ភ្នំពេញៈ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានអះអាងជាថ្មីម្ដងទៀតថា ការបង្កើតឱ្យមានចលនាទទួលទាននំបញ្ចុក មិនមែនជាចលនាមួយរបស់បក្សកាន់អំណាចចង់ចរចាដើម្បីរកដំណោះស្រាយបញ្ហានយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ ដូចមតិមួយចំនួនរបស់អ្នកវិភាគនោះទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យនៅសាកលវិទ្យាល័យពុទ្ធិសាស្ដ្រកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានឲ្យដឹងថាការបំផុសចលនាឲ្យពលរដ្ឋគ្រប់និន្នាការនយោបាយចូលរួមទទួលទាននំបញ្ចុកនៅថ្ងៃទី ៩ មិថុនា គ្រាន់តែចង់ឲ្យពលរដ្ឋចេះសាមគ្គីគ្នា ដោយសាររយៈពេលចុងក្រោយ នំបញ្ចុកត្រូវបានគេយកធ្វើរឿងដើម្បីលាបពណ៌គ្នា ដែលនាំឱ្យមានការបែកបាក់ជាតិ។
លោក ហ៊ុន សែន ថ្លែងថា៖ «សុំកុំយកបញ្ហាដែលខ្ញុំនិយាយនេះ ធ្វើជាការវិភាគអ្វីផ្សេង ក្រៅពីរឿងស៊ីនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហានឈានទៅរកការចរចានយោបាយស្អីៗ សុំកុំភាន់ច្រឡំ ខ្ញុំនិយាយរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្ដីភាព ឯកភាពជាតិ តាមរយៈនៃការទទួលទាននំបញ្ចុកថ្ងៃទី ៩ មិថុនា» ។
ទោះជាយ៉ាងណា ចលនាទទួលទាននំបញ្ចុកបានកើតឡើងស្របពេលសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ១៤០ នាក់ កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយសារពួកគេត្រូវតុលាការចេញដីកាកោះហៅបន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានរំលោភលើសាលដីកាតុលាការកំពូល។
លោក ហ៊ុន សែន ក៏បានអំពាវនាវផងដែរដល់គ្រឹះស្ថានសិក្សា វត្តអារាម វិហារគ្រិស្ដសាសនា វិហារអ៊ិស្លាមសាសនា និងតាមបណ្ដារោងចក្រនៅទូទាំងប្រទេស ក៏ត្រូវចូលរួមរៀបចំពិធីឆាន់និងទទួលទាននំបញ្ចុកដែរ និងបានប្រាប់ឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថាមានចំនួន ៧ លាននាក់ ត្រូវបានបើកចិត្តឲ្យទូលាយ នៅពេលមានអ្នកគាំទ្រអតីតបក្សប្រឆាំង ចង់ហៅពួកគេឲ្យទៅចូលរួមទទួលទាននំបញ្ចុកជាមួយគ្នានៅថ្ងៃទី ៩ មិថុនា។
លោក ហ៊ុន សែន ចង់ឲ្យពលរដ្ឋគ្រប់មូលដ្ឋានចូលរួមទទួលទាននំបញ្ចុកឱ្យបានញឹកញាប់ចាប់ពីពេលនេះតទៅដោយមិនមែនត្រឹមថ្ងៃទី ៩ មិថុនានោះទេ ជាពិសេសលោកចង់ឲ្យគ្រប់ស្ថាប័នរដ្ឋដែលរៀបចំពិធីប្រជុំថ្នាក់ជាតិឬអន្តរជាតិនាពេលខាងមុខ ក៏ត្រូវយកអាហារប្រភេទខ្មែររួមទាំងសម្លកកូរនិងនំបញ្ចុកដើម្បីទទួលភ្ញៀវ ព្រោះលោកបានយល់ថា ការចូលរួមលើកតម្កើងអាហាររបស់ខ្មែរបែបនេះ នឹងអាចធ្វើឱ្យតម្លៃអង្ករនិងប្រភេទបន្លែក្នុងស្រុកជាច្រើន កាន់តែមានតម្លៃជាងមុន។
លោក ហ៊ុន សែន ថ្លែងថា៖ «សង្ឃឹមថា ឆ្លងកាត់នូវចលនានំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិនេះ នឹងធ្វើឲ្យ (លុបបំបាត់) ការលាបពណ៌គ្នា ឬនឹងជំរុញឲ្យមានចលនាដើម្បីប្រើរបស់ខ្មែរ ហើយប្រហែលជាលើកនេះ បំបែកឯតទគ្គកម្មពិភពលោកតែម្ដង ព្រោះក្នុង ១០ លាននាក់ ដែលមានសិទ្ធិបោះឆ្នោត ហើយស្រាប់តែមាន ៨ លាននាក់ ទៅស៊ីនំបញ្ចុក គឺបានសេចក្ដីថា អាចបំបែកឯតទគ្គកម្មពិភពលោកបានហើយ»។
លោក មាស នី អ្នកវិភាគនយោបាយបានឲ្យដឹងថា ការបង្កើតចលនាទទួលទាននំបញ្ចុកនេះ គឺកើតចេញពីបំណងនយោបាយ និងមិនមែនជាការបង្ហាញអំពីឯកភាពជាតិនិងសាមគ្គីជាតិឡើយ ផ្ទុយទៅវិញគឺគណបក្សនយោបាយមួយចង់បង្ហាញអំពីសាមគ្គីភាពនៅក្នុងបក្សរបស់ខ្លួនទៅកាន់គណបក្ស នយោបាយមួយទៀតប៉ុណ្ណោះ ព្រោះលោកថា មេដឹកនាំនយោបាយបច្ចុប្បន្នកំពុងយករឿងផ្ទាល់ខ្លួនវាយប្រហារសងសឹកគ្នា ដែលធ្វើឲ្យជម្លោះនយោបាយកាន់តែធ្លាក់ជ្រៅៗទៅ និងក្ដីបារម្ភថា ជម្លោះនយោបាយនៅកម្ពុជាពេលនេះ នឹងពុំអាចដោះស្រាយបានឡើយ។
លោកថ្លែងថា៖ «អាហ្នឹងយើងចាំមើល បើសិនជាមនុស្សចូលរួមច្រើនកុះករ អាហ្នឹងសុំកុំឲ្យអ្នកនយោបាយយកការជួបជុំគ្នាចំនួនច្រើនថា អាហ្នឹងជាការគាំទ្រគណបក្សមួយ ព្រោះវាអាចមានអ្នកជាតិនិយមដែលចង់បានការបង្រួបបង្រួមជាតិចូលរួមផងដែរ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងផងដែរថា ការបង្កើតចលនាទទួលទាននំបញ្ចុកនេះ មិនមែនដើម្បីបង្ហាញអំពីសាមគ្ដីជាតិនិងឯកភាពជាតិឡើយ ប៉ុន្តែជាការចង់សាកកម្លាំងអ្នកគាំទ្ររវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
លោក ភា ថ្លែងថា៖ «ប៉ុន្តែខ្ញុំគិតថា វាជារឿងមិនសូវចាំបាច់ទេ មែនទែនទៅព្រោះគណបក្សប្រជាជនកម្ពុជាមិនចាំបាច់អីទៅសាកកម្លាំងនយោបាយជាមួយពួកអតីតប្រឆាំងនោះទេ ព្រោះគណបក្សប្រជាជនកម្ពុជាកាន់អំណាចទាំងមូល ហើយតាមរយៈការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៨ គឺប្រជាពលរដ្ឋបានគាំទ្រ CPP ១០០% នៃអាសនៈនៅក្នុងរដ្ឋសភា មានន័យថាប្រជាជនកម្ពុជាគាំទ្រអស់ហើយអ៊ីចឹងទេ ការហូបនំបញ្ចុកនេះ ជាការហូបកម្សាន្តទេ»៕