ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ វៀតណាម​ ចំនួន​ ២ ​ថ្ងៃ​ពីថ្ងៃ​ទី​ ៤-៥ ​ខែ​តុលា​នេះ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ វៀតណាម​ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc)​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា​៖ «​នាយករដ្ឋមន្ត្រី​ទាំង​ ២ នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​ទៅវិញ​ទៅមក និង​ការបារម្ភ​រួមគ្នា​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ទាំង​ ២ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ទីក្រុង​ហាណូយ​លោក ហ៊ុន សែន នឹងដាក់​កម្រងផ្កា គោរព​វិញ្ញាក្ខន្ធ នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស​ និង​យុទ្ធជន​ពលី និង​នៅ​វិមាន​តម្កល់សព​លោក ហូ ជីមិញ​។

លោក ហ៊ុន សែន នឹង​ជួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម និង​លោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធាន​រដ្ឋសភា​វៀតណាម​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា នាយករដ្ឋមន្ត្រី​ទាំង​ ២ នឹងចូលរួម​ថ្លែង​សុន្ទរកថា បើក​សន្និសីទ​ស្តីពី​ការជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​ នៅ​រសៀល​ថ្ងៃទី​ ៤ ខែ​តុលា​។ នៅ​ថ្ងៃទី​ ២ ​នៃ​ទស្សនកិច្ច នាយករដ្ឋមន្ត្រី​ទាំង​ ២ នឹងចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​បូកសរុប​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ដែល​រំពឹងថា​នឹង​បញ្ចប់​ដោយ​ការចុះ​ហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ ២ ​ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារ​ខណ្ឌ​សីមា​ព្រំដែន​ដែល​សម្រេច​បាន​ ៨៤ ​ភាគរយ​។

អមដំណើរ​លោក​នាយក​រដ្ឋមន្ត្រី​រួមមាន​លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន សែន ​ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​ជួយ​ឲ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​រឹងមាំ​ថែមទៀត​។

លោក​ថ្លែង​ថា​៖ «​ធម្មតា​វៀតណាម និង​កម្ពុជា​មាន​ទំនាក់​ទំនង​ជា​ប្រពៃណី បងប្អូន និង​អ្នកជិតខាង​ល្អ​គឺ​ដូច្នេះ គោលដៅ​នៃ​ទស្សនកិច្ច​នេះ​គឺ​ពង្រឹងពង្រីក​បន្ថែម​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២»៕