ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ជំនួប​កំពូល​អាស៊ាន-កូរ៉េ និង​មេគង្គកូរ៉េ​លើក​ទី​ ១ នៅ​សប្ដាហ៍​ក្រោយ ខណៈ​ពេល​កូរ៉េខាងជើង​អញ្ជើញ​ប្រមុខ​ការទូត​ខ្មែរ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​។

សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េ​ខាង​ត្បូង​ នឹង​រៀបចំ​ជំនួប​កំពូល​អាស៊ាន-កូរ៉េ រយៈពេល​ ២ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ២៥ ដល់ ២៦ និង​ជំនួប​កំពូល​មេគង្គ-កូរ៉េ លើក​ទី​ ១ នៅ​ថ្ងៃទី​ ២៧ ខែវិច្ឆិកា នៅ​ទីក្រុង​ប៊ូសាន ប្រទេស​ កូរ៉េខាងត្បូង​។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ក្នុងជំនួប​កំពូល​ទាំង​ ២​ ​នេះ​។ លោក​ថា ក្រុមការងារ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង និង​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ ៩ ​ផ្សេងទៀត​ក៏ដូចជា​ភាគី​កូរ៉េ បាន​ធ្វើការ​ជាមួយ​គ្នា​ក្នុងការ​រៀបចំ​ការងារ​ផ្សេងៗ​សម្រាប់​ជំនួប​កំពូល ក៏ដូចជា​សម្រាប់​កិច្ចប្រជុំ​ដាច់ដោយឡែក​នានា​។

លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជេអ៊ីន (Moon Jae-in) នៅ​រសៀល​ថ្ងៃទី​ ២៥ វិច្ឆិកា ដោយ​ថ្នាក់ដឹកនាំ​ទាំង​ ២ ​គ្រោង​នឹង​លើក​ឡើង​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ដែល​កំពុងមាន​ភាពល្អ​ប្រសើរ​ស្ទើរ​គ្រប់​វិស័យ​រួចហើយ​។

លោក​ថ្លែងថា​៖ «​ក្រៅពី​នេះ​យើង​ក៏​នឹង​មាន​ការពិភាក្សា​គ្នា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ការពង្រីក​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ​បន្ថែមទៀត ហើយ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​។ យើង​នឹង​មាន​ឯកសារ​មួយ​ចំនួន​ដែល​នឹងត្រូវ​ចុះហត្ថលេខា ប៉ុន្តែ​សុទ្ធតែ​ជា​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម វិស័យ​យុត្តិធម៌ និង​វិស័យ​ផ្សេងទៀត​»​។

លោក​ឯកអគ្គរាជទូត​បាន​បញ្ជាក់ថា នៅពេល​លោកនាយក​រដ្ឋមន្ត្រី​ទៅដល់​ប្រទេស​កូរ៉េ លោក​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ប្រមាណ​ ២ ០០០ ​នាក់​ នៅ​ទីក្រុង​ប៊ូសាន​នា​រសៀល​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា ដើម្បី​សំណេះសំណាល និង​សួរសុខទុក្ខ​។

កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​ទទួលយក​ពលករ​ខ្មែរ​ទៅ​ធ្វើការ​លំដាប់​ទី​ ២ បន្ទាប់ពី​ប្រទេស​ ថៃ​។ បច្ចុប្បន្ននេះ​មាន​ពលករ​កម្ពុជា​ប្រមាណ ៤៥ ០០០ នាក់​ កំពុងធ្វើការ​នៅ​ទីនោះ ប៉ុន្តែ​បើ​គិត​ទាំង​និស្សិត និង​ស្ដ្រី​ដែល​រៀបការ​ជាមួយ​បុរស​កូរ៉េ​មាន​ពលរដ្ឋ​ខ្មែរ​សរុប​ជាង​ ៦ ​ម៉ឺន​នាក់​។

លោក ឌីម៉ង់ បាន​បញ្ជាក់ថា​ក្នុង​ ១ ​ឆ្នាំៗ​ ពលករ​នៅ​កូរ៉េ​ផ្ញើ​ប្រាក់​មក​ក្រុមគ្រួសារ​នៅ​កម្ពុជា​ប្រមាណ​ ៦០០ ​លាន​ដុល្លារ​។

ស្របពេល​ជាមួយ​គ្នា​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Ri Kil Song បាន​អញ្ជើញ​លោក​ ប្រាក់ សុខុន ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ កូរ៉េខាងជើង​ តាម​ពេលវេលា​សមស្រប​មួយ​។ ការអញ្ជើញ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្នុងជំនួប​រវាង​លោក Ri Kil Song និង​លោក ប្រាក់ សុខុន នៅ​ក្រសួង​ការបរទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

លោក កុយ គួង បញ្ជាក់​ថា ​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ទៅ​កូរ៉េ​ខាង​ជើង​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១២ ដែល​ដឹកនាំ​ដោយ​លោក ហោ ណាំហុង ដែល​កាលនោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពជា​។

លោក​ថា ទំនាក់ទំនង​កម្ពុជា និង​កូរ៉េ​ខាង​ជើង​ មាន​លក្ខណៈ​ល្អប្រសើរ​ធម្មតា​ផ្នែក​ការទូត​ដោយឡែក​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​វិញ មាន​តិចតួច​បំផុត​។ ខណៈ​ដែល​កូរ៉េ​ទាំង​ ២ មាន​បញ្ហា​ផ្នែក​សន្តិសុខ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​អាវុធ​បរមាណូ​កូរ៉េខាងជើង លោក កុយ គួង បញ្ជាក់ថា​កម្ពុជា​ត្រូវមាន​ទំនាក់ទំនង​ការទូត​ល្អប្រសើរ​ដូច​គ្នា​ជាមួយ​ប្រទេស​កូរ៉េ​ទាំង​ ២​។

លោក សុខ ទូច ប្រធាន​​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​ផ្ដួចផ្ដើម​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េ​កាលពី​ឆ្នាំ​ ១៩៩៧ ដោយ​លោក​នាយករដ្ឋមន្ត្រី​មើលឃើញ​ផលប្រយោជន៍​ ៣ ​យ៉ាង​គឺ​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច បង្កើត​នយោបាយ​ការបរទេស​ចម្រុះ​ពណ៌ និង​ទំនាក់ទំនង​ផ្នែក​វប្បធម៌​។

លោក សុខ ទូច បាន​ថ្លែង​បន្ត​ថា​កូរ៉េ​ខាងត្បូង​កំពុង​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន​ជាមួយ​ជប៉ុន ចិន និង​អាមេរិក​។ ដូច្នេះ​កម្ពុជា​ត្រូវ​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េ ជាពិសេស​ការធ្វើ​ទំនើបកម្ម​ផ្នែក​បច្ចេកវិទ្យា​ក៏ដូចជា​ទំនាក់ទំនង​ក្នុង​ស្រទាប់​យុវជន ស្រប​ពេល​ដែល​កូរ៉េ​កំពុង​ពង្រីក​នយោបាយ​ការបរទេស​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង​របស់​ខ្លួន​។

លោក សុខ ទូច ថ្លែង​ថា​៖ «​ចំណុច​មួយ​ទៀត​គឺ​ចំណង​ទាក់ទង​កម្ពុជា​-​កូរ៉េ ត្រូវតែ​ធ្វើឲ្យ​បាន​ខ្លាំង​ទាំង​កិច្ចការ​ផ្នែក​ការទូត និង​សេដ្ឋកិច្ច ពីព្រោះ​កូរ៉េ​តូច​មែន តូច​ជាង​កម្ពុជា​ទៀត ប៉ុន្តែ​អាច​គ្រប់គ្រង​ប្រជាជន​ជាង​ ៥២ ​លាន​នាក់ ហើយ​មាន​សេដ្ឋកិច្ច​ខ្ពស់​។ នេះ​ជា​អ្វី​ដែល​កម្ពុជា​គួរ​ធ្វើដំណើរ​តាម​។ ទី ​២ នយោបាយ​ការបរទេស​គឺថា យើង​មិន​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​រវាង​គ្នា​»​។

លោក សុខ ទូច បាន​ថ្លែង​បន្តទៀតថា ប្រទេស​ទាំង​ ២ ​ក៏​គួរ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​គ្នា ហើយ​កូរ៉េ​ក៏​គួរ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ផងដែរ​ដូច​ដែល​ចិន​មាន​កិច្ចសហប្រតិបត្តិការ​មួយ​ហៅថា មេគង្គ-ឡាងឆាង​។

ចំពោះ​គម្រោង​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ទៅ​កូរ៉េខាងជើង​នោះ លោក សុខ ទូច យល់​ថា​កម្ពុជា​ហាក់​មិនមាន​កិច្ចការទូត​អ្វី​ចម្បង​ជាមួយ​កូរ៉េ​ខាង​ជើង​ទេ ព្រោះ​កូរ៉េ​ខាង​ជើង​មិនមាន​កិច្ចការទូត​ច្បាស់លាស់​ក្រៅ​តែពី​ការទប់ទល់​​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ប្រើប្រាស់​កូរ៉េខាងត្បូង​។

លោក សុខ ទូច បាន​អះអាង​បន្តថា កូរ៉េ​ខាង​ជើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ដោយសារ​ព្រះបរមរតនកោដ្ឋ និង​ព្រះមហាក្សត្រ​។

លោក សុខ ទូច ថ្លែង​ថា​៖ «​បើ​ក្នុងន័យ​នយោបាយ​ផ្សះផ្សា កម្ពុជា​អាច​ដើរតួនាទី​ជា​អង់ទីករ​ដើម្បី​សម្របសម្រួល ឬ កាតាលិករ​ដែល​ជួយ​ជំរុញ​ទំនាក់ទំនង បើសិន​កូរ៉េ​ខាងត្បូង​ពឹង​កម្ពុជា ពីព្រោះ​យើង​ដឹង​ហើយ​ថា សម្ដេច​នាយករដ្ឋមន្ត្រី​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងត្បូង ហើយ​ព្រះមហាក្សត្រ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង​។ អ៊ីចឹង​កម្ពុជា​អាចជា​អ្នកដើរតួ​សម្របសម្រួល​នយោបាយ​ក៏​ល្អ​ដែរ​»​។

លោក​បន្តថា ការ​សម្របសម្រួល​ដោយ​មាន​កម្ពុជា​ជា​អ្នកដើរតួ​នោះ ក៏​អាច​ធ្វើឡើង​ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏មាន​នយោបាយ​ស៊ីជម្រៅ​ដូចគ្នា​ជាមួយ​កូរ៉េ​ខាងត្បូង និង​ចិន​៕