ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​សុខាភិបាល​និង​ក្រសួងយុត្តិធម៌​រួម​នឹង​ក្រុមប្រឹក្សា​អ្នកច្បាប់​ឲ្យ​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​លេខ​ ១២៩ ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ-ចូល ខណៈ​ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ចំនួន​ ៣ ​នាក់​។

លោក​ ហ៊ុន សែន ​បាន​ផ្ញើ​សារ​ជា​សំឡេង​នៅ​ថ្ងៃ​ម្សិលមិញ​ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ស្ថាប័ន​ពាក់ព័ន្ធ អភិបាល​រាជធានី-ខេត្ត និង​ប្រជាពលរដ្ឋ​ទាំងអស់​ទាក់ទង​នឹង​ការពង្រឹង​វិធានការ​ទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​ជំងឺឆ្លង​ដោយ​លោក​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ពិសេស​ការរឹតបន្តឹង​លើ​វិធានការ​សុខាភិបាល សម្រាប់​អ្នក​ដែល​ល្មើ​សនឹង ការធ្វើ​ចត្តាឡីស័ក​។

ការបញ្ជា​ដ៏ម៉ឺងម៉ាត់​នេះ​ត្រូវ​បាន​លោក​ ហ៊ុន សែន ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ពលករ​ខ្មែរ​មួយចំនួន​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​បាន​ព្យាយាម​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក​ដែលជា​ហានិភ័យ​ដ៏ធ្ងន់ធ្ងរ​ក្នុង​ការនាំ​ជំងឺ​កូវីដ​ ១៩​ ចូលទៅក្នុង​សហគមន៍​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​ក្រសួងសុខាភិបាល ក៏ដូចជា​មន្ត្រី​មូលដ្ឋាន​អនុវត្ត​នូវ​មាត្រា​ ៨ ​នៃ​អនុក្រឹត្យ​នេះ​ទាក់ទង​នឹង​ការផាកពិន័យ​អន្តរការណ៍ សម្រាប់​អ្នក​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក​នេះ​ឱ្យ​ខាង​តែបាន​។ ពិន័យ​នេះ​ជា​វិធានការ​ស្រាល​ណាស់ ប្រសិនបើ​មាន​បញ្ហា​កើតឡើង​ទាក់ទង​នឹង​ជំងឺឆ្លង ក៏ប៉ុន្តែ​យើង​តែងតែ​មាន​ការអត់ឱន​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បានឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង ​ពិភាក្សា​គ្នា​ធ្វើការ​កែតម្រូវ ធ្វើ​វិសោធនកម្ម​មាត្រា​ ៨ ក្នុង​ជំពូក​ទី​ ៥ ស្តីពី​ទណ្ឌកម្ម​ឡើងវិញ ដោយ​បង្កើន​ចំនួន​ការពិន័យ​ឱ្យមាន​ការកើនឡើង ព្រោះ​ថា​ពិន័យ​តិចតួច​យ៉ាងនេះ​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​ប្រាក់ចំណូល​ច្រើន​គួរសម​នោះ​មិន​ខ្លាច​ជាមួយ​នឹង​ការបង់ប្រាក់​នោះទេ​។

យោងតាម​មាត្រា​ ៥ ​នៃ​អនុក្រឹត្យ​លេខ​ ១២៩ ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ-ចូល​ដែល​ត្រូវបាន​ធ្វើឡើង​តាំងពី​ខែកញ្ញា ឆ្នាំ​ ២០១៥ បាន​ចែងថា អ្នកដំណើរ​ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន​ណា ដែល​គេចវេះ​មិន​ឱ្យ​មន្ត្រី​ចត្តាឡីស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយ​នឹង​មន្ត្រី​ចត្តាឡីស័ក​ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ​ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ២០ ​ម៉ឺន​រៀល​ដល់​ ១ ​លាន​រៀល​ទៅ​តាម​ទំហំ​នៃ​បទល្មើស និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​។

មាត្រា​ដដែល​នេះ​បន្តថា ការទទួល​ពិន័យ​អន្តរការណ៍​នេះ​មិន​ធ្វើឱ្យ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​រួចផុត​ពី​ការទទួល​ខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​ដែល​មានចែង​នៅក្នុង​ច្បាប់​ និង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ឡើយ​។ ជន​ណា​ដែល​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​សុខភាព​ក្នុង​គោលបំណង​គេចវេះ​ពី​ការអនុវត្ត​វិធានការ​ចត្តាឡីស័ក​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។

លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «​ដូចនេះ​ក្រសួង​សុខាភិបាល​ត្រូវ​ធ្វើការ​ជាមួយនឹង​ក្រសួងយុត្តិធម៌​ដើម្បី​ធ្វើ​វិសោធនកម្ម​បង្កើន​នូវ​ចំនួន​ប្រាក់​ផាកពិន័យ​នេះ​ឱ្យបាន​ខ្ពស់ជាង​មុន និង​ពិនិត្យមើល​វិធានការ​ផ្សេងទៀត​ក្នុង​អនុក្រឹត្យ​ចាស់​ ឬ​មួយ​បង្កើត​អនុក្រឹត្យ​ថ្មី​មួយទៀត​តែម្តង​»​។ ទន្ទឹមនឹង​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មន្ត្រី​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អម​ស្ថានទូត​កម្ពុ​ជាប្រចាំ​ព្រះរាជាណាចក្រ​ថៃ ធ្វើការ​អប់រំ​ពលករ-ពលការិនី ដែល​វិល​ត្រឡប់មក​ក្នុងប្រទេស​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ការយល់ដឹង​អំពី​ការអនុវត្ត​ផ្ទៃក្នុង​ប្រទេស​ទាក់ទិន​ការផាកពិន័យ​។

លោក​ថ្លែងថា៖ «​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ពង្រឹង​អនុវត្ត​នូវ​វិធានការ​សម្រាប់​ការពារ​សុខភាព​របស់​ប្រជាជន​របស់​យើង ហើយ​ចំពោះ​អ្នក​ដែល​ទទួល​នូវ​ការពិន័យ​ក៏​យើង​នៅតែ​បន្ត​ការផ្គត់ផ្គង់​ដដែល​ក្នុងនោះ​មាន​ការផ្តល់នូវ​ប្រាក់​ចំនួន​ ២ ​ម៉ឺន​រៀល​ក្នុង​ ១ ​ថ្ងៃ​សម្រាប់​អាហារ​ដោយ​បន្ថែម​លើ​ការផ្តល់​នូវ​មី ទឹក និង​សម្ភារ​មួយចំនួនទៀត​ផងដែរ​។ ទាំងនេះ​គឺ​ដោយសារតែ​ការស្រឡាញ់ អាណិត​របស់​យើង​ចំពោះ​ពួកគាត់ ទោះបី​ជា​ពួកគាត់​ជាប់​ការពិន័យ​ក៏ដោយ​»​។

ជាមួយ​គ្នា​នេះដែរ លោក​ អ៊ិត សំហេង នៅ​ថ្ងៃ​ម្សិលមិញ​ក៏​បាន​ជូនដំណឹង​ស្តីពី​ការផាកពិន័យ​ចំពោះ​ពលករ​កម្ពុជា​ដែល​គេចវេះ​មិន​បានធ្វើ​ចត្តាឡីស័ក​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​។

លោក សំហេង បាន​លើកឡើងថា ដើម្បី​ថែរក្សា​សុវត្ថិភាព​សុខភាព សាធារណៈ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ចូល​ក្នុង​សហគមន៍ ជាពិសេស​ចំពោះ​សុខភាព​របស់​ពលករ និង​ក្រុមគ្រួសារ​ផ្ទាល់ ក្រសួង​ការងារ​តម្រូវឱ្យ​ពលករ​ទាំងអស់​មិនត្រូវ​លួច​ឆ្លងដែន​ខុសច្បាប់​ចូលមក​ប្រទេស​កម្ពុជា​ឡើយ​ដែល​អាចមាន​ហានិភ័យ​ខ្ពស់​ចំពោះ​អាយុជីវិត​ផ្ទាល់ខ្លួន និង​ការនាំ​ជំងឺឆ្លង​ចូលមក​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា៖ «​ករណី​ត្រូវ​ចូលមក​ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​ការធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​ដោយ​មិនត្រូវ​គេចវេះ​ជា​ដាច់ខាត​។ ករណី​គេចវេះ​មិន​ព្រមធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​នឹង​ត្រូវ​ទទួលរង​ការផាកពិន័យ​ចំនួន ១ លាន​រៀល​ ឬ​ច្រើនជាង​នេះ និង​ទទួលទោស​ព្រហ្មទណ្ឌ​ដូច​មានចែង​នៅក្នុង​ច្បាប់​ និង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​»​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ ម៉ម ប៊ុនហេង ក៏បាន​ក្រើនរំឭក​ទៅដល់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ពី​ការអនុវត្ត​អនុក្រឹត្យ​លេខ​ ១២៩​។ លោក​បន្តថា កន្លងមក​ក្រសួង​កត់សម្គាល់​ឃើញថា ការអនុវត្ត​ការធ្វើ​ចត្តាឡីស័ក​របស់​ពលរដ្ឋ​ខ្មែរ និង​បរទេស​បាន​លទ្ធផល​ល្អប្រសើរ​ប៉ុន្តែ​មួយរយៈ​នេះ​ក្រសួង​សង្កេតឃើញ​មានការ​ធ្វើ​ចត្តាឡីស័ក​ទាំង​ពលរដ្ឋ​ខ្មែរ​ និង​បរទេស​មួយចំនួន​មិនបាន​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​ឡើយ​។

លោក​បញ្ជាក់ថា៖ «​ក្រសួង​សូម​ធ្វើការ​ក្រើនរំឭក​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ឱ្យ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​អនុក្រឹត្យ​លេខ​ ១២៩ ​នេះ ហើយ​ក្នុងករណី​ដែល​អ្នកដំណើរ​ឬការី​នៃ​យាន​ដឹកជញ្ជូន​មិន​ព្រម​អនុវត្តតាម​បទប្បញ្ញត្តិ​នេះ​មន្ត្រី​ចត្តាឡីស័ក​ត្រូវ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បដិសេធ​ការចេញ-ចូល​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​សុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​អ្នកមាន​ជំងឺ​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី (new variant) ​លើ​អ្នកដំណើរ​ជនជាតិ​បរទេស​ចំនួន​ ៣ ​នាក់ កាលពី​ល្ងាចម្សិលមិញ​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ដោយមាន​ការពង្រឹង​ប្រព័ន្ធ​រុករក​ស្រាវជ្រាវ​ជាមួយ​នឹង​ការធ្វើ​វិភាគ​ពី​មន្ទីរពិសោធន៍​នៅ​ថ្ងៃទី​ ១៤ ​ខែ ​កុម្ភៈ ឆ្នាំ​ ២០២១ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រាយការណ៍​ពី​ការវិភាគ​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ ​១៩​ ដែល​បាន​បំប្លែង​ខ្លួន​ថ្មី (​ប្រភេទ UK variant 201/501Y.V1,VOC 2020-12/01​ និង​ B.1.1.7) ក្នុងចំណោម​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា​។

អ្នកដំណើរ​ទាំង​ ៣ ​នាក់​នោះ​មាន បុរស​ជនជាតិ​ឥណ្ឌា អាយុ​ ២៨ ​ឆ្នាំ​ ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហបុរី​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ​។ អ្នកជំងឺ ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​ ២៣ ​ឆ្នាំ​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហបុរី​ មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ៣ ខែ​កុម្ភៈ និង​អ្នកជំងឺ​ទី​៣ ​ជា​ស្ត្រី​ជនជាតិ​ចិន អាយុ​ ២៦ ​ឆ្នាំ​ ស្នាក់នៅ​សណ្ឋាគារ​សុខា ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​។

លោក​ ម៉ម ប៊ុនហេង ​សង្កត់ធ្ងន់​ថា​៖ «​វីរុស​កូវីដ​ ១៩ ជាពិសេស​វីរុស​បាននិង​កំពុង​តែ​បំប្លែង​ខ្លួន​ថ្មី​ជាច្រើន​ប្រភេទ​កំពុងតែ​ចរាចរ​រាតត្បាត​នៅលើ​សកលលោក​យ៉ាងខ្លាំង​ក្លា​។ ដូចនេះ​យើង​មិនត្រូវ​មើលស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស និង​ភាពសាហាវ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដែល​អាច​កើតមានឡើង​នៅក្នុង​ប្រទេស​យើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ប្រសិន​បើ​មិនបាន​ការពារ​ខ្លួន​ត្រឹមត្រូវ​នោះទេ​»៕

វីដេអូ៖