
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅឆ្នេរព្រែកត្រែងពីម្សិលមិញ។ រូបថត ក្រសួងរៀបចំដែនដី
ព្រះសីហនុៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះទៅពិនិត្យដោយផ្ទាល់ចំពោះការចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ហើយបានបញ្ជាឲ្យក្រុមហ៊ុននោះកាយយកដីចេញវិញ និងត្រូវរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើមវិញ។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងការចុះផ្សាយតាមសារព័ត៌មានជាច្រើនចំពោះការចាក់ដីរំលោភចូលតំបន់ឆ្នេរដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលតាមរយៈរូបថត និងវីដេអូឃ្លីបជាច្រើនបានបង្ហាញពីការធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានតំបន់ឆ្នេរថែមទាំងធ្វើឲ្យទឹកសមុទ្រដែលធ្លាប់តែថ្លាយង់ ក្លាយទៅជាល្អក់កករថែមទៀតផង។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីចេញកាលពីម្សិលមិញ បានសរសេរថា៖ «អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែងក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដើម្បីឲ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើមឡើងវិញ»។
ជាមួយគ្នានេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រត្រូវចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រដូចខាងលើតទៅទៀត។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើង ខណៈដែលលោក ជា សុផារ៉ា បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងដោយផ្ទាល់កាលពីម្សិលមិញ។ នេះបើតាមលោក លី ចិត្ដនិយម ប្រធានការិយាល័យគ្រប់គ្រង និងអភិវឌ្ឍន៍សំណង់ ខេត្ដព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍។
ទាក់ទងនឹងករណីរំលោភយកដីឆ្នេរមកធ្វើជាកម្មសិទ្ធិរបស់ខ្លួននេះលោក លី ចិត្ដនិយម ក៏បានដឹកនាំក្រុមការងារចុះទៅហាមឃាត់ម្ចាស់សំណង់ដែលបានសាងសង់ប្រភេទសំណង់បេតុងរឹង ជាលក្ខណៈផ្ទះសំណាក់ និងផ្ទះជួល រំលោភលើដីឆ្នេរសមុទ្រប្រមាណជាង ៣០ ម៉ែត្រស្ថិតនៅភូមិ៣ សង្កាត់លេខ ១ ខេត្ដព្រះសីហនុ ឲ្យរុះរើចេញវិញឲ្យអស់ចាប់ពីថ្ងៃទី ១៧ ខែកញ្ញារហូតដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨ ជាកំណត់។
លោកថា៖ «យើងឲ្យម្ចាស់សំណង់ រុះរើសំណង់ដែលសង់រំលោភដីឆ្នេរចេញវិញឲ្យអស់ក្នុងរយៈពេល ១៥ ថ្ងៃដោយខ្លួនឯង។ បើម្ចាស់សំណង់មិនអនុវត្តតាមរដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធី»។

លោក ជា សុផារ៉ា និងក្រុមមន្ត្រីពិនិត្យទីតាំងចាក់ដីចូលឆ្នេរពីម្សិលមិញ។ រូប ក្រសួងដែនដី
បើតាមលោក ចិត្ដនិយម សំណង់ដែលសាងសង់ចូលផ្ទៃដីឆ្នេរសមុទ្ររបស់រដ្ឋជាង ៣០ ម៉ែត្រនេះជាប្រភេទសំណង់បេតុងសាងសង់ដោយម្ចាស់ឈ្មោះ កាន់ សុខុម មានទីតាំងស្ថិតនៅភូមិ ៣ សង្កាត់លេខ ១។ លោកបន្ដថា៖ «ពេលចុះទៅហាមឃាត់ ខ្ញុំឃើញសាងសង់បង្គន់ ៦-៧ បង្គន់រួចហើយ ដែលសង់ចេញពីបេតុងសំណង់នោះ និងបានដាក់បង្ហូរចូលសមុទ្រ»។
លោក ចិត្ដនិយម បានព្រមានថា៖ «បើគាត់មិនរុះរើសំណង់នោះចេញ យើងនឹងធ្វើលិខិតជូនទៅអភិបាលខេត្ដដើម្បីសុំគោលការណ៍ពីអភិបាលរុះរើដោយផ្ទាល់តែម្ដង»។
លោក កាន់ សុខុម ម្ចាស់សំណង់ដែលសង់ចូលផ្ទៃដីឆ្នេរសមុទ្រនេះបានថ្លែងយ៉ាងខ្លីកាលពីម្សិលមិញថា៖ «បើគេឲ្យផ្អាក គឺផ្អាកហើយ»។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅលោក វីល្លាម កាំង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាប្រធានគណបក្សខ្មែរក្រោក បានថ្លែងថាលោកបានចុះសិក្សាពីការចាក់ដីចូលឆ្នេរសមុទ្រ «ខុសច្បាប់» នៅក្រុងព្រះសីហនុនៅតំបន់ព្រែកត្រែងកាលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨។
លោកអះអាងថា៖ «ក្រុមការងារយើងខ្ញុំនឹងបន្តចុះសិក្សាស្រាវជ្រាវលម្អិតរកអំពើឃុបឃិត ឬតម្រុយពុករលួយណាមួយរបស់អាជ្ញាធរពាក់ព័ន្ធដែលអនុញ្ញាតឲ្យជំទាវម្នាក់ដែលមានប្ដីជាសមាជិកព្រឹទ្ធសភាចាក់ដីក្រហម រំលោភច្បាប់ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា»។
លោកក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកដែរថា សូមឲ្យលោក យន្ត មីន អភិបាលខេត្ដព្រះសីហនុមេត្តាពិនិត្យមើលអនុក្រឹត្យ និងរាល់បទដ្ឋានគតិយុត្តឲ្យបានគ្រប់ជ្រុងជ្រោយមុនអនុម័តលើអាជ្ញាប័ណ្ណវិនិយោគ ឬធ្វើសេចក្តីថ្លែងការណ៍ ឬផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានថា ការចាក់ដីលុបសមុទ្រនេះជាការអភិវឌ្ឍស្របច្បាប់។
លោកបានបន្ថែមថា៖ «ទង្វើរបស់ពួកអស់លោកបានចូលរួមបំផ្លាញជាតិ បំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋចូលរួមបំពុលសង្គមតាមរយៈ បំផ្លាញផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍អាត្មានិយមពុករលួយគ្មានអៀនខ្មាសដែលមិនស័ក្តិសមជាមន្ត្រីដែលត្រូវបានប្រជាពលរដ្ឋគោរព និងទុកចិត្តនោះទេ។ យើងចាត់ទុកថា នេះជាការរំលោភច្បាប់ជាប្រព័ន្ធ»។
គួរបញ្ជាក់ផងដែរថាលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មការគ្រប់គ្រងឆ្នេរធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែងកំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរត្រូវមានចម្ងាយយ៉ាងហោចណាស់ ១០០ ម៉ែត្រ ឬឆ្ងាយជាងនេះពីមាត់ឆ្នេរ។ លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះបំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ធ្លាប់បានគូសបញ្ជាក់ថាក្រុមហ៊ុនដែលបានចាក់ដីចូលឆ្នេរសមុទ្រព្រែកត្រែងរហូតធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិននោះទេពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ៕