ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកពាក់ព័ន្ធ​ជាង ១ ០០០ នាក់​ផ្សេងទៀត​ នៅក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​ បាន​ធ្វើ​តេស្ត​អវិជ្ជមាន​ជា​លើក​ទី​៣ និង​រង់ចាំ​ធ្វើតេស្ត​លើក​ទី​៤ ​ដែលជា​លើកចុងក្រោយ​ ដើម្បី​រក​ជំងឺ​កូវីដ ១៩ ខណៈ​កម្ពុជា​បាន​ប្រកាស​ផ្តល់​ម៉ាស់​ជាង​ ២ ​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​ផ្សេងទៀត​ដល់​ប្រទេស​ឡាវ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា​ ថា សំណាក​អ្នកពាក់ព័ន្ធ​ប្រមាណ​ ១ ៣០០ ​នាក់​ ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ពិនិត្យ​ធ្វើតេស្ត​រក​វីរុស​កូរ៉ូណា​ជា​លើក​ទី​៣ ​គឺ​មាន​ចំនួន ១១-៩៥ សំណាក​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។ ក្រសួង​បន្តថា ចំណែក​វត្ថុ​សំណាក​វិភាគ ១០៥ ដែល​នៅសល់​គឺ​វិទ្យាស្ថាន​ប៉ាស្ទ័រ បន្ត​ពិនិត្យ​នៅ​ថ្ងៃទី ១៥ វិច្ឆិកា បន្ត​ទៀត​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​៖ «​គិតពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ១៤ វិច្ឆិកា ឆ្នាំ ២០២០ សរុប​ចំនួន​តេស្ត​ដែល​បាន​ធ្វើ​វិភាគ​មាន​ចំនួន ៣ ៧៦២ វត្ថុ​សំណាក (​ក្នុងនោះ មាន​អ្នក​ធ្វើតេស្ត​លើក​ទី​១ ចំនួន ១ ៧៤១ ​នាក់ និង​លើក​ទី២ ចំនួន ៨២៥ ​នាក់ និង​តេស្ត​លើក​ទី​៣ ចំនួន ១ ១៩៥ ​សំណាក​) ដោយ​លទ្ធផល​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​ចំនួន​ ៤ ​នាក់ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​»​។

បើតាម​ក្រសួង​សុខាភិបាល​ចំពោះ​លទ្ធផល​ជាទូទៅ​វិញ​ត្រឹម​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា គឺ​មិនមាន​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ថ្មី​នោះទេ ហើយក៏​មិនមាន​ករណី​ជាសះស្បើយ​នោះដែរ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ១៥ វិច្ឆិកា ប្រទេស​កម្ពុជា​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុប ៣០២ ​នាក់ ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ២៨៩ ​នាក់ និង​បន្ត​សម្រាក​ព្យាបាល​ចំនួន ១៣ ​នាក់​។

លោក​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ ១៤ វិច្ឆិកា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក និង​ក្រុមគ្រួសារ​ត្រូវបាន​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​ជា​លើក​ទី​ ៣ ​ហើយ​ជា​លទ្ធផល​គឺ​អវិជ្ជមាន​កូវីដ​១៩​ទាំងអស់​។ ជាមួយនឹង​លទ្ធផល​តេស្ត​អវិជ្ជមាន​នេះ​លោក​រំពឹង​ថា ការធ្វើ​តេស្ត​ជា​លើក​ទី​ ៤ នឹង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​បន្តធ្វើ​ចត្តាឡីស័ក​រហូតដល់​ថ្ងៃទី​ ១៨ វិច្ឆិកា ដែល​នឹងត្រូវ​ធ្វើតេស្ត​លើក​ទី​៤ និង​ជា​លើក​ចុងក្រោយ​ដែល​ខ្ញុំ​សង្ឃឹមថា នឹងមាន​លទ្ធផល​អវិជ្ជមាន ទាំង​ខ្ញុំ និង​ភរិយា​ព្រមទាំង​បងប្អូន​ប្រមាណ​ជាង​ ១០០០ នាក់​ដែល​ធ្វើ​ចត្តាឡីស័ក​ក្នុង​ពេល​ជាមួយ​គ្នា​ពី​ថ្ងៃ​ទី​ ៤ វិច្ឆិកា ២០២០ ​ដែល​នឹង​ធ្វើឱ្យ​ការព្រួយបារម្ភ​អំពី​កូវីដ​ ១៩ ត្រូវបាន​កាត់បន្ថយ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ដែល​នឹង​អាច​ឈាន​ទៅ​បើក​សាលារៀន​ឡើងវិញ​សម្រាប់​ការសិក្សា​របស់​កូនចៅ​យើង​»​។

ស្របពេល​ជាមួយ​គ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ឱ្យដឹង​ដែរ​ថា កម្ពុជា បានផ្តល់​ម៉ាស់​ ២ ​លាន​ម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន​ទៀត​ដល់​ប្រទេស​ឡាវ ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធប្រឆាំង​ជាមួយ​ប្រទេស​ជា​មិត្ត​ជិតខាង​នេះ ហើយ​សង្ឃឹម​ថា ប្រទេស​ទាំង​ ២ នឹង​រួមគ្នា​ឱ្យទទួល​បាន​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​តាងនាម​នៃ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស់​ចំនួន​ ២ ​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន​ទៀត​ដូច​មាន​ក្នុង​បញ្ជី​រាយនាម​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​»​។ បើតាម​លោក ហ៊ុន សែន ម៉ាស់ និង​សម្ភារ​ផ្សេងៗ​ទៀត នឹងត្រូវ​នាំយក​ទៅ​ទីក្រុង​វៀងចន្ទន៍ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​តាម​ជើងយន្តហោះ​ពិសេស​របស់​កម្ពុជា​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា យល់​ឃើញ​ថា នេះ​គឺជា​កាយវិការ​ដ៏ល្អ​មួយ​ដែល​បង្ហាញថា កម្ពុជា​គឺជា​ប្រទេស​គំរូ​មួយ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក បើទោះ​ជា​កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នកមាន​ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «​យើង​ដឹងថា​ប្រទេស​កម្ពុជា និង​ឡាវ គឺជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​នឹង​គ្នា​ល្អ ហើយ​ជា​អ្នកជិតខាង​ល្អ​ជា​បងប្អូន​ល្អ និង​តែងតែ​ផ្តល់​ការគាំទ្រ​គ្នា ជួយ​គ្នា​ទៅវិញទៅមក​»​។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការផ្តល់​តម្លៃ​នៃ​មិត្តភាព និង​កិច្ចសហប្រត្តិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។

លោក​បន្តថា​៖ «​បើ​និយាយ​ពី​ទិដ្ឋភាព​ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​ការទូត​វិញ គឺ​កម្ពុជា​កំពុង​ដើរ​នៅក្នុង​ផ្លូវ​ដ៏ត្រឹមត្រូវ​មួយ​ដោយ​បង្ហាញ​ភាព​ជា​គំរូ​នៅក្នុង​តំបន់​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការជួប​ការលំបាក​ដូចគ្នា​។ ក្នុងការ​លំបាក​នេះ គឺ​អាច​ចែករំលែក​ជួយ​គ្នា​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​»៕

វីដេអូ៖