ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បញ្ជា​ទៅ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​លើ​កិច្ចការ​ព្រំដែន​ឱ្យ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​អះអាងថា បាត់​ដី​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម​ ដោយ​លោក​អះអាង​ឲ្យ​បើកចំហ​ចំពោះ​ព័ត៌មាន​ជុំវិញ​បញ្ហា​បោះបង្គោល​ព្រំដែន​។

យោងតាម​លោក ឈឹម ផលវរុណ ប្រធាន​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​បូកសរុប​ការងារ​ឆមាស​ទី​ ៤ របស់​ឧត្តម​ក្រុមប្រឹក្សា​នេះ​នៅ​វិមាន​សន្តិភាព​កាលពី​ម្សិលមិញ​។

កិច្ចប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សា​នេះ​បាន​ធ្វើ​ឡើង​ជួនពេល ក្រោយពី​មាន​ការចាប់​ខ្លួន​ចលនា​បក្សប្រឆាំង​ដូចជា លោក រ៉ុង ឈុន អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ និង​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ រួមទាំង​មនុស្ស​មួយចំនួន​ទៀត​ដែល​ចូលរួម​តវ៉ា​កាលពី​ពេល​ថ្មីៗ​កន្លងមក​នេះ លើ​បញ្ហា​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ​។ លោក រ៉ុង ឈុន និង​លោក សួង សុភ័ណ្ឌ កំពុង​ស្ថិត​នៅក្នុង​ការឃុំខ្លួន​បណ្ដោះអាសន្ន ដោយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

លោក ឈឹម ផលវរុណ ថ្លែងថា បញ្ហា​នេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បើក​សិក្ខាសាលា​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ចូល​ស្តាប់ និង​សួរ​អំពី​រឿង​ព្រំដែន​ផងដែរ ប៉ុន្តែ​ការចូលរួម​ជាក់ស្តែង នៅពេល​ចុះ​ទៅ​តាម​ព្រំដែន គឺ​អាស្រ័យ​ទៅ​លើ​ការសម្រេច​របស់​គណៈកម្មាធិការ​ព្រំដែន និង​ប្រជាពលរដ្ឋ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ព័ត៌មាន​ជុំវិញ​បញ្ហា​ព្រំដែន​នៅតែ​ធ្វើការ​បើកចំហ​ឲ្យ​សាធារណជន​បានដឹង​បានឮ ព្រោះ​មិន​អាច​លាក់បាំង​បាន​នោះទេ លើកលែង​តែ​ព័ត៌មាន​សម្ងាត់​មួយចំនួន ដែល​ចាំបាច់​ត្រូវ​រក្សា​ការសម្ងាត់ ដើម្បី​ធានា​ដល់​ផលប្រយោជន៍​ជាតិ​។

លោក ផលវរុណ ថ្លែងថា​៖ «(​កន្លែង​ដែល​សម្តេច​ចង្អុល​ឲ្យ​ចុះទៅ ) គឺ​ទីណា​ក៏បាន​ដែរ​ឲ្យ​តែ​ប្រជាពលរដ្ឋ​សំណូមពរ ហើយ​ពេលវេលា​គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ អាស្រ័យ​ទៅ​លើ​គណៈកម្មាធិការ​ចុះទៅ​ខ្លួន​គាត់ ឬ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​តាម​ការស្នើសុំ គឺ​មើល​តាម​ជាក់ស្តែង​។ ប៉ុន្តែ​បទបញ្ជា​នេះ​ចូល​ជា​ធរមាន​នៅពេល​បញ្ជា​នេះហើយ​»​។

លោក​ថ្លែង​ថា​៖ «​ទៅ​ជួប​​ពលរដ្ឋ​តាម​វិធី​ណា ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​តាម​ធម្មតា ដឹង​តែ​រង្វង់​ទូលាយ​ហើយ ព្រោះ​បើ​យើង​ធ្វើ​លាក់លៀម សម្តេច​តេជោ លោក ក៏​បាន​លើក​និយាយ​ដែរ ថា យើង​មិនអាច​លាក់លៀម​ទេ​។ យើង​គ្មាន​អ្វី​ត្រូវ​លាក់លៀម​ទេ គ្រាន់តែ​កន្លែង​ខ្លះ​ដែល​យើង​មិនគួរ​បង្ហាញ​ឲ្យ​ភាគី​ម្ខាង​ទៀត​ដឹង ព្រោះ​វា​នៅក្នុង​ចំណុច​ចរចា​។ កន្លែង​ហ្នឹងហើយ ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ មាន​ការយល់​»​។

លោក វ៉ា គឹមហុង និង​មន្ត្រី​​ជំនាញ​របស់​លោក លោកស្រី កុយ ពិសី កាលពី​ម្សិលមិញ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​តាមរយៈ​ទូរស័ព្ទ​ទេ ដោយ​ទូរស័ព្ទ​គ្មាន​ការទទួល​ឆ្លើយ​។

លោក ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មកពី​គណបក្ស​យុវជន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គណបក្ស​យុវជន​កម្ពុជា​នឹង​ចុះទៅ​ជួប​ពលរដ្ឋ​ដែល​​អះអាង​ថា បាត់​ដី ក្រោយពី​បោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ​​ជាមួយ​លោក វ៉ា គឹមហុង ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ស្វែងរក​ដឹង​ការពិត​។

លោក ស្រស់ ថ្លែង​ថា​៖ «​អ្វីដែល​ខ្ញុំ​ចុះទៅ​ព្រំដែន ហើយ​បើទោះ​ជា​មិន​អនុញ្ញាត ក៏​ខ្ញុំ​ត្រូវ​តែ​ចុះ​ទៅ​ព្រំដែន ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ពី​បញ្ហា​ចម្រូងចម្រាស​ពី​បញ្ហា​ព្រំដែន​ដែល​បណ្តាល​ឲ្យ​មាន​ការចាប់ខ្លួន​មនុស្ស​ជិត ១០ ​នាក់​។ អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​ត្រូវ​ធ្វើឲ្យ​ពិតប្រាកដ និង​ច្បាស់លាស់ ហើយ​ខ្ញុំ​ចង់ដឹង​ថា តើ​ពលរដ្ឋ​ដែល​អះអាង​ថា បាត់​ដី​ហ្នឹង បាត់​របៀប​ម៉េច​? ទី ​២ ខ្ញុំ​ក៏​សង្កេត​មើលថា តើ​គណៈកម្មការ​កិច្ចការ​ព្រំដែន​នឹង​ដោះស្រាយ​របៀប​ម៉េច បើសិន​ជា​មាន​ការបាត់​ដី​មែន​? បើ​គ្រាន់​តែ​សំអាង​ប្រយោលៗ ហើយ​អះអាង​ថា បាត់​ដី​នេះ​ត្រូវ​ឲ្យ​មាន​តម្លាភាព​»៕

វីដេអូ៖