ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​អំណរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍​ចំពោះ​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​បាន​លើកឡើង​នូវ​គំនិត​មួយចំនួន ដើម្បី​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព​។

ការថ្លែង​អំណរគុណ​របស់​លោក​គឺជា​ចំណុច​មួយ​នៃ​សុន្ទរកថា​គន្លឹះ​ដែល​លោក​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​ ២០២០ ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ថ្ងៃទី​ ២២ ​កញ្ញា ខណៈ​ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ ក្រោម​ប្រធានបទ «​ការកសាង​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​ចីរភាព នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​»​។

នៅក្នុង​ចំណុច​ចុងក្រោយ​នៃ​សុន្ទរកថា​នោះ​លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​កម្រិត​សកល យើង​ត្រូវ​បន្ត​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​ការផ្ដល់​ជំនួយ​អន្តរជាតិ ជាពិសេស​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​បន្ត​ជំរុញ​ចលនការ​នៃ​ការកែទម្រង់​ប្រកប​ដោយ​ចីរភាព ដែល​ជា​របៀបវារៈ​ឆ្នាំ​ ២០៣០ ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​។

លោក​បន្តថា​៖ «​ក្នុង​បរិការណ៍​នេះ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ចំពោះ​ការផ្តល់​កិច្ចសហការ​ប្រកបដោយ​បុរេសកម្ម និង​ការ​ផ្តល់នូវ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដែល​បាន​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​បាន​យ៉ាង​ល្អប្រសើរ​»​។

ក្រៅពី​ជំនួយ​លោក​ក៏បាន​លើកឡើង​នូវ​គំនិត​មួយ​ចំនួន​សម្រាប់​ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​រដ្ឋាភិបាល​នីមួយៗ​ត្រូវតែ​ប្រឹងប្រែង​ឱ្យ​បាន​ជា​អតិបរមា​នូវ​ការកាត់បន្ថយ​ផលប៉ះពាល់ ដើម្បី​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ជួយ​រក្សា​លំនឹង​ផលិតកម្ម កិច្ចដំណើរការ​ធុរកិច្ច​ និង​ការវិនិយោគ​។ ក្រៅពីនេះ លោក​ក៏​បាន​បង្ហាញ​ពី​បទពិសោធ​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច និង​បន្ទាប់​ ៥ ​ជុំ​រួច​មក​ហើយ ព្រម​ទាំង​នឹង​ដាក់​ចេញ​នូវ​វិធានការ​បន្ថែមទៀត​។

ប្រទេស​នានា​គួរ​ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូវីដ​១៩ ទៅជា​ឱកាស​សម្រាប់​ការធ្វើ​កំណែទម្រង់​របស់​ខ្លួន​។ នៅ​កម្ពុជា​ការធ្វើ​កំណែទម្រង់​មិន​ត្រូវ​បាន​បន្ថយ​ល្បឿន​ទេ ផ្ទុយ​ទៅ​វិញ​កម្ពុជា​បង្កើន​ភាពប្រកួតប្រជែង​តាមរយៈ​ការបង្ក​ភាពងាយស្រួល និង​ការបង្កើត​បរិយាកាស​អំណោយផល​ដល់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​។

ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ​បាន​នាំមក​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ហិរញ្ញវត្ថុ​សាធារណៈ ជាពិសេស​ចំណូល​រដ្ឋ​លោក​ ហ៊ុន សែន ​បាន​ស្នើថា រដ្ឋាភិបាល​ត្រូវដាក់​ចេញ​នូវ​យន្តការ​ថ្មី​ដើម្បី​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ប្រើប្រាស់​នាពេល​អនាគត​។ យន្តការ​មួយ​ដែល​មិនអាច​ខ្វះ​បាន គឺ​ការចាប់​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។

លោក​លើកឡើងថា​៖ «​នៅក្នុង​បរិការណ៍​ដ៏លំបាក​នេះ ដើម្បី​ធានា​ជំរុញ​ការកែទម្រង់​របស់ខ្លួន​ទៅ​មុខ ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវការ​ចាំបាច់​នូវ​កិច្ចសហការ​ជា​សកល​ពោល​គឺ ការរក្សា​នូវ​ភាព​ជា​ដៃគូ ទាំង​ទ្វេភាគី និង​ពហុភាគី​សំដៅ​ធានាបាន​នូវ​បរិស្ថាន​នៃ​ការអភិវឌ្ឍ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ការលើកឡើង​របស់​លោក​ ហ៊ុន សែន អំពី​ការបន្ត​ផ្ដល់ជំនួយ​សម្រាប់​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​គឺ​វា​ស្រប​ទៅ​នឹង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ចែងថា ប្រទេស​អ្នកមាន​ត្រូវ​ជួយ​ដល់​ប្រទេស​ក្រីក្រ​។

បើតាម​លោក​ វណ្ណៈ​ ចាប់​តាំងពី​មាន​បញ្ហា​កូវីដ​ ១៩​ មក​កម្ពុជា​ទទួល​បាន​ទាំង​ជំនួយ និង​កម្ចី​ពី​ប្រទេស និង​ដៃគូ​អភិឌ្ឍន៍​មួយចំនួន​។ ទោះ​យ៉ាងណា​លោក​ថ្លែងថា ការផ្ដល់​ជំនួយ​ដល់​កម្ពុជា​នេះ​មិន​គ្រប់គ្រាន់​ទេ ដែល​តម្រូវឱ្យ​រដ្ឋាភិបាល​ទម្លាក់​កញ្ចប់​ថវិកា​ជាច្រើន​រយ​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ថ្លែង​ពីថ្ងៃ​ពុធ​ថា ចាប់ពី​មាន​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ មក​ការផ្ដល់​ជំនួយ​ពី​ប្រទេស​អ្នក​មាន​ដល់​ប្រទេស​ក្រីក្រ​ហាក់ដូចជា​ថយចុះ ដោយសារ​តែ​ប្រទេស​អ្នកមាន​ក៏​ត្រូវ​ដោះស្រាយ​វិបត្តិ​ដែល​បង្ក​ដោយ​កូវីដ ​១៩​ នេះដែរ​។

ដោយនិយាយ​ដល់​កម្ចី​ដែល​កម្ពុជា​ទទួល​បាន​លោក គិម អេង បញ្ជាក់​ថា​៖ «​រឿង​ទាំងអស់​នេះ​គឺជា​រឿង​ប្រសើរ​ហើយ​ក្នុង​ការជួយ​បន្ធូរបន្ថយ​ភាពតានតឹង​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត​គឺ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​យ៉ាងណា​បង្ហាញ​នូវ​តម្លាភាព​ក្នុង​ការចាយវាយ ប្រើប្រាស់​កម្ចី​ទាំងអស់​នោះ​ធ្វើយ៉ាងណា​កុំឱ្យ​កម្ចី​ទាំង​នោះ​វា​ធ្លាក់​ក្នុង​អំពើ​ពុករលួយ​»៕