ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា​កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​ពី​ទឹកដី​ដែល​គ្មាន​សេរីភាព​ពី​ការបែកបាក់​ជាតិ បែងចែក​ទឹកដី និង​ពី​គំនរ​ផេះផង់ ទៅ​ជា​ទឹកដី​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ​ និង​បាននិង​កំពុង​អភិវឌ្ឍ​ដ៏ខ្លាំងក្លា​លើ​គ្រប់​វិស័យ​ធ្វើឲ្យ​ប្រជាជន​បានរស់នៅ​យ៉ាង​សុខសាន្ត​។

ការថ្លែង​របស់​លោក​ ហ៊ុន សែន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ៧ ខែ​មករា ក្នុង​ពិធី​អបអរសាទរ​ខួប​ ៤១ ​ឆ្នាំ​ ថ្ងៃ​រស់រាន​មានជីវិត​ជាថ្មី ក្រោយពី​ផ្តួលរំលំ​របប​វាលពិឃាត​ខ្មែរក្រហម​កាលពី​ថ្ងៃទី​ ៧ មករា ឆ្នាំ​ ១៩៧៩​។ ពិធី​នេះ​មាន​ការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន មន្ត្រី​ទូត អង្គការ មន្ត្រី​គណបក្សនយោបាយ សមាគម​ផ្សេងៗ​ទៀត និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​​ ៣ ​ម៉ឺន​នាក់​នៅ​លើ​បរិវេណ​មជ្ឈមណ្ឌល​កោះពេជ្រ​។

នាយករដ្ឋមន្ត្រី​ដែល​ត្រូវបាន​គេ​ហៅថា​ជា​បុរស​ខ្លាំង និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​លើកឡើង​ថា រាល់​ការប៉ុនប៉ង​របស់​សមាស​ភាពអាក្រក់​ទាំងឡាយ​ដែល​មាន​បំណង​ផ្លាស់ប្តូរ​របប​នយោបាយ​នៅ​កម្ពុជា​តាមរយៈ​វិធានការ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បរាជ័យ​ទាំងស្រុង​ក្រោម​ចំណាត់ការ​ដ៏ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល និង​កម្លាំង​សាមគ្គី​របស់​ប្រជាជន​។ លោក​ក៏​បាន​សម្តែង​ការប្ដេជ្ញា​ការពារ អធិបតេយ្យ​ជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​ដែល​មាន​ការប៉ុងប៉ង​ធ្វើឲ្យ​កម្ពុជា​ឃ្លាត​ចេញពី​មាគ៌ា ប្រជាធិបតេយ្យ​ពី​បណ្តា​ប្រទេស​ណាមួយ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​បច្ចុប្បន្ននេះ​ទោះបី​ប្រជាជន​កម្ពុជា​បាននិង​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ពន្លឺ​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​ក្តី​ក៏​ប្រជាជន​កម្ពុជា​នៅតែ​ចងចាំ​ជានិច្ច​នូវ​អតីតកាល​ដ៏ឈឺចាប់​ និង​ខ្មៅ​ងងឹត​បំផុត​ដែល​បណ្តាល​មកពី​ភ្លើងសង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​ដ៏សាហាវ​យង់ឃ្នង​បំផុត​។

លោក​បន្ថែម​ថា​រដ្ឋប្រហារ​ថ្ងៃទី​ ១៨ មីនា ឆ្នាំ​ ១៩៧០ របស់​ពួក ​លន់ នល់ បាន​ធ្វើឲ្យ​មាតុភូមិ​កម្ពុជា​ដែល​ជា​កោះសន្តិភាព​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ពេញ​ទំហឹង​ដែល​បាន​ដុតបំផ្លាញ​មាតុភូមិ​ដ៏ស្រស់ស្អាត និង​បង្ក​ទុក្ខសោក និង​ការបាត់បង់​ដែល​ពុំ​អាច​គណនា​បាន​។ បន្ទាប់ពី​សង្គ្រាម​ ៥ ​ឆ្នាំ​ កម្ពុជា​បាន​បន្ត​ធ្លាក់​ចូលក្នុង​គ្រោះមហន្តរាយ​ប្រល័យ​ពូជសាសន៍​ថែមទៀត​ដែល​បង្កឡើង​ដោយ ពួក​ឃាតករ​ ប៉ុល ពត ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ដល់​ចំណុចសូន្យ​។ លោក​បន្តថា ប្រជាជន​កម្ពុជា​ជាង​​ ៣ ​លាន​នាក់​ត្រូវបាន​សម្លាប់​រង្គាល​យ៉ាង​ព្រៃផ្សៃ​បំផុត ឯ​អ្នក​នៅរស់​ក៏​រង់ចាំតែ​ពេល​ត្រូវគេ​យក​ទៅ​សម្លាប់​ប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ៤១ ​ឆ្នាំ​នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម​ម្សិលមិញ​នៅ​កោះពេជ្រ​។ហុង មិនា

លោក​បញ្ជាក់ថា​៖ «​យើង​ទាំងអស់​គ្នា ដែល​ជា​អ្នករងគ្រោះ​ពី​សង្គ្រាម និង​ពី​អំពើ​ប្រល័យ​ពូជសាសន៍​មាន​មោទនភាព​ជា​ទីបំផុត​ដែល​បានរួម​សាមគ្គី​គ្នា​បង្កើត​បាន​នូវ​រាល់​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដែល​ធ្វើឲ្យ​ទឹកដី​កម្ពុជា​មាន​ការផ្លាស់ប្តូរ​ទាំងស្រុង​ដែល​យើង​មិនអាច​ស្មាន​ដល់​»​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​ពី​ទឹកដី​ដែល​គ្មាន​សេរីភាព​ពី​ការបែកបាក់​ជាតិ និង​បែងចែក​ទឹកដី និង​ពី​គំនរ​ផេះផង់​ទៅ​ជា​ទឹកដី​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​កំពុង​អភិវឌ្ឍ​ដ៏ខ្លាំងក្លា​លើ​គ្រប់​វិស័យ​ធ្វើឲ្យ​ប្រជាជន​បានរស់នៅ​យ៉ាង​សុខសាន្ត និង​ប្រកបដោយ​ក្តីសង្ឃឹម​ចំពោះ​អនាគត​របស់ខ្លួន​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ម្លប់​ដ៏ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជា​ទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​»​។

លោក​បន្ថែមថា​៖ «​ប្រជាជន​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ជ័យជម្នះ​ ៧ ​មករា ថា​ជា​ថ្ងៃកំណើត​ទី​ ២ ​របស់ខ្លួន ហើយ​ថា បើ​គ្មាន​ជ័យជម្នះ​ ៧ ​មករា យើង​ពិតជា​គ្មានអ្វីៗ​ទាំងអស់​នៅ​ថ្ងៃនេះ​។ ជ័យជម្នះ​ ៧ ​មករា ជា​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​ជា​របស់​មនុស្ស​ជាតិ​ទាំងអស់​ដែល​ស្រឡាញ់​សន្តិភាព សេរីភាព និង​យុត្តិធម៌​។ នេះ​ជា​សច្ចធម៌​ប្រវតិ្តសាស្ត្រ​»​។

លោក​ ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ថ្លែង​ទៅកាន់​មហាជន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ថា ៤១ ​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ដែល​មាន​លោក​ ហ៊ុន សែន ជា​អគ្គមគ្គុទេសក៍​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​ការប្រែប្រួល និង​ផ្លាស់ប្តូរ​ពី​ការបែកបាក់ និង​សង្គ្រាម​មក​មាន​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី​។ ផ្លាស់ប្តូរ​ពី​ទឹកដី​មរណៈ​មក​មានជីវិត​រស់​ឡើងវិញ មាន​សេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និង​អភិវឌ្ឍន៍ និង​ផ្លាស់ប្តូរ​ពី​សង្គម​ធ្លាប់​ឯកោ ធ្លាប់​គេ​ប្រមាថ មកជា​សង្គម​មាន​កិត្តិយស ស្មើភាព និង​ស្មើសិទ្ធិ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក​។

លោក​ថ្លែងថា​៖ «​អំពើ​មិន​គប្បី និង​អំពើ​រមិលគុណ​ទៅលើ​ថ្ងៃ​ជ័យជម្នះ​៧​មករា ពិតជា​ត្រូវ​បាបកម្ម​តាម​ផ្តន្ទា​មិនខានឡើយ​។ ក្នុង​កាល​វេលា​កន្លងមក​ធ្លាប់បាន​បញ្ជាក់​រួចហើយ​ថា បណ្តា​ឧបាយកល​ដែល​ចង់​បំផ្លាញ​នូវ​រាល់​សមិទ្ធផល​សង្គមជាតិ​ដែលជា​ផ្លែផ្កា​ដ៏ពិសិដ្ឋ​របស់​ថ្ងៃ​ជ័យជម្នះ​៧​មករា គឺ​សុទ្ធតែ​ត្រូវ​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​»​។

លោក​បន្ថែមថា​៖ «​យ៉ាងណា​មិញ ការបរាជ័យ​នៃ​ការរៀបចំ​ផែន​ការធ្វើបដិវត្តន៍​ពណ៌ និង​ថ្មីៗ​នេះ​ការបរាជ័យ​នៃ​ការរៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ ៩ ​វិច្ឆិកា ឆ្នាំ​ ២០១៩ របស់​ពួក​ប្រឆាំង​កាន់តែ​បាន​បង្ហាញ​ច្បាស់​អំពី​ភាពរឹងមាំ​នៃ​ស្មារតី​៧​មករា ដែល​បាន​ប្តូរផ្តាច់​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ដែល​ជាក់ស្តែង​យើង​ការពារ​បាន​រឹងមាំ ឯករាជ្យ អធិបតេយ្យ បូរណភាព​ដែនដី សន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​មិនឱ្យ​បាត់បង់​ឡើយ​»​។

លោក​ ឡឹប សាលឹត ជនជាតិ​ចាម ដែល​មាន​វ័យ​ ៧០ ​ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ថ្លែង​ថា នៅក្នុង​អំឡុង​សម័យ​ខ្មែរក្រហម​លោក​បាន​បាត់​បងប្អូន​ដល់​ទៅ​ ៥ ​នាក់​ដោយសារតែ​ខ្មែរក្រហម​បង្អត់អាហារ​។ ពួកគេ​បាន​ធ្វើ​ទារុណកម្ម និង​បង្ខំ​ឲ្យ​ជនជាតិ​ចាម​ហូប​សាច់ជ្រូក​ដែល​ជា​ការរំលោភ​ទៅ​ដល់​សាសនា​អ៊ិស្លាម​។ លោក​អះអាង​ថា លោក​បាន​រស់រាន​មាន​ជីវិត​ដោយសារ​តែ​ថ្ងៃ​៧​មករា​។

លោក​បញ្ជាក់ថា​៖ «​គេ​បាន​បង្អត់ និង​គេ​ធ្វើ​ទារុណកម្ម​ហើយ​គេ​បង្ខំ​ឲ្យ​យើង​ហូប​បបរ​សាច់ជ្រូក​ដែល​យើង​មិន​អាច​ហូបកើត ពេល​ដែល​យើង​ហូប យើង​ក្អួត​មក​វិញ ហើយ​ពេលខ្លះ​យើង​ហូប​បណ្តើរ​យំ​បណ្តើរ​។ ១ ​ពេល​គេ​ឲ្យ​យើង​ហូប​បបរ​ ៣ ​វែក​។ ពេលយប់​មក​ដល់​យើង​តែងតែ​គិតថា​គេ​នឹង​យក​យើង​ទៅ​សម្លាប់ យើង​គ្មាន​សង្ឃឹមថា​រស់​នោះ​ទេ តែ​សំណាង និង​នឹកស្មាន​មិន​ដល់​អាច​រស់​បាន​ដល់ពេលនេះ​»​។

ក្នុង​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្ធ​ខួប​ ៤១ ​ឆ្នាំ​នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​សារ​គាំទ្រ​ចំពោះ​ការផ្សះផ្សា​ជាតិ ដើម្បី​ធានា​ថា​សោកនាដកម្ម​បែបនេះ​នឹង​មិន​កើតឡើង​វិញ ហើយ​ថា​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ភាពរឹងមាំ​អស់​ជាច្រើន​ទសវត្សរ៍​ចាប់​តាំងពី​សម័យ​ដ៏ខ្មៅ​ងងឹត និង​ការខិតខំ​ប្តេជ្ញាចិត្ត​បាន​នាំ​ប្រទេស​មួយ​នេះ​មកដល់​សព្វថ្ងៃ​។

តាមរយៈ​ហ្វេសប៊ុក​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​៖ «​ថ្ងៃនេះ​គឺជា​ការចងចាំ​ប្រជាជន​កម្ពុជា​ជិត​ ២ ​លាន​នាក់​បាន​បាត់បង់​ជីវិត ហើយ​មាន​ផលប៉ះពាល់​ជាច្រើន​រាប់មិនអស់​នៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ សហរដ្ឋ​អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការគាំទ្រ​ដល់​ប្រជាជន កម្ពុជា និង​សេចក្តី​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​ការផ្សះផ្សា​ជាតិ វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជភាព ហើយ​ដើម្បី​ធានា​ថា សោកនាដកម្ម​បែបនេះ​នឹង​មិន​កើតឡើង​វិញ​»៕

វីដេអូ៖