ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ទៅកាន់​អង្គការ​សហប្រជាជាតិ​ថា ប្រទេស​ក្រីក្រ​ គឺជា​មុខព្រួញ​នៃ​ការដាក់ទណ្ឌកម្ម​ចំពោះ​ដំណើរ​ការកសាង​ជាតិ​របស់​ខ្លួន ហើយ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​មហាអំណាច​បាន​រាំងខ្ទប់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភវិឌ្ឍន៍​ក្នុង​ការជ្រើសរើស​ឯករាជ្យ និង​ដៃគូ​មិត្តភាព​។

លោក​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សារ​ជា​វីដេអូ​ដែល​ថត​ទុក​មុន ដែល​ត្រូវ​បាន​ចាក់ផ្សាយ​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ដើម្បី​រំឭក​ខួប​លើក​ទី​៧៥ របស់​អង្គការ​សហប្រជាជាតិ​នៅ​សាលប្រជុំ​នៃ​មហាសន្និបាត អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃ​ចន្ទ ទី​ ២១ ខែ​កញ្ញា​។

លោក​មាន​ប្រសាសន៍​ថា បន្ទាប់ពី​ភាពខ្ទេចខ្ទាំ​ក្នុង​សង្គ្រាម​លោក​លើកទី​ ២ មេដឹកនាំ​ពិភពលោក​បាន​ប្រកាស​ថា ការប្រើប្រាស់​នូវ​យន្តការ​អន្តរជាតិ​សម្រាប់​លើកស្ទួយ​សេដ្ឋកិច្ច និង​ការរីកចម្រើន​ក្នុង​សង្គម​សម្រាប់​ប្រជាជន​គ្រប់រូប គឺជា​មធ្យោបាយ​ជា​សារវន្ត​ក្នុង​ការធានា​នូវ​សុខសន្តិភាព ការលើកកម្ពស់​សិទ្ធិមនុស្ស និង​ធានា​នូវ​វឌ្ឍនភាព​សង្គម​។ ការប្ដេជ្ញា និង​យន្តការ​នេះ​ក៏មាន​ចែង​នៅក្នុង​បុព្វកថា​របស់​ អ.ស.ប ផង​ដែរ​។ ប៉ុន្តែ​ជាក់ស្ដែង​វា​កំពុង​រង​ការបំផ្លិចបំផ្លាញ​។

លោក​បន្តថា ពហុភាគី​និយម​កំពុង​ទទួលរង​ការវាយប្រហារ​យ៉ាងដំណំ ពិសេស​គឺ​ដោយសារ​ទង្វើ​ជាតិនិយម​ជ្រុល និង​គាំពារ​និយម​របស់​ប្រទេស​មហាអំណាច​ខ្លះ​លើ​សកលលោក​។ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​ជំនួស​ការទទួល​បាន​ការគាំទ្រ​ជារឿយៗ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​ត្រូវបាន​ប្រែក្លាយ​ជា​មុខព្រួញ​នៃ​ការដាក់ទណ្ឌកម្ម ចំពោះ​កិច្ច​ដំណើរការ​ប្រឹងប្រែង​កសាង​ជាតិ​របស់ខ្លួន ដែល​មិន​បាន​ល្អឥតខ្ចោះ​ស្រប​តាម​ស្តង់ដា​របស់​ប្រទេស​អភិវឌ្ឍន៍ ខណៈ​ដែល​សមត្ថភាព​នៃ​ប្រទេស​ទន់ខ្សោយ​ទាំងនោះ​នៅ​មាន​ការខ្វះខាត​ក្នុង​កិច្ចការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដូចជា​សិទ្ធិ​ទទួល​បាន​សន្តិភាព សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​អាហារ ទីជម្រក និង​ការងារ​ជាដើម​»​។

លោក​បន្តថា ទាំងនេះ​គឺជា​មូលហេតុ​មួយ​ដែល​ចូលរួម​ចំណែក​ក្នុង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​ការខិតខំ​ប្រឹងប្រែង និង​អភិវឌ្ឍ​ជាតិ​របស់​ប្រទេស​ក្រីក្រ​តាមរយៈ​ការធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស បម្រើ​ឱ្យ​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​។

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «​ការប្រកួតប្រជែង​រវាង​មហាអំណាច​បាន​បង្ក​ជា​ការរាំងខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការជ្រើសរើស​យក​ឯករាជ្យ និង​អធិបតេយ្យ​ជា​មាគ៌ា​សម្រាប់​ការអភិវឌ្ឍ​ក៏ដូចជា​ការជ្រើសរើស​ដៃគូ​មិត្តភាព ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​។ ខ្ញុំ​គិតថា នេះ​ជា​ឧបសគ្គ​ពិតប្រាក​ដ៏ចម្បង​មួយ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការធ្វើ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​របៀបវារៈ​ឆ្នាំ​ ២០៣០ បន្ថែម​លើ​បញ្ហា​ប្រឈម​បន្ទាន់​ទាំងឡាយ​ដែល​បង្ក​ដោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​មកលើ​សង្គម និង​សេដ្ឋកិច្ច​»​។

កម្ពុជា​ជឿជាក់ថា បណ្ដា​រដ្ឋ​ជា​សមាជិក​ត្រូវតែ​អនុវត្ត​ទៅតាម​បទប្បញ្ញត្តិ​ដែល​មានចែង​ក្នុង​សេចក្ដី​ប្រកាស​ស្ដីពី​ការរំឭក​ខួប​ទី​ ៧៥ នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​នេះ​។ ជោគជ័យ​ក្នុង​ការអនុវត្ត​គោលដៅ​ប្រកបដោយ​មហិច្ឆតា​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​អាច​រស់នៅ​បាន​ក្នុង​វិបុលភាព និង​សង្គម​មួយ​ប្រកប​ដោយ​បរិយាប័ន្ន និង​ភាពសុខដុមរមនា​។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក​ ហ៊ុន សែន​។

លោក​ថា សហគមន៍​អន្តរជាតិ​ពិតជា​ទាមទារ​ចង់​បាន​អង្គការ​សហប្រជាជាតិ​មួយ​រឹងមាំ​ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការដោះស្រាយ​គ្រប់​បញ្ហា​ប្រឈម​ដែល​កើតមាន​នៅក្នុង​តថភាព​នៃ​សតវត្សរ៍​ទី​ ២១​។ កម្ពុជា​ទទួល​ស្គាល់​តួនាទី​ស្នូល​នៃ​ប្រព័ន្ធ​ពហុភាគី​និយម​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដ៏ស្មុគស្មាញ​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា​ការលើកឡើង​របស់​លោក ហ៊ុន សែន ឆ្លុះបញ្ចាំង​ពី​ភាព​ជាក់ស្ដែង​ដែល​ប្រទេស​មហាអំណាច​មួយចំនួន​អនុវត្ត​ទៅលើ​ប្រទេស​ក្រីក្រ​រួមទាំង​កម្ពុជា​ផង​។ លោក​សង្កេត​ឃើញ​ថា ប្រទេស​មហាអំណាច ប្រើ​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ជា​ឧបករណ៍​ដើម្បី​លាប​ពណ៌ និង​វាយប្រហារ​ប្រទេស​មួយទៀត បន្ថែម​ទៅលើ​វិធានការ​ពាណិជ្ជកម្ម ដូចជា​ការដក​ការអនុគ្រោះ​ពន្ធ​ជាដើម​។

លោក​ថា​៖ «​ដូច​កម្ពុជា​អ៊ីចឹង នៅពេល​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ដែល​ផ្ដល់​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច នយោបាយ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ផ្សេងៗ យើង​ឃើញ​ប្រទេស​លោកខាងលិច មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម គេ​មាន​វិធានការ​ផ្សេងៗ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ចិន​មាន​ភាពល្អក់កករ​។ គេ​ទាញ​យើង​មិនឱ្យ​យើង​ដើរ​តាម​ខ្សែ​បន្ទាត់​នយោបាយ​ការបរទេស​មួយ​ដែល​បម្រើ​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ ប្រទេសជាតិ​។ គេ​ចង់ឱ្យ​យើង​អនុវត្ត​គោលនយោបាយ​មួយ​ដែល​ដើរ​តាម​ខ្សែបន្ទាត់​របៀបវារៈ​នយោបាយ​របស់​ពួកគេ​ដែល​គេ​គូសវាស​ដើម្បី​មាន​ឥទ្ធិពល​ខាង​ភូមិសាស្ត្រ​នយោបាយ​របស់គេ​»​។

លោក​បន្តថា វិធានការ​នានា​របស់​ប្រទេស​មហាអំណាច​មកលើ​ប្រទេស​​ក្រីក្រ ដូចជា​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ២០ ​ភាគរយ ​ដោយ​សហភាព​អ៊ឺរ៉ុប​សម្រាប់​កម្ពុជា និង​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​កម្ពុជា​ដោយ​សហរដ្ឋអាមេរិក​តិច​ ឬ​ច្រើន​បាន​រួម​ចំណែក​បង្អាក់​ដំណើរការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​ក៏ដូចជា​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​ ២០៣០ និង ២០៥០៕

វីដេអូ៖