ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា​ កម្ពុជា​​ចំណាយ​ ៤០ លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩​ ដើម្បី​ទិញ​អាវុធ​រាប់​ម៉ឺន​ដើម​ពី​ចិន ហើយ​ទទូច​ឲ្យ​អាមេរិក ​រឹប​អូស​ប្រាក់​ដែល​ជន​ពុក​រលួយ​យក​ទៅ​ផ្ញើ​នៅ​អាមេរិ​ក មុន​ពេល​ច្បាប់​ «លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ២០១៩» ត្រូវ​បាន​អនុម័ត។

លោក​ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ នៅ​​ក្នុង​ពេល​លោក​ចុះ​ពិនិត្យ​​ការដ្ឋាន​សាង​សង់​ពហុ​កីឡដ្ឋាន «មរតក​តេជោ» ដែល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ពី​ ១៦០ លាន​ទៅ ១៧០ លាន​ដុល្លារ​អាមេរិក​ដែល​ជា​ជំនួយ​របស់​ចិន។

ការ​បង្ហើប​ឲ្យដឹង​ពី​ថវិកា​ទិញ​អាវុធ​ចិន​នេះ ​ធ្វើ​ឡើង​នៅ​ពេល​លោក​រិះ​គន់​លើ​ការ​លើក​ឡើង​របស់​អាមេរិក​ដែល​បាន​ចោទ​ថា មាន​កិច្ច​ព្រមព្រៀង​សម្ងាត់ ​រវាង​កម្ពុជា​និង​ចិន​ ដែល​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។

ការ​លើក​ឡើង​ពី​កិច្ច​ព្រមព្រៀង​សម្ងាត់​នេះត្រូវ​បាន​លោក ហ៊ុន សែន ប្រៀប​ប្រដូច​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី​មុន​ឆ្នាំ ១៩៧០ ដែល​ឈាន​ទៅ​ដល់​​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម ​សីហនុ ដោយ​លោកសេនា​ប្រមុខ​ លន់ នល់។

លោក​​ថ្លែង​ថា៖ «អស់​លោក​ត្រូវ​ចាំមុន​ឆ្នាំ ១៩៧០​ មុន​រដ្ឋ​ប្រហារ​អស់​លោក​បាន​និយា​យ​​ពី​វត្តមាន​កងទ័ព​រំដោះ​​វៀតណាម​នៅ​លើ​ទឹកដី​កម្ពុជា។ តែ​ប៉ុន្មាន​រយៈ​ក្រោយ​មក អស់​លោក​ធ្វើ​រដ្ឋ​ប្រហារ​ ទម្លាក់​សម្ដេច​ព្រះ​នរោត្តម​ សីហនុ អស់​លោក​ត្រូវ​ចាំទៅ​លើ​ចំណុច​នេះ​ហើយ​​អស់​លោក​ក៏​ត្រូវចាំ​នូវ​ប្រវត្តិ​ចោទ​អីុរ៉ាក់​ថា មាន​អាវុធ​ប្រល័យ​លោកដ​ល់​​វ៉ៃចូល​អីុរ៉ាក់ ឥឡូវ​អាវុធ​ប្រល័យ​លោក​ទី​បំផុត​នៅឯណា?ស្លាប់​មនុ​ស្ស​រាប់​​​​ម៉ឺន​នាក់​នៅ​អ៊ីរ៉ាក់»។

លោក​បាន​លើក​ជា​សំណួរ​បន្ថែម​ថា៖ «តើ​ជា​វត្ថុ​បំណង​ ចង់​ធ្វើ​ដូច​ឆ្នាំ ១៩៧០​ ទេ នៅ​ក្នុង​ការ​មួល​បង្កាច់​បែប​នេះ។ កម្ពុជា​នឹង​ចិន​មាន​បញ្ហា​អ្វី​ដេល​ត្រូវ​ចាំ​បាច់​ចុះ​ហត្ថលេខាជាមួ​យ​​គ្នា លើ​បញ្ហា​កិច្ច​ព្រមព្រៀង​សម្ងាត់។ គ្មាន​ត្រូវ​ការ​ចាំ​បាច់​អ្វី​សោះ។ ឥឡូវ​និយាយ​ឲ្យ​ត្រង់​ទៅ។ ខ្ញុំ​កំពុង​តែ​ដឹក​មក​ ឥឡូវ​កំពុង​ដឹក​តាម​នាវា​មក​នេះ។ ឆ្នាំ​នេះ ​ខ្ញុំ​ឲ្យ​ដក​លុយ​ជិត ​៤០​ លាន​ដុល្លារ ដើម្បី​ទិញ​អាវុធ​មួយ​ចំនួន​ពី​ចិន បន្ថែម​ទៅ​លើ ​២០០ ​លាន​ដុល្លារ​ ដែល​​ឲ្យ​ពី​មុន សម្រាប់​ការ​ទិញ ហើយ​​និង​ ៩០​ លាន​ដុល្លារ ​ដែល​ឲ្យ​លើក​ក្រោយ​ក្នុង​ពេល​ដែល​ខ្ញុំ​ទៅ​នេះ»។

លោក​បន្ថែម​ថា ការ​ទិញ​អាវុធ​នេះ​ គឺ​លោក​ចង់​​ពង្រឹង​សមត្ថភាព​កង​ទ័ពហើយ​ក៏​មិន​មែន​ដោយ​សារ​តែ​កម្ពុ​ជា​ មាន​ការ​ភ័យ​ខ្លាច​អ្វីដែរ។ លោក​ថា នៅ​លើ​លោក​នេះ គ្មាន​ប្រទេស​ណា​ ដែល​គ្មាន​កាំភ្លើង​ទេ។ ការ​ទិញ​ក៏​ដោ​យ​​​សារ​តែ​កាំភ្លើង​របស់​កម្ពុជា​វា​រាង​ចាស់​ៗ​បន្តិច​ហើយដូច្នេះ​ការ​​ទិញ​បន្ថែម​ ប៉ុន្មា​​ន​​ម៉ឺន​ដើមនេះ​ គឺ​យក​​មក​ស្តុក​ទុក​បំពាក់ ហើយយក​អាវុធចាស់ៗ​​ ទៅ​​ជួស​ជុល​។​ លោក​​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ ២០១៨ លោក ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​​ពារ​ជាតិ បាន​ស្នើថវិកា ២៥ ​លាន​ដុល្លារ ​ដើម្បី​ទិញ​អាវុធ។ ប៉ុន្តែ​ការ​ចំណាយ​ ៤០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ គឺ​ជា​ការ​គិត​គូ​ររបស់​លោក។​ លោក​ថា ការ​ធ្វើ​សម​យុទ្ធ​ចាប់​ពី​ពេល​នេះទៅ ត្រូ​​វ​​បាញ់​គ្រាប់​ពិត ដោយ​មិន​គ្រាន់​តែឈរ​តម្រ​​ង់​​ជួរ​ហើយ​អត់​គ្រាប់​បាញ់​នោះ​ទេ។​​

កាល​ពី​ ២ ​សប្ដាហ៍​មុន សភា​តំណាង​រាស្ត្រ​អាមេរិក​បាន​អនុម័ត​ច្បាប់​ «លទ្ធិ​​​ប្រជាធិបតេយ្យ​កម្ពុជា ២០​១៩» ដែ​ល​​នឹង​បង្កក​​ទ្រព្យសម្បត្តិ​​របស់​មន្ត្រី​កម្ពុ​ជា នៅសហរដ្ឋ​អាមេរិក និង​ដាក់​ទណ្ឌកម្ម​ដោយ​មិន​ចេញ​ទិដ្ឋាការ​ សម្រាប់​ការ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក ចំពោះ​មន្ត្រី​ដែល​អាមេរិក​​ចាត់​ទុក​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​ធ្វើឲ្យ​ខូច​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ ហ៊ុន សែន ​ថ្លែង​ថា ក្រោយ​ពេល​ច្បាប់​នេះត្រូវ​បាន​សភា​អនុម័ត ​មាន​ការ​លើក​ឡើង​ថា​ កម្ពុជា​នឹង​ជួប​វិបត្តិ។ លោក​​ថា ​កម្ពុជា​មាន​លទ្ធភាព​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​ ជាង​មួយ​ឆ្នាំ ដោយ​សារ​កម្ពុជា​ មាន​ថវិកា​ប្រមា​ណ​ជា​ ៣,៥​ ពាន់​លាន​ដុល្លារនៅ​រតនា​គារ និង​ធនាគារ ជាតិ។ លើស​ពី​នេះ​ទៀត ការ​​ចំណាយ​របស់​រដ្ឋ​ មាន​ត្រឹម​តែ​ ៣០០ លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ខណៈ​ពេល​ដែល​ចំណូល​មាន​រហូត​ដល់​​ ៤០០​ លានដុល្លារ។

លោក ហ៊ុន សែន បាន​ចំអក និង​ញុះ​អាមេរិក​ឲ្យ​អនុម័​ត​ច្បាប់​នេះ​ឲ្យ​បាន​លឿន ហើយ​ថា​​ ប្រជាជន​ខ្មែរនឹង​​មិន​មាន​​អ្វី​ប៉ះ​ពាល់​នោះ​ទេ​។ ប៉ុន្តែ​លោក​​ព្រមាន​​ថា បើ​សិន​ជា​មាន​ការ​ ដាក់​ទណ្ឌកម្ម​ លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​​ ១០ ​រូប​នោះ វា​ស្មើ​នឹង​អាមេរិកផ្ដាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​កម្ពុជា។

លោក​ទៀ បាញ់​ ពិនិត្យ​អាវុធ​ដែល​ត្រូវ​បាញ់​សាក​ល្បង​ក្នុង​សម​យុទ្ធ​កន្លង​មក​។ ហេង ជីវ័ន

លោក​ថ្លែង​ថា៖ «ដាក់​ ទៀ​ បាញ់ ស្មើ​នឹង​ផ្ដាច់​ទំនាក់​ទំនង​យោធា ដាក់​ ស ខេង ស្មើ​នឹង​ផ្ដាច់​ទំនាក់​ទំនង​ខាង​នគរ​បាល ដាក់ ​ប្រាក់​ សុខុន ស្មើ​នឹង​ផ្ដាច់​ទំនាក់​ទំនង​ទូត ដាក់​ទៅ​លើ​ អូន​ ព័ន្ធមុន្នីរ័ត្ន ស្មើ​នឹង​ផ្ដាច់​ទំនាក់​ទំនង​សេដ្ឋកិច្ច»។

លោក​ប​ន្ត​ថា៖ «ហើយ​បើ​ដាក់​ចំ​ខ្ញុំ អើ​ដាក់​មក ដាក់​មក​ចុះ ហើយ​សុំ​រឹប​អូស​ទៅថា គ្រាន់​តែ​ទ្រព្យ​សម្បត្តិ​ពូជ​អម្បូររបស់​ ហ៊ុន​ សែន នេះ ត្រកូល​ហ៊ុន​នេះ ​មាន​ជាង​ ២​ ពាន់​លាន​ដុល្លារ។ ខ្ញុំ​អំពាវនាវ​ឲ្យ​អាមេរិក​មិន​ចាំ​បាច់​និយាយ​ច្រើន មិន​ចាំ​បាច់​ចាំ​ច្បាប់​អី ដក​ហូត​ពី​ឥឡូវ​ទៅ»។

លោក​ថា បើ​មាន​មន្ត្រី​កម្ពុជា​ណា​ មាន​លុយ​ទៅទុក​នៅ​អាមេរិក លោក​ស្វាគមន៍​ការ​រឹប​អូស​ប្រាក់​នោះ​ «ព្រោះ​​នោះ​ជា​ប្រាក់​ដែល​បាន​មក​ពីអំពើ​ពុក​រលួយ។ យក​ទៅអាហ្នឹង​ដើម្បី​ឲ្យ​ខ្ញុំ​បាន​​ឃើញមុខ​មាត់​ពិត​នៃ​មន្ត្រី​ដែល​មាន​ប្រាក់ចាយ​មិន​អស់​យក​ទៅ​ចោ​ល​​នៅ​ស្រុក​គេ»។

ទោះ​យ៉ាង​ណា​លោក​ថា រដ្ឋបាល​របស់​លោក ដូណាល់ ​ត្រាំ មិន​ល្ងង់​ដល់​ថ្នាក់​ផ្ដាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​កម្ពុជា​ទេ។

លោក​ថ្លែង​ថា «ខ្ញុំ​អង្វរករ​អាមេរិក រដ្ឋការ​អាមេរិក កុំ​និយាយ​ច្រើន​ពេក ដក​តែម្ដង​ទៅ។ ថា​ ហ៊ុន ម៉ានី មាន​ប៉ុណ្ណេះ​លាន ប៉ុន្មា​ន​រយលាន ហ៊ុន​ ម៉ានិត​ មាន​ប៉ុន្មាន​រយ​លាន អី​ប៉ុន្មាន​រយ​លាន ដក​ទាំង​អស់​ទៅ។ បើ​កូន​របស់​ ហ៊ុន សែន មាន​លុយ​ច្រើន​ម្លុឹងៗ​ដក​ទាំង​អស់​ទៅ»។

លោក​ស្រី Emily Zeeberg អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​​ការ​ចោទប្រកាន់​ពី​​ការ​លើក​ឡើង​អំពី​កិច្ច​ព្រម​ព្រៀង​សម្ងាត់​​នៃ​មូលដ្ឋាន​ទ័ពនៅ​សមុទ្រ​រាម និង​អំពី​ច្បាប់​ «លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា ២០១៩»។

អ្នក​វិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា ការ​ប្រកាស​ទិញ​អាវុធ​ពី​ចិន​នេះ​​ហាក់​បី​ដូច​ជា​លទ្ធផ​ល​ នៃ​ទំនាក់​ទំនង​ដែក​ថែប​​រវាង​ចិន​ និង​កម្ពុជា។ លោក​ថា ការ​ប្រកាស​ទិញ​អាវុធ​នេះទំនង​ជាសម្រាប់​លោក​នាយ​ក​​​​រដ្ឋ​មន្ត្រី​ ក្នុង​ការ​ប្រមូល​អានុភាព និង​ភាព​ខ្ពង់​ខ្ពស់​របស់​លោក​ថា ​ជា​នាយ​ក​​​រដ្ឋ​មន្ត្រី​ដែល​កាន់​អំណាច​យូរ​ជាង​គេ​ម្នាក់។ លោក​ជា​អគ្គមេ បញ្ជការ​ផ្កាយ​ ៥ ជាន់​ខ្ពស់​បំផុតហើយ​លោក​មាន​​កូន​ប្រុស​ជា​ឧត្តម​សេនីយ៍​ផ្កាយ ៣។

លោក​បន្ថែម​ថា ខណៈ​ពេល​ដែល​ប្រទេស​ផ្សេង និង​នៅ​ក្នុង​និង​ក្រៅ​តំបន់​នេះ​ មាន​ភាព​សកម្ម​ ក្នុង​រឿង​​ភូមិសាស្ត្រ​នយោបាយ ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​​ភូមិ​សា​ស្ត្រ​នយោបាយ​នេះ កម្ពុជា​គួរ​តែ​ពេញ​ចិត្ត និង​គួរ​តែ​មាន​សមត្ថភាព ​ក្នុង​ការ​រក្សា​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ ការ​ទិញ​អាវុធ​ថ្មី​បន្ថែម​ ជា​ពិសេស​សម្រាប់​កង​ទ័ព​ជើង​ទឹក មិន​មែន​មិន​សម​រម្យ​ ឬ​ខុស​ពេល​ទេ។ ជា​ពិសេស​ព្រំដែន​សមុទ្រ​របស់​យើង​ និង​កោះ​របស់​យើង​ក៏​ដូច​ជា​ធន​ធាន​សមុ​ទ្រ​​​របស់​យើង ​មិន​ត្រូវ​បាន​ការពារ​អស់​រយៈពេល​ជាយូរ​មក​ហើយ»។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា ការ​ ចំណាយ​ត្រឹម​ ២៤០ លាន​ដុល្លារ​ សម្រាប់​ទិញ​អាវុធ​នេះ​​មើល​ទៅ​ជា​ចំនួន​ច្រើន​ តែ​ជាក់​ស្ដែង​ ជា​ការ​ចំណាយ​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​​ទៅ​នឹង​ប្រទេស​ផ្សេង។

លោក​ថ្លែង​ថា៖ «សម្រាប់​ស្រុក​គេ គេ​ទិញ​យន្ត​ហោះ​ម្ដង​ ៣០ ​គ្រឿង​ អស់​រាប់​ពាន់​លាន ​សម្រាប់​ពង្រឹង​កង​ទ័ព។ យើង​ដឹង​ហើយ​ថា ប្រទេស​នីមួយ​ៗ ត្រូវ​ការ​ពង្រឹង​កង​ទ័ព ហើយ​សមត្ថភាព​កងទ័ព​ មិន​មែន​យើង​ហ្វឹកហាត់​ដោយ​កាយ​វិការ​ ក្នុង​សមយុទ្ធទេ គឺ​ត្រូវ​បាញ់​គ្រាប់​ពិត ត្រូវ​សាក​ទាំង​អស់។ ដូច្នេះ​ទាំង​ជើង​គោក ជើង​អាកាស​​ ត្រូវ​មាន​ការ​ដោះដូរ​ឧបករណ៍​ទាំង​នោះឲ្យ​ទាន់​សម័យ អាច​ប្រើប្រាស់​អាវុធ​ស្វ័យ​ប្រវ​ត្តិ គឺគ្រប់​ប្រទេស​ត្រូវ​ការពារ​អធិបតេយ្យភាព​គ្រប់​ពេលវេលា»៕