើឱ្យ​រោងចក្រ​មួយចំនួន​ (​នៅ​កម្ពុជា​) ​ខ្វះ​វត្ថុធាតុដើម​នៅ​ចុងខែ​នេះ និង​ក្នុង​ខែមីនា​ខាងមុខ​។ ប្រឈម​នឹង​បញ្ហា​នេះ​រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការផ្អាក​ប្រតិបត្តិការ​ផលិតកម្ម​ជា​បណ្ដោះអាសន្ន​ដែល​អាចមាន​រយៈពេល​ ១ ​ខែ​ពេញ​ ឬ​ដល់​ ២ ​ខែ​»​។

ចំណែក​សមាគម​ស្បែកជើង​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដែរ​ថា មាន​រោងចក្រ​ដេរ​ស្បែកជើង​មួយចំនួន​ដែល​មាន​ស្ដុក​វត្ថុធាតុ​ដើម​គឺ​បាន​ចាប់ផ្ដើម​ខ្វះខាត​បណ្ដើរៗ​ និង​អាច​អស់​ត្រឹម​ខែកុម្ភៈ​នេះ ហើយ​បញ្ហា​នេះ​នឹង​ធ្វើឱ្យ​រោងចក្រ​ត្រូវ​ផ្អាក​ផលិតកម្ម​អាច​រហូត​ជាង​ ១ ​ខែ​។

សារព័ត៌មាន​ចិន Xinhua បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១០ ខែ​កុម្ភៈ​ថា ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​នៅ​ទូទាំងប្រទេស​ចិន​បាន​ចាប់ផ្ដើម​បើក​ដំណើរការ ដោយ​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់​អនុវត្ត​នូវ​វិធានការ​ការពារ​ដោយ​ប្រុងប្រយ័ត្ន គឺ​ការពាក់​ម៉ាស់ ពិនិត្យ​សុខភាព និង​ការធ្វើ​អនាម័យ​ដៃ​ឱ្យ​ស្អាត​មុន​ទៅ​បំពេញការងារ​។

លោក អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា បាន​លើកឡើង​ថា ការដក EBA គឺ​ពិតជា​ធ្វើឱ្យ​រោងចក្រ​មួយ​ចំនួន​ត្រូវ​បិទទ្វារ និង​ធ្វើឱ្យ​កម្មករ​ត្រូវ​បាត់បង់​ការងារ តែ​លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា ផលប៉ះពាល់​ទាំងនេះ​ក៏​អាច​រួមចំណែក​ដោយសារ​ការផ្ទុះ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ចិន​ផងដែរ​។

លោក​បន្តថា កូនសោ​ដើម្បី​ដក ឬ​មិន​ដក EBA គឺ​ស្ថិតនៅក្នុង​ដៃ​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​ធ្វើ​អ្វី ដើម្បី​កុំឱ្យ​មាន​ការដក EBA នេះឡើយ​។ លោក​ថា​៖ «​មើលទៅ​ដូចជា​សញ្ញា​មិនល្អ​សោះ ប្រសិន​បើ​ធ្វើ វា​ល្អ​ជាង​មិន​ធ្វើ​។ ធ្វើ​ហ្នឹង​គឺ​ការដោះស្រាយ​បញ្ចប់​បណ្ដឹង​របស់​កម្មករ ការកែប្រែ​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ឱ្យបាន​ល្អ ផ្ដល់​សេរីភាព​ឱ្យ​កម្មករ ​និង​ពលរដ្ឋ​បាន​តវ៉ា និង​ការជជែក​គ្នា​រឿង​នយោបាយ ដើម្បី​ឱ្យ​មានការ​ប្រកួត​ប្រជែង​ឱ្យ​ស្មោះត្រង់​ទៅ​»​។

ទោះជា​យ៉ាងណា​លោក ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា​លោក​មិន​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ និង​ភាពអនុគ្រោះ​ណា​ទាំងអស់ ដោយ​ស្នើសុំ​ឱ្យ​ពលរដ្ឋ​កម្ពុជា គិត​ឱ្យ​បាន​ច្បាស់លាស់​ថា អ្វីដែល​កម្ពុជា​ត្រូវការ​នៅពេល​នេះ​គឺ​សន្ដិភាព​ដោយ​មិន​អាចឱ្យ​អ្នកណា​បំផ្លាញ​សន្ដិភាព​បានទេ​។

លោក​បញ្ជាក់ថា​៖ «​បើទោះជា​ត្រូវ​បង់ថ្លៃ​ប៉ុនណា​ក៏ដោយចុះ កម្ពុជា​ត្រូវតែ​ជា​ប្រទេស​មាន​សន្ដិភាព ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​ពេញលេញ​ច្បាប់​របស់ខ្លួន​ត្រូវតែ​បាន​អនុវត្ត ទោះបី​អ្នកណា​ក៏ដោយ ក៏ត្រូវ​នៅ​ក្រោម​ច្បាប់​កម្ពុជា​។ កម្ពុជា​ធ្លាប់​ភ្លក់​រសជាតិ​រួចហើយ​នូវ​សង្គ្រាម​ និង​សោកនាដកម្ម​រាប់មិនអស់ ដែល​ពួកគេ​បាន​កសាង​ឡើង​សម្រាប់​យើង តែ​យើង​មិន​បាន​ស្លាប់​ទេ អ៊ីចឹង​សុំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ងើបឈរ​ឡើង ការពារ​ឯករាជ្យ អធិបតេយ្យ និង​សន្ដិភាព​របស់​កម្ពុជា​អត់​ត្រូវ​ឱនក្បាល​ចំពោះ​អ្នកណា​ទាំងអស់​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានទេ​ម្សិលមិញ​៕