ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​ ទោះបី​កម្ពុជា​ស្ថិត​នៅ​ក្រោម​សម្ពាធ​នៃ​ការគំរាមកំហែង​ដាក់​ទណ្ឌកម្ម​ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាងណា​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​នៅ​តែ​ស្ថិតនៅ​រួមសុខ​រួមទុក្ខ​​ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ និង​ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​រក្សា​សន្តិភាព និង​ស្ថិរភាព​ឲ្យ​ខាង​តែ​បាន​ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏ដោយ​។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សារលិខិត​របស់​លោក​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​សម្រាប់​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា​ដែល​ទិវា​នេះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​អនុម័ត​កាលពី​ឆ្នាំ​ ២០០១​។ ទិវា​សន្តិភាព​អន្តរជាតិ​បង្កើតឡើង​ដើម្បី​លុប​បំបាត់​អំពើហិង្សា បញ្ឈប់​សង្គ្រាម និង​ជំរុញ​ឲ្យ​មាន​សុខសន្តិភាព​ក្នុង​ប្រទេស​នានា​នៅលើ​ពិភពលោក​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​នាពេល​កន្លងមក​ក៏​ដូចជា​នៅពេល​បច្ចុប្បន្ន​នេះ សភាពការណ៍​ជុំវិញ​ពិភពលោក​មាន​ការវិវត្ត​ដ៏ស្មុគស្មាញ​មិនអាច​ប៉ាន់ប្រមាណ​បាន ជាពិសេស​ការប្រកួតប្រជែង​រវាង​មហាអំណាច​ក្នុង​ការការពារ​ផលប្រយោជន៍​នយោបាយ​សេដ្ឋកិច្ច និង​យោធា​។ បញ្ហា​ទាំងនេះ​កំពុង​គំរាមកំហែង​ដល់​សន្តិភាព​ដែល​នៅ​មាន​ភាព​ស្រួចស្រាល់​។

លោក​បាន​ថ្លែង​ថា​៖ «​ទន្ទឹមនេះ សន្តិភាព​របស់​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ផុយស្រួយ​ដោយសារ​តែ​មាន​ការ​គំរាមកំហែង និង​ការបន្ត​យាយី និង​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​ឥត​ឈប់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ជាពិសេស​ពី​បណ្ដា​ប្រទេស​មហាអំណាច និង​ប្រទេស​លោកខាងលិច​មួយ​ចំនួន​»​។

លោក​បន្តថា​៖ «​ទោះបី​កម្ពុជា​ស្ថិត​នៅ​ក្រោម​សម្ពាធ​នៃ​ការគំរាមកំហែង​ដាក់ទណ្ឌកម្ម​ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាងណា​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​នៅតែ​ស្ថិត​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ រួបរួមសាមគ្គី ឯកភាព​ជាតិ ការពារ​សមិទ្ធ​ផលសង្គម​ជាតិ កសាង និង​រក្សា​ការពារ​ឯករាជ្យ សេរីភាព​ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម និង​ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​មោះមុត​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ឲ្យ​ខាង​តែ​បាន​ទោះ​ស្ថិត​ក្នុង​តម្លៃ​ណាក៏ដោយ​»​។

លោក ហ៊ុន សែន ថ្លែង​ថា​សន្តិភាព ស្ថិរភាព និង​សុខុមាលភាព​ប្រជាជន​គឺជា​អាទិភាព​ខ្ពស់​បំផុត​នៃ​យុទ្ធសាស្ត្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ចាប់​តាំងពី​កម្ពុជា​បាន​ផ្ដួលរំលំ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ​ ១៩៧៩ ហើយ​បាន​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​ ១៩៩៨ ដោយ​គោលនយោបាយ​ឈ្នះ-ឈ្នះ​។

លោក​ថ្លែង​ថា​កម្ពុជា​បាន​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​ការបោះឆ្នោត​កាលពី​កន្លង​ទៅ​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បង្ហាញពី​ភាព​ចាស់ទុំ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ភាព​ជា​ម្ចាស់​អំណាច​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​សមស្រប​តាម​ប្រពៃណី ទំនៀមទម្លាប់ អរិយធម៌​របស់​ប្រទេសជាតិ​ជា​មូលដ្ឋានគ្រឹះ​សំខាន់​រួម​ចំណែក​ដល់​ការការពារ​និរន្តរភាព​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ឲ្យ​ប្រទេស​ជាតិ​ប្រកប​ដោយ​បរិយាប័ន្ន ដែល​ជា​បំណងប្រាថ្នា​ដ៏ទទូច​របស់​ប្រជាជន​កម្ពុជា​»​។

ដោយសារ​សន្តិភាព​នេះ​ហើយ​ដែល​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជាង ៧ ​ភាគរយ​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍ ហើយ​បាន​ប្រែ​ក្លាយ​ខ្លួន​ពី ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប នៅ​ឆ្នាំ​ ២០១៦ ហើយ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ជាង​ ៥៣ ​ភាគរយ​នៅ​ឆ្នាំ​ ២០០៤ មក​នៅ​រង្វង់​ ១០ ​ភាគរយ​នាពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ហ៊ុន សែន​។

លោក​ថ្លែង​ថា​កម្ពុជា​បានរួម​ចំណែក​ថែរក្សា​សន្តិភាព​ពិភពលោក​ក្រោម​ឆត្រ អ.ស.ប. ដោយ​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន​ ៦៣៥១ ទៅ​ប្រទេស​ចំនួន​ ៨ រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្ដាល លីបង់ ស៊ីប ស៊ីរី និង​ម៉ាលី​។

លោក​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​សន្តិភាព​ជាតិ​ និង​អន្តរជាតិ «​ដោយ​បន្ត​ថែរក្សា និង​ការពារ​សន្តិភាព​ដែល​មាន​ស្រាប់ ពង្រឹង​ឯកភាព​ជាតិ អនុវត្ត​វប្បធម៌​សន្ទនា គោរព​ច្បាប់ ដោះស្រាយ​បញ្ហា​ដោយ​សន្តិភាព និង​ទប់ស្កាត់​រាល់​ឧបាយកល និង​ការប៉ុនប៉ង​តាម​គ្រប់​រូបភាព​ដែល​មាន​គោលបំណង​ធ្វើឲ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភាពវឹកវរ និង​អស្ថិរភាព​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា ​បញ្ហា​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ទំនង​សំដៅ​ដល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ការលើកឡើង​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក និង​ការវិលត្រឡប់​មកវិញ​នៃ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​យក​ទឹកដី​បរទេស​ធ្វើការ​ឃោសនា​។

ការប្រកួតប្រជែង​នៃ​មហាអំណាច ចិន​ និង​អាមេរិក​ក៏​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​អ្នករងគ្រោះ​ដែរ ដោយសារ​តែ​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​នយោបាយ ហើយ​កម្ពុជា​ងាក​ទៅ​រក​ចិន ខណៈ​ប្រទេស​អាស៊ាន​មួយចំនួន​ដូចជា​វៀតណាម​ជាដើម​ងាក​ទៅ​រក​អាមេរិក​។

ការដែល​កម្ពុជា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​នេះហើយ ដែល​ធ្វើឲ្យ​មានការ​យល់ច្រឡំ​ក្នុងភូមិសាស្ត្រ​នយោបាយ​គឺ​ ទី​១ ការសង្ស័យ​ថា​កម្ពុជា​ផ្ដល់​តំបន់ឆ្នេរ​ទឹក​ជ្រៅ​ឲ្យ​ចិន​បង្កើត​ផែ​កងទ័ព​ជើងទឹក​។ លំហូរ​ជនជាតិ​ចិន និង​អ្នកវិនិយោគ​ចិន​មក​កម្ពុជា​ក៏​ធ្វើឲ្យ​បស្ចិមប្រទេស​មិន​សប្បាយចិត្ត​ផងដែរ​។

ដើម្បី​ថែរក្សា​សន្តិភាព​ដែល​បាន​ និង​កើតមាន​ហើយ​នោះ​៖ «​កម្ពុជា​ត្រូវ​យក​ច្បាប់រដ្ឋធម្មនុញ្ញ​ជា​គោល ជា​មូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​ជា​ផែនទី​ចង្អុល​ផ្លូវ​របស់​ប្រទេស​។ ទី​២ យើង​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ តែ​កម្ពុជា​ធ្វើ​បាន​ល្អ​ហើយ​គឺ​យើង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច ៧ ​ភាគរយ​។ ទី​៣ អ្វីដែល​យើង​ត្រូវ​រក្សា​គឺ​ឯកភាព​ផ្ទៃក្នុង​របស់​ប្រទេស ដោយសារ​តែមាន​អ្នក​បំភ្លៃ​បំប៉ោង​បង្កើត​បញ្ហា​ច្រើន​ពី​ខាងក្រៅ​ដែល​ធ្វើឲ្យ​មាន​កង្វល់​ថា អាច​នឹង​មាន​បញ្ហា​អ្វីមួយ​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​មិន​សូវ​ដើរ គឺ​មនុស្ស​មិនសូវ​ចាយលុយ​»៕

វីដេអូ៖