សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​សីហា​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ថ្លែង​សុន្ទរកថា​ជា​គន្លឹះ និង​ផ្តល់​អនុសាសន៍​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី ១៤​ នៅ​ខេត្ត​សៀមរាប​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ខណៈ​ដែល​អាស៊ាន​បាន​លើកឡើង​ថា គន្លាត​បញ្ហា​សុខភាព​នៅ​តែ​បន្ត​កើតឡើង​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​ប្លុក​មួយ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញពី​ម្សិលមិញ​បញ្ជាក់ថា នៅ​ថ្ងៃ​នេះ​លោក​នាយករដ្ឋមន្ត្រី​នឹង​ឡើង​ថ្លែង​សុន្ទរកថា ជា​គន្លឹះ និង​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ក្នុង​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី ១៤ ​នេះ​។ កិច្ចប្រជុំ​នេះ​មាន​រយៈពេល​ ៥ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​ ៣០ ខែ​សីហា​។

កិច្ចប្រជុំ​ត្រូវ​បាន​ចែកចេញ​ជា​ ២ ​ដំណាក់កាល​គឺ​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​ ២៨ គឺជា​កិច្ចប្រជុំ​ត្រៀម​របស់​ក្រុម​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​ ៣ និង​អាស៊ាន​ចិន ហើយ​ចាប់ពី​ថ្ងៃទី ២៩ ​ដល់​ថ្ងៃទី ៣០ ខែ​សីហា​គឺជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​ ៣ ​និង​អាស៊ាន​ចិន​ដែល​កិច្ចប្រជុំ​ទាំងនោះ​ស្ដីពី​ការលើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​ទាំងមូល​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល​ផ្សាយ​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី ២៦ ខែ​ សីហា លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន ដើម្បី​ពិភាក្សា​ផ្ដោតលើ​ការរីកចម្រើន​នៃ​ការអនុវត្ត​កិច្ចការ​របស់​ក្រុមការងារ​សុខាភិបាល​អាស៊ាន​កន្លងមក​ដូចជា​ការលើកកម្ពស់​ការរស់នៅ​មាន​សុខភាព​ល្អ ការឆ្លើយតប​ទៅ​នឹង​គ្រោះ​មហន្តរាយ និង​ការគំរាមកំហែង ការពង្រឹង​ប្រព័ន្ធ​សុខភាព និង​ទទួល​បាន​ការថែទាំ​ និង​ការធានា​សុវត្ថិភាព​ចំណីអាហារ​។

កាលពី​ថ្ងៃទី ២៧ ​ខែ​សីហា​កិច្ចប្រជុំ​ ២ ​ទៀត​បាន​ធ្វើ​ឡើង​គឺ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​ ៣ ​ដែលមាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ និង​កិច្ចប្រជុំ​ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន​ចិន ហើយ​មក​ដល់​ព្រឹក​ថ្ងៃទី ២៨ ​ខែ​សីហា ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន​បាន​បន្ត​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​ទៀត​លើ​ប្រធានបទ​សុខភាព​សកល និង​ការលើកកម្ពស់​ការថែទាំ​សុខភាព​ដោយ​ផ្ដោតលើ​ការជ្រើសរើស​ចំណី​អាហារ​ដែល​មាន​សុខភាព​ល្អ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នានា​។

បើតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល​បញ្ជាក់ថា លទ្ធផល​កិច្ចប្រជុំ​ត្រៀម​ទាំង​​ ៣​ ​ថ្ងៃ​នេះ​បាន​សម្រេច​រៀបចំ​ឯកសារ​ជាច្រើន​ដែល​មាន​ខ្លឹមសារ​ជំរុញ​ឱ្យ​មាន​ការពន្លឿន​កិច្ចប្រឹងប្រែង​លើកតម្កើង​សុខភាព​ប្រជាជន ហើយ​ឯកសារ​ទាំងនោះ​នឹង​ដាក់ឱ្យ​អង្គប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃទី​ ២៩ និង​ថ្ងៃទី ៣០ ខែ​សីហា នេះ​។

កាលពី​ថ្ងៃ​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការអធិប្បាយ​ពី​លោក ស្រី ឱ វណ្ណឌីន បានទេ​ដោយ​ទូរស័ព្ទ​របស់​លោកស្រី​ពុំមាន​អ្នកទទួល ខណៈ​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ថ្លែងថា លោក​បាន​ចូលរួម​កិច្ចប្រជុំ​ត្រៀម​រយៈពេល​ ៣ ​ថ្ងៃ​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ហ៊ាន​បញ្ចេញមតិ​ជុំវិញ​កិច្ចប្រជុំ​នេះឡើយ​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បាន​រៀបចំ​ឡើង​ ២ ​ឆ្នាំ​ម្ដង ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ជា​ចម្បង​នានា​ពាក់ព័ន្ធ​សុខភាព​ប្រជាជន​ក្នុង​តំបន់​។

អាស៊ាន​ដឹងថា គន្លាត​បញ្ហា​សុខភាព​នៅតែ​បន្ត​កើតឡើង នៅ​ប្រទេស​ក្នុង​តំបន់​។ ក្នុងប្រទេស​អាស៊ាន​ខ្លះ​ភាពក្រីក្រ​នៅ​តែ​ជា​ឧបសគ្គ​ដ៏សំខាន់​បំផុត​សម្រាប់​ស្ថានភាព​សុខភាព​ដែល​កើតឡើង​ជា​ចម្បង​សម្រាប់​សហគមន៍​រស់នៅ​ក្នុង​តំបន់​ដាច់ស្រយាល សហគមន៍​ស្ថិត​នៅ​ឯកោ សហគមន៍​តាម​តំបន់ភ្នំ និង​សហគមន៍​រស់នៅ​លើ​កោះ​ជាដើម​។ ប្រទេស​មួយ​ចំនួន​ថែម​ទាំង​ប្រឈម​ទ្វេដង​ទៅ​នឹង​ជំងឺ​មិនឆ្លង​ដូចជា ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺមហារីក​ខណៈ​ជំងឺគ្រុនចាញ់ គ្រុនឈាម របេង ជំងឺ​ដែល​អាច​ការពារ​ដោយ​វ៉ាក់សាំង និង​ជំងឺឆ្លង​ផ្សេងទៀត​នៅ​តែ​ជា​បន្ទុក​សម្រាប់​ប្រទេស​ទាំងនោះ​៕