ភ្នំពេញៈ មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​និង​មន្ត្រី​រាជ​រដ្ឋាភិបាល​កាល​ពី​ម្សិលមិញ​បាន​ជួប​ពិភាក្សា​គ្នា​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​កិច្ច​គាំពារ​សង្គម និង​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ដែល​ជា​បញ្ហា​ការ​ចូលរួម​ពិនិត្យ​របាយការណ៍​ថ្នាក់​ជាតិ លើ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

បញ្ហា​ទាំងនោះ​មានដូចជា​ប្រសិទ្ធ​ភាព​អាចជួយ​សម្រួល​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ ជួយ​គ្រួសារ​ងាយ​រង​គ្រោះ​ឲ្យ​ទទួល​បាន​សេវា​សង្គម លើក​កម្ពស់​សុខុមាល​ភាព​ជារួម​របស់​ពួកគេ កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​និង​ការពារ​ប្រជា​ពលរដ្ឋ​ពី​ហានិភ័យ​នានា។

លោកស្រី ប៉ូ​លីន ថា​មេ​ស៊ី​ស (Pauline Tamesis) អ្នកស​ម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅ​ក្នុង​ជំនួប​ទ្វេភាគី នៅ​ក្នុង​វិមាន​សន្តិភាព​ដោយ​បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​ការងារ​ដែល​កម្ពុជា​បាន​អនុវត្ត​ក្នុង​ឆ្នាំ​កន្លង​មកលោក​ ​អ៊ាង​ ​សុផ​ល្លែត​ ​ជំនួយ​ការ​ផ្ទាល់​របស់​លោក​ ​ហ៊ុន​ សែន​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ក្រោយ​កិច្ច​ប្រជុំ​ថា​ ជំនួប​រវាង​ភ្នាក់​ងារ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ​និង​រាជ​រដ្ឋាភិ​បាល​ គឺ​មាន​ការ​ជួប​គ្នា​ជារៀងរាល់​ឆ្នាំ​ក្នុង​ ១​ ឆ្នាំ​ម្ដង​ ​ហើយ​នេះ​ជា​លើក​ទី​៥​ ហើយ​ដែ​ល​ក្រុម​ភ្នាក់​ងារ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ចូល​ជួប​ប្រជុំ​ជាមួយ​នឹង​រាជរដ្ឋាភិបាល។​

​លោក​ ​សុផ​ល្លែត​ ថ្លែង​ថា​៖ ​«ក្នុង​ជំនួប​នោះ​ លោក​ស្រី ផូ​លីន​ ​ថា​មេ​ស៊ីស​ ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន​ ថា​ អង្គ​ការ​សហ​ប្រជា​ជាតិ​ ​សូម​សម្ដែង​នូវ​ការ​អប​អរ​សាទ​រ​ ​ចំពោះ​កា​រ​ងារ​ដែល​បាន​អនុ​វត្ត​ក្នុង​ឆ្នាំ​កន្លង​មក​។​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​បាន​លើក​ឡើង​នូវ​ចំណុ​ច​ ៣​​ ​ទី​១​-​ ពាក់​ព័ន្ធ​នឹង​កិច្ច​គាំ​ពារ​សង្គម​​ ​ទី២​- ទិន្ន​ន័យ​សម្រាប់​ការ​អភិ​វឌ្ឍ​​ដោ​យចី​រ​ភាព​ ​និង​ទី៣​- បញ្ហា​ការ​ចូល​រួម​ពិនិត្យ​របាយ​ការណ៍​ថ្នាក់​ជាតិ​ លើ​ការ​អនុ​វត្ត​គោល​ដៅអ​ភិវ​ឌ្ឍ​ន៍​ ​ដោយ​ចី​រ​ភាព​ ​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក​ខាងមុខ​នេះ»។​

​លោក ​សុផ​ល្លែត ​បាន​ឲ្យ​ដឹង​ទៀត​ថា ​​ពាក់​ព័ន្ធ​លើ​បញ្ហា​កិច្ច​គាំ​ពារ​សង្គម​ ប្រព័ន្ធ​អង្គ​ការ​សហ​ប្រជា​ជា​តិ បាន​លើក​ឡើង​នូវ​​ការ​សម្រប​សម្រួល​រវាង​ស្ថាប័​ន និង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ក្នុ​ង​ការ កសាង​សមត្ថ​ភាព​ ការ​គាំ​ពារ​សង្គម​ ​និង​ហិរ​ញ្ញវ​ត្ថុ​ ​និង​ការ​ងារ​គាំ​ពារ​សង្គម​ជា​មួយ​នឹង​ការ​អនុ​វត្ត​ប្រកប​ដោយ​សម​ភាព​។​ ហើយ​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិ​រញ្ញ​វត្ថុ​ ក្រ​សួង​ការ​ងារ​ ​និង​បណ្ដុះ បណ្ដាល​វិជ្ជា​ជីវៈ​ ​ក្រសួង​សុខាភិបាល​ ​ក្រសួង​ផែន​ការ​ ក្រសួង​កិច្ច​ការ​នារី​ និង​ក្រសួង​សង្គម កិច្ច​បាន​ធ្វើការ​បកស្រាយ​ទៅ​តាម​ជំនាញ។

​លោក​ សុផ​ល្លែត​ ថ្លែង​ថា៖ ​«ជា​មួយ​នោះ​សម្ដេច​តេ​ជោ ​ក៏​បាន​ជម្រាប​ជូន​ពាក់​ព័ន្ធ​នឹង​ករ​ណី​នេះ​ ដែល​ប្រព័ន្ធ​អង្គ​កា​រ​សហ​ប្រជា​ជាតិ ​ស្នើ​ដើ​ម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បង្កើន​នូវ​ថវិ​កា​ជាតិ​ ​និង​ពង្រឹង​សមត្ថ​ភា​ព​ ​សម្រាប់​ការ​ងារ​ទិន្ន​ន័​យ​ ​សម្រាប់​ការ​អភិ​វឌ្ឍ​នេះ​។​ សម្ដេច​តេ​ជោ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​​បាន​ធ្វើ​ការ​បក​ស្រាយ​ថា ​កន្លង​មក​រាជរដ្ឋា​ភិ​បាល​កម្ពុ​ជា​បាន​ជំរុញ​ បាន​ផ្ដល់​ថវិកា​ បាន​បង្កើន​ថវិកា​ជា​តិ​ជា​ប្រចាំ​ហើយ ​ឯក​ភាព​នឹង​បង្កើន​ថវិកា​ថែម​ទៀត​ សម្រាប់​ការងារ​ទិន្ន័យ​សម្រាប់​ការ​អភិវឌ្ឍ​នេះ»។

លោក ​សុផ​ល្លែត​ ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្នាក់​ងារ​អង្គ​ការ​ស​ហ​​​ប្រ​ជា​ជា​តិ​ថា​ ​កម្ពុជា​​កាល​ពី​ដើម​ឡើយ​ ​គឺ​មាន​ភាព​ក្រី​ក្រ​រហូត​ដល់​ ១០០%​ ហើយ​ក៏​មាន​ការ​ចាប់​ផ្ដើម​ឡើង​នូវ​ការ​ផ្ដល់​នូវ​ការ​គាំពារ​សង្គម​ទៅ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​បន្ទាប់​មក​ដល់​ស្ត្រី​ដែល​ធ្វើ​ការ​នៅ​តាម​រោង​ចក្រ​។​ ​បន្ទាប់​មក​ទៀត​ដល់​ស្ត្រី​ដែ​ល​មាន​ភាពក្រី​ក្រ ហើយ​ក៏​បាន​ធ្វើ​កា​រ​មួយ​ចំនួន​ថែម​ទៀត​ផង​ រួម​ទាំង​ការកាត់​បន្ថយ​តម្លៃ​អគ្គិ​ស​នី​ ​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ការ ជីក​អណ្តូង​ទឹក​ ​ស្រះ​ទឹក​ជា​ដើម​ នោះ​សោត​សុទ្ធ​សឹង​តែ​ជា​កិច្ច​គាំពារ​សង្គម​តែម្ដង។​

​លោក​ស្រី​ ផូលីន ​ថា​មេស៊ី​ស​ ក៏បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាប់​ពី​ជំ​នួប​នេះ​ដែរ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​កំ​ពុង​ត្រៀម​រៀប​ចំ​ដើម្បី​ធ្វើបទ​បង្ហាញ​ការ​ត្រួត​ពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រ​ចិត្ត​ ដែល​ផ្ដោត​លើ​ផែន​ការ​អនុ​វត្តន៍​ និង​វឌ្ឍន​ភាព​នៃ​ការអនុវត្ត​គោល​ដៅ​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរភាព​នៅ​កម្ពុជា ​ក្នុង​សម័យ​ប្រ​ជុំ​នៃ​វេទិកានយោបាយ​កម្រិត​ខ្ពស់​ស្ដី​ពី​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរភាព​នៅ​ទី​ក្រុង​ញូវ​យ៉ក​ ក្នុង​ខែ​កក្កដា​ខាងមុខ​នេះ។​

​លោក​ស្រី​ បាន​ឲ្យ​ដឹង​ទៀត​ថា៖ ​«ដើម្បី​បោះ​ជំ​ហាន​ទៅ​មុខ​ ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក ដាក់​ខ្ពស់​ជា​អាទិភាព​រវាង​តុល្យ​ភាព​នៃ​កំណើន​សេដ្ឋ​កិច្ច​ ជាមួយ​នឹង​ ការការ​ពារ​បរិស្ថាន​ធម្មជាតិ ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​ការ​លើក​កម្ពស់​គោល​ដៅ​សង្គម​ ដើម្បី​ធានា​ថា​ប្រជាជន​ក្រី​ក្រ​ត្រូវ​បាន​ការ​ពារ​ពី​ហានិ​ភ័​យ​ និងធា​​នាថា​ វិបុល​ភាព​ត្រូវ​បាន​ចែក​រំ​លែក​ប្រ​កប​ដោយ​សមធ​ម៌​ ហើយ​ជំ​នាន់​ក្រោយ​ៗ​ទៀត​ក៏​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ពី​ការសម្រេច​ចិត្ត​ថ្ងៃ​នេះ​ អំពី​របៀប​ដែល​ធនធាន​ត្រូវ​បាន​គ្រប់គ្រង»។

លោក​ស្រី​ Pauline Tamesis បាន​អះ​អាង​បន្ថែម​ទៀត​ថា​ ក្នុង​ក្រប​ខ័ណ្ឌ​ UNDAF ថ្មី​នេះ​ អង្គការ​សហ​ប្រ​ជា​ជាតិ​នឹង​ផ្ដល់​ការ​គាំ​ទ្រ​ហិរញ្ញ​វត្ថុ ​និង​បច្ចេកទេ​ស​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ និង​អនុ​វត្ត​ផែន​ការ​គោល​នយោ​បាយ ​និង​ក្រប​ខ័ណ្ឌ​នានា​ ដើម្បី​ចាត់​អាទិ​ភាព​លើ​បញ្ហា​នានា​ដែល​មាន​ផល​ប៉ះពាល់​លើ​ក្រុម​ដែល​ងាយ​រង​គ្រោះ​ជាង​គេ៕​