ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃលោក ប្រាយុធ ចាន-អូចា បានផ្តោះប្តូរលិខិតជាមួយគ្នាបង្ហាញពីភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ខណៈដែលព្រះរាជាណាចក្រជិតខាងទាំង ២ នេះប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ធ្នូ។
លិខិតរបស់នាយករដ្ឋមន្ត្រីទាំង ២ ត្រូវបានផ្ញើទៅវិញទៅមកកាលពីថ្ងៃទី ១៩ ធ្នូ ហើយត្រូវបានបង្ហោះនៅលើគេហទំព័រក្រសួងការបរទេសថៃ។ លិខិតរបស់លោក ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៥០។
លិខិតរបស់លោក ហ៊ុន សែន សរសេរថា៖ «ដោយឈរលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក ព្រះរាជាណាចក្ររបស់យើងទាំង ២ បានពង្រីកកិច្ចសហប្រតិបត្តិការ ដែលគ្របដណ្ដប់លើទិដ្ឋភាពនានានៃផលប្រយោជន៍រួម ដូចជាបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
លោកបន្តថា៖ «នៅក្នុងការកត់សម្គាល់នេះ ខ្ញុំសូមបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្ញុំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែងឱ្យទៅកម្រិតមួយទៀតជាពិសេសដើម្បីជម្នះវិបត្តិកូវីដ១៩ ដែលមិនធ្លាប់មាន ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព សម្រាប់ប្រជាជាតិយើងទាំង ២ សហគមន៍អាស៊ាន និងលើសពីនេះទៀត»។
ស្រដៀងគ្នានេះ លោក ប្រាយុធ ចាន-អូចា ក៏បានថ្លែងក្នុងលិខិតរបស់លោក ដោយបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង ២ មិនធ្លាប់មានភាពល្អប្រសើរដូចសព្វថ្ងៃនេះទេ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំង ២ កំពុងតែពង្រីកបន្ថែមតាមរយៈកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។
លោកបន្តថា តំបន់នៅតាមព្រំដែនរវាងប្រទេសទាំង ២ បច្ចុប្បន្ននេះកំពុងទទួលបានផ្លែផ្កាពីសន្តិភាព និងស្ថិរភាពដ៏ស្ថិតស្ថេរ។ ពាណិជ្ជកម្មឆ្លងដែនដែលកំពុងតែកើនឡើងជាលំដាប់បានផ្ដល់ការងារកាន់តែច្រើនបន្ថែមទៀត និងធ្វើឱ្យជីវភាពរីកចម្រើនសម្រាប់ប្រជាជននៃប្រទេសទាំង ២។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័សពីទំហំ ៣០០ លានដុល្លារ កាលពី ២០ ឆ្នាំមុន ដល់ជាង ៩០០ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩។
លោក ប្រាយុធ ចាន-អូចា ថ្លែងដូច្នេះថា៖ «ការវិនិយោគរបស់ថៃនៅកម្ពុជាកំពុងតែមានការកើនឡើងដែលចូលរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ខណៈពេលដែលសេដ្ឋកិច្ចថៃក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីកម្លាំងពលកម្មពីកម្ពុជា និងពីសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច»។
ប្រទេសកម្ពុជា និងប្រទេសថៃ បានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការពន្លឿនការតភ្ជាប់ទំនាក់ទំនងដែលរួមមានការកសាងស្ពានមិត្តភាពថៃ-កម្ពុជា ដែលភ្ជាប់ខេត្តស្រះកែវរបស់ថៃ និងខេត្តបន្ទាយមានជ័យ។ ការស្ដារឡើងវិញ ផ្លូវរថភ្លើងដែលតភ្ជាប់សហគមន៍ថៃ និងកម្ពជាឆាប់ៗនេះ។ នេះបើតាមលិខិតលោក ប្រាយុធ ចាន-អូចា។
លោក ប្រាយុធ ថ្លែងថា៖ «នាពេលថ្មីៗនេះ យើងបានធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរាតត្បាតសកលនៃជំងឺកូវីដ ១៩ ទៅលើសេដ្ឋកិច្ច និងសង្គមដែលនេះបានត្រួសត្រាយផ្លូវឱ្យយើងមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាងមុនក្នុងការប្រឈមមុខដោះស្រាយបញ្ហាប្រឈមថ្នាក់តំបន់ និងកម្រិតអន្តរជាតិនាពេលអនាគត»។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងថៃមានភាពរឹងមាំ និងស្ថិតស្ថេរ។ លើសពីនេះប្រជាជនរបស់យើង ពិសេសយុវជនជំនាន់ក្រោយនឹងនៅតែបន្តសហការរួមគ្នាឆ្ពោះទៅអនាគតដែលកាន់តែប្រសើរដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួម»។
កាលពីថ្ងៃទី ១៨ ធ្នូ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក៏បានបង្ហោះសាររបស់លោកក្នុងការប្រារព្ធខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតនេះដែរ ដោយលោកបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីមានទំហំ ៥ ៥៧០ លានដុល្លារ ក្នុងពេល ១០ ខែ ឆ្នាំ ២០២០ នេះបើទោះបីជាមានបញ្ហាកូវីដក្តី៕