The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន បង្ហាញ​បទពិសោធ​កម្ពុជា​ដែល​រងគ្រោះ​ ដោយសារ​នយោបាយ​ការបរទេស​របស់​ប្រទេស​មួយចំនួន

លោក ហ៊ុន សែន បង្ហាញ​បទពិសោធ​កម្ពុជា​ដែល​រងគ្រោះ​ ដោយសារ​នយោបាយ​ការបរទេស​របស់​ប្រទេស​មួយចំនួន

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​ដទៃទៀត​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

លោក ហ៊ុន សែន បង្ហាញ​បទពិសោធ​កម្ពុជា​ដែល​រងគ្រោះ​ ដោយសារ​នយោបាយ​ការបរទេស​របស់​ប្រទេស​មួយចំនួន

ភ្នំពេញៈ លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​ប្រតិភូ​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​អះអាង​ថា ប្រទេស​មួយ​ចំនួន​ដែល​ប្រកាស​តាំងខ្លួន​ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស បែរ​ជា​ប្រទេស​ទាំងនោះ​កន្លងមក​បាន​​គាំទ្រ​ឱ្យមាន​រដ្ឋប្រហារ​ប្រដាប់អាវុធ​នៅ​កម្ពុជា និង​គាំទ្រ​ដល់​របប​ប៉ុលពត​ដែល​បាន​កាប់​សម្លាប់​ប្រជាជន​កម្ពុជា​។

លោក ហ៊ុន សែន បាន​ស្នើឱ្យ​ពិភពលោក​ត្រូវ​ស្វែងយល់​អំពី​ឥរិយាបថ​របស់ខ្លួន​ដែល​ធ្លាប់​ប្រព្រឹត្ត​មកលើ​ប្រទេស​មួយ​ចំនួន​ដូចជា​កម្ពុជា​ធ្លាប់​ទទួលបាន​បទពិសោធ​នេះ​រួចហើយ គឺ​ប្រទេស​ដែល​ប្រកាស​តាំងខ្លួន​ជា​អ្នក​គោរព​លទ្ធិប្រជាធិបតេយ្យ​បាន​គាំទ្រ​ឱ្យ​មាន​រដ្ឋប្រហារ​យោធា​នៅ​កម្ពុជា និង​ប្រទេស​ដែល​ប្រកាស​តាំងខ្លួន​ជា​អ្នកគោរព​សិទ្ធិមនុស្ស​បាន​គាំទ្រ​ដល់​របប​ប៉ុលពត​ដែលជា​អ្នក​រំលោភសិទ្ធិ​មនុស្ស និង​កាប់សម្លាប់​មនុស្ស ប៉ុន្តែ​បែរជា​ឱ្យ​សិទ្ធិ​ពេញលេញ​អង្គុយ​នៅក្នុង​អង្គការសហប្រជាជាតិ​ពី​ឆ្នាំ​ ១៩៧៩ ​ដល់​ឆ្នាំ​ ១៩៩១ ​ទៅវិញ​។ ​

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​មាន​អ្នកចូលរួម​ដែលជា​ប្រតិភូ​បរទេស​ជិត​ ១ ​ពាន់​នាក់​មកពី​ ៤៨ ​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​លោក ហ៊ុន សែន សង្ឃឹម​ថា​បទពិសោធ​របស់​កម្ពុជា​ដែល​ធ្លាប់​ទទួលរង​គ្រោះ​ពី​ឥរិយាបថ​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​ទាំងនោះ គឺជា​​មេរៀន​មួយ​ដែល​ប្រជាជន​កម្ពុជា និង​ពិភពលោក​ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​នេះ​គឺជា​បទពិសោធ មិន​គ្រាន់តែ​កម្ពុជា​ទេ ក៏ប៉ុន្តែ​ពិភពលោក​គួរ​ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់ អំពី​ឥរិយាបថ​របស់ខ្លួន​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅលើ​ប្រទេស​ទាំងនោះ​»​។

លោក ហ៊ុន សែន ក៏​រំឭក​ផងដែរ​ថា​ចាប់ពី​ឆ្នាំ ១៩៧៩ គឺ​លោក​បាន​ផ្ដើម​ពី​បាតដៃ​ទទេ និង​បើទោះបី​ជា​ស្ថិត​ក្នុង​ការហ៊ុមព័ទ្ធ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​អយុត្តិធម៌​ពី​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន ក៏​​កម្ពុជា​បាន​ខិតខំ​ដោយ​ខ្លួនឯង​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​​រីកចម្រើន​ដូច​ពេលនេះ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀតថា ថ្វី​ដ្បិត​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ និង​ការរៀបចំ​ការបោះឆ្នោត​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៣ ប៉ុន្តែ​មិនបាន​ជួយ​ឱ្យ​កម្ពុជា​បញ្ឈប់​សង្គ្រាមស៊ីវិល​ឡើយ ហើយ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​ឆ្នាំ​ ១៩៩៨ រហូត​កម្ពុជា​មាន​សុខសន្ដិភាព​ពេញលេញ គឺ​កើតឡើង​ដោយ​ការដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ ឈ្នះ ដើម្បី​ផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​ជាតិ របស់ ហ៊ុន សែន ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ការអនុវត្ត​ដ៏​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ ឈ្នះ បាន​បញ្ឈប់​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​នៅ​កម្ពុជា ព្រមទាំង​នាំមក​នូវ​ការឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង​នៅ​ចុង​ឆ្នាំ​ ១៩៩៨ នេះ​គឺ​សន្ដិភាព និង​ការបង្រួបបង្រួម​ជាតិ​ដែល​សម្រេចបាន​ដោយ​កម្ពុជា​ខ្លួនឯង​ផ្ទាល់ ដោយ​គ្មាន​ការបង្ហូរ​ឈាម គ្មាន​ការប្រើ​អាវុធ ឬ​គ្រាប់​រំសែវ និង​ដោយ​គ្មាន​ការបង្គាប់​បញ្ជា ឬ​ការជួយ​ជ្រោមជ្រែង​ពី​ខាងក្រៅ​»​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ីប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​ម្សិលមិញ​ក៏​មាន​តំណាង​រដ្ឋាភិបាល​បរទេស​ចំនួន​ ៧ ​ប្រទេស ដូចជា ប្រទេស​ហ្វីលីពីន មីយ៉ាន់ម៉ា សាធារណ​រដ្ឋ​ប៉ាឡៅ ប្រទេស​បង់ក្លាដែស​ប្រទេស​ប៉ាគីស្ថាន ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ទីម័រ​ខាងកើត​បាន​ឡើង​ថ្លែង​សុន្ទរកថា​បន្តបន្ទាប់​ស្ដីពី​បញ្ហា​ជម្លោះ​ដែល​កំពុង​កើតឡើង និង​ធ្លាប់​កើតឡើង​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន និង​ការខិតខំ​ដើម្បី​បញ្ឈប់​ជម្លោះ​ឈាន​ទៅ​រក​សន្ដិភាព​។

ក្រៅពីនេះ​ក៏​មាន​សុន្ទរកថា​ពី​សហស្ថាបនិក​សហព័ន្ធ​សន្ដិភាព​សកល លោកស្រី Hak Ja Han Moon ដែល​លោកស្រី​បានលើក​ឡើង​ពី​តួនាទី​ដ៏សំខាន់​របស់​គ្រិស្តសាសនា​ដែល​បាន​ជួយសង្គ្រោះ​មនុស្សជាតិ​។ ចំណែក​លោក U Henry Van Thio អនុប្រធានាធិបតី​មីយ៉ាន់ម៉ា​បាន​ចែករំលែក​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​របស់លោក​ក្នុង​ការស្វែងរក​សន្ដិភាព​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច​ប្រដាប់អាវុធ ហើយ​លោក​បាន​ចាត់ទុកថា ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព គឺ​មិនអាច​ខ្វះ​​សន្ដិភាព​បានឡើយ​។

លោក​អនុប្រធានាធិបតី​រូបនេះ​បាន​ថ្លែងថា​៖ «​ប្រទេស​ មីយ៉ាន់ម៉ា​ គឺជា​ប្រទេស​មាន​ជាតិសាសន៍ និង​ជនជាតិ​ចម្រុះ​ដែល​មាន​រយៈពេល​ជា​ប្រវត្តិសាស្ដ្រ​យូរ​ឆ្នាំ​មកហើយ​។ ដូច្នោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ជា​អ្នកទទួល​ខុសត្រូវ​បាន​កសាង​សន្ដិភាព និង​ការផ្សះផ្សា​ជាតិ​។ ជា​អាទិភាព​របស់​រដ្ឋាភិបាល​គឺ​ការពង្រឹង​ដើម្បី​ឱ្យមាន​សន្ដិភាព​យូរអង្វែង ដើម្បី​បញ្ចប់សង្គ្រាម​ពាក់ព័ន្ធ​ក្រុម​ជម្លោះ​ប្រដាប់​អាវុធ​នៃ​ជនជាតិភាគតិច​មួយ​ចំនួន​»​។

កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​ ២០១៩ ធ្វើឡើង​ពី​ថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃទី​ ២១ គឺ​បាន​សហការ​គ្នា​រៀបចំ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហព័ន្ធ​សន្ដិភាព​សកល UPF ដើម្បី​បង្ហាញ​ពី​ផល​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​លើ​ការកសាង​សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​ជម្លោះ​ផ្សេងៗ ដើម្បី​នាំ​មក​នូវ​ការអភិវឌ្ឍ វិបុលភាព និង​ដំណោះស្រាយ​សម្រាប់​សង្គម​។

លោក ឯក ថា អនុប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​ ២០១៩ បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ​ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើឱ្យ​មុខមាត់​កម្ពុជា​កាន់តែ​មានការ​ទទួលស្គាល់​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ថែមទៀត​។

លោក ឯក ថា បាន​អះអាង​ថា​ការថ្លែង​សុន្ទរកថា​របស់​លោក ហ៊ុន សែន ធ្វើឲ្យ​គណៈប្រតិភូ​បរទេស​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចាប់អារម្មណ៍ និង​កោតសរសើរ​នូវ​បទពិសោធ​ដែល​ជា​ស្នាដៃ​ និង​សមិទ្ធផល​របស់​លោក ហ៊ុន សែន ហើយ​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ក៏ត្រូវ​មាន​មោទនភាព​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​ប្រទេស​កម្ពុជា គឺជា​ប្រទេស​គំរូ​ក្រោម​ការដឹកនាំ​របស់​សម្ដេចតេជោ ហើយ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ សេដ្ឋកិច្ច​កម្ពុជា​មាន​ការលូតលាស់​ខ្លាំងណាស់​ប្រមាណ​ជាង​ ៧%។ អ៊ីចឹងៗ​ខ្ញុំ​សូម​សង្ខេប​មក វាគ្មិន​អន្តរជាតិ​ទាំង​មកពី​នីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ គាត់​បាន​សរសើរ​កម្ពុជា​គ្រប់​គ្នា​ទាំងអស់​តាមរយៈ​ការថ្លែង​សុន្ទរកថា​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍