
ជនបរទេសតម្រង់ជួររង់ចាំធ្វើតេស្តរកកូវីដពីថ្ងៃទី ២១ កុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅអភិបាលខេត្ត នៅជាប់ព្រំដែននៃប្រទេសថៃ វៀតណាម និងប្រទេសឡាវ រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវបន្តជួយសម្រួល និងខិតខំឱ្យប្រជាជនកម្ពុជាអាចនាំចេញផលិតផលពីក្នុងស្រុកទៅកាន់ប្រទេសជិតខាងឱ្យបានកាន់តែច្រើនកាន់តែល្អ ខណៈអ្នកឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងរហូតដល់ចំនួន ១៣៧ នាក់។
យោងតាមសារជាសំឡេងរបស់លោក ហ៊ុន សែន ផ្ញើទៅកាន់បណ្តាអភិបាលខេត្តនៅជាប់ព្រំដែននៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីលោកបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានការដាក់បទបញ្ជាទៅតាមខេត្តជាប់ព្រំដែនកម្ពុជា ជាពិសេសនៅច្រកប៉ៃលិនថា មិនឱ្យពលរដ្ឋខ្មែរដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែកុម្ភៈ តទៅ។
លោកថ្លែងថា៖ «យើងត្រូវធ្វើការពង្រឹងការធ្វើចត្តាឡីស័ក ពង្រឹងលើការគ្រប់គ្រងរបស់ប្រជាជននៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងនូវការហូរចូលនៃជំងឺពីក្រៅប្រទេស ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយគ្នារវាងប្រទេសជិតខាងនៅតែបន្តធ្វើធម្មតា។ សុំស្តាប់ខ្ញុំឱ្យបានច្បាស់លើរឿងនេះ»។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ប្រសិនបើមានការហាមឃាត់ការដឹកទំនិញទៅប្រទេសថៃមែន ខ្ញុំសុំឱ្យក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយត្រូវខិតខំឱ្យប្រជាជនអាចនាំចេញផលិតផលបានកាន់តែច្រើនកាន់តែល្អ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ឡើងវិញនូវអ្វីដែលជាគោលបំណងរបស់រាជរដ្ឋាភិបាលគឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មនៅតាមព្រំដែននៅតែប្រព្រឹត្តជាធម្មតា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសុំឱ្យបណ្តាខេត្តនៅតាមព្រំដែនទាំងអស់ យកការទទួលខុសត្រូវដើម្បីចាត់វិធានការធ្វើយ៉ាងណាឱ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដបានបំផ្លាញយើងហើយមិនអាចឱ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ»។
លោក ហ៊ុន សែន ក៏បានស្នើឱ្យលោក ស ខេង ស្វែងរកថា តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ ហើយសុំឱ្យដកបទបញ្ជានោះវិញ។
លោកសង្កត់ធ្ងន់ថា៖ «ការចេញបទបញ្ជាណាមួយដែលទាក់ទងនឹងព្រំដែន សុំមេត្តាឱ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវទៅលើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។ នេះគឺជារឿងដែលត្រូវចាត់ការជាបន្ទាន់ ហើយសុំឱ្យខេត្តដែលនៅជាប់ព្រំដែនយកការទទួលខុសត្រូវ ហើយសុំរាយការណ៍ត្រង់មកខ្ញុំតែម្តង ប្រសិនជាមានបញ្ហាទាក់ទិនជាមួយនឹងការរអាក់រអួលលើបញ្ហាពាណិជ្ជកម្មនៅតាមព្រំដែន»។
ដោយឡែកទាក់ទងករណីនៃអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានអ្នកឆ្លងកើនឡើងរហូតដល់ចំនួន ១៣៧ នាក់ គិតពីថ្ងៃទី ២០ ដល់ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ដែលភាគច្រើនជាជនជាតិចិន។ ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នកុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ និងអនុវត្តតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃម្សិលមិញថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ករណីវិជ្ជមានកូវីដ ១៩ មានចំនួន ៤០ នាក់ ដោយក្នុងនោះ អ្នកដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានរហូតដល់ ៣៨ នាក់ និង ២ នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ អ្នកជំងឺកូវីដ ១៩ ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងរហូតដល់ ១៣៧ នាក់ ក្នុងនោះមានស្រីចំនួន ៧១ នាក់ គិតត្រឹមតែរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់នៅថ្ងៃម្សិលមិញផងដែរថា ដោយក្រសួងទទួលបានលទ្ធផលវិភាគវិជ្ជមានវីរុសកូវីដ ១៩ ពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី ២៤ ខែកុម្ភៈ ដូច្នេះក្រុមការងារកំពុងតែធ្វើការចាត់ចែងទំនាក់ទំនងរកអ្នកជំងឺចំនួន ១៥ នាក់ ដើម្បីដាក់ឱ្យសម្រាកព្យាបាល។
ក្រសួងបញ្ជាក់ថា៖ «ក្រុមការងារកំពុងទាក់ទងទៅពួកគាត់ ហើយនៅពេលមានព័ត៌មានជាក់លាក់លើករណីអ្នកជំងឺទាំង ១៥ នាក់នេះ ក្រសួងនឹងរាយការណ៍ជាបន្តទៀត»។
ចំណែកស្ត្រីជនជាតិចិនចំនួន ២ នាក់ នៅខេត្តព្រះសីហនុដែលជាអ្នកដំណើរចូលមកកម្ពុជា ហើយមានបំណងវិលត្រឡប់ទៅកាន់ប្រទេសពួកគេវិញបានធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី ២២ ខែកុម្ភៈ ហើយលទ្ធផលតេស្តមានវិជ្ជមានកូវីដ ១៩ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
យោងតាមតួលេខសរុបគិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ កម្ពុជាមានអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៦៣៣ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៧៦ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១៤២ នាក់ ដោយមិនបានរាប់បញ្ចូលជាមួយនឹងអ្នកជំងឺចំនួន ១៥ នាក់ ដែលក្រុមការងារក្រសួងកំពុងទំនាក់ទំនងមកព្យាបាលនោះឡើយ។
ដោយឡែកអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានជូនដំណឹងទៅម្ចាស់សណ្ឋាគារជីនប៉ីទាំង ៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីស្ថិតក្នុងក្រុងព្រះសីហនុឱ្យផ្អាកអាជីវកម្មសណ្ឋាគារ និងអគារស្នាក់នៅរួមនេះជាបន្ទាន់។ ការបញ្ជាឱ្យផ្អាកនេះធ្វើឡើងបន្ទាប់ពីមានករណីស្រី្តជនជាតិចិន ២ នាក់ ដែលមានអាយុ ៣៥ ឆ្នាំ និង ២២ ឆ្នាំដែលបានធ្វើតេស្តវិជ្ជមានកូវីដ ១៩។
លោក គួច ចំរើន បានឱ្យដឹងថា៖ «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍តម្រូវឱ្យលោកផ្អាកអាជីវកម្មសណ្ឋាគារជីនប៉ីទាំង ៣ សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចាកចេញក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ»។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងនោះ ដើម្បីធ្វើតេស្តរកកូវីដ១៩។ ក្នុងករណីដែលម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំនេះរដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។
កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានរំឭកថា អ្វីដែលគ្រប់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់នៅពេលនេះគឺត្រូវតែរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកដោយធ្វើឱ្យព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆាប់បិទបញ្ចប់៕