ភ្នំពេញៈ មេដឹកនាំ​បក្ស​កាន់អំណាច និង​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បង្កើត​សង្គ្រាម​វោហារ​ស័ព្ទ​ថ្មីៗ​នេះ​ដាក់​គ្នា ទាក់ទង​នឹង​ការ​លើកឡើង​អំពី​អត្តចរិត​នៃ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្ស​ខ្លួន​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ដែល​អ្នកវិភាគ និង អ្នក​តាមដាន​នយោបាយ មើលឃើញ​ថា វា​អាច​ក្លាយ​ជា​រឿង​ធំ​ឈាន​ដល់​ការប្រមាថ​ និង​គំរាម​កំហែង​នៅ​ពេល​ភាគី​ទាំង​ ២ ​ក្តៅ​ស្លឹកត្រចៀក​កាន់តែ​ខ្លាំង​នោះ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​កាលពី​ចុង​សប្តាហ៍​បាន​យក​វេទិកា​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ភ្នំពេញ និង​វេទិកា​សម្ពោធ​សួន​សត្វ​សាហ្វារី នៅ​ភាគ​ខាងជើង​ជាយក្រុង​ភ្នំពេញ​ឆ្លើយតប​ទៅ​នឹង​មេបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​ យ៉ង សាំងកុមារ ដែល​មាន​ជំនាញ​ខាង​កសិកម្ម​ដោយ​លោក​ ហ៊ុន សែន ចាត់​ទុក​លោក​ យ៉ង សាំងកុមារ ត្រឹម​តែ​ជា​ «​អ្នក​ចេះ​ដាំដុះ​» ​មិន​ទាន់​ចេះ​គ្រប់គ្រង​ប្រទេស​នៅ​ឡើយ​។

នេះ​ជា​ការ​ស៊កសៀត​ពាក្យ​សម្ដី​ដាក់​គ្នា​តាម​បែប​សង្គ្រាម​វោហារស័ព្ទ​លើក​ទី​ ១ ​សម្រាប់​អ្នក​នយោបាយ​ជើងចាស់​លោក​ ហ៊ុន សែន និង​អ្នក​នយោបាយ​ជើង​ថ្មី​លោក​ យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ទើប​ជាប់​ឆ្នោត​ក្នុង​បក្ស​ជា​បេក្ខជន​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​នា​ថ្ងៃទី​ ២៩ កក្កដា​។ ដើមចម​នៃ​ការកើតឡើង​នូវ​សង្គ្រាម​ពាក្យ​សម្ដី​រវាង​អ្នក​នយោបាយ​ទាំង​ ២ គឺ​ចាប់ផ្តើម​ពី​ការប្រើ​សម្ដី​បែប​ឌឺដង​របស់​លោក​ យ៉ង សាំងកុមារ ឬ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២១ មិថុនា សំដៅ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ត្រូវ​បាន​ហៅថា​ជា​នាយក​រដ្ឋមន្ត្រី​ «​ងាក​ឆេះ​ចូលចិត្ត​ប្រើ​កម្លាំង បទពិសោធ​សង្គ្រាម​...»​។

ដោយឡែក​បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​លក្ខណសម្បត្តិ​ខុស​ពី​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ ឬ​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លក្ខណសម្បត្តិ​របស់​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺ​ «​ងាក​ផ្តល់​ចំណេះ ចូលចិត្ត​ប្រើ​គំនិត បទពិសោធ​អភិវឌ្ឍន៍​...»​។

ជា​ការ​ឆ្លើយតប​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ៣០០០ ​នាក់​កាលពី​ថ្ងៃ​សុក្រ​លោក​ ហ៊ុន សែន បាន​ថ្លែង​បែប​ចំអក​ទៅ​លោក​ យ៉ង សាំងកុមារ ថា​៖ «​អ្នក​គ្រាន់តែ​ជា​អ្នក​ចេះ​ដាំដុះ​...​អ្នក​មិន​ទាន់​ចេះ​គ្រប់គ្រង​មនុស្ស កុំ​ថា​ឡើយ​ទៅ​ដល់​លាន​នាក់ គ្រប់គ្រង​ប្រទេស សូម្បី​តែ​គ្រប់គ្រង​អង្គការ​មួយ​វា​មិន​គ្រប់គ្រាន់​ផង ខ្ញុំ​ដឹង​ថា​អ្នក​ជំពាក់​លុយ​គេ​តើ​។ ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​រក​លក់​នេះ លក់​នោះ​រាប់​ទាំង​លក់​ម៉ាស៊ីន​ស្រូវ​ផង​ដែរ​តើ​»​។

លោក​បន្ត​ថា​៖ «​អ្នកណា​ធ្វើឲ្យ​គេ​ក្លាយ​ជា​បណ្ឌិត​ឲ្យ​គេ​ក្លាយ​ទៅ​ជា​បញ្ញវន្ត​។ អ្នក​នេះ​ (​លោក​ ហ៊ុន សែន​) ​ឈរ​នៅ​ខាង​មុខ​គេ​កំពុង​តែ​ប្រៀបធៀប​បេក្ខជន​នេះ អន់​ជាង​បេក្ខជន​គេ តែ​បេក្ខជន​នេះ​ហើយ​ដែល​បាន​បណ្តុះបណ្ដាល​បេក្ខជន​មួយ​ទៀត​ត្រូវ​ឲ្យ​យល់​កន្លែង​ហ្នឹង គួរ​ឲ្យ​មាន​ការ​ខ្មាសអៀន​ផង​»​។

ជាង​នេះ​ទៀត​កាលពី​ថ្ងៃ​សៅរ៍​លោក​ ហ៊ុន សែន បញ្ជាក់​ថា​លោក​ យ៉ង សាំងកុមារ ត្រូវ​តែ​ដឹងថា រូបលោ​ក​គឺជា​អ្នក​ផ្តល់​ចំណេះ​ដល់​លោក​​ យ៉ង សាំងកុមារ តាមរយៈ​ការធានា​ឲ្យ​លោក​កុមារ​រស់រាន​មាន​ជីវិត និង​តាមរយៈ​បញ្ជូន​លោក​កុមារ​ទៅ​រៀន​គឺ​ផ្តល់​ចំណេះ​ដល់​លោក​។

លោក​ ហ៊ុន សែន សង្កត់ធ្ងន់​ថា​៖ «​ឥឡូវ​គាត់​មក​បង្អាប់​ខ្ញុំ​ថា​ជា​អ្នក​ងាក​ឆេះ ឯ​គាត់​ងាក​ផ្តល់​ចំណេះ តើ​គាត់​ផ្តល់​ឲ្យ​ប៉ុន្មាន​ទៅហើយ​»​។

នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ចាត់​ទុក​លោក​ ហ៊ុន សែន ថា «​ងាក​ឆេះ​» «​ចូលចិត្ត​ប្រើ​កម្លាំង​» «​បទពិសោធ​សង្គ្រាម​» «​ប្រើ​ប្រព័ន្ធ​បញ្ជា​ពី​លើ​ទៅ​ក្រោម​» «​ចង់​បញ្ជា​សមាជិក​រដ្ឋសភា​» « រក្សា​រចនាសម្ព័ន្ធ​បក្ស​ក្នុង​ស្ថាប័ន​មន្ត្រី​រាជការ​» និង​ «​អភិវឌ្ឍ​ជាតិ​ពឹង​លើ​ជំនួយ​» រីឯ​លោក​ យ៉ង សាំងកុមារ ត្រូវ​បាន​គណបក្ស​នេះ​ចាត់ទុក​ថា​ជា​ជន​ «​ងាក​ផ្តល់​ចំណេះ​» «​ចូលចិត្ត​ប្រើ​គំនិត​» «​បទពិសោធ​អភិវឌ្ឍន៍​» «​ប្រើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពី​ក្រោម​មក​លើ​» «​ចង់​ស្តាប់​សមាជិក​រដ្ឋសភា​» «​លុប​បំបាត់​រចនាសម្ព័ន្ធ​បក្ស​ក្នុង​ស្ថាប័ន​មន្ត្រី​រាជការ​» និង​ «​អភិវឌ្ឍ​ជាតិ​ពឹង​លើ​ខ្លួនឯង​»​។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រតិកម្ម​ពី​លោក​ ហ៊ុន សែន លោក​ យ៉ង សាំងកុមារ បាន​តប​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ «​ដោយសារ​ខ្ញុំ​ដឹង​គុណ​សម្តេច បាន​ជា​ខ្ញុំ​ធ្វើ​នយោបាយ​ប្រកួត​ជាមួយ​សម្តេច​ដើម្បី​នាំ​មក​នូវ​គោលនយោបាយ​ដែល​ធានា​ឲ្យ​មាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​យុត្តិធម៌ និង​និរន្តរភាព​។ កសិករ និង​កូន​កសិករ​ខ្មែរ​ភាគច្រើន​ត្រូវការ​ការងារ និង​មុខរបរ​នៅ​តាម​មូលដ្ឋាន​ដែល​មាន​ប្រាក់ចំណូល​សមរម្យ ហើយ​ចាស់ជរា​តាម​ភូមិ​ត្រូវការ​ការជួយ​ឧបត្ថម្ភ​ពី​រដ្ឋ​»​។

បន្ថែម​ពី​នេះ​លោក​បណ្ឌិត​ យ៉ង សាំងកុមារ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​វា​គ្មាន​អ្វី​ចម្លែក​ទេ ក្នុង​នាម​លោក​នាយក​រដ្ឋមន្ត្រី​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​តែងតែ​ចង់​បង្ហាញ​ថា​លោក​មាន​ប្រៀប​ជាង​គណបក្ស​ដទៃ​ជាក់ស្ដែង​ដូច​រូបលោក​ជាដើម​។

លោក​ថ្លែង​ថា​៖ «​នៅលើ​លោក​នេះ​អត់​មាន​ពី​ណា​កើត​មក​ជា​នាយករដ្ឋមន្ត្រី​ទេ​។ ម្នាក់ៗ​ត្រូវ​ឆ្លង​កាត់​បទពិសោធ​ដឹកនាំ ដូច​គាត់​អ៊ីចឹង​ក៏​ឆ្លងកាត់​ជា​កូន​ទាហាន បន្ទាប់​មក​មេទ័ព បន្ទាប់មក​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។ គាត់​រៀន​បណ្ដើរ ធ្វើ​បណ្តើរ អ៊ីចឹង​រហូត​ដល់​គាត់​សព្វ​ថ្ងៃ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។ ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​ចាប់ផ្តើម​ពី​អ្នកដាំ​បន្លែ​ចាប់ផ្តើម​ពី​ប្រធាន​អង្គការ ដឹកនាំ​សហគមន៍​រាប់ពាន់​ទូទាំង​ប្រទេស​ដែល​បាន​ចែករំលែក​ការងារ​កន្លង​មក​ក៏​ខ្ញុំ​រៀន​បណ្ដើរ​ធ្វើ​បណ្ដើរ ខ្ញុំ​មាន​បទពិសោធ​គួរសម​ដែរ​ក្នុង​ការងារ​ដឹកនាំ​មនុស្ស​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា​វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នកនយោបាយ​ក្នុង​ការប្រើ​សង្គ្រាម​ពាក្យ​សម្ដី​ដាក់​គ្នា ប៉ុន្តែ​ការឆ្លើយតប​ទៅវិញ​ទៅមក​អាច​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​។

លោក​ថ្លែង​ថា​៖ «​ចៀសវាង កុំ​ឲ្យ​តែ​មាន​ការប្រមាថ កុំ​ឲ្យ​តែ​មាន​ការ​គំរាម តាមរយៈ​ពាក្យសម្ដី អាហ្នឹង​វា​មិន​មាន​អី​ប្លែក​ទេ បើ​សិន​ជា​យើង​មាន​ការឆ្លើយតប​ទៅវិញ​ទៅមក​។ ប៉ុន្តែ​អ្នក​នយោបាយ​យើង បើ​មាន​ឆ្លើយតប​ទៅវិញ​ទៅមក ជួនកាល​ធ្វើឲ្យ​ក្តៅ​ស្លឹកត្រចៀក តែ​ក្ដៅ​ស្លឹកត្រចៀក​មាន​ការ​ខឹង​​គុំកួន អាច​ឈាន​ទៅ​ដល់​ការប្រមាថ និង​ឈាន​ដល់​ការគំរាម​។ ការប្រមាថ ការ​គំរាម​គ្នា​ទៅវិញ​ទៅមក​មិន​ចំណេញ​អ្វី​ទេ តែ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ទៅវិញ​ទេ​»​។

លោក​ មាស នី អ្នកវិភាគ​នយោបាយ​ចាត់ទុក​វោហារស័ព្ទ​របស់​លោក​ ហ៊ុន សែន និង​លោក​ យ៉ង សាំងកុមារ ទៅ​នឹង​ «​អាយ៉ៃ​ឆ្លើយឆ្លង​» ​ដែល​បង្ក​ទៅ​ជា​រឿង​ធំ បើ​នៅ​បន្ត​មាន​ការ​ឆ្លើយឆ្លង ហើយ​ថា​ការចាត់ទុក​លោក​ សាំងកុមារ ថា​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​គឺជា​រឿង​មើល​ស្រាល​បណ្ឌិត​កសិកម្ម​រូប​នេះ ដែល​ជា​ស្ថាបនិក​អង្គការ​សេដាក​ដ៏ល្បីល្បាញ​។

លោក​ថ្លែង​ថា​៖ «​វា​ហាក់ដូចជា​មើលស្រាល​ទៅ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ដែល​ជា​រឿង​សំខាន់​។ សម្រាប់​អាយ៉ៃ​ឆ្លងឆ្លើយ​គ្នា ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ ដោយសារ​តែ​អាយ៉ៃ​នេះ​មាន​តាំងពី​ដើម​ហើយ​អាយ៉ៃ​នេះ អ៊ីចឹង​អត់​បាន​យូរ​ទេ​។ បើ​មាន​អ្នក​ច្រៀង​បន្ត​ទៀត​អាច​ទៅ​ជា​រឿង​ធំ​»៕