ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាដើមខែធ្នូខាងមុខនេះដែលគេរំពឹងថានឹងមានការពិភាក្សាគ្នាទៅលើបញ្ហាព្រំដែននៃប្រទេសទាំង ២។
លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងក្រោយពីជំនួបទ្វេភាគីនៅក្នុងក្រសួងការបរទេសរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង លោក Amphay Kingdavong ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅទីក្រុងភ្នំពេញកាលពីម្សិលមិញ។
លោកស្រី ទួត បញ្ញា ថ្លែងថាភាគីទាំង ២ បានត្រៀមរៀបចំទស្សនកិច្ចផ្លូវការសម្តេចនាយករដ្ឋមន្ត្រីទៅប្រទេសឡាវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីឡាវផ្តល់កិច្ចសហប្រតិបត្តិការពេញទំហឹងក្នុងការត្រៀមរៀបចំឲ្យទស្សនកិច្ចបានជោគជ័យ ហើយខាងភាគីឡាវអះអាងអំពីការប្រឹងប្រែង និងការត្រៀមរៀបចំជាឯកសារ ឬក៏រៀបចំគ្រប់បែបយ៉ាងសម្រាប់ធានាដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ។
លោកស្រី បញ្ញា ថ្លែងថា៖ «(ក្នុងអំឡុងពេលទស្សនកិច្ចនោះ) អាចនឹងមានពិភាក្សាទៅលើវិស័យអប់រំ និងមានវិស័យផ្សេងទៀតធម្មតាប្រទេសជិតខាងគ្នាអ៊ីចឹងយើងមានពិភាក្សាបញ្ហាហ្នឹង (ព្រំដែន) ដោយសារយើងកំពុងដំណើរការបោះបង្គោលអ៊ីចឹង យើងនឹងមានពិភាក្សាដែរ»។
លោកស្រីថ្លែងថាភាគីឡាវបានអះអាង និងសន្យាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យកាន់តែល្អប្រសើរថែមទៀតហើយអះអាងថា ភាគីឡាវនឹងផ្តល់កិច្ចសហប្រតិបត្តិការពេញទំហឹងក្នុងការត្រៀមរៀបចំឲ្យទស្សនកិច្ចនេះទទួលបានជោគជ័យ។
គួរកត់សម្គាល់ផងដែរថាកាលពីខែកញ្ញា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ដ្រីនៃប្រទេសទាំង ២ បានឯកភាពគ្នាដាក់តំបន់អូរតាង៉ាវជាតំបន់គ្មានកងទ័ព តំបន់គ្មានប្រជាជនរស់នៅ និងធ្វើអាជីវកម្ម និងបង្កើតឲ្យមានការល្បាតរួមគ្នារវាងកងទ័ពនៃប្រទេសទាំង ២ នៅតំបន់នោះក្រោយពីមានការប្រឈមមុខដាក់គ្នា ដោយកម្លាំងប្រដាប់អាវុធនៅតំបន់ជាប់ព្រំដែនកាលពីខែសីហា ឆ្នាំ ២០១៧។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានថ្លែងថារហូតមកដល់ពេលនេះគឺកម្លាំងនៅតាមព្រំដែនបានអនុវត្តតាមគោលការណ៍ដែលបានព្រមព្រៀង។
លោកបានថ្លែងថា៖ «កម្លាំងនៅតាមប៉ុស្តិ៍ព្រំដែនហ្នឹងគាត់អនុវត្តតាមគោលការណ៍ និងសេចក្តីថ្លែងការណ៍នៃប្រទេសទាំង ២ ទុកកន្លែងដែលពុំទាន់បានដោះស្រាយជាកន្លែងដែលគ្មានប្រជាពលរដ្ឋ និងកម្លាំងហើយគ្មានសកម្មភាពផ្សេង»។
លោកថាបន្ទាប់ពីមានបញ្ហាព្រំដែនកម្ពុជា-ឡាវ បានឡើងកម្ដៅកាលពីខែសីហា ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះការងារបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា-ឡាវមិនទាន់បានបន្តបោះបង្គោលព្រំដែននៅឡើយទេ។
បញ្ហាព្រំដែនកម្ពុជា-ឡាវបានឡើងកម្ដៅកាលពីខែសីហា ឆ្នាំ ២០១៧ ដោយសារកងទ័ពឡាវបានចូលមកឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយបើតាមមន្ដ្រីព្រំដែនគឺកម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០ គីឡូម៉ែត្រដោយត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥ បង្គោល។
ប៉ុន្តែមកទល់ពេលនេះភាគីទាំង ២ បានបោះរួចចំនួន ១២១ បង្គោលនៅសល់ប្រមាណ ២៤ បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះគឺស្ថិតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕