ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប​ផ្សេងទៀត​រាប់​ចាប់តាំងពី​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​នានា​បាននាំ​គ្នា​បរិច្ចាគ​ប្រាក់ខែ​ទៅ​ឱ្យ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ដើម្បី​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នេះ​។

លោក​ ហ៊ុន សែន ដែល​ទទួល​បាន​ប្រាក់ខែ​ក្នុង​ ១ ​ខែ​ចំនួន ១០ ​លាន​រៀល​ បានប្រកាស​នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​ ១ ​ខែ​មេសា ​ថា ដោយសារ​ស្ថានភាព​នៃ​ការវិវត្ត​ជំងឺឆ្លង​កូវីដ​១៩​នៅក្នុង​ប្រទេស​ កម្ពុជា​ ដែល​មិនទាន់​មានការ​ថមថយ លោក​មាន​សមានចិត្ត​បរិច្ចាគ​ប្រាក់ខែ​ចំនួន ៧ ​ខែ​ ដោយ​ចាប់ផ្ដើម​ពី​ខែ​មីនា​ដល់​ខែកញ្ញា ដើម្បី​ប្រគល់ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

ចំណែក​រដ្ឋមន្ត្រី​មួយចំនួន​ទៀត​ដែល​មាន​ប្រាក់ខែ​ជាង ៤ ​លាន​រៀល​ ក៏​បាន​ប្រកាស​បរិច្ចាគ​ប្រាក់ខែ​ចំនួន​ ៧ ​ខែ​ផងដែរ ដូចជា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និង​លោក វង្ស ពិសេន​អគ្គមេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ​។

ក្រៅពីនោះ​រដ្ឋមន្ត្រី​មួយចំនួន​ទៀត​ខ្លះ​ប្រកាស​បរិច្ចាគ​ប្រាក់ខែ ៦ ​ខែ ៥ ​ខែ និង​ ៤ ​ខែ ខណៈ​ដែល​ក្រសួងបរិស្ថាន​ក៏​បាន​ប្រកាស​ថា មន្ត្រី​ក្នុង​ក្រសួង​នេះ​ចំនួន ៣៦ ​នាក់​ បាន​សម្រេច​បរិច្ចាគ​ប្រាក់​ចាប់ពី​ ១ ​ខែ​ទៅ​ដល់​ ៦ ​ខែ​។

លោក ទៀ បាញ់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ការប្រកាស​បរិច្ចាគ​ប្រាក់ខែ​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនេះ​គឺ​ដើម្បី​ប្រមូល​កម្លាំង​សាមគ្គី​គ្នា ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩​។ លោក​បាន​បន្តថា គ្មាន​នរណាម្នាក់​អាច​ដឹង​ជាមុន​អំពី​ស្ថានភាព​វិវត្តន៍​នៃ​ជំងឺ​កូវីដ​-១៩​ ឡើយ​ដូច្នេះ​ត្រូវ​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការប្រុងប្រយ័ត្ន​ជាមុន​ហើយ​ត្រូវ​រក​គ្រប់​វិធីសាស្ដ្រ​ទាំងអស់ រួមទាំង​ការអនុវត្តតាម​ការណែនាំ​ផ្សេងៗ​ដោយ​ក្រសួងសុខាភិបាល​ដើម្បី​រារាំង​ជំងឺ​លាក់​មុខ​មួយ​នេះ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ពិភពលោក​កំពុង​ផ្ទុះ​ជំងឺ​នេះ​ខ្លាំង​យើង​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ យើង​ត្រូវធ្វើ​គ្រប់​វិធី​គ្រប់បែប​យ៉ាង​ទាំងអស់ ដើម្បី​រារាំង​ និង​ទប់ស្កាត់​វា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដូចជា​ការផ្សព្វផ្សាយ​នៅ​គ្រប់ទិសទី ដើម្បី​នាំគ្នា​ធ្វើ​អនាម័យ​ និង​បង្ការ​ហើយ​អ្នក​ទើប​ធ្វើ​ដំណើរ​មកពី​ចម្ងាយ​ត្រូវ​នៅ​ដោយឡែក​ជាដើម​»​។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រូបនេះ​បន្ត​ថា ចំពោះ​កងទ័ព​ទាំងអស់​បាន​ត្រៀម​រួចជាស្រេច ដើម្បី​ចេញ​ធ្វើ​អន្តរាគមន៍​នៅពេល​ណា​មាន​ការស្នើសុំ​ពី​ខាង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​។

លោក​បញ្ជាក់ទៀត​ថា កងទ័ព​នឹង​អាច​ចេញ​អន្តរាគមន៍ ប្រសិនបើ​ការឆ្លង​រាលដាល​កើតឡើង​ដូចជា​ការជួយ​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​ការជួយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​អាច​ធ្វើ​ដំណើរ​មកពី​ក្រៅប្រទេស​ជាដើម ប៉ុន្តែ​លោក​ថា មិនមែន​ចេញ​ប្រតិបត្តិការ​ភ្លាមៗ​នោះទេ​។ លោក​ថា​៖ «​យើង​ត្រៀមទុក​ដើម្បី​មាន​បញ្ហា​អី ហើយ​ខាង​គណៈកម្មការ​ប្រឆាំង​ជំងឺ​​កូវីដ គេ​បាន​បញ្ជា​មក​»​។

កាលពី​ខែ​មីនា​លោក ហ៊ុន សែន បានប្រកាស​ថា រដ្ឋ​ត្រូវ​ត្រៀម​ថវិកា​សម្រាប់​ជួយ​ពលរដ្ឋ​ក្នុងករណី​ចាំបាច់​នៃ​ការឆ្លង​រាលដាល​កូវីដ​១៩ ដោយ​លោក​បានសម្រេច​កាត់បន្ថយ​ការចំណាយ​របស់​ក្រសួង​ស្ថាប័ន​ទាំងអស់​ចំនួន​ ៥០ ​ភាគរយ​លើកលែង​តែ​ក្រសួង​ការពារជាតិ ក្រសួងពាណិជ្ជកម្ម និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​កាត់បន្ថយ ២៥ ​ភាគរយ​។

ទោះជា​យ៉ាងណា​លោក ហ៊ុន សែន បញ្ជាក់​ថា​ ចំពោះ​ប្រាក់ខែ​របស់​មន្ត្រីរាជការ​ ឬ​ប្រាក់​សម្រាប់​ឧបត្ថម្ភ​មន្ត្រីរាជការ​ក្នុង​ពិធីបុណ្យទាន​នឹង​មិន​ត្រូវ​កាត់​នោះទេ​។ លោក​បញ្ជាក់ថា ការ​សន្សំ​ថវិកា​ទាំងនេះ​គឺ​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល​ និង​មួយចំនួន​ទៀត​ទុក​សម្រាប់​ឧបត្ថម្ភ​ទៅដល់​ប្រជាជន​នៅតាម​សហគមន៍ ដែល​អាច​រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩៕