
ក្រុមគ្រូពេទ្យយកសំណាកនៅផ្សារស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១។ រូបភាព TYDA
ភ្នំពេញៈ បច្ចុប្បន្ន ជំងឺកូវីដ១៩ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈសកល និងការអភិវឌ្ឍជារួម។ ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបណាប្រទេសទាំងអស់មិនមានសុវត្ថិភាព។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី។
តាមរយៈការថ្លែងសុន្ទរកថា ក្នុងវេទិកាបូអាវ សម្រាប់អាស៊ី ក្រោមប្រធានបទពិភពលោកក្នុងការផ្លាស់ប្តូររួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវនៅថ្ងៃទី ២០ មេសា លោកហ៊ុន សែន បានបញ្ជាក់ថា ក្នុងន័យនេះកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការអនុវត្ត "ផ្លូវសូត្រសុខភាព" ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្តល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារកូវីដ១៩ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន។ នេះជាសក្ខីភាពមួយយ៉ាងប្រត្យក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២,៨ លានដូសដល់កម្ពុជា ដែលក្នុងនោះចំនួន ១,៣ លានដូសជាជំនួយមនុស្សធម៌។
បើតាមលោក ហ៊ុន សែន ក្រៅពីជំងឺរាតត្បាតកូវីដ១៩ ពិភពលោកកំពុងប្រឈមបញ្ហាជាច្រើនទៀត ដែលបណ្តាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿននៅលើឆាកនយោបាយក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល»។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោកដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង។ ក្នុងបរិការណ៍នេះប្រទេសនីមួយៗ គួរតែដើរតួនាទីកាន់តែសកម្មក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ៕