ភ្នំពេញៈ ​ក្រៅពី​អំពាវនាវ​សូម​កុំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​យក​ខ្មែរ​គ្នា​ឯង​ធ្វើ​ជា​សត្រូវ​របស់​ខ្លួន លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​បាន​ចាត់ទុក​ឆ្នាំ​ចាស់​ដែល​ជិត​កន្លង​ផុត​ទៅ​នេះ​ជា​ឆ្នាំ​ដែល​មាន​ការឈឺចាប់ ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់​ទុក​ឆ្នាំ​ចាស់​ថា​ជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​បាន​បញ្ចេញ​សារលិខិត​មួយ​ច្បាប់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ដោយ​លោក​បាន​ចាត់​ទុក​ឆ្នាំ​ចាស់​ដែល​ជិត​កន្លង​ផុត​ទៅ​នេះ​ថា​ជា​ឆ្នាំ​ដែល​មាន​ភាព​តានតឹង​ក្នុង​ឆាកនយោបាយ​ខ្មែរ​ដែល​ដោយសារ​តែ​មាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​នូវ​ «​គុណធម៌​» ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការឈឺចាប់​ទាំង​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​។

នៅក្នុង​លិខិត​ចំនួន​ ២ ​ទំព័រ​ដែល​មាន​ប្រើ​ស្លាក​សញ្ញា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចុះ​ថ្ងៃទី​ ១២ ​ខែ​មេសា ហើយ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​លោក សុខា បាន​សរសេរ​ថា​ដោយ​ក្តី​នឹករឭក​បំផុត «​ខ្ញុំព្រះករុណា ខ្ញុំបាទ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​» សង្ឃឹម​ថា​សារលិខិត​មួយ​នេះ​អាច​ជំនួស​បាន​នូវ​ការ​ជូនពរ​ដោយផ្ទាល់​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។

លោក​បន្ត​ថា​នៅ​ថ្ងៃទី ១៤ ខែ​មេសា ឆ្នាំ​ចាស់ ឆ្នាំរកា​នឹង​ត្រូវ​បញ្ចប់​ហើយ​ឆ្នាំ​ថ្មី ឆ្នាំច​នឹង​ចូល​មក​ជំនួស​។ «​ឆ្នាំ​ចាស់​បាន​កន្លង​ផុត​ទៅ​ដោយ​ភាពតានតឹង​ក្នុង​ឆាក​នយោបាយ​ខ្មែរ​។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​នៅក្នុង​ឆ្នាំ​ចាស់​នេះ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​គុណធម៌​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ខ្មែរ​មាន​ការ​ឈឺចាប់ ទាំង​ប្រជាពលរដ្ឋ​ និង​អ្នក​នយោបាយ​។ ការឈឺចាប់​នេះ​ហើយ​បាន​ធ្វើឲ្យ​ខ្វះ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​ដោយសារ​តែ​គ្មាន​ការអត់ឱន​ និង​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​»​។

លិខិត​ដដែល​បន្ត​ថា​៖ «​ខ្ញុំ​យល់​ថា​ខ្មែរ​គួរ​នាំ​គ្នា​បែរ​មក​លើក​កម្ពស់​គុណធម៌ និង​ការគោរព​សិទ្ធិមនុស្ស​វិញ ទើប​អាច​កាត់បន្ថយ​នូវ​សេចក្តី​ទុក្ខ និង​វិនាសកម្ម​បាន​។ ការមិន​ទទួល​ស្គាល់ ឬ​មិន​យល់​ការពិត​ដោយ​យក​មិត្ត​ធ្វើ​ជា​សត្រូវ យក​សត្រូវ​ធ្វើ​ជា​មិត្ត ឬ​យក​ខ្មែរ​គ្នា​ឯង​ធ្វើជា​សត្រូវ គឺជា​អវិជ្ជា​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ទុក្ខ​ជា​ដរាប​រៀង​មក​»​។

លោក​ កឹម សុខា បន្ត​ទៀត​ថា​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ផ្តល់​នូវ​មេត្តាធម៌​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ពង្រឹង​នូវ​គុណធម៌​ក្នុង​សង្គម​ខ្មែរ​។ ជាមួយ​គ្នា​នេះ​លោក សុខា ក៏​បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ «​ជាពិសេស​អ្នក​ដឹកនាំ​ប្រទេស​ខ្មែរ​សូម​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា និង​កុំ​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ​។ កម្ពុជា​គឺជា​របស់​យើង​ទាំងអស់​គ្នា​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ក្រុម​ណា​ឡើយ​។ សេចក្តី​សុខ និង​សន្តិភាព​ពិតប្រាកដ​អាច​កើត​មាន​ឡើង​លុះត្រាតែ​ខ្មែរ​ម្ចាស់​ស្រុក​ទាំងអស់​គ្នា​អាច​រស់នៅ​បាន​ដោយ​មាន​យុត្តិធម៌ និង​គ្មាន​ការ​ភ័យខ្លាច​...»​។

លោក កឹម សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​ ៣ ខែ​កញ្ញា ឆ្នាំ​ ២០១៧ ដោយ​រដ្ឋាភិបាល​ចោទ​លោក​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ឬ​បាន​ប្រព្រឹត្ត​អំពើ​ «​ក្បត់ជាតិ​»​។ បន្ទាប់មក​គណបក្ស​សង្គ្រោះជាតិ​ដែល​លោក​ជា​ប្រធាន​កាលនោះ​ត្រូវ​បាន​តុលាការ​រំលាយ​កាលពី​ថ្ងៃទី​ ១៦ វិច្ឆិកា ឆ្នាំ​ដដែល​។

បើ​ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​ខ្លួន​លោក​ក៏​ជាប់​ពន្ធនាគារ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨ រូប​ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ និង​ខ្លះ​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក៏ដោយ​លោក កឹម សុខា បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​បោះបង់​ចោល​នូវ​ការតស៊ូ​ទាមទារ​ការផ្លាស់ប្តូរ​ប្រកប​ដោយ​អហិង្សា​គឺ​តាម​គោលការណ៍​ «​ប្រជាធិបតេយ្យ​សេរី ពហុបក្ស និង​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។

លោក​បាន​លើក​ឡើង​ថា​ការគ្រប់គ្រង​ដោយ​ការ​បង្ខិត​គាបសង្កត់​ «​មិន​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​តាម​យើង​មួយ​ជីវិត​បាន​ឡើយ​។ ផ្ទុយ​ទៅ​វិញ​មាន​តែ​ព្រហ្ម​វិហារធម៌​នោះ​ទេ ដែល​អាច​ធ្វើឲ្យ​អ្នក​ដឹកនាំ​យក​ឈ្នះ​លើ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​រាប់លាន​នាក់ និង​រក្សា​ក្តី​ស្រឡាញ់​គោរព​ជា​និរន្តរ៍​»​។ លោក​ថា​៖ «​គ្មាន​ឡើយ​នូវ​ពាក្យ​ថា ហួសពេល​សម្រាប់​ខ្មែរ​ក្នុង​ការវិល​ត្រឡប់​មក​ផ្សះផ្សា​ជាតិ​ឡើង​វិញ​»​។

កាលពី​សប្តាហ៍​មុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​សារ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ​ដោយសារ​លិខិត​របស់​លោក​បាន​ចាត់​ទុក​ឆ្នាំ​ចាស់ ថា​ជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ប៉ុន្តែ​ក្នុង​ចំណោម​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​នោះ​គឺ​ការ​ទប់ស្កាត់​ដោយ​ជោគជ័យ​នូវ «​ឧបាយកល​បដិវត្តន៍​របស់​គណបក្ស​ប្រឆាំង​ដែល​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​»​។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា​សារ​ជូនពរ​របស់​លោកនាយក​រដ្ឋមន្ត្រី និង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​មាន​ការ​បួងសួង សុំ​សេចក្តី​សុខ​ដូចគ្នា ប៉ុន្តែ​មាន​ភាព​ផ្ទុយ​គ្នា​ខ្លះ​។

លោក​ថ្លែង​ថា​៖ «​យើង​ឃើញ​ថា​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ តែ​គណបក្ស​កាន់​អំណាច​នៅ​ប្រកាន់​ថា​ក្រុម​គណបក្ស​ប្រឆាំង​ជា​ក្រុម​ដែល​នៅ​ក្រៅ​ច្បាប់​។ ប៉ុន្តែ​ឃើញ​មាន​ការ​ថ្លែង​ថា មិន​យក​គ្នា​ធ្វើ​ជា​សត្រូវ​។ ខ្ញុំ​ចង់​ឃើញ​ពាក្យ​នោះ​ជា​ពាក្យពិត មិនមែន​ប្រជាភិថុត​ដូច​សព្វ​ថ្ងៃ​។ សព្វថ្ងៃ​ពាក្យ​នេះ​គេ​យក​មក​ប្រើ​ធ្វើ​ប្រជាភិថុត​ទេ​»​។

ទោះ​យ៉ាង​ណា​លោក​ថា​នៅ​ក្នុង​សារ​ជូនពរ​របស់​លោក ហ៊ុន សែន មិន​បាន​លើក​ឡើង​ពី​ការមិន​យក​ខ្មែរ​ណា​ជា​សត្រូវ​ទេ​។ លោក ​មាស នី បាន​ព្យាករ​ថា ភាព​តានតឹង​នឹង​កើត​មាន​ឡើង ជាពិសេស​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​លោក​ថា​ទំនង​ជា​​មិន​ទទួល​បាន​ការទទួល​ស្គាល់​ទូលំទូលាយ​ពី​អន្តរជាតិ​ទេ​។

លោក​បាន​និយាយ​ថា​៖ «​ក្នុង​ស្ថានភាព​សព្វថ្ងៃ​អ្វីៗ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​។ ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​គម្រោង ប៉ុន្តែ​វា​មិន​បាន​ផ្តល់​គុណភាព​មួយ​ដែល​មាន​ការទទួល​ស្គាល់​ពី​អន្តរជាតិ​នោះ​ទេ ហើយ​បើ​មិន​មាន​ការទទួល​ស្គាល់​ពី​អន្តរជាតិ រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ឆ្នាំ ២០១៨ នោះ​នឹង​អាច​ជួប​ប្រទះ​នូវ​វិបត្តិ ឬ​ក៏​ធ្វើ​ដំណើរ​ឡើង​ភ្នំ​យ៉ាង​លំបាក​ទៀត​ក្នុង​ពេល​ខាង​មុខ​»៕