
ស្ត្រីដែលជាក្រុមជួយសង្គ្រោះជនរងគ្រោះ។ SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់មេដាយមាសដល់ក្រុមជួយសង្គ្រោះចំនួន ១ ៤៨៧ នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការរយៈពេល ២ យប់ ៣ ថ្ងៃ ដើម្បីជួយសង្គ្រោះជនរងគ្រោះទាំង ៥៤ នាក់ ចេញគំនរដែកនិងថ្មបាក់បែកនៃអគារកំពុងសាងសង់កម្ពស់ ៧ ជាន់ ដែលបានបាក់រលំកាលពីព្រឹកថ្ងៃទី ២២ មិថុនា ក្នុងខេត្តព្រះសីហនុ។
លោក ហ៊ុន សែន បានបញ្ជាក់តាមរយៈការខមមិនតាមហ្វេសប៊ុកជាបន្តបន្ទាប់ថា បន្ទាប់ពីបានអំពាវនាវរកថវិកាពីសប្បុរសជនបូករួមជាមួយថវិកាជាតិដើម្បីជួយដល់គ្រួសារដែលមានអ្នកស្លាប់ និងរងរបួសក្នុងហេតុការណ៍បាក់រលំអគារនៅក្នុងខេត្តព្រះសីហនុ លោកក៏បានសម្រេចផ្ដល់មេដាយមាស និងការចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីផ្ដល់ជូនក្រុមជួយសង្គ្រោះទាំង ១ ៤៨៧ នាក់ ដែលជាកម្លាំងមកពីកងទ័ព អាវុធហត្ថ នគរបាល សុខាភិបាល កំពង់ផែ សាលាខេត្ត សាលាក្រុង និងអង្គភាពផ្សេងៗទៀត ទាំងរដ្ឋ និងឯកជន ដើម្បីតបស្នងចំពោះការខិតខំរបស់ពួកគេ។
លោកថា៖ «ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថា យប់មិញនេះ (ថ្ងៃទី ២៥ ) នៅមុនម៉ោង ១២ យប់ ខ្ញុំបានឲ្យលោក សេង ទៀង យកថវិកាខ្ញុំទៅចែកជូនកម្លាំងចូលរួមប្រតិបត្តិការចំនួន ១ ៤៨៧ នាក់ ក្នុងនោះនារី ៣៥ នាក់ ដោយម្នាក់ៗទទួលបាន ១០០ ដុល្លារ ជានារីទទួលបាន ២០០ ដុល្លារ អស់ទឹកប្រាក់ ១៥២ ២០០ ដុល្លារ។ ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្គ្រោះ ដើម្បីឆ្លើយតបនឹងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ»។
លោកនាយករដ្ឋមន្ត្រីបានសរសេរនៅលើហ្វេសប៊ុកម្ដងទៀតថា៖ «ដោយសារមានសំណូមពរពីបងប្អូនមួយចំនួនសុំឱ្យខ្ញុំបន្ថែមជំនួយឲ្យកម្លាំងដែលចូលរួមជួយសង្គ្រោះ ខ្ញុំសូមបន្ថែមជូនម្នាក់ ១០០$ ថែមទៀត គឺបុរសទទួលបាន ១ នាក់ ២០០$ នារី ១ នាក់ ទទួលបាន ៣០០$។ សរុបនៃការចំណាយជាង ៣០ ម៉ឺនដុល្លារ។ ចំពោះសំណូមពរឲ្យខ្ញុំចែករំលែកប្រាក់ដែលសប្បុរសជនចូលរួមយកទៅជួយកម្លាំងសង្គ្រោះ មិនអាចធ្វើបានទេ ព្រោះខុសនឹង គោលដៅនៃការអំពាវនាវរបស់ខ្ញុំ និងខុសពីបំណងរបស់សប្បុរសជនដែលចង់ជួយជនរងគ្រោះ។ ដូចនេះ ត្រូវប្រើថវិកាខ្ញុំក្នុងការផ្ដល់ជំនួយនេះវិញ»។
បើតាមលោក ហ៊ុន សែន ថវិកាបន្ថែមទាំងនេះនឹងត្រូវផ្ដល់ជូនក្រុមជួយសង្គ្រោះនៅពេលពិធីបំពាក់មេដាយមាស ប៉ុន្តែលោកមិនទាន់បញ្ជាក់ថា នៅពេលណាឡើយ។
លោកស្រី ចាប ពុធដាវី មេបញ្ជាការរងកងអនុសេនាធំសង្គ្រោះបន្ទាន់ ៧១១ នៃកងពលតូច «ង» ៧០ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការផ្ដល់មេដាយមាស និងប្រាក់ឧបត្ថម្ភនេះ គឺជាការគិតគូរបន្ថែមទៀតរបស់លោក ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ទាំងអ្នករងគ្រោះស្លាប់ រងរបួស និងរហូតមកដល់កងកម្លាំងជួយសង្គ្រោះគ្រប់ស្ថាប័ន។
លោកស្រីថ្លែងថា៖ «ខ្ញុំគិតថាគឺជាមហាកិត្តិយសសម្រាប់ខាងក្រុមនាងខ្ញុំដែលនឹងទទួលបានមេដាយមាស»។
លោកស្រី ចាប ពុធដាវី អះអាងថា ក្រុមស្ដ្រីជួយសង្គ្រោះបន្ទាន់ចេញពីកងពលតូច «ង» ៧០ គឺមានចំនួន ១៤ នាក់ និងត្រូវបែងចែកជា ២ ក្រុម គឺក្នុង ១ ក្រុមមានគ្នា ៧ នាក់ ត្រូវផ្លាស់ប្ដូរគ្នាសម្រាកម្ដង ២ ម៉ោង ទាំង ២ យប់ ៣ ថ្ងៃ ប៉ុន្តែនៅពេលដឹងថា បានរកឃើញអ្នកស្លាប់ឬជនរងរបួស គឺចេញធ្វើប្រតិបត្តិការទាំងអស់គ្នា។ ស្ដ្រីជួយសង្គ្រោះបន្ទាន់ទាំងនេះ បានជួយទាំងការវាយកម្ទេចថ្ម កាត់ដែក រួមទាំងលើកជនរងរបួស និងសាកសពដាក់លើឡានពេទ្យជាដើម។
លោក ជា ផេង មេបញ្ជាការកងពន្លត់អគ្គិភ័យ ៧១១ នៃកងពលតូច «ង» ៧០ បានលើកឡើងដែរថា កងកម្លាំងជួយសង្គ្រោះសរុបចេញពីកងពលតូច «ង» ៧០ ទាំងក្រុមកងនារីសង្គ្រោះបន្ទាន់ និងក្រុមបុរសពន្លត់អគ្គិភ័យមានគ្នាចំនួន ៧០ នាក់ ហើយនៅពេលទទួលបានបញ្ជា ពីមេបញ្ជាការ គឺកងកម្លាំងចំនួន ៥៤ នាក់ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមួយគ្រឿងទៅដល់ទីតាំងរលំអគារភ្លាម។
លោកថា ទោះជាយ៉ាងណា ប្រតិបត្តិការរុករកជួយសង្គ្រោះនេះ គឺមានភាពយឺតយ៉ាវបន្តិច ព្រោះខ្វះកម្លាំងដែលមានជំនាញខាងជួយសង្គ្រោះបន្ទាន់ និងជំនាញខាងការរុករក៕