ភ្នំពេញ៖ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​​កាត់​បន្ថយ​ចំនួន​អ្នក​​ធ្វើ​ការ​​យ៉ាង​តិច​ឲ្យ​​បាន៩០​ភាគ​រយ នៅ​តាម​​ស្ថាប័ន​​រដ្ឋ​ និង​​ស្ថាប័ន​នីតិប្បញ្ញ​ត្តិ ក្នុង​រយៈ​ពេល​យ៉ាង​តិច ​៧​ ថ្ងៃ​ ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​វិស័យ​ឯក​ជន​​ ក៏គួរ​តែ​កាត់​​បន្ថយ​ចំនួន​អ្នក​ធ្វើ​ការ​​ផងដែរដោយ​​ធ្វើ​ការ​ពី​ផ្ទះ ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ដៃ​ជំងឺ​កូវីដ​ដែល​មាន​ទំហំ​កាន់​តែ​ធំ​។

បទ​បញ្ជា​​របស់​លោក​ ហ៊ុន សែន នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​ចំនួន​អ្នក​ឆ្លង​ជំងឺកូវីដ ១៩​ ​ត្រូវ​បាន​រក​ឃើញ​​កាន់​តែច្រើ​ន​រហូត​ដល់ ៤៩ ​នាក់ នៅ​ត្រឹម​ល្ងាច​ថ្ងៃ​ទី ៨​ ខែ​មីនា ដែល​ចំនួន​អ្នក​ឆ្លង​នេះ មាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ខេត្ត​ព្រះ​សីហនុ ខេត្ត​ព្រៃវែង និង​ផ្នែក​ខ្លះ​នៃខេត្ត​កណ្តាល។

លោក ​ហ៊ុន សែន នៅ​យប់​ថ្ងៃ​ចន្ទ ទី ០៨ ខែ​ មីនា ឆ្នាំ​ ២០២១​ បាន​ចេញ​សារ​​ជា​សំឡេង​បន្ទាន់​មួយ​ដោយ​អំ​ពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯក​ជន ​ផ្អាក​រាល់​ការ​ជួប​ជុំ​ ដែល​មិន​មាន​ការ​ចាំបាច់​ ខណៈ​ករណីកូវីដ​ ១៩ កាន់​តែ​រាល​ដាល​ខ្លាំង ដោយ​ពេល​នេះ​​ មិន​ដឹង​ថា​ ជំងឺពិត​ប្រាកដ​ចេញ​ពី​កន្លែង​ណា។

លោក​បាន​ថ្លែងថា ៖ «នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏ធំ។ ខ្ញុំ​គិត​ថា​ វិធាន​ការ​នេះ គឺជាវិធាន​ការ​ចាំបាច់​ ដើម្បី​ការពារនូវ​សុខភាព​របស់​​បុគ្គល​ម្នាក់ៗ គ្រួសារនីមួយៗ ក៏ដូចជា​សង្គម​ជាតិ​របស់​យើង​ផង​ដែរ ហើយ​ខ្ញុំ​សុំអំពាវ​នាវ​​ឱ្យ​មាន​ការ​ផ្អាក​នូវ​ការ​ជួប​ជុំ​ ដែល​មិន​មាន​ការ​ចាំ​បាច់ ​ដើម្បី​កាត់​បន្ថយ​នូវ​ហា​និភ័យ»។

លោក​នាយក​រដ្ឋមន្រ្តី​បានបន្តថា លោក​មិន​ទាន់​អាច​ប្រើ​ច្បាប់​ ស្តី​ពី​ការ​ដាក់​ប្រទេសក្នុងគ្រាមាន​អាសន្ន​បាន​ទេ តែ​ត្រូវ​ការ​​ច្បាប់​គ្រប់​គ្រង ​ទាក់​ទង​ជាមួយ​នឹង​ជំងឺ​កូវីដ​ ១៩​ និង​ជំងឺដ៏​កាច​សាហាវ​ផ្សេង​ទៀត​។

លោក​ ហ៊ុន សែន ក៏​បាន​បញ្ជាឱ្យ​ខេត្ត​ព្រះសីហនុ ធ្វើ​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​ ទៅ​លើ​ការ​ចេញ​ចូល​របស់​មនុស្ស​ តែមិន​ត្រូវ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ ដល់​ការ​​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​ទេ៕

វីដេអូ៖