ភ្នំពេញៈ កាលពីម្សិលមិញនៅក្នុងឱកាសបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារឱ្យមានការពន្យល់ឲ្យបានច្បាស់ ចំពោះការលើកឡើងដែលថាគ្រាប់មីននៅក្នុងប្រទេសកម្ពុជាស្អុយអស់ហើយ។
នៅក្នុងសន្និបាតរយៈពេល ២ ថ្ងៃនោះលោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ភ្ញៀវអន្តរជាតិដែលចូលរួមដែលមានដូចជាអគ្គរាជទូត និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានាដែលធ្វើការក្នុងការផ្តល់ជំនួយបច្ចេកទេសដោះមីន និងជំនួយហិរញ្ញវត្ថុដោយលោកនាយករដ្ឋមន្ត្រីបានស្វែងរកឲ្យមានការពន្យល់ឲ្យបានច្បាស់លាស់ចំពោះការលើកឡើងថា គ្រាប់មីននៅកម្ពុជាស្អុយអស់ហើយនោះ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំគ្រាន់តែបានមើលសារព័ត៌មានមុនដែលខ្ញុំចេញមកប៉ុណ្ណោះ ថាមានប្រតិកម្មពីអគ្គនាយកស៊ីម៉ាក់ជាមួយការលើកឡើងថា គ្រាប់មីននៅកម្ពុជាវាស្អុយអស់ហើយ»។
លោកលើកឡើងថាផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការដោះស្រាយជាមួយនឹងគ្រាប់មីននេះ។
លោកថា៖ «ប្រទេសកម្ពុជាប្រសិនបើយើងមិនបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនច្បាស់លាស់ទេ ប្រាកដជាការមើលស្រាល ឬមិនអើពើចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់យើងនេះជាហេតុផលទី ១»។
លោក ហ៊ុន សែន បន្ថែមទៀតថា៖ «ការកែច្នៃគ្រាប់មីនដែលកែច្នៃមានដាក់ឈើចូលទៅជាមួយឈើវាអាចពុក ប៉ុន្តែជាតិផ្ទុះវាមិនពុកទេ។ ត្រូវបកស្រាយបញ្ហានេះឡើងវិញ ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយនៅក្នុងចំណោមប្រជាជនកម្ពុជា។ សព្វថ្ងៃនេះយើងបង្ការខ្លាំងណាស់ដើម្បីឲ្យពលរដ្ឋកម្ពុជា កុមារកម្ពុជាសូម្បីតែរើសគ្រាប់ដែលមានការសង្ស័យក៏មិនឲ្យប៉ះពាល់ផង។ តំបន់ដែលមានមីន យើងទៅដោតសញ្ញាមិនហ៊ានឲ្យប្រជាជនចូលទៅកាន់ទីនោះទេ យើងត្រូវតែរារាំងដើម្បីឲ្យកន្លែងនោះដោះមីនរួចហើយទើបយើងចែកដីឲ្យគាត់។
លោកថ្លែងថា៖ «បើនៅតែមានការបកស្រាយបែបនេះខ្ញុំក៏សូមអញ្ជើញអ្នកបកស្រាយទាំងនោះរួមគ្នាជាមួយអ្នកដែលគាំទ្រការបកស្រាយដែលថា គ្រាប់មីនស្អុយសូមធ្វើដំណើរចូលទៅកន្លែងមីនសាកល្បងខ្លួនឯងទៅការបកស្រាយបែបនេះនឹងធ្វើឱ្យប្រជាជនកម្ពុជាបាត់បង់ការប្រុងប្រយ័ត្ន ក្នុងពេលដែលយើងកំពុងឃោសនាដាក់នូវវិធានការទាំងឡាយពាក់ព័ន្ធនឹងបម្រាមដាក់ជារូប ដាក់ជាសញ្ញា បញ្ជាក់ថាតំបន់សង្ស័យថា មានមីន»។
លោក លី ធុច អនុប្រធានទី ១ របស់ស៊ីម៉ាក់កំពុងដឹកនាំក្រុមការងារដោះស្រាយលើបញ្ហានេះ។
លោក លី ធុច បានឲ្យដឹងថា៖ «ព័ត៌មានក្នុងស្រុកដែលបានចេញផ្សាយព័ត៌មានមិនច្បាស់លាស់។ អ្នកដែលនិយាយនោះគឺមិនមែនមានន័យចំពោះមីនជាទូទៅទេ។ ឥឡូវខ្ញុំកំពុងស៊ើបអង្កេតលើករណីនេះថាតើអ្នកណានិយាយៗនៅម៉ោងប៉ុន្មាន និងនិយាយនៅកន្លែងណា។ វាជាប្រភេទនៃក្រុមការងារបច្ចេកទេសដែលនិយាយអំពីបរិបទការងារគ្រាប់មីន»។
លោកបានថ្លែងថា៖ «ខ្ញុំមិនដឹងថា តើអ្វីជាគោលបំណងរបស់ពួកគេទេ។ ហើយឥឡូវនេះខ្ញុំកំពុងរៀបចំក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗ។ អ្នកដែលនិយាយនោះមិនមែនសំដៅទៅលើគ្រាប់មីនជាទូទៅទេ។ ព័ត៌មានលេចឮនេះគឺទើបតែ ២ ថ្ងៃប៉ុណ្ណោះ។ វាប៉ះពាល់ដល់ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន។ យើងព្យាយាមនិយាយថា មីនគ្រប់ប្រភេទអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងបាន យើងត្រូវបំផ្លាញវាដោយអ្នកជំនាញ។ ខ្ញុំបានឱ្យក្រុមការងារកត់ត្រា និងស៊ើបអង្កេតលើករណីនេះ»៕ NS