The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន ទៅ​ចូលរួម​ធ្វើ​ជា​សហប្រធាន​ពិព័រណ៍​ ចិន-អាស៊ាន

លោក​ ហ៊ុន សែន ទៅ​ចូលរួម​ធ្វើ​ជា​សហប្រធាន​ពិព័រណ៍​ ចិន-អាស៊ាន

Content image - Phnom Penh Post
លោក​ ហ៊ុន សែន និង​មន្ត្រី​អមដំណើរ​ពេល​មក​ដល់​ប្រទេស​ចិន​ពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក SPM

លោក​ ហ៊ុន សែន ទៅ​ចូលរួម​ធ្វើ​ជា​សហប្រធាន​ពិព័រណ៍​ ចិន-អាស៊ាន

ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្រោយពី​រៀបចំ​រដ្ឋាភិបាល​អាណត្តិ​ទី​ ៦ ​ថ្មី​នេះ​រួច​ហើយ​ ៤ ​ថ្ងៃ​ពី​ម្សិលមិញ​បាន​ចាកចេញ​ទៅ​ចូលរួម​ការបើក​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​ ១៥ នា​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន និង​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​នា​ថ្ងៃទី​ ១២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ដែល​មន្ត្រី​ជាន់ខ្ពស់​លើក​ឡើង​ថា​ជា​ការ​អញ្ជើញ​កម្ពុជា​ពេញមុខ​ពេញមាត់​ក្នុង​នាម​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​។

មន្ត្រី​នាំពាក្យ​បក្ស​កាន់​អំណាច​លោក​ សុខ ឥសាន ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ ម្សិលមិញ​ថា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិព័រណ៍​ចិន​ជាមួយ​អាស៊ាន​នេះ​គឺ​អញ្ជើញ​ទៅ​ក្នុង​នាម​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ពិព័រណ៍​ផលិតផល​អាស៊ាន​ជាមួយ​ចិន​ដែល​ធ្វើការ​តាំងពិព័រណ៍​នេះ​គឺ​សារៈសំខាន់​ដើម្បី​បើក​ទីផ្សារ​ពាណិជ្ជកម្ម​។

លោក​ ឥសាន ថ្លែង​ថា​៖​ «​អ៊ីចឹង​វា​មាន​អត្ថន័យ​ និង​បើក​ទីផ្សារ​ដើម្បី​នឹង​ធ្វើ​ម៉េច ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ខ្លាំងក្លា​»​។

បើ​តាម​លោក ​ឥសាន ក្រោយពី​បញ្ចប់​ការធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ពិព័រណ៍​អាស៊ាន​ជាមួយ​ចិន​លោក​ ហ៊ុន សែន នឹង​បន្ត​ទៅ​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​នា​ថ្ងៃទី​ ១២-១៣ ខែ​កញ្ញា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

អ្នក​វិភាគ​នយោបាយ​លោក​ ឯម សុណ្ណារ៉ា លើក​ឡើង​ដែរ​ថា​ការចូលរួម​បើក​ពិព័រណ៍​អាស៊ាន​ជាមួយ​ចិន​គឺ​កម្ពុជា​ទទួល​បាន​ទំនាក់ទំនង​ល្អ​ហើយ ប៉ុន្តែ​សម្រាប់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​កម្ពុជា​ស្ថិត​ក្នុង​ភាព​មួយ​មិន​ទាន់​រឹងមាំ​ល្អ​ទេ​នៅក្នុង​សហគមន៍​អាស៊ាន​ដោយសារ​ប្រទេស​ខ្លះ​មាន​ជម្លោះ​ជាមួយ​ចិន​ក្នុង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ដូចជា ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ប្រ៊ុយណេ​។

លោក​ សុណ្ណារ៉ា ថ្លែង​ថា​៖ «​អ៊ីចឹង​បើ​កម្ពុជា​ធ្វើ​ជា​សហប្រធាន​ក្នុង​ការ​ប្រជុំ​បើក​សម្ពោធ​ពិព័រណ៍​ចិន-អាស៊ាន វា​ជា​កិច្ចការ​មួយ​ជំរុញ​ឲ្យ​អាស៊ាន​មាន​ទំនាក់ទំនង​នឹង​ចិន​កាន់​តែ​ស្និទ្ធស្នាល ហើយ​នៅក្នុង​ក្របខ័ណ្ឌ​ដែល​កម្ពុជា​ជា​អ្នក​ដឹកនាំ​ ឬ​រុញច្រាន​ជួយ​ជ្រោមជ្រែង​ទំនាក់ទំនង​អាស៊ាន-ចិន​ហ្នឹង​កាន់តែ​ប្រសើរ​ឡើង​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​កម្ពុជា​អាច​បាន​ប្រយោជន៍​ច្រើន​ពី​ទំនាក់ទំនង​កម្ពុជា និង​ចិន ហើយ​កម្ពុជា​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ជាមួយ​នឹង​ចិន​។ ក៏ប៉ុន្តែ​អ្វី​ដែល​កត្តា​បារម្ភ តើ​យើង​យក​ទំនាក់ទំនង​ហ្នឹង​យើង​អាច​រក្សា​ផលប្រយោជន៍​ជាតិ​យើង​បាន​កម្រិត​ណា នោះ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​កម្ពុជា​ទេ​»​។

ដោយ​សំដៅ​លើ​វត្តមាន​ជនជាតិ​ចិន​មក​ច្រើន​នៅ​កម្ពុជា លោក​ សុណ្ណារ៉ា ក៏​បាន​បន្ថែម​ថា​វា​អាច​មាន​ផលប៉ះពាល់​ខ្លះ បើ​ទោះបី​ជា​ចិន​មក​វិនិយោគ​ច្រើន​ក៏ដោយ ព្រោះ​ថា​កម្ពុជា​នៅ​ខ្វះចន្លោះ​នូវ​ការគ្រប់គ្រង​ចិន​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ប៉ះពាល់​ការវិនិយោគ ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ប៉ះពាល់​សន្តិសុខ និង​ប្រពៃណី​ទំនៀមទម្លាប់ និង​ការខ្វះ​ចន្លោះ​នូវ​ការត្រួតពិនិត្យ​កម្លាំង​ពលកម្ម​ចិន​ដែល​ចូល​មក​ធ្វើការ​នៅ​កម្ពុជា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចេញ​ពី​ម្សិលមិញ បញ្ជាក់​ថា​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​នេះ​នឹង​ជា​ឱកាស​ដ៏ល្អ​មួយ​ទៀត​សម្រាប់​មេដឹកនាំ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​សាជីវកម្ម​ធំៗ ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព​ និង​បញ្ហា​ប្រឈម​ដែល​បណ្តាល​មកពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤ ដល់​រដ្ឋាភិបាល​អាស៊ាន និង​អង្គភាព​ពាណិជ្ជកម្ម​នានា ព្រមទាំង​រិះរក​មធ្យោបាយ​ដើម្បី​ប្រើប្រាស់​នវានុវត្តន៍​ និង​ការ​សហការ​រវាង​រដ្ឋ​និង​ឯកជន​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំងនោះ​។

ក្រៅពី​កិច្ចប្រជុំ​នេះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ជួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក​ រ៉ា នីល វីកក្រេមមេ ស៊ឹង នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស្រីលង្កា លោក​ ង្វៀន សួនហ្វ៊ុក នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម​លោក​ ថោងលួន ស៊ិស៊ូលីត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ ឡាវ លោក តារ៉ូ កូណូ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ទទួល​ការជួប​សម្តែង​ការគួរសម​ពី​សាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​៕

អត្ថបទគួរចាប់អារម្មណ៍