ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ទទួល​ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​ពី​សហព័ន្ធ​សន្តិភាព​សកល​ (UPF) ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ នៅ​វិមាន​សន្តិភាព​ដែល​ប្រគល់​ដោយ​សហស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល លោកស្រី Hak Ja Han Moon បន្ទាប់ពី​លោក​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អង្គការ UPF បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណវឌ្ឍិ​របស់​លោក​ ហ៊ុន សែន ក្នុងន័យ​អភិបាលកិច្ច​ល្អ​ដែល​នាំឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។ ផលិតផល​សរុប​ក្នុងស្រុក​ (GDP) ​ឈរ​នៅ​លេខ​រៀង​ទី​ ១ ​ប្រចាំ​តំបន់​ដែល​មាន​កំណើន​ខ្ពស់​ជាងគេ​។ ក្នុង​អភិបាលកិច្ច​ល្អ​នេះ​ដែរ​មាន​ការ​បែងចែក​ផល​ដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៅ​កម្ពុជា​ដូចជា​ស្ត្រី ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក៏​ដូចជា​ចាស់ជរា​ជាដើម​។

លោក​ ស៊ីផាន ថ្លែងថា​៖ «​ក្រៅពី​កិច្ចការងារ​មួយ​ចំនួន​ធំ​ហ្នឹង យើង​ឃើញថា លោក​ទទួល​បាន​អ្វី ដែល​ជា​លទ្ធផល​នៃ​សន្តិភាព និង​ស្ថិរភាព​។ បើ​មិនមាន​អភិបាលកិច្ច​ល្អ​ទេ ស្រុក​មាន​សង្គ្រាម ហើយ​។ ដូច្នេះ​នៅក្នុង​ចន្លោះ​ហ្នឹង សម្តេច​ (​ហ៊ុន សែន​) ​លោក​ទទួល​បាន​ការវាយតម្លៃ​ខ្ពស់​ក្នុង​ការគាំទ្រ បាន​ផ្តល់​មេដាយ​ជូន​លោក​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង គេ​ក៏​ចង់​រៀនសូត្រ​អំពី​កម្ពុជា​ក្នុងការ​ដណ្តើម​យក​សន្តិភាព​យក​មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ​»​។

លោក Robert S. Kittel អ្នកនាំពាក្យ​ UPF បាន​ប្រាប់​អ្នកកាសែត​នៅឯ​កិច្ចប្រជុំ​នោះ​ថា គុណវឌ្ឍិ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទទួល​បាន​ពានរង្វាន់ ព្រោះ​លោក​ ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។ នេះ​គឺ​វា​គ្រប់គ្រាន់​ហើយ ហើយ​ជា​សមិទ្ធផល​ធំធេង​ណាស់​។

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ក្រោម​ប្រធានបទ​ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន សន្ដិភាព ការផ្សះផ្សា​ជាតិ ការពឹង​ពាក់​គ្នា​ទៅវិញ​ទៅមក វិបុលភាព​ទៅវិញ​ទៅមក និង​គុណតម្លៃ​ជា​សកល​»​។ រដ្ឋាភិបាល​ប្រកាសថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ប្រតិភូ​ជាង​ ៨៦០ ​នាក់ មកពី​ ៤០ ​ប្រទេស រួមមាន​មេដឹកនាំ​រដ្ឋាភិបាល សមាជិកសភា មេដឹកនាំ​ស្ដ្រី យុវជន និង​សាសនា​រួមទាំង​តំណាង​សារព័ត៌មាន សាកល​វិទ្យាល័យ អង្គការ​សង្គម​ស៊ីវិល រួមទាំង​ពាណិជ្ជករ​។

UPF គឺជា​បណ្តាញ​បុគ្គល និង​អង្គការ​អន្តរជាតិ និង​អន្តរសាសនា​ដែល​រួមមាន​តំណាង​សាសនា រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​។ អង្គការ​នេះ​ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​សន្តិភាព​ពិភពលោក​។ ក្នុងនាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​អ្នកពិគ្រោះ​យោបល់​ទូទៅ​ជាមួយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ​នោះ UPF គាំទ្រ​ការងារ​របស់ អសប​។ ជាពិសេស​ក្នុង​វិស័យ​កសាង​សន្តិភាព​អន្តរជំនឿ ការអប់រំ​សន្តិភាព និង​ការពង្រឹង​អាពាហ៍ពិពាហ៍​គ្រួសារ​។

ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ ទទួល​ស្គាល់​ចំពោះ​បុគ្គល​ដែល​បាន​បង្ហាញ​គោលការណ៍​ដឹកនាំ​ឆ្នើម​រួមមាន​យុត្តិធម៌ ភាពស្មោះត្រង់ គណនេយ្យភាព តម្លាភាព និង​បរិយាប័ន្ន​។ ការផ្តល់​ពានរង្វាន់​នេះ ផ្អែកលើ​គុណ​តម្លៃ​ស្នូល​ដែល​រស់នៅ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ក្នុង​ការបម្រើ​ព្រះ និង​មនុស្សជាតិ លើកកម្ពស់​ភាព​សុខដុម និង​កិច្ចសហប្រតិបត្តិការ​សម្រាប់​ជាតិ​សាសន៍ សាសនា ជាតិ វប្បធម៌ ពង្រឹង​អាពាហ៍ពិពាហ៍​ និង​ក្រុមគ្រួសារ​ដែល​ជា​សាលា​នៃ​ក្តីស្រឡាញ់ និង​បញ្ជាក់​ពី​តម្លៃ​ស្មារតី​ជា​សកល​។

យោងតាម​គេហទំព័រ​របស់ UPF សម្តេច​នរោត្តម សិរីវុឌ្ឍ អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​លោកស្រី Margaret Thatcher អតីត​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ (1979-90) ​ព្រមទាំង​បុគ្គល​ឆ្នើម​ប្រមាណ​ជាង​ ៦០ ​នាក់​ផ្សេងទៀត​ក៏​បាន​ទទួល​ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​ពី UPF នេះ​ផងដែរ​៕