
លោក ហ៊ុន សែន ក្នុងពិធីសម្ពោធសារមន្ទីរសេដ្ឋកិច្ច កាលពីថ្ងៃចន្ទ។ SPM
ភ្នំពេញ: ដោយភ្ជាប់ជាមួយនូវសារជូនពរដល់ប្រជាពលរដ្ឋខ្មែរនាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ក្នុងការបម្រើប្រជាជនដែលបានធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងការធ្វើកំណែទម្រង់ស៊ីជម្រៅ ខណៈដែលរដ្ឋាភិបាល បានប្រឈមឧបសគ្គជាច្រើនទាំងក្នុងនិងក្រៅប្រទេសដើម្បីទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
នៅក្នុងសារជូនពរដល់ប្រជាពលរដ្ឋ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ចេញកាលពីថ្ងៃទី ៣ ខែ មេសា ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានលោក ហ៊ុន សែន បានផ្ដើមរៀបរាប់ថា បុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំនេះ គឺស្របពេលរដ្ឋាភិបាលរបស់លោកដែលទើបទទួលបានការគាំទ្រពីពលរដ្ឋដ៏ច្រើនលើសលប់ សម្រាប់ការដឹកនាំប្រទេសរយៈពេល ៥ ឆ្នាំបន្ថែមទៀត ចាប់ផ្ដើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ រួមជាមួយការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ ក្នុងការបម្រើប្រជាជនទ្វេដង ក៏ដូចជាការពន្លឿនកិច្ចអភិវឌ្ឍន៍ និងការជំរុញការអនុវត្តការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយគ្រប់វិស័យ ដើម្បីឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈនិងបំណងប្រាថ្នារបស់ពលរដ្ឋ ។
លោកនាយករដ្ឋមន្ត្រីបន្តថា ថ្វីដ្បិតប្រទេស កម្ពុជា បានប្រឈមឧបសគ្គគ្រប់យ៉ាងទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែរដ្ឋាភិបាលបានបន្តអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ បានការពារឯករាជ្យជាតិ សន្ដិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់បង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គម។
លោកបញ្ជាក់ថា សកម្មភាពសម្រេចទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៥ ភាគរយ តាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម ទេសចរណ៍និងអចលនទ្រព្យជាដើម ស្របពេលគេកត់សម្គាល់ឃើញថា កម្ពុជាក៏កំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសពឹងផ្អែក លើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
សារលិខិតដែលបន្តថា ចំពោះជីវភាពរបស់ពលរដ្ឋ គឺគិតជាមធ្យមក្នុងមនុស្សម្នាក់ រកប្រាក់ចំណូលបាន ១ ០៤២ ដុល្លារអាមេរិកកាលពីឆ្នាំ ២០១៣ ប៉ុន្តែបានកើនដល់ ១ ៥៦៣ ដុល្លារក្នុងឆ្នាំ ២០១៨ ហើយអត្រាភាពក្រីក្រ ក៏បានធ្លាក់ចុះពី ៥៣,៥ ភាគរយ ក្នុងឆ្នាំ ២០០៨ មកនៅត្រឹមរង្វង់ ៩ ភាគរយក្នុងឆ្នាំ ២០១៨ និងត្រូវគេព្យាករថា នឹងបន្តធ្លាក់ចុះទៀតនៅក្នុងឆ្នាំ ២០១៩ នេះ ស្របពេលគម្លាតនៃប្រាក់ចំណូល របស់ប្រជាជនក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ដែរ។
ក្នុងឆ្នាំ ២០១៨ រដ្ឋាភិបាលក៏បានដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ស្ពានឆ្លងកាត់ទន្លេ ស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ កំពង់ផែ សរុបចំនួន ៥ រួមទាំងការបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលត្រូវចំណាយប្រាក់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក។
កាលពីឆ្នាំ ២០១៨ ដដែលនេះ ការតភ្ជាប់ខ្សែបណ្ដាញចរន្តដល់ផ្ទះអ្នកប្រើប្រាស់ថាមពលអគ្គិសនីមានចំនួនដល់ ២,៥៥ លានខ្នងផ្ទះស្មើប្រមាណ ៧២,១៦ ភាគរយ នៃចំនួនផ្ទះសរុប ៣,៣៨ លានខ្នង និងគ្របដណ្ដប់ដល់ភូមិប្រមាណ ៨៧ ភាគរយនៃចំនួនភូមិសរុបចំនួន ១៤ ៣៨៣ ភូមិ នៅទូទាំងប្រទេស។
ចំពោះការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងប្រទេសកាលពីឆ្នាំមុនវិញ ក៏បានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សា និងរដូវប្រាំង សម្រេចបានប្រមាណជាង ១០ លានតោន កើនឡើងជាងឆ្នាំ ២០១៧ ចំនួន ២,៣ ភាគរយ និងអាចសល់អង្ករជាង ៤ លានតោន ដែលក្នុងនោះមានចំនួន ៦២ ម៉ឺនតោនបាននាំចេញទៅលក់នៅក្រៅប្រទេស។
លោក ហ៊ុន សែន បន្តថា រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាក៏មានការកើនឡើងចំនួនរោងចក្រសរុបជាង ១ ៥០០ រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងមានឧស្សាហកម្មមធ្យម តូច និងសិប្បកម្មជាង ១៥៦ ៨៩០ កន្លែងនៅតាមមូលដ្ឋាន ដែលកំពុងស្រូបយកកម្លាំងពលករសរុបជាង ១ លាននាក់ ស្របពេលពលករចំណាកស្រុកជាង ១,២ លាននាក់ផ្សេងទៀតកំពុងបំពេញការងារក្នុងប្រទេស ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង។
ចំពោះវិស័យសំណង់ លោកនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា គឺបច្ចុប្បន្នមានអគារខ្ពស់ៗចាប់ពី ៥ ជាន់ទៅដល់ ៤០ ជាន់មានជាង ១ ០៨០ អគារ ក្នុងរាជធានីភ្នំពេញ ហើយភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងប្រទេស កម្ពុជា ក្នុងឆ្នាំ ២០១៨ មានជាង ៦ លាន ២ សែននាក់កើនឡើងប្រមាណ ១០,៧ ភាគរយបើធៀបឆ្នាំ ២០១៧ ដែលជួយផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាដោយផ្ទាល់ជាង ៦២ ម៉ឺននាក់ និងប្រយោលជាង ១ លាននាក់ និងផ្ដល់ប្រាក់ចំណូលជូនជាតិបានប្រមាណ ១១៦ លានដុល្លារអាមេរិក។
ក្រៅពីនេះ គិតមកដល់ពេលបច្ចុបន្ន កម្ពុជា ក៏បានចូលរួមចំណែកបញ្ជូនកងយោធពលខេមរភូមិន្ទសរុបចំនួន ៨១៣ នាក់ក្នុងនោះមានស្រី ៦៦ នាក់ ជាបន្តបន្ទាប់ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅកាន់សាធារណរដ្ឋលីបង់សធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋម៉ាលីនិងសាធារណរដ្ឋអាហ្រ្វិកកណ្ដាល។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គមបានទទួសស្គាល់ថា កម្ពុជាពិតជារីកចម្រើនស្ទើរគ្រប់វិស័យ ប៉ុន្តែលោកថា ការរីកចម្រើនរបស់កម្ពុជានេះនៅពុំទាន់អាចប្រកួតប្រជែងបានជាមួយប្រទេសជិតខាងនៅឡើយនិងទាមទារឱ្យរដ្ឋាភិបាលត្រូវប្រឹងប្រែងបន្ថែមទៀត។
ទោះជាយ៉ាងណាលោក មាស នី បន្តថា ចំពោះសេដ្ឋកិច្ចរបស់កម្ពុជាទៅថ្ងៃខាងមុខគឺមិនអាចទស្សន៍ទាយបានឡើយ ដោយសារលោកព្រួយបារម្ភថា វិបត្តិនយោបាយនាពេលបច្ចុប្បន្ន ដែលកំពុងរងការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិនឹងអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជានាពេលខាងមុខ។
លោកបន្តថា៖ «តើសង្គមជាតិរបស់យើងនេះ នឹងទទួលរងអីខ្លះ ពីការរិះគន់និងទណ្ឌកម្មពីអន្តរជាតិ ដោយសារតែវិបត្តិនយោបាយ។ ទោះបីជារដ្ឋាភិបាលបានអះអាងថា យើងមិនអីក៏ដោយ ក៏ប៉ុន្តែយើងមិនទាន់ឃើញមានវិធានការណាមួយឱ្យជាក់លាក់ ថារដ្ឋាភិបាលពិតជាអាចចៀសផុតពីផលប៉ះពាល់ ដែលពាក់ព័ន្ធនឹងវិបត្តិនយោបាយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាមិនអាចទាក់ទងសុំអធិប្បាយលើបញ្ហានេះបានទេកាលពីម្សិលមិញ។
យ៉ាងណាក្តីលោក ហ៊ុន សែន បានគូសបញ្ជាក់ក្នុងសារលិខិតដដែលនេះថា រាល់សមិទ្ធផលដែលសម្រេច បានគឺដោយសារតែមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ហើយក៏បានការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិផងដែរ។
លោកបានបន្តថា សម្រាប់ឆ្នាំថ្មីនេះរាជរដ្ឋាភិបាលរបស់លោកនឹងបន្តពុះពារគ្រប់បែបយ៉ាងបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្ដិភាព ស្ថិរភាពនយោបាយសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែរឹងមាំការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ទន្ទឹមនេះ រដ្ឋាភិបាលនឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ទៅតាមអភិក្រមទាំង ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្សការកែលម្អប្រព័ន្ធអប់រំ លើកកម្ពស់ប្រព័ន្ធការពារសង្គម លើកកម្ពស់គុណភាពសេវាសុខាភិបាលនិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យកាន់តែរីកចម្រើនឥតឈប់ឈរបន្ថែមទៀត៕