ភ្នំពេញៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​បន្ថែម​នូវ​ថវិកា​ចំនួន​ ៨០០ ​លាន​រៀល ​ទៅដល់​ខេត្ត​ឧត្តរមានជ័យ និង​ ២០០ ​លាន​រៀល​ សម្រាប់​ខេត្ត​បាត់ដំបង ក្នុង​ការ​រៀបចំ និង​ផ្គត់ផ្គង់​ដល់​ការធ្វើ​ចត្តាឡីស័ក​របស់​ពលករ​ខ្មែរ​ដែល​នៅតែ​បន្តធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​ក្រសួង​បាន​ប្រកាស​រកឃើញ​ពលករ​ចំនួន​ ៨ ​នាក់​បន្ថែមទៀត​មាន​វិជ្ជមាន​កូវីដ​ ១៩​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានផ្តល់​ថវិកា​ទៅដល់​ខេត្ត​ចំនួន​ ២ ​នេះ​សម្រាប់ធ្វើ​ចត្តាឡីស័ក​ជូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។

លោក​ ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ម្សិលមិញ​ថា មន្ត្រី​នៃ​អាជ្ញាធរ​រួម​នឹង​មន្ត្រី​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ​មាន​ការគ្រប់គ្រង​បានល្អ​ទៅដល់​ពលករ​ខ្មែរ​ដែល​កំពុងតែ​ស្នាក់នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ទាំង​ ១១ ​កន្លែង​នៅ​ទូទាំង​ខេត្ត​នេះ​។

លោក​បាន​ថ្លែងថា​៖ «​សម្តេចនាយក​រដ្ឋមន្ត្រី​តែងតែ​ផ្តល់​នូវ​ថវិកា ទឹក​សុទ្ធ និង​សម្ភារ​ជាច្រើន​ទៀត​មកដល់​ខេត្ត​របស់​យើង​ដើម្បី​ធ្វើការ​រៀបចំ​ និង​ការផ្គត់ផ្គង់​ទៅដល់​ពលករ​របស់​យើង​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ១៣ ខែ​មករា មាន​ពលករ​ចំនួន​ ២ ២៣៥ ​នាក់​ កំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​មណ្ឌល​ចត្តាឡីស័ក ចំណែក​អ្នក​ដែល​បាន​បញ្ចប់ និង​ចាកចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​មាន​ចំនួន​ជាង​ ៣០០ ​នាក់​ហើយ​»​។

លោក​ ឌី រ៉ាដូ បាន​បន្ថែមទៀត​ថា សម្រាប់​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ ចូលមក​ក្នុង​ប្រទេស​កម្ពុជា​តាម​ខេត្ត​ឧត្តរមានជ័យ​មិនទាន់​មាន​រកឃើញ​ពលករ​ណា​ម្នាក់​មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ ទេ គឺ​ស្ថានភាព​របស់​ពួកគាត់​មាន​ភាពល្អប្រសើរ ហើយ​អាជ្ញាធរ​បាន​ត្រៀម​ជានិច្ច​សម្រាប់​ជួយ​ទៅដល់​ពលករ​ណាមួយ​ដែល​មាន​បញ្ហា​សុខភាព​កើតឡើង​។

ចំណែក​លោក​ លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ដែរ​ថា អាជ្ញាធរខេត្ត​បន្ត​ធ្វើការ​រឹតបន្តឹង​បន្ថែម​មួយកម្រិត​ទៀត បន្ទាប់ពី​ចំនួន​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ​រកឃើញ​មាន​វីរុស​កូវីដ​ ១៩​ មាន​ការ​កើនឡើង​។

លោក​បាន​ប្រាប់ថា​៖ «​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ និង​ណែនាំ​ឱ្យ​បងប្អូន​ពលករ​របស់​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​ការឆ្លង​នេះ​គឺ​ផ្តើមចេញពី​បុគ្គល​ខ្លួនឯង​ទេ ដូចនេះ​ពួកគាត់​ត្រូវតែ​គោរព​ និង​ធ្វើតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​»​។

លោក​ លី សារី បាន​បន្ថែម​ថា អាជ្ញាធរ​បានរៀបចំ​ទីតាំង​ធ្វើ​ចត្តាឡីស័ក​បន្ថែមទៀត​ដែល​រហូតមក​ដល់ពេលនេះ​មាន​មណ្ឌល​ចត្តាឡីស័ក​សរុប​ចំនួន​ ១៧ ​កន្លែង​ សម្រាប់​ទទួល​ពលករ​មកពី​ប្រទេស​ថៃ ​ដែល​ ១ ​ថ្ងៃ​មាន​ពលករ​ប្រមាណ​ជា​ ១០០ ​ទៅ​ ២០០ ​នាក់​។ មកដល់​ពេល​នេះ​ពលករ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​ តាម​ច្រក​អន្តរជាតិ​របស់​ខេត្ត​បន្ទាយមានជ័យ​មាន​ជាង ៣ ០០០ ​នាក់​ហើយ និង​មាន​អ្នក​ដែល​បានបញ្ចប់​ចត្តាឡីស័ក​ប្រមាណ​ជា​ជិត​ ១ ០០០ ​នាក់​។

បើតាម​ការឱ្យ​ដឹង​របស់​លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ១២ ខែ​ មករា ឆ្នាំ​ ២០២១ ​ថា ពលករ​ខ្មែរ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ថៃ​ ចូលមក​កម្ពុជា​វិញ មាន​ជាង​ ១៣ ​ម៉ឺន​នាក់ ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ឃាត់ខ្លួន​ឱ្យធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ ស្រប​ទៅ​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​កម្ពុជា​ផងដែរ​។

យោងតាម​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា នៅ​ថ្ងៃទី​ ១៣ ខែ ​មករា ឆ្នាំ​ ២០២១ មាន​ករណី​វិជ្ជមាន​កូវីដ​ ១៩​ ចំនួន​ ១៣ ​នាក់ ​ក្នុង​នោះ​ ៨ ​នាក់ ​ជា​ពលករ​មកពី​ប្រទេស​ថៃ ចំណែកឯ​ ៥ ​នាក់​ផ្សេងទៀត ​ជា​អ្នកដំណើរ​ដែល​មិនមែន​ជា​ពលករ​មកពី​ប្រទេស​ថៃ​ទេ​។

ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ ដែល​មាន​វិជ្ជមាន​កូវីដ​ ១៩ ស្នាក់នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​ ៥ ​នាក់ និង​ ២ ​នាក់​ ស្នាក់នៅ​ខេត្ត​សៀមរាប​ដែល​ពួកគាត់​បានមក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១១ ខែមករា ចំណែក​ពលករ​ម្នាក់ទៀត​ដែល​ស្នាក់នៅ​ខេត្ត​បាត់ដំបង​បាន​រកឃើញ​វីរុស​កូវីដ ១៩ ​បន្ទាប់ពី​ធ្វើតេស្ត​សំណាក​លើក​ទី​២ ​នៅ​ថ្ងៃទី​ ១៣ ​នៃ​ការធ្វើ​ចត្តាឡីស័ក​។

ចំណែក​អ្នកដំណើរ​ចំនួន​ ៥ ​នាក់ ​ដែលមាន​តេស្ត​វិជ្ជមាន​កូវីដ​ ១៩ គឺជា​អ្នកដំណើរ​មកពី​ប្រទេស​អាមេរិក​ និង​ឥណ្ឌូនេស៊ី ដែល​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហបុរី​ មក​ដល់​ប្រទេស​កម្ពុជា​ថ្ងៃទី​ ១២ ខែ​មករា ហើយ​ពួកគាត់​ត្រូវ​បានដាក់​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​ និង​ហង់សិន​។ ចំពោះ​អ្នកដំណើរ​ចំនួន​ ៤៤ ​នាក់ ​ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ជាមួយ​នឹង​អ្នកជំងឺ​ទាំង​ ៤ ​នាក់​នេះ​ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ​ ១៩ និង​ត្រូវ​បានដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​នៅក្នុង​សណ្ឋាគារ​ចំនួន​ ៣ ​ផ្សេង​គ្នា​ផងដែរ​។

ចំពោះ​អ្នក​វិជ្ជមាន​កូវីដ​ ១៩​ ម្នាក់ទៀត​ ជា​ជនជាតិ​ជប៉ុន​មកពី​ប្រទេស​ជប៉ុន បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១២ ខែ​មករា ហើយ​គាត់​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​ និង​ហង់សិន​។

ចំណែក​អ្នកដំណើរ​ដែល​នៅ​ធ្វើដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​រូបនេះ​មាន​ចំនួន​ ៥៦ ​នាក់ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ និង​បានដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​ ៣ ​ផ្សេងៗ​គ្នា​ និង​ស្ថានទូត​អាមេរិក​។

ជាមួយ​គ្នា​នេះ​ដែរ ពលករ​មកពី​ប្រទេស​ថៃ​ ស្នាក់នៅ​ខេត្ត​ប៉ៃលិន​ម្នាក់​បានជា​សះស្បើយ​ពី​កូវីដ ១៩ និង​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ដែរ​។

គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែ ​មករា ឆ្នាំ​​ ២០២១ កម្ពុជា​មាន​អ្នកមាន​វិជ្ជមាន​កូវីដ​ ១៩ ​ចំនួន​ ៤១១ ​នាក់ ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​ ៣៧៧ ​នាក់ និង​អ្នកកំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៣៤ ​នាក់​៕