
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៤ ខែ មីនា ឆ្នាំ ២០២១។ រូបថត FN
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៤ ខែ មីនា ឆ្នាំ ២០២១ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) រួចហើយនៅមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីលោក ហ៊ុន សែន និងភរិយា ចាក់វ៉ាក់សាំងហើយ មន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលក៏បានចាក់ជាបន្តបន្ទាប់ដែរ រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភរិយា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្រ្តីជាច្រើនរូបទៀត។
វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន ៣២៤ ០០០ ដូស កាលពីរាត្រីថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៣១ នាក់ ដោយក្នុងនោះ អ្នកដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២៨ នាក់។ ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២៨ នាក់នោះ មានជនជាតិខ្មែរចំនួន ១០ នាក់ ជនជាតិចិន ១៧ នាក់ និងជនជាតិវៀតណាមចំនួន ០១ នាក់។
រហូតមកដល់ពេលនេះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍លើកទី៣ នេះ កើនឡើងរហូតដល់ ៤០២ នាក់។
គិតត្រឹមថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៩០៩ នាក់ មានអ្នកជាសះស្បើយចំនួន ៤៨៤ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤២៥ នាក់៕
វីដេអូ៖