ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា បាន​ចុះ​ពិនិត្យ​អគារ​ថ្មី​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏ធំ​ស្កឹមស្កៃ​កម្ពស់​ ៥ ​ជាន់ បន្ទាប់ពី​សាងសង់​ជិត​រួចរាល់​គឺ​បាន​ ៩៥ ​ភាគរយ​​ ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​។ លោក​អះអាង​ថា អគារ​ថ្មី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរុងរឿង​ដ៏អស្ចារ្យ​របស់​គណបក្ស​ដែល​ជា​បង្អែក​សម្រាប់​ជាតិ និង​ប្រជាជន​។

ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន បញ្ជាក់​កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា​ ថា​៖ «​វត្តមាន​អគារ​ដ៏ធំ​ស្កឹមស្កៃ​នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ​ និង​ជា​និមិត្តរូប​នៃ​ការរួបរួម សាមគ្គីភាព និង​ភាពរុងរឿង​ដ៏អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បង្អែក​មិនអាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគតកាល​»​។

លោក​សរសេរ​ទៀតថា​៖ «​ទំហំ​សំណង់ អគារ គឺ​ប្រមាណ​ ៥០ ០០០ ​ម៉ែត្រក្រឡា ​ដែល​ពេលនេះ​សាងសង់​បាន​ ៩៥ ​ភាគរយ​ហើយ​។ អគារ​ដ៏ធំ​ស្កឹមស្កៃ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​រំលេច​ដោយ​ក្បូរក្បាច់​រចនាប័ទ្ម​ខ្មែរ​ដ៏ល្អ​វិចិត្រ​ និង​មាន​សោភណភាព​ល្អ​ប្រណីត​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន​»​។

លោក​ ហ៊ុន សែន ឲ្យ​ដឹងថា អគារ​ថ្មី​នេះ​សាងសង់​លើ​ផ្ទៃដី​ទីតាំង​អគារ​គណបក្ស​ចាស់​ដែល​មាន​ទំហំ​ដី​ប្រមាណ​ ១,៦ ​ហិកតា និង​មាន​កម្ពស់​ ៥ ​ជាន់​។ ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ការកសាង​អគារ​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ​ក្រោម​វត្តមាន​របស់​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។ អគារ​នេះ​មាន​បណ្ដោយ​ ១៥០ ​ម៉ែត្រ ទទឹង ​៧៤ ​ម៉ែត្រ​។

តាមរយៈ​ហ្វេសប៊ុក​លោក​បញ្ជាក់​ថា​៖ «​កម្ពស់​អគារ​គិត​អំពី​ទីលាន​មហាជន​ខាងមុខ​រហូត​ទៅ​ដល់​កំពូល​ពេជ្រ​មាន​កម្ពស់​ ៤៨ ​ម៉ែត្រ​។ ជាន់​ផ្ទាល់​ដី​មាន​ចំណតរថយន្ត​ជាង​ ៥០០ ​ចំណត និង​ទីធ្លា​មុខ​អគារ​សម្រាប់​មហាជន​យើង​អាច​ចត​រថយន្ត​បាន​ ៣០០ ​គ្រឿង​។ នៅ​ជាន់​លើ​គឺ​មាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន ឬ​ក៏​មិទ្ទិញ​បាន​ចំនួន​ប្រមាណ​ជា​ ១ ​ម៉ឺន​នាក់​»​។

អគារ​បក្ស​ប្រជាជន​កម្ពុជា​ដ៏ធំ​ស្កឹមស្កៃ​សាងសង់​ជិត​រួចរាល់​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ហេង ជីវ័ន

ហ្វេសប៊ុក​ដដែល​បន្ថែម​ទៀត​ថា អគារ​នេះ​មាន​សាល​បដិសណ្ឋារកិច្ច ដែល​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣​ ពាន់​ម៉ែត្រក្រឡា​ដែល​អាចដាក់​មនុស្ស​អង្គុយ​បាន​ប្រមាណ​ជាង​ ៤ ០០០ ​នាក់​។ មាន​អាហារដ្ឋាន​នៅ​ផ្នែក​ខាងត្បូង​អគារ​ដែល​អាចដាក់​មនុស្ស​បាន​ចំនួន​ ១២០ ​នាក់ ​ក្នុង​ ១ ​ពេល​។

អគារ​នេះ​មាន​បន្ទប់​សោតទស្សន៍ បន្ទប់​កាត់សក់ បន្ទប់​រដ្ឋបាល បន្ទប់​សម្រាប់​ជនពិការ បន្ទប់​ឃ្លាំង បន្ទប់​សម្រាប់​កងការពារ បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ និង​បន្ទប់​ប្រជុំ​អន្តរជាតិ​។ មាន​ការិយាល័យ​សម្រាប់​សម្រាក និង​ការិយាល័យ​សម្រាប់​ប្រធានកិត្តិយស​គណបក្ស ការិយាល័យ​សម្រាប់​ប្រឹក្សា​គណៈ​អចិន្រៃ្តយ៍ ការិយាល័យ​ដែល​ជា​សាល​សមាជិក​អចិន្រៃ្តយ៍ និង​បន្ទប់​ទទួលទាន​អាហារ​។

ហ្វេសប៊ុក​លោក​ ហ៊ុន សែន បញ្ជាក់​ថា​អគារ​នេះ​ក៏មាន​សាល​លៀង​សាយភោជន៍​ដែល​ដាក់​មនុស្ស​បាន​ ១៥០ ​នាក់ និង​បន្ទប់​រៀបចំ​អាហារ​។ ចំណែក​នៅ​ជាន់​ទី​ ៥ ​មាន​សាលប្រជុំ​ធំ​ដែល​មាន​ចំនួន​កៅអី​អាចដាក់​បាន​ប្រមាណ ៣ ៤៧៤ ​នាក់ មាន​ទីសម្រាក​នៅ​សងខាង​ដែល​អាច​ដាក់​មនុស្ស​បាន​ ៣ ៤៧០ ​នាក់​ផងដែរ​។ សោភណភាព​នៃ​ការឌីហ្សាញ​អគារ​នេះ​គឺ​មាន​រចនាប័ទ្ម​ថ្មី​ហៅថា រចនាប័ទ្ម​រួម​សម័យ​ដោយ​មាន​រចនាប័ទ្ម​ ៣ ​រួម​ចូលគ្នា​គឺ រចនាប័ទ្ម​ប្រាសាទ​អង្គរវត្ត រចនាប័ទ្ម​បន្ទាយស្រី និង​រចនាប័ទ្ម​កណ្ដាល ហើយ​បានរួម​បញ្ចូល​គ្នា​ហៅថា​ «​រចនាប័ទ្ម​រួម​សម័យ​»​។

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​មិន​បានដឹង​ពី​ចំនួន​ថវិកា​សរុប​សម្រាប់​ការសាងសង់​អគារ​នេះ​ទេ​។ លោក​ថា ទាល់តែ​សាងសង់​ចប់​ ៥ ​ភាគរយ​ទៀត ទើប​អាច​បូកសរុប​តម្លៃ​ចំណាយ​ពិតប្រាកដ​បាន ដូច្នេះ​មិន​អាច​និយាយ​ស្មានៗ​បានទេ​។

លោក​បន្ថែមថា​៖ «​តាម​គោលកាណ៍​គណបក្ស​ប្រជាជន​មិន​យក​ថវិការដ្ឋ​ទៅ​ធ្វើ​ទេ​។ វា​ខុស​គោលការណ៍​។ អ៊ីចឹង​ទេ​ [​គឺជា​] ​ថវិកា​របស់​គណបក្ស និង​សប្បុរសជន​គេ​ជួយ​»​។

លោក​ សុខ ឥសាន មិន​បាន​ដឹងថា តើ​អគារ​នេះ​នឹង​គ្រោង​សាងសង់​បញ្ចប់​នៅពេលណា​នោះទេ​។ លោក​បញ្ជាក់​ថា​៖ «​នៅ​សល់​ ៥ ​ភាគរយ​ទៀត​ហ្នឹង ខ្ញុំ​មើល​ទៅ វា​បំពាក់​សម្ភារ​ផ្ទៃក្នុង​តាម​បន្ទប់​មួយៗ​ទេ​»​។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ថា​៖ «​អាហ្នឹង​វា​ [​រចនាប័ទ្ម​] ​ខ្មែរ​ខ្លះ​។ សម័យ​ខ្លះ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​កសាង​មូលដ្ឋានគ្រឹះ​យូរអង្វែង​មកហើយ​។ ប្រសិន​បើ​គ្រាន់តែ​មើល​សំណង់​អគារ​នេះ​ក៏​បញ្ជាក់បាន​ថា ចក្ខុវិស័យ​របស់​គណបក្ស​នេះ​នឹង​អាច​កាន់អំណាច​ក្នុង​ប្រទេស​យូរអង្វែង​តទៅទៀត​។

លោក​ថ្លែងថា​៖ «​ប្រសិន​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​នឹង​គណបក្ស​ផ្សេងៗ​ទៀត​ហ្នឹង​គឺថា យើង​មិន​អាច​ប្រៀបធៀប​បានទេ អ្វី​ដែល​ជា​ទំនុកចិត្ត​សម្រាប់​ឈរជើង​នៅក្នុង​សង្វៀន​នយោបាយ​កម្ពុជា​។ គណបក្ស​ប្រជាជន​គឺ​បាន​រៀបចំខ្លួន​រឹងមាំ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ធនធាន​មនុស្ស ទាំង​ធនធាន​ហិរញ្ញវត្ថុ ហើយ​ជាពិសេស​ហ្នឹង​គឺ​ចក្ខុវិស័យ និង​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​ការដឹកនាំ​ប្រទេសជាតិ​យូរអង្វែង​ក្នុង​ការរក្សា​អំណាច​ពី​ការដណ្តើម​អំណាច​នៃ​មជ្ឈដ្ឋាន​ផ្សេង​»​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ពី​ម្សិលមិញ​ថា​លោក​ដូចជា​មិន​ចាប់អារម្មណ៍​ទៅលើ​រឿង​អគារ​ធំ​ស្កឹមស្កៃ ឬក៏​ការអះអាង​របស់​គណបក្ស​នេះ​ទេ​។ ប៉ុន្តែ​លោក​ចាប់អារម្មណ៍​លើ​ការចង់បាន​លម្ហ​ប្រជាធិបតេយ្យ​មួយ​ដែល​ធំ​នៅ​កម្ពុជា​ដូចជា​ការចូលរួម​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ដោយ​គណបក្ស​ដែលមាន​ប្រជាប្រិយភាព​។

លោក​បញ្ជាក់ថា​៖ «​ថ្ងៃ​អនាគត បើ​គូប្រជែង​នយោបាយ​សំខាន់ៗ​ដែលមាន​លោក​ សម រង្ស៊ី​ [​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​] និង​លោក​ កឹម សុខា​ [​អតីត​ប្រធាន​នៃ​អតីត​បក្ស​សង្គ្រោះជាតិ​] និង​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គ្នា​បាន ខ្ញុំ​គិត​ថា​នោះ​ជា​អ្វី​ដែល​យើង​មើលឃើញថា វា​ជា​ការរួមចំណែក​ទៅ​ដល់​លម្ហ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​ប្រសិន​ជា​គ្មាន​វត្តមាន​នៃ​គូប្រជែង​ដ៏សំខាន់​នេះ​ទេ​នៅក្នុង​ការបោះឆ្នោត ខ្ញុំ​យល់​ថា​ការឱ្យ​និយមន័យ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទំនង​ជា​មាន​បញ្ហា​ដែរ ដោយ​ក្រសែភ្នែក​មិត្ត​ដែល​មកពី​បណ្តា​ប្រទេស​ដែល​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​»៕