ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ ដោយ​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​ក្នុង​ការប្តេជ្ញា​ចិត្ត​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ ដើម្បី​ទទួល​បាន​សាមគ្គីភាព ​និង​ឯកភាព​តំបន់ និង​ពិភពលោក​ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​វិច្ឆិកា​។

សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​នឹង​ធ្វើ​ឡើង​ក្នុង​​សម័យ​ប្រជុំ​ពិសេស​លើក​ទី​ ៣១ របស់​សន្និបាត​អង្គការ​សហប្រជាជាតិ​ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ៣ ​និង​ទី ៤ ខែ​ធ្នូ​ នៅ​ទីក្រុង​ញូវយ៉ក។​ សម័យ​ប្រជុំ​ពិសេស​នេះ​ធ្វើ​ឡើង​ក្នុង​កម្រិត​ថ្នាក់​ប្រមុខ​រដ្ឋ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ដែល​ថតទុក​ជា​មុន​។

ជំងឺ​រាតត្បាត​សកល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់​ រាំងខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​ពិភពលោក ​និង​បង្អាក់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ និង​ប្រទេស​ធ្វើ​ឱ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​អន្តរជាតិ​ និង​បង្ក​ផលប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​ពិភពលោក។ ដូច្នេះ​សម័យ​ប្រជុំ​ពិសេស​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​លើក​ទី ៣១ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នេះ មាន​គោលបំណង​ជំរុញ​ការអនុវត្ត​វិធានការ​ឆ្លើយតប​ជា​រួម​ក្នុង​សហគមន៍​អន្តរជាតិ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ ​និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ។

ក្រសួង​បញ្ជាក់​ថា៖ ​«​នៅក្នុង​សុន្ទរកថា​គន្លឹះ ​សម្តេច​​តេជោ​នាយករដ្ឋមន្រ្តី​នឹង​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​ក្នុង​ការប្តេជ្ញា​ចិត្ត​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ ដើម្បី​ទទួល​បាន​សាមគ្គីភាព​ និង​ឯកភាព​តំបន់​ និង​ពិភពលោក ​ខណៈ​ដែល​ពហុភាគី​និយម​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក​ជា​ប្រការ​មិន​អាច​ខ្វះ​បាន​ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ»។

យោង​តាម​អង្គការ​សហប្រជាជាតិ​ជំងឺ​កូវីដ​១៩​ បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ១,៣ ​លាន​នាក់ ​និង​ឆ្លង​ដល់​មនុស្ស ៥៤ ​លាន​នាក់។ ស្ថានភាព​នេះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សេដ្ឋកិច្ច​សកល​អាក្រក់​បំផុត​គិត​ចាប់​ពី​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​បំផុត​កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៣០​។

អង្គការ​សហប្រជាជាតិ​ថ្លែង​ថា៖ «​ការឆ្លើយតប​ជា​ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ​​លើ​កូវីដ​១៩ ធ្វើ​ឡើង​ផ្អែក​លើ​សសរស្ដម្ភ​ ៣ រួម​មាន ​ការឆ្លើយតប​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ការសម្របសម្រួល និង​គ្រប់​ជ្រុងជ្រោយ,​ កិច្ចខិតខំ​ប្រឹងប្រែង​ទូលំទូលាយ​ដើម្បី​រក្សា​អាយុ​ជីវិត និង​ជីវភាព,​ និង​ដំណើរការ​ស្តារ​ឡើង​វិញ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​ និង​មាន​កម្រិត​សេដ្ឋកិច្ច​ទាប​ពិតជា​ត្រូវការ​ការគាំទ្រ​ និង​សាមគ្គីភាព​ពី​សហគមន៍​អន្តរជាតិ​ និង​យន្តការ​ពហុភាគី​និយម​។

លោក​ថ្លែង​ថា​៖ «​ប្រទេស​តូច​ៗ ដូចជា​កម្ពុជា​ជាដើម​ពិតជា​ត្រូវការ​វិធានការ​ស្ថិត​ក្រោម​ពហុភាគី​និយម​ និង​សាមគ្គីភាព​ ជាពិសេស​ក្នុង​ការដោះស្រាយ​បញ្ហា​ក្រោម​យន្តការ​អង្គការ​សហប្រជា​ជាតិ។ ​យើង​សង្ឃឹម​ថា ​ប្រទេស​តូចៗ​នឹង​ទទួល​បាន​សេវា​ព្យាបាល​ និង​វ៉ាក់សាំង​ និង​ថ្នាំ​ព្យាបាល​កូវីដ​១៩​នៅពេល​អនាគត​ដ៏ខ្លី»​។

ដោយឡែក​អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែង​ថា៖ «​លោក​នាយក​រដ្ឋមន្ត្រី​របស់​យើង​គួរ​តែ​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​មើល​ឃើញ​ជំងឺ​កូវីដ​ថា​ជា​គ្រោះថ្នាក់​សម្រាប់​មនុស្ស​គ្រប់​រូប​ជា​រួម​ ហើយ​ជំរុញ​ឱ្យ​មាន​ការរួបរួម​គ្នា​ដើម្បី​យក​ជ័យជម្នះ​លើ​ជំងឺ​នេះ​ បើ​ទោះបី​ជា​​ប្រទេស​នានា​មាន​ភាពខុស​គ្នា​យ៉ាងណា​ក្ដី»​៕