ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងវិលត្រឡប់មកបំពេញការងារដោយផ្ទាល់ និងមកធ្វើជាអធិបតីក្នុងព្រឹតិ្តការណ៍នានាវិញ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃទី ១៨ ខែវិច្ឆិកា បើក្នុងករណីលទ្ធផលធ្វើតេស្តលើកទី៤ អវិជ្ជមានពីជំងឺកូវីដ ១៩ ខណៈអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ ៣ វិច្ឆិកាជិត ៣០ នាក់ទៀត ទទួលបានលទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តជាលើកទី៣។
កាលពីថ្ងៃទី ៤ ខែវិច្ឆិកា លោក ហ៊ុន សែន បានប្រកាសលុបចោល និងលើកពេលចូលរួមកម្មវិធីដែលបានគ្រោងទុកមួយចំនួនដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដោយមិនចេញពីផ្ទះក្នុងការរក្សាសុវត្ថិភាព និងគោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា កន្លងទៅការលុបចោលការចូលរួមជាអធិបតីក្នុងកម្មវិធីរបស់លោកនាយករដ្ឋមន្ត្រី គឺមានកម្មវិធីខ្លះ លោកបានចាត់ឱ្យតំណាងចូលរួមជំនួស និងមានកម្មវិធីខ្លះទៀតបានពន្យារពេល ដើម្បីរង់ចាំលោកបញ្ចប់ការធ្វើចត្តាឡីស័ក។
លោកបន្តថា បើសិនជាការធ្វើតេស្តលើកទី៤ ទទួលបានលទ្ធផលអវិជ្ជមាននោះលោក ហ៊ុន សែន នឹងបន្តចុះទៅជួបជាមួយប្រជាពលរដ្ឋរបស់លោកដោយផ្ទាល់ឡើងវិញ។
លោកបញ្ជាក់ថា៖ «ក្នុងអំឡុងដែលលោកធ្វើចត្តាឡីស័ក គឺថិរវេលានេះលោកនៅបំពេញការងារជាប្រក្រតី តាមរយៈប្រព័ន្ធអេឡិចត្រូនិកគ្រាន់តែមិនអាចចេញទៅជួបជាមួយប្រជាពលរដ្ឋទេ ដើម្បីកុំឱ្យមានការឆ្លងរាលដាលជាយថាហេតុណាមួយកើតឡើង។ ប៉ុន្តែបើបញ្ចប់រយៈពេល ១៤ ថ្ងៃ លោកច្បាស់ណាស់នឹងចេញទៅជួបមហាជន ព្រោះជាការយកចិត្តទុកដាក់ខ្ពស់របស់លោក»។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ក្នុងពេលដែលលោកដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅខេត្តសៀមរាបថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្មវិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន សែន។
ចំណែកលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលបានចុះទៅពិនិត្យទីតាំង និងបើកកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅខេត្តកំពង់ចាមក៏បានឱ្យដឹងដែរថា លោក ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់ក្រូចឆ្មារ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២០។
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានឱ្យដឹងថា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ការធ្វើតេស្តលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន ២៨ នាក់បន្ថែមទៀតទទួលបានលទ្ធផលអវិជ្ជមាន។ ការធ្វើតេស្តសរុបជាលើកទី៣ នេះគឺមានវត្ថុសំណាកចំនួន ១ ៣៥២ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាទាំងអស់ ខណៈមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះចំនួន ៤ នាក់ប៉ុណ្ណោះ ដែលបានឆ្លងហើយកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទោះយ៉ាងណាលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅតែក្រើនរំឭក និងអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ទាំងអស់ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន ១៤ ថ្ងៃ ដោយត្រឹមត្រូវ ហ្មត់ចត់ជាទីបំផុត និងត្រូវធ្វើតេស្តជាលើកទី៤ ដែលជាលើកចុងក្រោយ ឡើងវិញឱ្យបានគ្រប់ៗគ្នា។
លោកបានថ្លែងថា៖ «ថ្មីដ្បិតតែតេស្តលើកទី៣ មានលទ្ធផលអវិជ្ជមានវីរុសកូវីដ ១៩ ទាំងអស់គ្នាដែលជាលទ្ធផលល្អប្រសើរសម្រាប់កម្ពុជានាពេលនេះក៏ពិតមែន ក៏ប៉ុន្តែយើងមិនត្រូវភ្លេចថា វីរុសកូវីដ ១៩ នេះអាចនឹងវ៉ៃលុកយើងបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដែលជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែវិច្ឆិកា»។
គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៣០២ នាក់ ហើយត្រូវបានព្យាបាលជាសះស្បើយចំនួន ២៨៩ នាក់ និងកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៣ នាក់។ នេះបើយោងតាមតួលេខដែលចេញដោយក្រសួងសុខាភិបាលកាលពីម្សិលមិញ៕