សៀមរាបៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​ចំណែក​គ្រប់គ្រង និង​រៀបចំ​ព្រះរាជអាជ្ញា បើ​មិន​ដូច្នោះ​ទេ រាជរដ្ឋាភិបាល​នឹង​បាត់បង់​ទាំងអស់​ក្នុង​ការគ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​របស់​ប្រទេស​។

ការថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន-ចិន​ លើក​ទី​ ១២ នៅ​ខេត្ត​សៀមរាប​ក្រោម​ប្រធានបទ «​តួនាទី​ព្រះរាជអាជ្ញា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅក្នុង​តំបន់​»​។ លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា ដំណើរការ​របស់​តុលាការ​ត្រូវតែ​ជា​ដំណើរការ​ឯករាជ្យ ក៏ប៉ុន្តែ​ប្រសិន​បើ​រាជរដ្ឋាភិបាល​មិនអាច​គ្រប់គ្រង​បាន​នូវ​នយោបាយ​ព្រហ្មទណ្ឌ​ទេ នោះ​គឺជា​គ្រោះថ្នាក់​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​ឧទាហរណ៍​ករណី​ត្រូវ​ចោទ​។ អ្នកណា​គឺជា​អ្នកចោទ​? ​គឺ​ព្រះរាជអាជ្ញា​គឺជា​អ្នកចោទ​? ចុះបើ​សិន​ជា ព្រះរាជអាជ្ញា គឺ​តំណាង​ឱ្យ​រដ្ឋ​ត្រូវ​ធ្វើការ​ចោទប្រកាន់ បើ​ព្រះរាជអាជ្ញា​គាត់​តាំង​ខ្លួន​ថា​ជា​អ្នកឯករាជ្យ មិន​ព្រម​ចោទ អ៊ីចឹង​តើ​នយោបាយ​ព្រហ្មទណ្ឌ​របស់​រដ្ឋាភិបាល​នៅ​កន្លែង​ណា​? គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​»​។

លោក​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ «​ក្តី​នៅ​សាលាដំបូង ចៅក្រម​តុលាការ​កាត់​ឱ្យ​រួចខ្លួន ឬ​ក៏​កាត់​ស្រាល​ពេក បែរ​ជា​ព្រះរាជអាជ្ញា​មិន​ព្រម​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​។ តើ​នេះ​ខាង​ផ្នែក​រដ្ឋ​អាច​គ្រប់គ្រង​បាន​នូវ​នយោបាយ​ព្រហ្មទណ្ឌ​ដែរឬទេ​? ​នោះ​ហើយ​ស្ថិត​នៅ​ក្នុង​កំណែទម្រង់​ប្រព័ន្ធតុលាការ​របស់​យើង​»​។

លោក ហ៊ុន សែន បន្ត​ថា​ការចេញ​ដីកា​ដើម្បី​ចាប់ខ្លួន ឬ​ឃាត់ខ្លួន​គឺ​ត្រូវ​ចេញ​ដោយ​ព្រះរាជអាជ្ញា ទើប​នគរបាល​យុត្តិធម៌​អនុវត្ត​លើក​លែង​តែ​បទល្មើស​ជាក់ស្តែង ដោយ​មិន​រង់ចាំ​នូវ​ដីកា​របស់​ព្រះរាជអាជ្ញា​នោះទេ​។ រឿង​ជាទូទៅ​អាច​ថា ក្នុង​ ១០០០ ​រឿង​មាន​ ៩៩៩ ​ករណី​រួចមកហើយ ដែល​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចេញ​ដីកា ដើម្បី​ឱ្យ​នគរបាល​យុត្តិធម៌​ធ្វើការ​ចាប់​ខ្លួន​។ ប្រសិនបើ​ព្រះរាជអាជ្ញា​មិន​ព្រម​ចេញ​ដីកា​នោះ​លោក ហ៊ុន សែន ចោទ​សួរថា តើ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ដូចម្តេច​ទៅក្នុង​ការគ្រប់គ្រង​សន្តិសុខ​របស់​ប្រទេស​?

លោក​ ហ៊ុន សែន ថ្លែង​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​បាន​ជ្រើសរើស​យក​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​ការសហការ​ជាប់លាប់​រវាង​ប្រព័ន្ធ​តុលាការ​ជាមួយ​អង្គ​នីតិប្រតិបត្តិ​ដើម្បីឱ្យ​អង្គនីតិប្រតិបត្តិ គឺ​រដ្ឋាភិបាល​គ្រប់គ្រង​បាន​នូវ​នយោបាយ​ព្រហ្មទណ្ឌ​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​លោក គឹម សន្តិភាព មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការធ្វើ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​៕