ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរខ្មាស ដែលសកម្មភាពទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។ ក្ដីបារម្ភរបស់លោកបានថ្លែងទៅកាន់មន្ត្រីជាច្រើននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនៅវិមានសន្តិភាពកាលព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ។
លោក ហ៊ុន សែន បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកឲ្យដឹងថា លោកបានបង្គាប់ឲ្យក្រសួងមហាផ្ទៃធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យា ដើម្បីពិនិត្យមើល និងចាត់វិធានការលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួនដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន។ បញ្ហានេះបានពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ។
លោកនាយករដ្ឋមន្ត្រីក៏បានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួនដែលបានការស្លៀកពាក់សិចស៊ីជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ (Live) លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរផងដែរ។
លោកស្រី កុច មារតី អគ្គនាយិការងនៃទូរទស្សន៍ជាតិកម្ពុជា (ទទក) បានស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីយកទៅបង្ហោះលើគណនីហ្វេសប៊ុកកាលពីម្សិលមិញបានឲ្យដឹងថា៖ «ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរខ្មាសស្ត្រី។ ក្រសួងប្រៃសណីយ៍ត្រូវបិទ ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទលើស្ត្រីក្នុងសង្គមបច្ចុប្បន្ន»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីស្របពេលបច្ចុប្បន្នការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ជាពិសេសផលិតផលថែរក្សាសម្រស់ ឬកែសម្ផស្សជាដើមនោះ កំពុងតែមានប្រជាប្រិយភាព និងសម្ទុះខ្លាំងឡើងអមជាមួយនឹងអ្នកលក់តាមអនឡាញទាំងនោះ បានទាក់ទាញអ្នកទស្សនាតាមរយៈការបង្ហាញភាពសិចស៊ីខ្លាំង ដោយការស្លៀកពាក់មិនសូវមានការបិទបាំងជាដើម។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកបានថ្លែងសាទរចំពោះគោលការណ៍ដែលប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងប្រៃសណីយ៍បិទចំពោះការ Live លក់ផលិតផលតាមអនឡាញបញ្ចេញអស់កេរខ្មាសស្ត្រីនេះ។
លោកថ្លែងថា៖ «ជាក់ស្ដែងបច្ចុប្បន្នមានករណីយកកេរខ្មាសភាពសិចស៊ីជ្រុលនិយមមកធ្វើជាដើមទុនទាក់ទាញលើអាជីវកម្មដោយគ្មានក្រមសីលធម៌ និងកំពុងបានពង្រីកឥទ្ធិពលឲ្យមានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរដែលគួរមានវិធានការយ៉ាងតឹងរ៉ឹងបំផុត»។
លោក អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា និងជាអ្នកនាំពាក្យរងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កិច្ចការទប់ស្កាត់រូបភាព និងការបង្ហោះសកម្មភាពដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៅលើបណ្តាញទំនាក់ទំនងសង្គមនេះគឺមានក្រសួងចំនួន ៣ រួមសហការ និងបែងចែកទៅតាមភារកិច្ចរៀងៗខ្លួន។
លោកបន្តថា ករណីដែលមានការបង្ហោះមាតិកា និងវីដេអូមិនសមរម្យនេះគឺស្ថិតក្រោមក្រសួងព័ត៌មាន រួមទាំងក្រសួងមហាផ្ទៃដែលក្រសួងប្រៃសណីយ៍ គ្រាន់តែជាក្រសួងមួយដើរតួនាទីសហការតែប៉ុណ្ណោះ។ ចំពោះករណីដែលចង់ធ្វើការបិទគណនីហ្វេសប៊ុករបស់នរណាម្នាក់ គឺត្រូវមានការសហការជាមួយនឹងក្រុមហ៊ុន ហ្វេសប៊ុក ព្រោះហ្វេសប៊ុកមិនមែនស្ថិតនៅក្នុងកម្ពុជានោះទេ ដែលក្រសួងនឹងធ្វើការសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធបន្តទៀត។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផល លក់ផលិតផល ធ្វើឲ្យប៉ះពាល់នោះ គឺយើងមានច្បាប់មួយដែលយើងនឹងចាត់វិធានការរបៀបម៉េច? សម្តេចតេជោលោកមានប្រសាសន៍ព្រឹកមិញនេះ យើងមានវិធានការយ៉ាងណាទៀតនោះ យើងនឹងបន្តពិនិត្យមើលទៀត ហើយចំពោះវិធានការរបស់ក្រសួងខ្ញុំគឺមានតែមួយទេ សហការហ្វេសប៊ុកក្នុងការបិទ ប៉ុន្តែហ្វេសប៊ុក ស្ថិតលើការគ្រប់គ្រងនៅប្រទេសគេ ដូច្នេះយើងនឹងស្នើសុំទៅខាងហ្នឹងមើល»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងជារួមបន្ទាប់ពីទទួលបានបទបញ្ជាថ្មីនេះ ក្រសួងព័ត៌មានកំពុងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីដាក់ចេញវិធានការជាក់លាក់រួមគ្នាណាមួយក្នុងការទប់ស្កាត់ការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរខ្មាសនេះ។
លោកបញ្ជាក់ថា៖ «នេះជាការពិតក្រសួងព័ត៌មានកំពុងតែរួមគ្នា ដើម្បីអនុវត្តនូវបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះផងដែរ ព្រោះតែកិច្ចនេះត្រូវការក្រសួងពាក់ព័ន្ធច្រើនចូលរួម ដើម្បីដោះស្រាយបញ្ហាចំពោះមុខថា តើគួរអនុវត្តដោយរបៀបណា?»៕
វីដេអូ៖