ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការចង់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វូហាន​ដែល​ជា​ទីក្រុង​កំពុង​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ប្រសិន​បើ​លោក​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​ដែល​ការថ្លែង​នេះ​ជា​ការឆ្លើយតប​ទៅនឹង​មតិ​មួយ​ចំនួន​ដែល​រិះគន់​បែប​ផ្ចាញ់ផ្ចាល​​ដោយ​ជំរុញ​ឱ្យ​លោក​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហាន​។

លោក​ ហ៊ុន សែន​បានប្រកាស​បែបនេះ​កាលពី​ម្សិលមិញ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​កូរ៉េខាងត្បូង​។ លោក​សង្កត់ធ្ងន់​ថា​៖ «​ហ៊ុន សែន ហ៊ាន​ចូល​ប្រយុទ្ធ​ក្នុង​ភ្លើងសង្គ្រាម ហ៊ាន​យក​ក្បាល​ធ្វើ​ដើមទុន ដើម្បី​សង្គ្រោះ​ជាតិ ហ៊ាន​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​បញ្ចប់​សង្គ្រាម​។ រឿង​អី ហ៊ុន សែន ​មិន​ហ៊ាន​ទៅ​ក្រុង​វូហាន ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​ក្នុង​ទីក្រុង​វូហាន កុំ​ចង់​សាក​ជាមួយ ហ៊ុន សែន ឲ្យ​សោះ បើ​ស្គាល់ ហ៊ុន សែន មិន​ច្បាស់​»​។

កាលពី​ថ្ងៃទី​ ៣០ ខែ​មករា លោក ហ៊ុន សែន បាន​ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បិទ​ជើងហោះហើរ​ជាមួយ​ប្រទេស​ ចិន ដោយសារ​តែ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ ព្រោះ​ការសម្រេច​បិទ​ជើងហោះហើរ​គឺជា​ការសម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ការដាក់​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ឯកោ​។ លោក​បញ្ជាក់​ទៀត​ថា កម្ពុជា​ក៏​មិន​ជម្លៀស​និស្សិត ឬ​មន្ត្រី​ទូត​នៅ​តាម​កន្លែង​នានា​ក្នុង​ប្រទេស​ចិន​នោះដែរ ដោយ​ប្រាប់​និស្សិត និង​មន្ត្រី​ទាំងនោះ​ឱ្យ​នៅ​បន្ត​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ចិន ដើម្បី​រួមគ្នា​ដោះស្រាយ​ជំងឺឆ្លង​ដោយ​វីរុស​កូរ៉ូណា​។

ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ​បាន​ធ្វើឱ្យ​មាន​ការរិះគន់​មួយចំនួន​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម រួមទាំង​ការរិះគន់​តាមបែប​លក្ខណៈ​ផ្ចាញ់ផ្ចាល់​ដោយ​ជំរុញ​ឱ្យ​លោក គួរ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វូហាន ដែល​ជា​ចំណុច​ឆ្លង​ជំងឺ​ដោយ​វីរុស​កូរ៉ូណា​ដ៏ខ្លាំង​បំផុត​។

ទោះជា​យ៉ាងណា​ការប្រកាស​របស់​លោក ហ៊ុន សែន ដោយ​មិន​ប្រកាន់​យក​ឥរិយាបថ​ដូច​ក្រុម​ប្រទេស​មួយ​ចំនួន​ក្នុង​ការទៅ​យក​ពលរដ្ឋ​របស់​ពួកគេ​ចេញពី​ចិន និង​ការបិទ​ជើង​ហោះហើរ​ពី​ចិន​នេះ​ត្រូវ​បាន​លោក Wang Wentian ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​សាទរ​យ៉ាងខ្លាំង​។

កាលពី​ថ្ងៃទី​ ២ ខែ​កុម្ភៈ លោក Wang Wentian បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន​ថា កម្ពុជា​គឺជា​មិត្តភក្ដិ និង​ជា​ប្រទេស​រួមសុខ​រួមទុក្ខ​ពិតប្រាកដ​របស់​ចិន ហើយ​ការ​រួមដៃ​គ្នា​របស់​ប្រទេស​ទាំង​ ២ នឹង​យក​ឈ្នះ​លើ​ការប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​នេះ​។ លោក​ថា​៖ «​មានតែ​វាយោ​បក់បោក​ខ្លាំង ទើប​អាច​ដឹង​ពី​ភាព​ស៊ូទ្រាំ​នៃ​ស្មៅ​មាន​តែ​ក្នុង​កាលៈទេសៈ​នៃ​ការលំបាក ទើប​ស្គាល់​ពី​មិត្តភក្តិ​ពិតប្រាកដ​។

សម្ដេចតេជោ ហ៊ុន សែន ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ថ្លែង​មតិ​តាមរយៈ​ទូរទស្សន៍​ទូទាំង​ប្រទេស​ថា រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​នឹង​ឈរ​យ៉ាង​មុតមាំ​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន ដើម្បី​ចាប់ដៃ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ និង​ឆ្លង​ទុក្ខលំបាក​នេះ​ជាមួយ​គ្នា​។ នេះ​បាន​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ជា​មិត្ត​ដែកថែប​នៃ​ប្រទេស​ចិន​យ៉ាងពិត​ប្រាកដ​មែន និង​ពិតជា​សហគមន៍​ជោគវាសនា​រួម​ដែល​ដកដង្ហើម​រួមគ្នា និង​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​យ៉ាង​ពិតប្រាកដ​»​។

តាម​សារព័ត៌មាន CNN បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ​ថា វីរុស​កូរ៉ូណា​ថ្មី​ដែល​បាន​ផ្ទុះ​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​កាលពី​ខែធ្នូ​គឺ​បាន​បន្ត​ធ្វើឱ្យ​ពលរដ្ឋ​ចិន​ស្លាប់​កើនឡើង​ដល់ ៣៦២ នាក់ ដោយ​ក្នុងនោះ​ ៣៦១ ​នាក់​ស្លាប់​ក្នុង​ប្រទេស​ ចិន និង​ម្នាក់​ស្ថិត​នៅក្នុង​ប្រទេស​ហ្វីលីពីន ខណៈ​អ្នក​ឆ្លង​បាន​កើន​ដល់​ជាង​ ១៧ ៣០០ ​នាក់​ នៅ​ទូទាំង​ប្រទេស​។ វីរុស​នេះ​ក៏​ត្រូវគេ​រកឃើញ​នៅក្នុង​ប្រទេស និង​ដែនដី​ជាង​ ២៥ ​ផ្សេង​ទៀត ខណៈ​មនុស្ស​ជិត​ ៦០ ​លាន​នាក់​បន្ត​ជាប់​នៅក្នុង​ទីក្រុង​មួយ​ចំនួន​របស់​ចិន​។

លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ និង​សង្គម​បាន​លើកឡើង​ថា ការប្រកាស​របស់​លោក ហ៊ុន សែន ​មិន​បិទ​ជើងហោះហើរ​មកពី​ចិន​គឺជា​រឿង​ត្រឹមត្រូវ​មួយ ដើម្បី​រឹតចំណង​ទាក់ទង​ពាណិជ្ជកម្ម ការទូត និង​នយោបាយ​ជាមួយ​ប្រទេស​ចិន​។ លោក​បន្តថា ចំពោះ​ប្រទេស​ខ្លះ​ដែល​បិទ​ជើងហោះហើរ​ជាមួយ​ចិន​ក៏​ជា​រឿង​ត្រឹមត្រូវ​មួយ​ដែរ​ដោយសារ​ប្រទេស​ទាំងនោះ​ភ័យខ្លាច​ចំពោះ​ប្រទេស​ចិន​ដែល​មិន​អាច​ទប់ស្កាត់​វីរុស​កូរ៉ូណា​កុំឱ្យ​រាលដាល​ពី​ទីក្រុង​វូហាន​ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត​។

ប៉ុន្តែ​លោក​បន្តថា លោក ហ៊ុន សែន នឹង​បាត់បង់​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​មួយចំនួន នៅពេល​កម្ពុជា​មិន​មាន​មធ្យោបាយ​ណាមួយ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​វូហាន​ដូច​ប្រទេស​ផ្សេងទៀត ហើយ​បែរ​ជា​ទុកឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​អាជ្ញាធរ​ចិន​មើលថែទាំ​ទាំងស្រុង​ទៅវិញ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា ការ​ទុក​ពលរដ្ឋ​នៅ​នោះ​ (​ទីក្រុង​វូហាន​) ​គឺជា​ការដាក់​បន្ទុក​ឱ្យ​ចិន​វិញ​ទេ ព្រោះ​ពលរដ្ឋ​យើង​នៅ​វូហាន​មិនមែន​ជា​អ្នកបច្ចេកទេស​អាច​ជួយ​ជនជាតិ​ចិន​ទេ ហើយ​បើ​មាន​មធ្យោបាយ​ណាមួយ​ជម្លៀស​ពលរដ្ឋ​យក​ចេញ អាហ្នឹង​ជា​ការប្រសើរ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​។ ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ខ្ញុំ​អត់​គាំទ្រ​ទេ​ព្រោះ​ពលរដ្ឋ​យើង​នៅ​ទីនោះ អត់​មាន​មធ្យោបាយ​ការពារ​ទេ គឺ​ការពារ​ខ្លួនឯង​តាមរយៈ​ការពាក់​ម៉ាស់​អីហ្នឹង​»​។

តួលេខ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឱ្យដឹងថា និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​គឺ​មាន​ចំនួន​ ៨៩ ​នាក់ ប៉ុន្តែ​នៅសល់​តែ​និស្សិត​ចំនួន​ ២៣ ​នាក់​ប៉ុណ្ណោះ​បន្ត​ជាប់​នៅក្នុង​ទីក្រុង​វូហាន ខណៈ​ចំនួន​ ៦៦ ​នាក់​ផ្សេងទៀត​ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​អំឡុង​ពេល​វិស្សមកាល គឺ​តាំងពី​មិនទាន់​មាន​ការផ្ទុះ​វីរុស​កូរ៉ូណា​។ កម្ពុជា​បាន​ប្រកាស​អំពី​ការរកឃើញ​វីរុស​កូរ៉ូណា​ដំបូង​នៅលើ​ជនជាតិ​ចិន​ម្នាក់​មកពី​ទីក្រុង​វូហាន​។

លោក លី សូវ៉ាន់ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ចិន​នេះ​កំពុង​បន្ត​ស្នាក់​នៅក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរពេទ្យ​ថ្វីដ្បិត​ស្ថានភាព​សុខភាព​របស់គាត់​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ​ក្ដី​៕

វីដេអូ៖