ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានប្រតិកម្មខ្លាំងៗពីការចោទប្រកាន់មួយរបស់ម្ចាស់គណនីគេហទំព័រសង្គមហ្វេសប៊ុកដែលមានឈ្មោះជាជនជាតិវៀតណាមបានសរសេរចោទប្រកាន់លោកថាបានក្បត់នឹងរដ្ឋាភិបាលវៀតណាមហើយដែលបញ្ហានេះវាមានភាពចម្រូងចម្រាស និងមន្ទិលនៅក្នុងសង្គមខ្មែរយ៉ាងរុំារ៉ៃពីអ្នកនយោបាយ និងប្រជាពលរដ្ឋដែលមាននិន្នាការប្រឆាំងនឹងវៀតណាមហើយជារឿយៗបានចោទលោក ហ៊ុន សែន ថាជា «អាយ៉ងយួន»។
ក្រុមអ្នកវិភាគសង្គមនយោបាយបានចាត់ទុកថានេះជាប្រតិកម្មដោយចំហជាលើកទីមួយពីប្រធានគណបក្សប្រជាជនហើយដែលក្រុមនេះមើលឃើញថាជាយុទ្ធសាស្ត្រថ្មីមួយទៀតក្នុងការទាញប្រជាប្រិយភាពនៅមុនការបោះឆ្នោត និងជាសារមួយបញ្ជាក់ថាលោក ហ៊ុន សែន មិនមែនជាអាយ៉ងរបស់នរណាម្នាក់ដូចការដែលបានចោទប្រកាន់កន្លងមកនោះទេ។
នៅក្នុងពិធីប្រគល់រង្វាន់ដល់ម្ចាស់ជយលាភីខ្ញុំជាយុវជនគំរូស្រាប់តែមានម្ចាស់ Facebook ឈ្មោះ «Pham Duc Hien» ដែលសាធារជនសន្មតថាជនជាតិវៀតណាមបានចូលទៅ Comment នៅលើ Facebook របស់លោកនាយករដ្ឋមន្ត្រីថា៖ «លោក ហ៊ុន សែន ក្បត់វៀតណាម»។
លោកថ្លែងថា៖ «ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យ អធិបតេយ្យភាពដែលត្រូវទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទ្ឋិ។ សុំលោកបញ្ជូនសារនេះជូនមេដឹកនាំវៀតណាមផងបើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែនព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាមតែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជាខុសពីអាម៉ីអាថោងដូចលោកនេះឯង»។
លោកនាយករដ្ឋមន្ត្រីបានព្រមានខ្លាំងៗផងដែរថា៖ «លោកត្រូវដឹងថាអ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ថ្លែងថាបុគ្គលនោះគ្រាន់តែជាការបញ្ចេញយោបល់ប៉ុណ្ណោះហើយរដ្ឋាភិបាលពុំមានចំណាត់ការអ្វីនោះទេ។
លោកអះអាងថា៖ «នេះជាការបញ្ចេញយោបល់ វាមិនប៉ះពាល់ដល់សន្តិសុខជាតិ មិនប៉ះពាល់សុវត្ថិភាពបុគ្គលណាដូច្នេះសម្តេចក៏បានឆ្លើយតបទៅវិញ»។
អ្នកវិភាគសង្គមនយោបាយលោក អ៊ូ វីរៈ មើលឃើញថាបើទោះបីជាប្រតិកម្មនេះជាការរៀបចំ ឬមិនមានការរៀបចំទុកមុនក្តីតែទង្វើនេះបង្ហាញពីគោលជំហរថ្មីរបស់បក្សកាន់អំណាចដើម្បីទាក់ទាញទំនុកចិត្តពីពលរដ្ឋ ខណៈការបោះឆ្នោតខិតជិតមកដល់។
លោកថ្លែងថា៖ «ជាគោលជំហរថ្មីព្រោះយើងមិនដែលឮថាគាត់មានប្រសាសន៍បែបនេះប៉ុន្តែមួយវិញដែលគួរឱ្យចាប់អារម្មណ៍មែនទែនគឺទំនាក់ទំនងរបស់លោក ហ៊ុន សែន ជាមួយចិន បើសិនជាករណីពីដើមមកគាត់គិតថាមិនហ៊ានប៉ះពាល់ជាមួយវៀតណាមឥឡូវនេះប្រហែលជាគាត់គិតថាអាចប៉ះពាល់បាន អាចតទល់ពង្រឹងព្រំដែនហ៊ាននិយាយរឿងអន្តោប្រវេសន៍ហើយឥឡូវប្រកាសគោលជំហរជាធារណៈថ្មី »។
ទោះជាយ៉ាងណាក៏ដោយលោក វីរៈ បានពិចារណាឃើញថាលោកនាយករដ្ឋមន្ត្រីអាចងាកចេញពីវៀតណាមទៅរកចិនវិញហើយសាររបស់លោកនាយករដ្ឋមន្ត្រីជាការទាក់ទាញប្រជាប្រិយភាពដ៏ល្អ។
លោកថ្លែងថា៖ «រឿងអន្តោប្រវេសន៍អីហ្នឹងគឺជាសារមួយដែលគណបក្សប្រឆាំងធ្លាប់លើកឡើងខ្ញុំមើលថាសារនេះទាក់ទាញល្អប៉ុន្តែសំណួរសួរថាតើគេជឿគាត់អត់ព្រោះគេចោទគាត់អស់រយៈពេល ២២ ឆ្នាំហើយតែដល់ពេលគាត់ដូរជំហរសារថ្មីគេជឿគាត់អត់ហើយបើទោះបីជាលោកនាយករដ្ឋមន្ត្រីប្រកាសបែបនេះនៅតាមបណ្តាញសង្គមក្តីពលរដ្ឋមួយចំនួននៅតែមិនទាន់មានជំនឿលើគាត់នោះទេលុះត្រាមានការរៀបចំគោលនយោបាយអន្តរជាតិជាថ្មី»។
អ្នកវិភាគនយោបាយលោកស្រី ជា វណ្ណាត ថ្លែងថាលោក ហ៊ុន សែន ចង់បង្ហាញថាកម្ពុជាមិនស្ថិតនៅក្រោមឥទ្ធិពលប្រទេសណាហើយជាការទាក់ទាញសន្លឹកឆ្នោតផងដែរ។
លោកស្រីថ្លែងថា៖ «ឆ្លុះឱ្យឃើញថាប្រទេសកម្ពុជាឥឡូវជាប្រទេសឯករាជ្យមានម្ចាស់ការលើខ្លួនឯងហើយមិនក្បត់អ្នកណា មិនចំណុះឱ្យអ្នកណាទេហើយអាចយុទ្ធសាស្ត្រទាញយកសន្លឹកឆ្នោតតែប្រសិនបើរដ្ឋាភិបាលចង់បានសន្លឹកឆ្នោតដែលបានបាត់ទៅយ៉ាងច្រើនក្នុងអំឡុងបោះឆ្នោតឆ្នាំ ២០១៣ លុះណារដ្ឋាភិបាលរៀបចំរចនាសម្ព័ន្ធសេវាសាធារណៈឱ្យល្អប្រសើរជាងមុនរួមទាំងបំបាត់អំពើពុករលួយក្នុងសង្គមឱ្យបានប្រសើរទើបអាចទាញប្រជាប្រិយភាពមកវិញ»។
សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងថាការប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ជម្រុះមន្ទិលសង្ស័យរបស់សាធារណជនទេលុះត្រាតែថ្នាក់ដឹកនាំបង្ហាញសកម្មភាពជាក់ស្តែង។
លោកថ្លែងថា៖ «មហាជនគេមិនគ្រាន់តែមើលភាសា និងសម្តីទេតែត្រូវភ្ជាប់ជាមួយសកម្មភាពដែរទៅខ្វះអីមនុស្សជាច្រើននិយាយល្អតែធ្វើសកម្មភាពអាក្រក់ ខ្លះនិយាយឆ្វេងធ្វើស្តាំ ហើយបើមេដឹកនាំយើងធ្វើកិច្ចការដើម្បីផលប្រយោជន៍ជាតិចឹងប្រសិនបើពលរដ្ឋខ្មែរណានិយាយទាក់ទងនឹងរឿងព្រំដែនមិនត្រូវយកអ្នកនោះទៅដាក់គុកទេត្រូវតែឱ្យតម្លៃជារង្វាន់វិញប្រសើរជាង»។
ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាត្រូវបានអ្នកការទូតអន្តរជាតិមួយចំនួនរិះគន់ថាហាក់បានបង្ហាញទំនោរទៅរកចិនយ៉ាងខ្លាំងដោយសារបញ្ហាសមុទ្រចិនខាងត្បូងខណៈប្រទេសចិន និងវៀតណាមជាភាគីជម្លោះក្នុងការទាមទារដែនសមុទ្រដ៏ធំល្វឹងល្វើយ៕