ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា ​អគ្គស្នងការរង​នគរបាលជាតិ និង​ដែលជា​កូនប្រុស​សព​លោក ហុក ឡងឌី បានដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី ពី​បទ​ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃ​ម្សិលមិញ​ចំពោះ​អ្វីដែល​អតីត​មេបក្ស​ប្រឆាំង​រូបនេះ​បាន​ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ថា នៅ​ពី​ក្រោយ​ការស្លាប់​លោក ហុក ឡងឌី​។

ការដាក់​ពាក្យបណ្តឹង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​ពន្យុះ​លោក ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​លោក​ ឌី វិជ្ជា ម្តង​ហើយ​ម្តងទៀត​ឲ្យ​ធ្វើការ​ប្ដឹង​រូបលោក​ទៅ​តុលាការ​បារាំង​ជា​ប្រទេស​ដែល​លោក​កំពុង​រស់នៅ​។

កាលពី​ថ្ងៃទី​ ២ ខែ​មិថុនា ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បាន​សរសេរ​បែប​សន្និដ្ឋាន និង​វិភាគ​ថា​លោក​ ហ៊ុន សែន គឺជា​អ្នកបញ្ជា​ឲ្យ​មាន​ការសម្លាប់​លោក ហុក ឡងឌី តាមរយៈ​ការធ្វើឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក​ ហុក ឡងឌី ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង​កាលពី​​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០០៨ ហើយ​ថា កូនប្រុស​របស់​លោក ហុក ឡងឌី គឺ​លោក​ ឌី វិជ្ជា ដែលជា​កូនប្រសា​របស់​លោក ហ៊ុន សែន ដែរ​នោះ​កំពុង​រៀបចំ​ផែនការ​ជាមួយ​លោក ស ខេង ដើម្បី​រក​វិធី​សងសឹក​លោក​នាយក​រដ្ឋមន្ត្រី​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មេធាវី​លោក Brosselet លោក​មេធាវី Doyez និង​លោក​មេធាវី Leick ដែល​ការពារ​ក្តី​ជូន​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា បាន​ឲ្យ​ដឹងថា​ពួកគេ​បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ប្តឹង​លោក សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ​ទៅ​កាន់​តុលាការ ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នៅ​ថ្ងៃទី​ ២០ ខែ​សីហា ឆ្នាំ​ ២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា​លោក ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល សម រង្ស៊ី ចំពោះ​សារ​ដែល​បុគ្គល​ សម រង្ស៊ី ​បាន​ដាក់​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ និង​សម្តី​ដែល​លោក​ សម រង្ស៊ី បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដោយ​បាន​ធ្វើការ​ចោទប្រកាន់​យ៉ាង​ «​ឆ្កួត​លេលា និង​ធ្ងន់ធ្ងរ​» ​ដែល​ថា​លោក ហ៊ុន សែន បាន​សម្លាប់ ឬ​ជា​មេខ្លោង​ឲ្យ​គេ​សម្លាប់​លោក​ ហុក ឡងឌី​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មេធាវី​ដែល​ការពារ​ឲ្យ​លោក​នាយរដ្ឋមន្ត្រី​នេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​តាម​មនសិការ និង​បុគ្គលិក​លក្ខណៈ​ផ្ទាល់ខ្លួន និង​នយោបាយ​របស់​សម្តេច​តេជោ​ដែល​តែងតែ​អត់ឱន និង​អនុគ្រោះ សន្តោសប្រណី​ចំពោះ​ជនរួមជាតិ​របស់​សម្តេច សម្តេច​តេជោ​មិន​ចង់​ប្តឹង​បុគ្គល សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​ការចោទប្រកាន់​ខាង​លើ​នេះ​គឺ​មិន​អាច​អត់ឱន​ឲ្យ​បាន​ជា​ដាច់ខាត និង​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​សម្តេច​តេជោ​បាន​សម្រេចចិត្ត​ប្តឹង​បុគ្គល​ម្នាក់​ដែល​ជា​ជនរួមជាតិ​របស់​សម្តេច​។ តុលាការ​បារាំង​នឹង​ត្រូវ​ធ្វើការ​វិនិច្ឆ័យ​ថា​ករណី​នេះ​គឺជា​ការរំលោភបំពាន​លើ​ដែន​នៃ​សេរីភាព​បញ្ចេញមតិ​»​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយទៀត​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឌី វិជ្ជា បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​លោក​ សម រង្ស៊ី ទៅ​តុលាការ​បារាំង​ចោទប្រកាន់​ពី​បទ​ដូចគ្នា​នេះ​ផង​ដែរ​។ សេចក្តី​ប្រកាស​បញ្ជាក់ថា លោក​ សម រង្ស៊ី​ «​បាន​ចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយ​បំពាន​ និង​ដោយ​ខុសស្រឡះ​ថា ឯកឧត្តម ឌី វិជ្ជា បាន​ជឿជាក់​ថា ឪពុក​របស់​គាត់​ត្រូវ​បាន​សម្តេច តេជោ ហ៊ុន សែន សម្លាប់​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​សារ​របស់​លោក សម រង្ស៊ី ដែល​បានដាក់​ផ្សាយ​នៅក្នុង​ហ្វេសប៊ុក​របស់​ សម រង្ស៊ី ​ផ្ទាល់​ដោយ​បាន​ចោទប្រកាន់​ថា លោក ឌី វិជ្ជា មាន​ចេតនា «​សងសឹក​» ​ចំពោះ​ការសម្លាប់​ឪពុក​របស់​ខ្លួន ដោយ​រួម​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​កំពុង​កាន់តំណែង​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា​៖ «​ឯកឧត្តម ឌី វិជ្ជា មិន​អាច​ទទួល​យក​ការទម្លាក់​កំហុស​បែប​បរិហារកេរ្តិ៍​នេះ​បានទេ​។ បើតាម​ការពិនិត្យ​ទៅលើ​ពាក្យពេចន៍​ដែល​បុគ្គល សម រង្ស៊ី បាន​ប្រើ​ (​ពាក្យ​ «​សងសឹក​» និង «​ផែនការ​») គឺជា​ការ​ចោទប្រកាន់​ថា ឯកឧត្តម​ពិតជា​មាន​បំណង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ដើម្បី​សងសឹក​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ឪពុក​របស់​ខ្លួន​។ ការនិយាយ​ចោទប្រកាន់​ដោយ​បុគ្គល​ សម រង្ស៊ី នេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​កិត្តិយស​ និង​កិត្តិសព្ទ​របស់​ឯកឧត្តម ឌី វិជ្ជា តម្រូវ​ឲ្យ​ឯកឧត្តម​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​»​។

លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​ការដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​បារាំង​ជា​ជម្រើស​ល្អ​។ លោក​បន្ត​ថា​៖ «​ជា​រឿង​ល្អ​ព្រោះ​ដើម្បី​ឲ្យ​បាត់​មន្ទិលសង្ស័យ​នៅក្នុង​គំនិត​របស់​ពលរដ្ឋ​។ ទី ​២ បើ​លោក​ សម រង្ស៊ី ចេះ​តែ​បំផ្លើស គាត់​អាច​ប្ដឹង​ដូច្នេះ ហើយ​តុលាការ​បារាំង​អាច​ផ្ដល់​យុត្តិធម៌​មួយ​អាច​ជឿជាក់​បាន​ទាំង​ភាគី សម រង្ស៊ី ទាំង​ភាគី​គណបក្ស​ប្រជាជន​»​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា វា​មិន​មាន​យុត្តិធម៌​ទេ​ប្រសិន​បើ​មិនមាន​ការពិត ហើយ​បន្ទប់​តុលាការ​គឺជា​កន្លែង​ចុងក្រោយ​ក្នុង​ពិភពលោក​សម្រាប់​ដឹង​ពី​ការពិត​។ ដូច្នេះ​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា ទៅ​លើ​លោក សម រង្ស៊ី នៅ​តុលាការ​បារាំង ដែល​គេ​ស្គាល់​ថា​ជា​តុលាការ​ឯករាជ្យ និង​អព្យាក្រឹត គួរ​ជា​ព័ត៌មាន​ស្វាគមន៍​។

កាលពី​ដើម​ខែ​កក្កដា​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ស្នើ​ឲ្យ​តុលាការ​អនុវត្ត​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១ លាន​ដុល្លារ (៤ ពាន់​លាន​រៀល​) ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​លោក សម រង្ស៊ី ដូច​គ្នា​នេះ​។

លោក សម រង្ស៊ី មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​កាលពី​ដើម​ខែ​មិថុនា​លោក សម រង្ស៊ី បាន​ថ្លែង​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា លោក​រង់ចាំ​តតាំង​ជាមួយ​លោកនាយករដ្ឋមន្ត្រី​នៅ​តុលាការ​បារាំង ហើយ​លោក​អះអាង​ថា​លោក ហ៊ុន សែន កំពុង​ដើរ​លើ​នយោបាយ​ចាញ់ ចាញ់ ដោយ​ហេតុផល​តុលាការ​បារាំង​នឹង​លាតត្រដាង​ការពិត​។

លោក​ សម រង្ស៊ី បាន​និយាយ​ថា​៖ «​បើ ហ៊ុន សែន សម្រេច​ចិត្ត​ជា​ចុងក្រោយ​ថា គាត់​មិន​ប្តឹង​ពី​ខ្ញុំ​ទៅ​តុលាការ​បារាំង​ទេ ពេល​នោះ​គាត់​បង្ហាញ​ពី​ភាពកំសាក​របស់​គាត់ ហើយ​គាត់​ដូចជា​សារភាព​ថា​គាត់​ជា​ឃាតករ​មែន​ក្នុង​រឿង​ដែល​ខ្ញុំ​រៀបរាប់​ពី​ខាង​លើ​»៕