ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអូសទាញការចាប់អារម្មណ៍សាជាថ្មីក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសដែលទាក់ទងជាមួយមេដឹកនាំខ្មែរក្រហមដូចជា នួន ជា និង ខៀវ សំផន ដែលបានចុះចូលជាមួយរដ្ឋាភិបាលកាលពី ២០ ឆ្នាំមុន ដោយរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ខណៈដែលគូប្រជែងរបស់លោកកំពុងរិះគន់ដល់ការថមថយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាមដល់ខេត្តពោធិ៍សាត់ជាកម្ចីពីរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញលោក ហ៊ុន សែន ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងមន្ត្រីទូតនានាដោយអះអាងថារឿងដែលសំខាន់សម្រាប់កម្ពុជានាពេលនេះត្រូវតែរក្សាសុខសន្តិភាពឲ្យបាន បើគ្មានសន្តិភាពគ្មានការអភិវឌ្ឍនោះឡើយ កុំនិយាយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោក ហ៊ុន សែន ថ្លែងថា៖ «តម្លៃណាក៏ដោយត្រូវរក្សាសន្តិភាពឲ្យបានបើរក្សាសន្តិភាពមិនបានទេកុំនិយាយដល់ការអភិវឌ្ឍអីបើគ្មានសន្តិភាពទេវាគ្មានការអភិវឌ្ឍទេហើយកុំនិយាយដល់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សវាចាប់ផ្ទៃនៅក្នុងប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះវាមិនអាចចាប់ផ្ទៃក្នុងប្រទេសដែលមានសង្គ្រាមទេ»។
លោក ហ៊ុន សែន បានអះអាងពីប្រវត្តិសង្គ្រាមនៅក្នុងប្រទេសដោយចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ មានក្រុម ប៉ុល ពត និងអ្នកតស៊ូប្រឆាំងរបប ប៉ុល ពត បានសម្លាប់មនុស្ស ១ លាននាក់ជាងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ប្រទេសខ្មែរមួយមានតំបន់ត្រួតត្រាច្រើនរវាងខ្មែររដ្ឋកម្ពុជា ជាមួយខ្មែរនៅតាមជាយដែន, នៅឆ្នាំ ១៩៩១ រហូតដល់ឆ្នាំ ១៩៩៨ ខ្មែរមួយមានតំបន់ត្រួតត្រា ២ គឺតំបន់មួយត្រួតត្រាដោយរាជរដ្ឋាភិបាល ហើយតំបន់មួយទៀតត្រួតត្រាដោយខ្មែរក្រហម ទោះបីអ៊ុនតាក់ប្រើលុយជាង ២ ពាន់លានដុល្លារក៏មិនអាចបញ្ចប់សង្គ្រាមខ្មែរបានដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «រហូតដល់ឆ្នាំ ១៩៩៨ បានយើងបានបញ្ចប់។ ឆ្នាំនេះគឺជាខួបលើកទី ២០ ។ កាលពីល្ងាចថ្ងៃសៅរ៍ កន្លងទៅ ខ្ញុំបានពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ថានៅថ្ងៃទី ២៩ យើងនឹងធ្វើបុណ្យឲ្យធំនៅវិមានឈ្នះៗ។ ខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមគឺយកថ្ងៃដែល ខៀវ សំផន និង នួន ជា និងគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលមកដល់ផ្ទះលោកនាយករដ្ឋមន្ត្រីយកថ្ងៃហ្នឹងធ្វើថ្ងៃបញ្ចប់សង្គ្រាមនៅកម្ពុជាតែម្តង។ នេះហើយគឺជាប្រវត្តិឈឺចាប់របស់យើង ប៉ុន្តែក៏យើងមានមោទនភាពដែលយើងបញ្ចប់សង្គ្រាមនយោបាយឈ្នះៗដោយខ្មែរខ្លួនឯង»។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញផងដែរថាខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមនឹងប្រារព្ធធ្វើនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០១៨ គឺជាថ្ងៃមួយដែលមានលក្ខណៈវិសេសវិសាលខ្លាំងណាស់ព្រោះនយោបាយឈ្នះៗនៃរាជរដ្ឋាភិបាលត្រូវបានអនុវត្តហើយបានបញ្ចប់សង្គ្រាមដោយពេញលេញ។
លោក ទៀ បាញ់ ថ្លែងថា៖ «យើងកំពុងខិតខំប្រឹងប្រែងដើម្បីសាងសង់វាលម្អបំពាក់វាទៅតាមអត្ថន័យ និងខ្លឹមសារទាំងឡាយនៃនយោបាយឈ្នះៗដើម្បីតម្កល់នៅទីនោះយើងនឹងប្រកាសដាក់ឲ្យប្រើជាផ្លូវការដើម្បីឲ្យក្លាយទៅជាបណ្ណាល័យ និងជាគ្រឹះស្ថានសម្រាប់សិក្សាតទៅថ្ងៃមុខ និងដើម្បីឲ្យឃើញពីតម្លៃនៃសន្តិភាពដែលយើងបានមក។ យើងនឹងរៀបចំឲ្យធំបំផុត... យើងចាត់ទុកវាជាប្រវត្តិសាស្ត្រដ៏ធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទួលបានសន្តិភាពតាមរយៈនយោបាយឈ្នះៗ»។
លោក ហ៊ុន សែន ក៏បានថ្លែងសារបែបចំអកដល់គូប្រជែងរបស់លោកផងដែរថារឿងឡានច្រើនដែលកំពុងមានបញ្ហាស្ទះចរាចរណ៍សព្វថ្ងៃនេះគឺដោយសារកំហុសរបស់លោកទី ១ បានវាយរបប ប៉ុល ពត ឲ្យរលំ និងទី ២ បានរំលាយអង្គការចាត់តាំង និងយោធាររបស់ ប៉ុល ពត តាមរយៈនយោបាយឈ្នះៗហើយដែលធ្វើឲ្យផែនដីកម្ពុជារបស់យើងនេះមានឯកភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
លោក ហ៊ុន សែន ថ្លែងថា៖ «បើចង់បន្ទោសខ្ញុំមកអំពីបញ្ហាសន្តិភាព ប៉ុន្តែមិនអាចបន្ទោសខ្ញុំអំពីបញ្ហាបង្កើតសង្គ្រាមទេពីព្រោះពេលបង្កើតសង្គ្រាមខ្ញុំអត់ទាន់គ្រប់អាយុបោះឆ្នោត។ តៃកុងឡានមួយនេះបានបើកបររថយន្តនេះរយៈពេលជិត ៤០ ឆ្នាំ ឬនៅក្នុងមុខតំណែងដែលបើកបរជានាយករដ្ឋមន្ត្រី ៣៣ ឆ្នាំមិនទាន់ធ្វើឲ្យមនុស្សគ្រោះថ្នាក់ទេ (តែ) ទាញមនុស្សចេញពីតំបន់គ្រោះថ្នាក់ (ជាអតីតតំបន់ខ្មែរក្រហម) ឲ្យមកកាន់តំបន់សុវត្ថិភាព សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងចូលរួមចំណែកដើម្បីរក្សានូវសន្តិភាពនេះ»។
លោក ជាម ចន្នី អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិថ្លែងកាលពីម្សិលមិញដោយអះអាងថា សន្តិភាពនៅកម្ពុជាមិនអាចកាត់ផ្ដាច់តែឯងបានទេ ព្រោះមានការចូលរួមក្នុងការបង្រួបបង្រួមជាតិ និងការគាំទ្រពីអន្តរជាតិ។
លោក ចន្នី ថ្លែងថា៖ «បក្សប្រឆាំងគឺជាផ្នែកមួយនៃការបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ បក្សកាន់អំណាចមានគុណហើយ ហើយការយកគុណធ្វើជាឧបករណ៍នយោបាយសម្រាប់បន្តកាន់អំណាច ធ្វើឲ្យមានពលរដ្ឋរងទុក្ខក៏ជាការលំបាកដែរ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគវិទ្យាសាស្ត្រនយោបាយថ្លែងថា ការបង្រួបបង្រួមជាតិនាំឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនាំឲ្យមានការបោះឆ្នោតដូរពីរបបកុម្មុយនីស្តមករបបប្រជាធិបតេយ្យ។
លោក សុវណ្ណារ៉ា ថ្លែងថា៖ «សន្តិភាពមិនអាចបានទៅលើបុគ្គលណាម្នាក់ទេ នយោបាយឈ្នះៗក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជា (CPP) គឺត្រូវ តែក្នុងក្របខ័ណ្ឌជាតិគឺនៅមានអតីតគណបក្សសង្គ្រោះជាតិដែលមានប្រជាពលរដ្ឋប្រមាណជាង ៣ លាននាក់បោះឆ្នោតឲ្យគណបក្សនេះ»៕