លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ភរិយា កាល​ពី​ថ្ងៃទី ​០៣ ខែ​ តុលា ឆ្នាំ ២០២០ បាន​ផ្ញើ​សា​រ​ជូន​ពរប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ លោក ត្រាំ (Donald J. Trump) និង​ភរិយារបស់​គាត់​ លោក​ស្រី មីឡេន​នៀ ត្រាំ (Melania Trump) ឲ្យ​​ឆាប់​​​បាន​ជាសះ​ស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ពេល​ឆាប់ៗ​។

នៅក្នុង​សារ​លិខិត​​ជា​ភាសា​អង់គ្លេស លោក​នាយក​រដ្ឋ​មន្ត្រីបាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​និង​ភរិយា​ខ្ញុំ មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ទទួល​ដំណឹង​ថា ឯក​ឧត្តម ព្រម​ទាំង​លោក​ជំទាវ បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​ខណៈ​ពេល​ដែល​សហ​រដ្ឋអាមេរិក និង​ពិភព​លោក​ទាំង​មូល ​កំពុ​ង​ប្រយុទ្ឋ​ប្រឆាំង​នឹង​ជំងឺ​ថ្មី​នេះ​ ហើយ​ដែល​កំពុង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ​ទៅ​ដល់​សេដ្ឋ​កិច្ច ​និង​ជីវភាព​ប្រជាជន របស់​សហរដ្ឋ​អា​មេរិក​។ ខ្ញុំ​និង​ភរិយា​ខ្ញុំ សូម​ជូន​ពរ​ដល់ ឯក​ឧត្តម និង​លោក​ជំទាវ ឆាប់​បាន​ជាសះ​ស្បើយ​ឡើង​វិញ​ និង​មាន​សុខភាព​ល្អ​បរិបូរ​ណ៌។ ខ្ញុំ​សូម​ឯក​ឧត្តម​​ទទួល​នូវ​ការ​គោរព​រាប់​អាន​ដ៏ខ្ពង់​ខ្ពស់​ពីខ្ញុំ»​។

យោង​តាម​សំណេរ​របស់​លោក​​វេជ្ជ​បណ្ឌិត ស៊ាន ខនលី (Sean Conley) ដែល​ជា​គ្រូពេទ្យ​ផ្ទាល់​របស់​លោក​ប្រធាន​ធិប​តី ដូណាល់ ​ត្រាំ ដែល​ត្រូវ​បាន​ទីភ្នាក់​ងារ​សារព័ត៌​មាន CNN ​យកមក​ចុះផ្សាយ​ កាល​ពី​ថ្ងៃទី​ ០២ ខែ​ តុលា ឆ្នាំ ២០២០ លោក​ត្រាំ​ និង​ភរិយា​ ​បាន​ទទួល​ការ​បញ្ជាក់​ពី​ការ​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​នៅល្ងាច​ថ្ងៃ​​ទី​ ១ ​ខែ​តុលា។

​ក្នុង​កំឡុង​ពេល​នោះ លោក​ត្រាំ​និង​ភរិយា​ ​ក៏បាន​ប្រកាស​ពី​គម្រោង​ដាក់​ខ្លួន​ឯង​ឲ្យ​​នៅដាច់​ពីគេ​ផង​ដែរ បន្ទាប់​ពី​ជំនួយ​ការ​ម្នាក់​ក្នុង​ចំណោម​ជំនួយ​ការ​ជិត​បំផុត​របស់​គាត់​គឺ​លោក​ Hope Hicks បាន​ធ្វើ​តេស្តវិជ្ជមាន​ ចំពោះ​ការ​ឆ្លង​មេរោគ​កូវីដ​ ១៩ ។

លោក Conley បាន​សរសេរ​ថា​៖«លោក​ប្រធានា​ធិប​តី​និង​លោក​ជំទាវ​ទីមួយ​ គឺមាន​សុខ​ភាពល្អ​នៅពេល​នេះ​ ហើយ​ពួក​គាត់​​គ្រោង​នឹង​ស្នាក់​នៅ​ក្នុង​ផ្ទះនៅ​សេត​វិមាន​​»។

ក្នុង​សំណេរ​ដដែ​ល​នោះ លោក Conley បាន​បញ្ជាក់​ថា៖ «ក្រុម​គ្រូពេទ្យ​នៅសេ​ត​វិមាន ​ហើយ​នឹង​ខ្ញុំ​ នឹង​ធ្វើការ​ពិនិត្យ​ព្យា​បាល​យ៉ាង​ប្រុង​ប្រយ័​ត្ន​បំផុត ហើយ​ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​ការ​គាំទ្រ ​ដែល​ផ្តល់​ដោយ​អ្នក​ជំនាញ​និង​ស្ថា​ប័ន​វេជ្ជ​សាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​របស់​ប្រទេស​យើង​»។

ជាមួយ​គ្នា​នេះ លោក Conley បាន​ធានា​អះអាង​ទៀត​ថា៖​ «ខ្ញុំ​រំពឹង​ថា ​លោក​ប្រធា​នាធិប​តី​នឹង​បន្ត​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ដោយ​គ្មាន​ការ​រំខាន ​នៅ​​ពេល​​គាត់​ជាសះ​ស្បើយ​ឡើង​វិញ​ ហើយខ្ញុំ​នឹងផ្តល់​​ឲ្យ​អ្នកនូវ​ការ​​ធ្វើ​បច្ចុប្បន្ន​ភាព​លើការ​អភិវឌ្ឍ​បន្ថែម​ទៀត​»​។

សូម​បញ្ជាក់​ថា បច្ចុ​ប្បន្ន ជំងឺ​កូវីដ ​១៩ បាន​សម្លាប់​ប្រជា​ពលរដ្ឋ អាមេរិក​ជាង ២០ ម៉ឺន​នាក់ និង មនុស្ស​ជាង​ ១ លាន​នាក់​ទៀត នៅ​ទូទាំង​ពិភព​លោក​៕