
លោកហ៊ុន សែន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតឱ្យមានក្រុមមេធាវីស្ម័គ្រចិត្តមួយក្រុមដែលមានសមាជិកចំនួន ៣០ នាក់ ដើម្បីបំពេញវិជ្ជាជីវៈសម្រាប់ជួយស្រ្ដីក្រីក្រដែលទទួលរងការរំលោភបំពានតាមផ្លូវច្បាប់ហើយខ្វះលទ្ធភាពចំណាយប្រាក់ពឹងពាក់រកមេធាវី។ នេះបើតាមការបញ្ជាក់ពីលោក គី តិច ប្រធានមេធាវីរដ្ឋាភិបាល ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញ។
លោក គី តិច លើកឡើងថា ក្រុមមេធាវីស្ម័គ្រចិត្តនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីលោកហ៊ុន សែន និងមិនមែនជាមេធាវីដែលទទួលបានប្រាក់ខែពីរដ្ឋឡើយ ប៉ុន្តែពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភនៅពេលត្រូវចុះទៅដោះស្រាយសំណុំរឿងជួយស្រ្ដីក្រីក្រនៅតាមជនបទ។
លោកគី តិច ថ្លែងថា មូលហេតុដែលលោក ហ៊ុន សែន សម្រេចបង្កើតក្រុមមេធាវីនេះឡើង គឺដើម្បីបង្ហាញអំពីការគិតគូរទៅដល់ស្រ្ដីក្រក្រីដែលទទួលរងការរំលោភបំពានផ្លូវច្បាប់ហើយគ្មានលទ្ធភាពស្វែងរងការពឹងពាក់ពីមេធាវី ជាពិសេសសម្រាប់ស្រ្ដីមេម៉ាយ។
លោកបញ្ជាក់ថា៖ «នៅក្នុងដំណាក់កាលដំបូងនេះ គឺសម្ដេចបានណែនាំឱ្យខ្ញុំរៀបចំឱ្យបានប្រហែល ៣០ រូប។ ខ្ញុំកំពុងសម្លឹងមើលដើម្បីពិនិត្យលក្ខណសម្បត្តិ បទពិសោធការងារ ជាពិសេសគឺសំដៅទៅលើមេធាវីជាស្រ្ដី។ តាមពិត មេធាវីក្រុមនេះមិនមែនជាមេធាវីក្របខ័ណ្ឌរដ្ឋអីទេ គឺជាមេធាវីបំពេញវិជ្ជាជីវៈសេរី ហើយមេធាវីដែលជ្រើសរើសជាមេធាវីរបស់សម្ដេច ក៏អត់មានក្របខ័ណ្ឌ និងប្រាក់ពីរដ្ឋអីទេ ហើយមេធាវីទាំងអស់ហ្នឹង គឺបំពេញភារកិច្ចជួយសម្ដេចតេជោ»។
ប្រធានក្រុមមេធាវីរដ្ឋាភិបាលដដែលបានបញ្ជាក់កុំឱ្យមានការយល់ច្រឡំ ចំពោះការបង្កើតមេធាវីទាំងនេះថាជាការធ្វើឱ្យខ្ជះខ្ជាយថវិការដ្ឋ ពីព្រោះលោក ហ៊ុន សែន បានសម្រេចផ្ដល់ថវិកាផ្ទាល់ខ្លួនសម្រាប់ចំណាយការស្នាក់នៅ និងហូបចុក ជាប្រាក់ឧបត្ថម្ភនៅពេលមេធាវីទាំងនោះចុះទៅបំពេញបេសកកម្មនៅតាមជនបទ។
បើតាមលោក គី តិច ស្រ្ដីរងគ្រោះជាគោលដៅដែលអាចទទួលបានការជួយការពារផ្លូវច្បាប់ពីក្រុមមេធាវីនេះ គឺមានដូចជាក្រុមស្រ្ដីក្រីក្រដែលទទួលរងគ្រោះពីការរំលោភដីធ្លីពីអ្នកមានអំណាច និងត្រូវបានអ្នកមានអំណាចប្ដឹងឡើងតុលាការជាដើម។ លោកបញ្ជាក់ថា នឹងខំប្រឹងបង្កើតក្រុមមេធាវីនេះឱ្យបានឆាប់បំផុត។
ការលើកឡើងពីលោក គី តិច គឺមួយថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសថា ការបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត គឺដើម្បីឱ្យការជួយស្រ្ដីរងគ្រោះទន់ខ្សោយ និងក្រីក្រឱ្យកាន់តែមានប្រសិទ្ធភាព។
លោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់លើកឡើងថា ការបង្កើតក្រុមមេធាវីជួយអ្នកក្រីក្រដោយមិនយកកម្រៃបែបនេះ គឺជារឿងល្អ ប៉ុន្តែលោកយល់ឃើញថា ដើម្បីឱ្យការជួយនោះទៅដល់អ្នកក្រពិតប្រាកដ គឺធ្វើយ៉ាងណាកុំឱ្យក្រុមមេធាវី អាចទទួលបានប្រាក់ពីកូនក្ដី ព្រោះកាលណាអាចទទួលប្រាក់ គឺពួកគេនឹងមិនអាចយកចិត្តទុកដាក់សម្រាប់រឿងរបស់កូនក្ដីផ្សេងទៀតដែលជាអ្នកក្រសុទ្ធសាធ។
លោកថ្លែងថា៖ «បើតាមបទពិសោធខ្ញុំកន្លងមក បើយើងជួយគាត់កុំឱ្យយកកម្រៃគឺដាច់ខាតកុំឱ្យពាក់ព័ន្ធយកកម្រៃឬសាគុណអ្វីផ្សេងៗ ធ្វើឱ្យតែស្អាតតែម្ដងទៅ។ ព្រោះធម្មតាប្រសិនជាកូនក្ដីមួយឱ្យលុយកូនក្ដីមួយទៀតអត់ឱ្យលុយអ៊ីចឹង វាអាចធ្វើឱ្យមេធាវីហ្នឹងអាចរារែក និងអាចឆកល្វែងអត់សូវយកចិត្តទុកដាក់ចំពោះអ្នកដែលក្រសុទ្ធសាធ»។
ចំណែកលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) យល់ឃើញដែរថា ការបង្កើតក្រុមមេធាវីសម្រាប់ការពារស្រ្ដីជាជនក្រីក្រគឺជារឿងល្អ ប៉ុន្តែក្រុមមេធាវីទាំងនោះមិនគួរជាប់ពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំនយោបាយឡើយ ព្រោះដើម្បីកុំឱ្យមានការប្រើឥទ្ធិពលនយោបាយណាមួយ រំលោភលើការងារជានីតិវិធីមួយចំនួន នៅពេលរឿងនោះអាចប៉ះពាល់ដល់នយោបាយ។
លោកបញ្ជាក់ថា៖ «ដូច្នោះយើងចង់បានដំណើរការនីតិវិធីមួយដែលមានការគាំទ្រពីស្ថាប័នមេធាវីមួយ ឱ្យជួយការពារជូនស្ត្រីក្រីក្រទាំងនោះ ប៉ុន្តែយើងមិនចង់ឱ្យពាក់ព័ន្ធអីជាមួយបុគ្គលអ្នកដឹកនាំនយោបាយដែលមានឥទ្ធិពល និងអំណាចអីទេ ពីព្រោះយើងដឹងថាប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាយើង កំពុងទទួលរងការរិះគន់ពីសាធារណជនថាមានការលម្អៀងដោយសារមានការអន្តរាគមន៍ហើយខ្លាចអំណាច និងបក្សនិយមអីជាដើម»។
ប៉ុន្តែលោក សែនករុណា មានយោបល់ថាដើម្បីផ្ដល់ភាពយុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋស្មើៗគ្នា គឺគេត្រូវធ្វើឱ្យប្រព័ន្ធតុលាការ ក្លាយជាស្ថាប័នមានអំណាចឯករាជ្យ និងអព្យាក្រឹតភាពស្របតាមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ហើយមិនត្រូវពាក់ព័ន្ធនឹងអំពើពុករលួយ និងខ្លាចអំណាចរបស់បុគ្គលឡើយ នោះគឺជារឿងប្រសើរជាងក្នុងការបង្កើតក្រុមមេធាវីទៅទៀតពីព្រោះមេធាវីគ្រាន់តែជាការគម្រប់ដំណើរការនីតិវិធីច្បាប់ប៉ុណ្ណោះ ហើយចៅក្រមឯណោះទេ ដែលមានឆន្ទានុសិទ្ធិផ្ដល់ដោយច្បាប់ក្នុងការសម្រេចផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ៕