ភ្នំពេញៈ លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា កំពុង​ភូតភរ​អំពី​ការ​កាត់​ជំនួយ​មក​កម្ពុជា​ដោយ​អះអាង​ថា កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ​មិន​មាន​ទេ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ មក​។

នៅក្នុង​ពិធី​ជួបជុំ​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​អាមេរិក​ធ្លាប់​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​មួយ​ចំនួន​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ប៉ុន្តែ​បាន​បញ្ចប់​តាំងពី​ចុង​ឆ្នាំ ២០១៦ ហើយ​លោក​បាន​ចោទ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក William Heidt ថា ភូតភរ មួលបង្កាច់ ដើម្បី​កេង​ចំណេញ​នយោបាយ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្នើ​ឲ្យ​មាន​ការ​បំភ្លឺ​ករណី​ការប្រកាស​កាត់​ជំនួយ​។

លោក​បន្ត​ថា​ «​ប៉ុន្តែ​ខ្ញុំ​ចង់​សួរ​ឯកឧតុ្តម​ឆ្លើយ​ឲ្យ​បាន​ច្បាស់​មើល​តើ​ជំនួយ​ដែល​បាន​បញ្ចប់​តាំងពី​ឆ្នាំ​ ២០១៦ ហេតុ​អី​បាន​មក​ប្រកាស​កាត់​នៅ​ឆ្នាំ ២០១៨? បាន​សេចក្តី​ថា ខ្យល់​សុទ្ធ​។ ប៉ុន្តែ​ខ្យល់​នេះ​គឺជា​កម្មវត្ថុ​នៃ​នយោបាយ​ពិតប្រាកដ​ណាស់​...»​។

លោក​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា​៖ «​នៅ​លើ​ពិភពលោក​នេះ​ទើប​តែ​មាន​ប្រទេស​អាមេរិក​ទេ ដែល​ទើប​មាន​ប្រធានាធិបតី​ដែល​គាត់​ធុញទ្រាន់​នឹង​ការ​ភូតកុហក​។ ពី​មុន​គ្រាន់​តែ​មាន​សារព័ត៌មាន​ភូតកុហក តែ​ឥឡូវ​មាន​អគ្គរដ្ឋទូត​ភូតកុហក​...​ហេតុ​អ្វី​បាន​ជា​អគ្គរដ្ឋទូត​មក​ប្រើប្រាស់​នូវ​ព័ត៌មាន​ភូតកុហក ហើយ​សរសេរ​ជា​ណូត​ទូត​មក​ទៀត ហើយ​ផ្សាយ​តាម​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​»​។

លោក​បន្ត​ថា​៖ «​អ្វី​ដែល​នៅ​ពី​ក្រោយ​ខ្នង​ពិតប្រាកដ គឺ​ការ​មួលបង្កាច់ ដើម្បី​បង្កើត​ចិត្តសាស្ត្រ ដើម្បី​សម្រាប់​ពួក​អាងាប់​ទៅ ចង់​ឲ្យ​វា​រស់​ឡើង​វិញ​។ គឺ​វា​គ្មាន​ផ្លូវ​ទេ​...​ប្រសើរ​ណាស់​ប្រសិន​បើ​អគ្គរដ្ឋទូត ឯកឧត្តម អាច​បំភ្លឺ​បន្តិច​បាន​ទេ​! យើង​ហ៊ាន​ស៊ី​ហ៊ាន​សង ហ៊ាន​និយាយ​សរសេរ​មក​ដោយ​ផ្អែក​លើ​មូលដ្ឋាន​អ្វី ហើយ​អ្នក​ឯង​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ពី​អង្កាល់​បាន​ផ្តល់​រួចហើយ និង​បាន​ទៅ​វិញ​បាត់​ហើយ​។ ​មាន​តែ​គោលដៅ​វាយប្រហារ​យើង​តែ​ប៉ុណ្ណោះ​»​។

ការលើក​ឡើង​របស់​លោក​នាយ​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​បួន​ថ្ងៃ​ក្រោយពី​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាត់ ឬ​ព្យួរ​ជំនួយ​មក​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​ជំនួយ​យោធា ការពង្រឹង​សមត្ថភាព​រដ្ឋបាល​មូលដ្ឋាន និង​អគ្គនាយកដ្ឋាន​ពន្ធដារ​។

មន្ត្រី​អាមេរិក​បាន​បដិសេធ​មិន​បញ្ជាក់​ថា​តើ កម្មវិធី​ណា​មួយ​កំពុង​ត្រូវ​បាន​កាត់ ដោយ​គ្រាន់​តែ​ថ្លែង​ថា ពួកគេ​កំពុង​តម្រង់​គោលដៅ​ទៅ​រក​ផ្នែក​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​នោះ​រួម​ទាំង​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅក្នុង​ការបង្ក្រាប​នយោបាយ​។

នៅក្នុង​លិខិត​មួយ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ពីរ​ថ្ងៃ​បន្ទាប់ពី​ការ​ប្រកាស ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt បាន​ថ្លែង​ថា​៖ «​អាមេរិក​បាន​ព្យួរ​ការគាំទ្រ​ផ្នែក​កសាង​សមត្ថភាព​ទៅ​ [​អគ្គនាយកដ្ឋាន​ពន្ធដារ​] ​និង​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​»​។

លោក គង់ វិបុល បាន​ឆ្លើយតប​នៅ​ថ្ងៃ​ដដែល​នោះ​នៅ​ក្នុង​លិខិត​សាធារណៈ​មួយ ដោយ​ក្នុង​នោះ​លោក​ថ្លែង​ថា​កម្មវិធី​ជំនួយ​ទាំងអស់​ជាមួយ​អាមេរិក​បាន​បញ្ចប់​តាំងពី​ឆ្នាំ ២០១៦ ដោយ​លោក​ចង្អុល​បញ្ជាក់​ថា​លោក William Heidt បាន​ចូលរួម​កម្មវិធី​បិទ​គម្រោង​ចុងក្រោយ​នោះ​។

លិខិត​របស់​លោក វិបុល ដែល​ចុះ​ថ្ងៃ​ទី ២ ខែ​មីនា​បាន​លើក​ឡើង​ថា​ការលើក​ឡើង​របស់​អាមេរិក សម្រេច​កាត់​ផ្តាច់​ជំនួយ​បច្ចេកទេស​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​នោះ​គឺជា​រឿង​មិន​ពិត និង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ភូតកុហក​សាធារណជន​ដោយសារ​អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​ដែល​បាន​ទទួល​ជំនួយ​បច្ចេកទេស ចាប់តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ ដោយ​បាន​ចោទ​អគ្គរដ្ឋទូត​អាមេរិក​ថា កំពុង​តែ​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​នយោបាយ និង​ក៏​បាន​ចោទ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ីសេរី​ដែល​បាន​រាយការណ៍​លើ​ព្រឹត្តិការណ៍​នៃ​ការ​កាត់​ជំនួយ​នេះ​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បន្លំ​សាធារណមតិ​។

លោក ហ៊ុន សែន បាន​ការពារ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​កាសែត The Cambodia Daily និង​វិទ្យុ​អាស៊ីសេរី ថា​ពួកគេ​មិន​បាន​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​បន្ទាប់មក​ទៀត​អាមេរិក​បាន​ប្រកាស​ផ្អាក​ជំនួយ​បោះឆ្នោត​បន្ទាប់មក​ទៀត​សេត​វិមាន​បាន​ប្រកាស​កាត់បន្ថយ ឬ​ព្យួរ​ជំនួយ​មក​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​ជំនួយ​យោធា ការពង្រឹង​សមត្ថភាព​រដ្ឋបាល​មូលដ្ឋាន និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​លោក ហ៊ុន សែន ដើម្បី​ឱ្យ​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ឡើង​វិញ​។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក វិបុល បាន​ថ្លែង​ថា​លោក​មាន​អារម្មណ៍​ថា អយុត្តិធម៌​ដែល​អាមេរិក​តម្រង់​មក​រក​អគ្គនាយកដ្ឋាន​ពន្ធដារ ចំពោះ​ការបិទ​កាសែត​ឌឹខេមបូឌាដេលី​។

លោក​ចោទ​សួរ​ថា​៖ «​តើ​ពួកគេ​អាច​កាត់​ជំនួយ​យ៉ាង​ម៉េច​ទៅ នៅពេល​មិន​មាន​ជំនួយ​? មិនមាន​ជំនួយ​ទៀត​ទេ បន្ទាប់ពី​ឆ្នាំ​ ២០១៦​។ [​តើ​វា​ជា​រឿង​នយោបាយ​ឬ​?] បាទ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ឆ្ងល់ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​សួរ​ឯកអគ្គរដ្ឋទូត​។ តើ​ជំនួយ​អ្វី​ដែល​ពួកគេ​ផ្តល់​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ បន្ទាប់ពី​ឆ្នាំ ២០១៦?»​។

លោក​បញ្ជាក់​ថា នៅពេល​ដែល​លោក​បាន​ទទួល​លិខិត​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​កាលពី​ថ្ងៃ​សុក្រ លោក​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារ​មិន​ដឹង​ថា តើ​ពួកគេ​កំពុង​សំដៅ​ទៅ​អ្វី​? លោក​បាន​លើក​ឡើង​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA)«​ជា​មូលហេតុ​ដែល​ខ្ញុំ​ធ្វើឲ្យ​ច្បាស់​នៅ​ក្នុង​សារព័ត៌មាន​ថា វា​មិន​ពិត​។ ព័ត៌មាន​ក្លែងក្លាយ​គឺ​ថា​មិន​មាន​ជំនួយ​ត្រូវ​កាត់​ទេ​... ខ្ញុំ​គ្រាន់​តែ​បំភ្លឺ​ទៅ​សាធារណជន​ថា នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​...»​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក វិបុល ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ខឹង​សហរដ្ឋអាមេរិក​ទេ ព្រោះ​ខ្ញុំ​ដឹង​គុណ​ដែល​ពួកគេ​បាន​ជួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​អតីតកាល​...​តាមរយៈ​កំណែទម្រង់​របស់​ខ្ញុំ​ [​អាមេរិក​] ​រីករាយ​ណាស់ ពួកគេ​បន្ត​រហូត​ដល់​ឆ្នាំ ២០១៦​។ ពួកគេ​រីករាយ​នឹង​កំណែទម្រង់​របស់​យើង​។ ពួកគេ​មិន​ដែល​មាន​ការ​ត្អូញត្អែរ​ណា​មួយ​ទេ​»​។

ប៉ុន្តែ​លោក​បាន​ចោទសួរ​ទៀត​ថា​៖ «[​តើ​អ្នក​គិត​ថា វា​អយុត្តិធម៌​ទេ ដែល​សំដៅ​មក​រក​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយសារ​ការបិទ​កាសែត​ឌឹខេមបូឌាដេលី​?] បាទ វា​អយុត្តិធម៌​ដោយសារ​យើង​កំពុង​ព្យាយាម​អនុវត្ត​ច្បាប់​។ យើង​គឺ​ដូច​រដ្ឋបាល​ពន្ធដារ​ដទៃៗ​ទៀត​ក្នុង​ពិភពលោក​។ យើង​កំពុង​តែ​អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន​ដែល​មិន​គោរព​តាម​ការបង់ពន្ធ​...»​។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​លោក ArendZwartjes បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​កំពុង​រង់ចាំ​ការ​ណែនាំ​ពី​ក្រសួង​ការបរទេស​អាមេរិក​ និង​រតនាគារ​អាមេរិក​ពី​មុន​ពេល​ធ្វើ​អត្ថាធិប្បាយ​។

នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សៅ​លោក ហ៊ុន សែន បាន​លើក​ឡើង​ដូច្នេះ​ថា​៖ «​តើ​គោលបំណង​ជាក់លាក់​លើ​បញ្ហា​នេះ​គឺជា​អ្វី​? ប្រហែល​ជា​ពិបាក​ឆ្លើយ​នឹង​សំណួរ​នេះ​។ ខ្ញុំ​មិន​យល់​បង្ហាញ​ការ​មិន​យល់​។ តើ​អ្នក​មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ថា​អ្នក​គឺជា​អ្នក​ផ្តល់​ជំនួយ ហើយ​អ្នក​កាត់​ជំនួយ ដោយ​អ្នក​មិន​ពេញចិត្ត​ហើយ​នៅ​ក្នុង​លិខិត​នោះ​ក៏​បាន​បញ្ជាក់​ថា ដោយសារ​តែ​អគ្គនាយដ្ឋាន​ពន្ធដារ គឺ​បាន​រួម​ចំណែក​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​»​។

ទោះ​ជា​យ៉ាង​ណា​ក្តី​លោក​បន្ថែម​ថា​លោក​នៅតែ​មាន​បំណង​រក្សា​ «​ទំនាក់ទំនង​ល្អ​» ​ជាមួយ​អាមេរិក​»៕ PS