ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែក្រោយនេះដោយលោកមានបំណងចង់ទាក់ទាញពាណិជ្ជករវៀតណាមឲ្យចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយលោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមកាលពីថ្ងៃអង្គារ។
នៅក្នុងជំនួបពិភាក្សានៅវិមានសន្ដិភាពជាមួយលោក ផាម ប៊ិញមិញ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាលោក ហ៊ុន សែន ចង់ឱ្យវៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាមមួយនៅពេលដែលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសជិតខាងមួយនេះនៅខែក្រោយ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ២០ ខែសីហា។
ទំព័រហ្វេសប៊ុកបានបញ្ជាក់ថា៖ «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានស្នើឱ្យថ្នាក់ដឹកនាំវៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅពេលដែលដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេស វៀតណាម អំឡុងខែកញ្ញាខាងមុខដើម្បីជាឱកាសនៃការកៀរគរអ្នកវិនិយោគវៀតណាមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា»។
ទោះជាយ៉ាងណាលោក ហ៊ុន សែន មិនបានប្រកាសឲ្យដឹងអំពីរបៀបវារៈផ្សេងទៀតដែលលោកត្រូវលើកយកទៅពិភាក្សាជាមួយភាគីវៀតណាមនៅក្នុងដំណើរទស្សនកិច្ចនាខែក្រោយនេះទេ ខណៈលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកាលពីម្សិលមិញមិនអាចបញ្ជាក់ប្រាប់អំពីបញ្ហានេះបានដោយលោកថ្លែងយ៉ាងខ្លីថា៖ «ក្រសួងការបរទេសទាំង ២ កំពុងតែរៀបចំការងារហ្នឹងហើយ ព្រោះសម្ដេចតេជោទើបសម្រេចកាលពីម្សិលមិញ (២០ សីហា)»។
សារព័ត៌មានវៀតណាមបានចុះផ្សាយនៅថ្ងៃទី ២០ ខែសីហាថា វៀតណាមគឺជាប្រទេសដែលមកវិនិយោគដ៏ធំលំដាប់ទី ៥ នៅកម្ពុជាដោយបច្ចុប្បន្ននេះវៀតណាមកំពុងវិនិយោគលើគម្រោងចំនួន ២១៤ ឬស្មើនឹងតម្លៃទឹកប្រាក់ប្រហែល ៣ ពាន់លានដុល្លារ ។ ព័ត៌មាននេះថាការវិនិយោគរបស់ខ្លួនទាំងនោះកំពុងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសង្គមនៅកម្ពុជា។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាគឺផ្ដោតសំខាន់លើកសិកម្ម ព្រៃឈើ ថាមពល ការរុករករ៉ែ ធនាគារហិរញ្ញវត្ថុ អាកាសចរណ៍ និងទូរគមនាគមន៍។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថាការប្រកាសបើកចំហសម្រាប់ទទួលអ្នកវិនិយោគរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែលោកថាការវិនិយោគរបស់ជនជាតិវៀតណាមរួមទាំងការវិនិយោគរបស់ជនជាតិចិនផងគឺតែងនាំយកកម្លាំងពលកម្មមកជាមួយ ហើយកន្លងមកតែងកើតមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការកាប់បំផ្លាញព្រៃឈើ។
លោកបន្តថាដើម្បីកុំឱ្យមានអ្នកវិនិយោគមកកាប់បំផ្លាញព្រៃឈើកម្ពុជា ក្រោមលេសទទួលបានដីសម្បទានសេដ្ឋកិច្ចគឺរដ្ឋាភិបាលគួរតែបើកឱ្យមានការដេញថ្លៃដើម្បីចម្រាញ់យកការវិនិយោគមួយដែលមានសក្ដានុពល និងអាចផ្ដល់ផលប្រយោជន៍ពិតប្រាកដដល់កម្ពុជា ហើយការដាក់ឱ្យដេញថ្លៃគឺជួយឱ្យរដ្ឋាភិបាលងាយស្រួលដាក់លក្ខខណ្ឌ ដើម្បីឱ្យអ្នកវិនិយោគបរទេសទទួលយកកម្លាំងពលកម្មនៅក្នុងស្រុកដែរ។
លោកថា៖ «យើងដូចជាមិនបានដឹងអំពីដំណើការនៃការដាក់ឱ្យដេញថ្លៃទេ ភាគច្រើនគេ (អ្នកវិនិយោគបរទេស) សុំមករដ្ឋាភិបាលហើយឱ្យរដ្ឋាភិបាលឆ្លើយតប អ៊ីចឹងការដាក់ឱ្យដេញថ្លៃគឺជាជម្រើសថ្មីបន្ថែមទៀត»។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មដើម្បីសុំអធិប្បាយលើបញ្ហានេះបានទេដោយសារលោកមិនលើកទូរស័ព្ទ។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថារដ្ឋាភិបាលទទួលតែអ្នកវិនិយោគបរទេសដែលគោរពតាមច្បាប់ប៉ុណ្ណោះ ហើយចំពោះអ្នកវិនិយោគបរទេសដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍ជាតិគឺត្រូវទទួលខុសចំពោះមុខច្បាប់។
លោកថា៖ «យើងអនុវត្តទៅតាមច្បាប់ដែលយើងមានយើងអត់មានរើសអើងចំពោះអ្នកណា ឬបរទេសណាមួយទេ អត់មានទេ»។
លោក ផាម ប៊ិញមិញ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ សីហា ដើម្បីចូលរួមធ្វើសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា-វៀតណាម លើកទី១៧ ដែលរៀបចំឡើងនៅទីស្ដីការក្រសួងការបរទេសកម្ពុជាស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ វិទ្យាសាស្ដ្រ និងបច្ចេកទេស។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញលោក ប្រាក់ សុខុន បានប្រាប់ទៅលោក ផាម ប៊ិញមិញថា ការផ្លាស់ប្ដូរទស្សនកិច្ច និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ជាបន្តបន្ទាប់បានធ្វើឱ្យប្រទេសទាំង ២ បង្កើនការទុកចិត្តគ្នាការយោគយល់គ្នា និងគាំទ្រគ្នាកាន់តែខ្លាំងក្លាថែមទៀតទាំងនៅក្នុងកម្រិតទ្វេភាគី និងគ្រប់វេទិកាតំបន់ និងអន្តរជាតិ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដែលមិនអាចបំបែកបំបាក់បាន៕